ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ការ​ផ្ទុះ​ថ្មី​ៗ​​​ទៅ​លើ​អាគារ​ក្នុង​រដ្ឋធានី​កៀវ​ ខណៈកងទ័ព​រុស្ស៊ី​ កំពុង​បង្កើន​ការ​វាយ​ប្រហារ


ស្ត្រី​ម្នាក់​នាំកូន​ជម្លៀស​ចេញ​ពី​អាគារ​លំនៅដ្ឋានដែល​រង​ការ​ខូចខាត​ដោយ​ការ​បាញ់​ផ្លោង ខណៈ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​តែ​បន្ត​នៅ​ក្នុង​ទីក្រុងកៀវ ​ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ ២០២២។

មាន​ការផ្ទុះ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​រដ្ឋធានី​កៀវ​នៅ​ព្រឹកថ្ងៃ​ពុធ​នេះ ដោយផ្នែក​សេវា​សង្គ្រោះ​បន្ទាន់​របស់​អ៊ុយក្រែននិយាយ​ថា អាគារ​លំនៅដ្ឋាន​ពីរកន្លែង​ទទួល​រង​ការខូចខាតហើយ​មនុស្ស​ពីរ​នាក់​រង​របួស។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​អ្នក​កាសែតនៃ​ទី​ភ្នាក់ងារ​ព័ត៌មានAFPដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុងកៀវ​នោះ។

ការផ្ទុះ​នេះកើត​មាន​ឡើង ខណៈពេល​ដែលកងទ័ព​រុស្ស៊ី​កំពុង​បង្កើន​ការវាយប្រហារទៅ​លើ​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោមបម្រាម​គោចរកាល​ពី​យប់​ថ្ងៃ​អង្គារម្សិល​មិញ​ ចំពោះ​អ្វី​ដែល​អភិបាល​ក្រុង​កៀវ​ហៅ​ថា «ជា​ពេល​វេលាដ៏​គ្រោះថ្នាក់​និង​ដ៏លំបាក»។

មាន​ការផ្ទុះ​ខ្លាំងៗយ៉ាងតិច​ណាស់​ក៏៣ដែរ បាន​ត្រូវ​បាន​គេ​ឮ​នៅព្រលឹម​ស្រាងៗនៅ​ថ្ងៃពុធ​នេះ​នៅភាគ​ខាង​លិច​ទីក្រុង​កៀវ​ ហើយផ្សែង​ខ្មួលខ្មាញ់​បាន​ហោះ​ទៅលើ​អាកាស។

រូបភាព​ដែល​ត្រូវ​បានផ្សព្វផ្សាយដោយ​ទីភ្នាក់ងារ​សេវា​សង្គ្រោះ​បន្ទាន់​របស់​អ៊ុយក្រែន​ បាន​បង្ហាញ​ថា​ ផ្នែក​ខ្លះ​នៃ​ជ្រុងអាគារ​ខាង​លើ​ត្រូវ​បាន​បំផ្លាញ​ហើយអគារ​ផ្សេង​ទៀត​មាន​ស្នាម​ផ្សែងឆេះ​រោល​ដល់​ដំបូល​និង​ផ្នែក​ខាង​លើ។

គេ​នៅ​មិន​ទាន់​អាច​ចូល​ទៅមើលដល់​ទី​កន្លែង​នោះ​ភ្លាម​ៗ​បាននៅ​ឡើយ​ទេ ពីព្រោះ​អ្នកកាសែត​ត្រូវ​បាន​ហាមមិន​ឲ្យ​ដើរ​ជុំវិញទីក្រុង​ ដោយសារ​តែ​បម្រាម​គោចរ​ដែល​ត្រូវ​បាន​ដាក់​រហូត​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។

មនុស្ស៤នាក់​ត្រូវ​បាន​សម្លាប់​ហើយ៤០នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​ការវាយ​ប្រហារ​មួយ​របស់​រុស្សី​ ដែល​ធ្វើ​ឲ្យ​អគារ​មួយ​កន្លែង​ត្រូវ​បាន​ឆេះនៅ​ក្នុងសង្កាត់ Sviatoshynskyនៃ​រដ្ឋធានី​កៀវ​កាល​ពី​ថ្ងៃ​អង្គារ។ អាគារ​ជា​ច្រើន​ផ្សេង​ទៀត​ក៏​ទទួល​រង​ការវាយ​ប្រហារ​ផង​ដែរ។

ជិត៣សប្តាហ៍បន្ទាប់ពី​ការឈ្លាន​ពាន​លើ​ប្រទេស​អ៊ុយក្រែន​មក កងកម្លាំង​រុស៊្សី​ដែល​កំពុង​ឡោមព័ទ្ធ​ជុំវិញ​ទីក្រុង​កៀវ​ក្នុង​មុខ​ព្រួញ២នោះ បាន​បង្កើនការវាយ​ប្រហាររបស់​ខ្លួនលើ​ទីក្រុង​នេះ​ដោយ​ធ្វើ​ឲ្យមនុស្ស​ជា​ច្រើនក្នុង​ទីក្រុង​នោះ មាន​ការភ័យខ្លាច​ថា ការវាយ​ប្រហារ​ដ៏​ពេញ​ទំហឹង​មួយ​អាច​នឹង​កើត​មាន​ឡើង​ក្នុង​ពេល​ឆាប់ៗនេះ។

ទន្ទឹម​នឹង​នោះ​ដែរ ការប្រយុទ្ធ​គ្នាកំពុង​នៅ​បន្ត​ធ្វើ​នៅ​ឡើយ​នៅ​តាម​បណ្តា​ទីក្រុង​ធំ ដូច​ជា​ទីក្រុង Mariupol ទីក្រុង Kharkhiv ទីក្រុង Mykolaiv និង​តំបន់​ទីប្រជុំជន​មួយ​ចំនួននៅ​ជាយ​រដ្ឋធានីកៀវ​ជា​ដើម៕

XS
SM
MD
LG