ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កុមារ​រង​គ្រោះ​ដោយ​ការ​រំលោភផ្លូវ​ភេទ​មាន​ការកើន​ឡើង​​​​


រូបឯកសារ៖ គ្រូ​បរទេស​ស្ម័គ្រ​ចិត្ត​បង្រៀន​ភាសា​អង់គ្លេស​ដល់​សិស្ស​នៃ​​ស្ថាបនិក​នៃ​សាលា​ម៉ាឌ័រហូម​ខេមបូឌៀ Mother Home Cambodia ដែល​ផ្តល់​ការ​​បង្រៀន​កុមារ​នៅ​ជន​បទ​ដោយ​មិន​យក​កម្រៃ។ (រូប​ផ្តល់​ឲ្យ)

ការ​កើន​ឡើង​នូវ​ចំនួន​​​អ្នក​ទេសចរ​​ និង​ការ​កើន​ឡើង​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា ជា​មូលហេតុ​ធ្វើ​ឲ្យ​កុមារ​​រង​គ្រោះ​ដោយ​បទ​ល្មើស​ផ្លូវ​ភេទ​​កាន់​តែ​ច្រើន។

កុមាររង​គ្រោះ​ដោយ​សារ​ការ​រំលោភ​ផ្លូវ​ភេទ​មាន​ការ​កើន​ឡើង​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ខែ​ដើម​ឆ្នាំ​២០១៩​នេះ។ មូលហេតុ​ដោយ​សារ​កំណើន​នៃ​ភ្ញៀវទេសចរ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​កាន់​តែ​រីក​ចម្រើន​នៅ​កម្ពុជា។

អ្នកស្រី ជូ ប៊ុនអេង រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​អំពី​កិច្ចបង្ការ និង​ការ​ឆ្លើយ​តប​នឹង​បទល្មើស​ផ្លូវភេទ​លើ​កុមារ ​ក្នុង​វិស័យ​ទេសចរណ៍ នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ក្នុង​រយៈពេល​៦​ខែ ដើម​ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​បង្ក្រាប​បាន​បទ​ល្មើស​ផ្លូវ​ភេទ​លើ​កុមារ​ចំនួន ​៧៨​ករណី ដែល​កើន​ឡើង​ចំនួន​ ១៦​ករណី ក្នុង​រយៈពេល​ដូចគ្នាកាល​ពី​ឆ្នាំ​២០១៨។ ​ក្នុង​នោះ​សង្គ្រោះ​ជន​រង​គ្រោះ​អាយុ​ក្រោម​១៨​ឆ្នាំបាន​ចំនួន ២៦៣​នាក់។ ​តួលេខ​នេះ​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ជន​រង​គ្រោះ​ចំនួន​ ១៥៧​នាក់។ ក្នុង​ចំណោម​នោះ ​ជន​រងគ្រោះអាយុ​ក្រោម​១៥​ឆ្នាំ​មាន​រហូត​ដល់​ទៅ​ ៧០​នាក់។ អ្នកស្រី ជូ ប៊ុនអេង បន្ថែម​ថា​ សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ៩៧​នាក់ គឺ​កើន​១២​នាក់។

យោង​តាម​ អ្នកស្រី ជូ ប៊ុនអេង ចំនួន​អ្នក​ទេសចរ​នៅ​កម្ពុជា​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា និងការ​កើន​ឡើង​នូវ​រូបភាព​អាសអាភាស​លើគេហ​ទំព័រ​នានា​ ​គឺ​ជា​កត្តា​ក្នុង​ការ​បង្កើត​ឲ្យ​មាន​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ។

បើ​តាម​តួលេខ​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា ​ភ្ញៀវ​ទេសចរ​ប្រមាណ​ជា​ ៦​លាន​នាក់បាន​មក​ទស្សនា​ប្រទេស​កម្ពុជាក្នុង​ឆ្នាំ​២០១៨។ ចំណែក​អ្នក​ប្រើប្រាស់​សេវា​អ៊ីនធឺណិត​មាន​រហូត​ដល់ ១០.៩​លាន​នាក់​ គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០១៨ ក្នុង​ចំណោមប្រជាជន​សរុប​ប្រមាណ​ជា​ ១៦​លាន​នាក់។

