មូលនិធិសាកលសម្រាប់ការអប់រំជាបន្ទាន់ កំពុងស្វែងរកថវិកាចំនួន១ពាន់ ៨រយលាននៅត្រឹមឆ្នាំ២០២១ ដើម្បីផ្តល់ឲ្យកុមារនិងយុវជនចំនួន៩លាននាក់ ដែលជាប់នៅកន្លែងដែលមានសង្គ្រាម និងនៅក្នុងស្ថានការណ៍មានវិបត្តិផ្សេងៗទៀត។ មូលនិធិដែលមានឈ្មោះថា ការអប់រំមិនអាចរង់ចាំបាន ឬ Education Cannot Wait នេះ ត្រូវបានរៀបចំឡើងនៅឯជំនួបកំពូលសប្បុរសធម៌ពិភពលោកឆ្នាំ ២០១៦ ដើម្បីផ្តល់ការអប់រំដល់កុមារដែលបានបាត់បង់ឱកាសទទួលការអប់រំ។
មូលនិធិនេះប្រមូលថវិកាបាន៥រយលានដុល្លារចាប់តាំងពីមូលនិធិបានចាប់ផ្តើមប្រតិបត្តិការកាលពីឆ្នាំ ២០១៧។ នៅក្នុងរយៈពេលពីរឆ្នាំដំបូងរបស់ខ្លួន មូលនិធិនេះបានផ្តល់ការអប់រំជាបន្ទាន់ដល់មនុស្សវ័យក្មេងប្រមាណជាង១លាន ៥សែននាក់ដែលបានជាប់នៅក្នុងសង្គ្រាម បង្ខំឲ្យផ្លាស់ទីលំនៅ រងគ្រោះដោយគ្រោះធម្មជាតិ និងវិបត្តិផ្សេងៗទៀត នៅក្នុងប្រទេសចំនួន ២៩។
នាយិកាមូលនិធិការអប់រំមិនអាចរង់ចាំបាន លោកស្រី Yasmine Sherif បានថ្លែងថា ការវិនិយោគក្នុងចំនួនគួរឲ្យកត់សម្គាល់ កំពុងតែកើតមានឡើងនៅក្នុងតំបន់ Sahel ដូចជានៅក្នុងប្រទេសប៊ឺគីណា ហ្វាសូ (Burkina Faso) និងប្រទេសនីហ្សេ ដែលជាប្រទេសស្ថិតនៅក្នុងចំណោមប្រទេសដែលកំពុងត្រូវការការអប់រំខ្លាំងបំផុតក្នុងពិភពលោក។ លោកស្រីបានថ្លែងថា កុមារនៅក្នុងប្រទេសកាម៉េរូន មិនបានទៅសាលារៀនរយៈពេលពីរឆ្នាំមកហើយ ដែលនេះ គឺដោយសារតែវាជាផ្នែកមួយនៃយុទ្ធសាស្រ្តសង្គ្រាម។
លោកស្រីបានប្រាប់ VOA ថា ការអប់រំ គឺត្រូវបានរៀបចំឡើងជាពិសេស ដើម្បីដោះស្រាយទុក្ខលំបាកវេទនារបស់កុមារដែលជាប់ក្នុងសង្គ្រាម ដែលពួកគេទាំងនោះ មានការបាក់ស្បាតយ៉ាងខ្លាំង។
លោកស្រី Sherif បានថ្លែងថា៖
«ទីមួយ ការអប់រំដែលមានគុណភាព ត្រូវការសេវាកម្មសុខភាពផ្លូវចិត្ត និងសេវាកម្មចិត្តសាស្រ្តសង្គម។ វា គឺជាអាទិភាពចំបងរបស់យើង។ ទីពីរ កិច្ចការនេះតម្រូវឲ្យមានការរួមបញ្ចូល និងសមភាពយេនឌ័រ ដើម្បីឲ្យប្រាកដថា កុមារី ត្រូវបានគេយកចិត្តទុកដាក់មុនគេ គឺមិនត្រូវបានគេទុកចោលនៅក្នុងចំណោមអ្នកទាំងឡាយដែលត្រូវបានគេទុកចោលទាំងនោះ»។
លោកស្រី Sherif ថ្លែងថា មូលនិធិនេះកំពុងធ្វើការជាមួយរដ្ឋាភិបាលប្រទេសអាហ្វហ្គានីស្ថាន ដើម្បីនាំយកកុមារីឲ្យចូលរៀនវិញ។ លោកស្រីថ្លែងទៀតថា កុមារដែលផ្លាស់ទីលំនៅនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងតែទទួលបានការអប់រំក្នុងពេលឥឡូវនេះ ដូច្នេះពួកគេមិនចាំបាច់ចាំរហូតដល់ជម្លោះចប់នោះទេ។
របាយការណ៍មួយរបស់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិដែលបានចេញនាពេលថ្មីៗនេះបានរកឃើញថា ពាក់កណ្តាលនៃជនភៀសខ្លួនជាកុមារ ដែលមានចំនួនប្រមាណជាង ៧លាននាក់ក្នុងពិភពលោក មិនបានទៅសាលារៀនទេ។
លោកស្រី Sherif ថ្លែងថា ជិត៥០ភាគរយនៃអ្នកដែលទទួលបានប្រយោជន៍ពីមូលនិធិនេះ គឺជាកុមារី។ លោកស្រីថ្លែងថា ៤៦ ភាគរយទៀត គឺជនភៀសខ្លួន និងមនុស្សវ័យក្មេងដែលផ្លាស់ទីលំនៅនិង ១៤.០០០ នាក់ គឺកុមារពិការ។
លោកស្រីថ្លែងថា កុមារដែលទៅសាលារៀនជួបប្រទះគ្រោះថ្នាក់ជាច្រើន។ ក៏ប៉ុន្តែ លោកស្រីថ្លែងទៀតថា កុមារដែលមិនបានទៅសាលារៀន គឺប្រថុយនឹងគ្រោះថ្នាក់ខ្លាំងជាងទៅនឹងការកេងប្រវ័ញ្ច ការបំពាន អំពើហិង្សាផ្លូវភេទ ការរៀបការ និងការមានផ្ទៃពោះទាំងខ្លួននៅក្មេង និងការបង្ខំឲ្យចូលរួមជាមួយក្រុមជនប្រដាប់អាវុធ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់