មន្ត្រីការទូតកំពូលៗនៃក្រុមប្រទេស G-7 ដែលជាប្រទេសប្រជាធិបតេយ្យឧស្សាហកម្មនាំមុខ បានប្រកាសជំហររួមគ្នាលើសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) បន្ទាប់ពីបានជួបប្រជុំគ្នាយ៉ាងតឹងតែងនៅក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុន ដោយបានថ្កោលទោសក្រុមហាម៉ាស់ គាំទ្រសិទ្ធិរបស់អ៊ីស្រាអែលនៅក្នុងការការពារខ្លួន និងអំពាវនាវឱ្យមាន «ការផ្អាកសង្គ្រាមដើម្បីមនុស្សធម៌» ដើម្បីឱ្យជំនួយអាចចូលទៅដល់ជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សា (Gaza)។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមប្រទេស G-7 នេះមានបំណងចង់ធ្វើឱ្យមានតុល្យភាពរវាងការថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលនិងការជំរុញឱ្យមាន «វិធានការបន្ទាន់» ដើម្បីជួយជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សាដែលខ្វះស្បៀងអាហារ ទឹក សេវាសុខាភិបាល និងទីជម្រក។
រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G-7 ទាំងនេះបានសង្កត់ធ្ងន់ថា ពួកគេ «គាំទ្រការផ្អាកសង្គ្រាមដើម្បីមនុស្សធម៌ដើម្បីសម្របសម្រួលជំនួយដែលត្រូវការជាបន្ទាន់ ការធ្វើដំណើររបស់ជនស៊ីវិល និងការដោះលែងចំណាប់ខ្មាំង»៕