អ្នកស្រី ជូ ប៊ុនអេង កត់​សម្គាល់​ថា​ កុមារ​រង​គ្រោះ​កាន់​តែ​មាន​អាយុ​ក្មេង​ទៅៗ៖

«កុមារ ឬ​ក្មេង​ដែល​តូចៗ​ហ្នឹង គ្នា​អត់​ដឹង​អី​ទេ ហើយ​ឥឡូវ​នេះ អ្វី​ដែល​ជា​ការ​រំលោភ​បំពាន​ហ្នឹង​ ​ហាក់​ដូចជា ​កាន់​តែ​ស្រួច​ស្រាល​ទៅ គឺ​មិន​មែន​ក្មេង​អាយុ​១២ ១៣ ១៤​ឆ្នាំ​ គឺ​ថា​ ក្មេង​ហ្នឹង​វ័យ​កាន់តែ​ក្មេងៗ​ ហើយ​រង​គ្រោះ​ក៏​កាន់​តែ​ធ្ងន់ធ្ងរ​ដែរ ដោយ​សារតែភាព​ប្រព្រឹត្ត​លើ​កុមារ​កាន់​តែ​សាហាវ»។

អ្នកស្រី ជូ ប៊ុនអេង បាន​ជំរុញ​ឲ្យ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងអស់​ ចូលរួម​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រយោជន៍​ដល់​សង្គមជាតិ ជៀសវៀង​ការ​ប្រើប្រាស់​ដើម្បី​កេង​ប្រវ័ញ្ច ឬ​អំពើ​មិន​សមរម្យ​ណា​មួយ​ពាក់ព័ន្ធ​នឹងផ្លូវភេទ​កុមារ។ អ្នកស្រី​ក៏​បាន​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ ពិសេស​អាណាព្យាបាល ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ដើម្បី​ឈាន​ដល់​ការ​លុប​បំបាត់​អំពើ​កេង​ប្រវ័ញ្ច​លើ​កុមារ។

លោក អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​(LICADHO)​ ប្រាប់ VOA ថា កម្ពុជា​ជា​ប្រទេស​ដែល​ថ្មី​សម្រាប់​ប្រព័ន្ធ​បច្ចេកវិទ្យា ស្រប​ពេល​ដែល​ជីវភាព និង​ចំណេះ​ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត ជា​ហេតុ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ងាយ​រង​គ្រោះ​ពាក់ព័ន្ធ​នឹងបទល្មើស​ផ្លូវ​ភេទ​។

«បញ្ហា​ទី​១ សីលធម៌​នៅ​ក្នុង​សង្គម​យើង​គឺ​មាន​ការ​ធ្លាក់​ចុះ បញ្ហា​ទី​២ បញ្ហា​បច្ចេកវិទ្យា​ទំនើប​ហ្នឹង គឺ​បញ្ហា​ដែល​ចែក​ចាយ​វីដេអូ​អាស​អាភាសតាម​ប្រព័ន្ធ​បណ្តាញ​សង្គម តាម​អនឡាញ​អី​ជាដើម​ហ្នឹង បញ្ហា​ទី​៣ បញ្ហា​គ្រឿង​ញៀន​ គ្រឿង​ស្រវឹង​អី​ជាដើម បញ្ហា​ទី​៤ ការ​អនុវត្ត​ច្បាប់​យើង​ក៏​នៅ​មាន​កម្រិត»។

លោក​ អំ សំអាត​ បន្ថែម​ថា រដ្ឋាភិបាលគួរ​តែ​បង្កើន​កិច្ចការ​ការពារ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា ពង្រឹង​ការ​អនុវត្ត​ច្បាប់ សហការ​ជាមួយ​អន្តរជាតិ​ក្នុង​ការ​ទប់​ស្កាត់ និង​អប់រំ​បន្ថែម​ដល់​ពលរដ្ឋ​ឲ្យ​យល់​ដឹង​អំពី​ករណី​នេះ៕​

XS
SM
MD
LG