ក្រុមឃ្លាំមើលសិទ្ធិមនុស្សកំពុងអំពាវនាវឲ្យបញ្ឈប់ការរើសអើងមិនផ្តល់សិទ្ធិស្មើគ្នាចំពោះកុមារពិការដូចទៅនឹងកុមារដ៏ទៃ ក្នុងការទទួលបានការអប់រំ និងការទទួលបានឱកាសផ្សេងៗទៀតនៅក្នុងសង្គម។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កំពុងរៀបចំកម្មវិធីពិសេសមួយ ស្តីពីការពង្រឹងសមត្ថភាពដល់កុមារពិការ។
ដើម្បីជាការគាំទ្រដល់ប្រធានបទដែលកំពុងរៀបចំឡើងនេះអង្គការសហប្រជាជាតិបានបង្កើតកន្លែងដែលអាចឲ្យអ្នកជិះលើកៅអីរុញចូលក្នុងក្រុមប្រឹក្សាសភាបាន បានជួលអ្នកបកប្រែភាសាប្រើកាយវិការសម្រាប់មនុស្សគថ្លង់ និងបានសរសេរសេចក្តីថ្លែងការជាអក្សរផុសសម្រាប់មនុស្សពិការភ្នែក។
ការរៀបចំដើម្បីជួយដល់កុមារពិការដោយអង្គការសហប្រជាជាតិ គឺជាការផ្ញើរសារទៅកាន់ពិភពលោកថា ខ្លួនអនុវត្តនូវអ្វីដែលខ្លួនបានផ្សព្វផ្សាយ។ សារទាំងនោះមានន័យថា កុមារពិការនឹងអាចរស់នៅយ៉ាងពេញលេញដូចជាកុមារធម្មតាដ៏ទៃទៀតដែរប្រសិនបើពួកគេបានទទួលនូវអ្វីដែលពួកគេត្រូវការ។
ទោះជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិរាយការណ៍ថា កុមារពិការ៩៣លាននាក់នៅទូទំាងពិភពលោកទំនងជាត្រូវបានរំលោភបំពានសិទ្ធិចាប់តាំងពីពេលចាប់កំណើតមក។ របាយការណ៍នេះបានឲ្យដឹងដែរថា កុមារទាំងនេះត្រូវបានបែកចេញពីកុ្រមគ្រួសាររបស់ពួកគេ និងត្រូវបានដាក់នៅតាមមន្ទីរនានាដែលប្រឈមនឹងការរំលោភបំពាន និងមិនត្រូវបានគេយកចិត្តទុកដាក់។
លោកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ មនុស្សនិងជាវេជ្ជបណ្ឌិត និងជាពេទ្យកុមារបានថ្លែងថាក្នុងការងាររបស់លោកស្រី លោកស្រីបានដឹងថា ការអំពាវនាវរបស់កុមារពិការជារឿយៗត្រូវបានគេព្រងើយកន្តើយ។
លោកស្រី Michelle Bachelet បានថ្លែងថា៖ «ពេលរៀបចំកម្មវិធីសម្រាប់កុមាពិការនៅថ្ងៃនេះ បានធ្វើឲ្យខ្ញុំនឹកដល់កាលពីពេលដែលខ្ញុំចាប់ផ្តើមធ្វើការជាពេទ្យកុមារ តើគេទុកឲ្យកុមារពិការរស់នៅក្នុងស្ថានភាពដូច្នេះយ៉ាងម៉េចកើត? វាជារឿងកាន់តែស្មុគស្មាញ។ ពួកគេព្រងើយកន្តើយចំពោះកុមារពិការ ពួកគេលាក់ទុកកុមារទាំងនោះ។ ពួកគេទុកកុមារពិការនៅក្នុងប្រអប់បិទជិតធ្វើឲ្យកុមារទាំងនោះគ្មានលទ្ធភាពអភិវឌ្ឍន៍ខ្លួនឯង។ បើទោះជាកុមារទាំងនោះនិយាយនៅចំពោះមុខគ្រូពេទ្យក៏ដោយ ក៏វាហាក់ដូចជាថា ពួកគេមិនបានឮ ឬគ្មានវត្តមាននៅលើលោកនេះ»។
ក្រុមអ្នកជំនាញបានជជែកដេញដោលគ្នាលើបញ្ហានេះនិងបានយល់ព្រមថា កុមារត្រូវទទួលបានការអប់រំដូចនឹងកុមារធម្មតាដ៏ទៃទៀត។ ក្រុមអ្នកជំនាញយល់ថានេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងអំណាចនិងការទទួលបានសិទ្ធិសំខាន់ៗដទៃទៀត។
អ្នកជំនាញថា ការពង្រឹងសមត្ថភាពដល់កុមារពិការក៏ត្រូវពឹងផ្អែកលើការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការណ៍នានាដើម្បីដោះស្រាយគ្រោះថ្នាក់ក្នុងសង្គម ដែលតែងតែកើតឡើង និងដើម្បីការពារកុមារពីការរើសអើង ការមាក់ងាយ និងការរំលោភបំពាននានា។
លោកស្រីឧត្តមស្នងការ Bachelet បានថ្លែងបន្តថា កុមារពិការស្ថិតក្នុងចំណោមមនុស្សដទៃទៀតដែលត្រូវបានគេមិនយកចិត្តទុកដាក់ និងជារឿយៗត្រូវបានគេព្រងើយកន្តើយនៅក្នុងការសម្រចចិត្តនានាដែលប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ។ លោកស្រីថ្លែងបន្ថែមថា កុមារទាំងនោះមានសិទ្ធិដើម្បីបញ្ចេញសំឡេង និងរួមចំណែកក្នុងការសម្រេចនានាដែលប៉ះពាល់ដល់ជីវិតរបស់ពួកគេ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា