ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក Zelensky នឹង​ធ្វើ​សុន្ទរកថា​ទៅកាន់​សភា​សហរដ្ឋ​អាមេរិក ​ខណៈពេល​ដែល​លោក Biden ប្រកាស​ផ្តល់​ជំនួយ​កាន់តែ​ច្រើន​ឲ្យ​អ៊ុយក្រែន


នៅក្នុងរូបថតពីវីដេអូដែលផ្តល់ដោយការិយាល័យសារព័ត៌មានប្រធានាធិបតីអ៊ុយក្រែន និងបង្ហោះនៅលើ Facebook នេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែងនៅក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky នឹងថ្លែង​សុន្ទរកថា​ទៅកាន់​សភា​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ​នេះ ស្របពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ត្រូវ​គេ​រំពឹង​ថា នឹង​ប្រកាស​ផ្តល់​ជំនួយ៨០០លាន​ដុល្លារ​នៅ​ក្នុង​ជំនួយ​សន្តិសុខ​ថ្មី​មួយ​ហើយ​រដ្ឋ មន្ត្រី​ការពារ​ជាតិ​របស់​អង្គការ​អូតង់ កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ប៊្រុចសែល​ដើម្បី​ពិភាក្សា​ពី​ការពង្រឹង​សន្តិសុខ​របស់​សម្ព័ន្ធមិត្ត​បន្ទាប់ពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។

សុន្ទរកថារបស់​លោក Zelensky ត្រូវ​ធ្វើ​ឡើង​តាម​វីដេអូ​ទៅកាន់​ពួក​សមាជិក​សភា​អាមេរិក​ បន្ទាប់ពី​សុន្ទរកថា​ស្រដៀងគ្នា​នេះរបស់​លោក​ ទៅកាន់​សភា​ជាន់​ទាប​របស់​ចក្រភព​អង់គ្លេស សភា​កាណាដា ​និង​សភា​អឺរ៉ុប​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ នៅពេល​ដែល​លោក​ជំរុញ​ឲ្យ​មាន​ការគាំទ្រ​ខាង​យោធា​និង​មនុស្សធម៌​កាន់តែ​ច្រើន​ឡើង​ថែមទៀត​ ​មកពី​សហគមន៍​អន្តរជាតិ។

លោក​ប្រធានាធិបតី Biden មាន​គម្រោង​ថ្លែង​នៅឯ​សេតវិមាន​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ដើម្បី​ផ្សព្វផ្សាយ​ជំនួយ​ថ្មី​ដល់​ប្រទេស​អ៊ុយក្រែន​ ដែល​នឹង​បង្កើន​ជំនួយ​សរុប​ទាំង​អស់​របស់​សហ រដ្ឋ​អាមេរិក​ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លង​មក​នេះ​ទៅដល់២ពាន់​លាន​ដុល្លារ។

លោក​ប្រធានាធិបតី Biden បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា «ការ ឈ្លានពាន​របស់​លោក Putin ប្រឆាំង​នឹង​អ៊ុយក្រែន​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រួបរួម​គ្នា​នៅ​ទូទាំង​ប្រទេស​អាមេរិក»។

លោកBiden មាន​គម្រោង​នឹងចូលរួម​សន្និសីទ​កំពូល​ជាមួយ​ប្រមុខរដ្ឋ​ផ្សេង​ទៀត​នៅ​ក្នុង​ទីក្រុង​ប៊្រុចសែល​ ដែលនឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៣ ខែ​មីនា​ខាង​មុខនេះ ដែល​ជា​ខួប​រយៈ ពេល​មួយ​ខែ​នៃ​ការចាប់ផ្តើម​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន​ ​បន្ទាប់​ពីរុស្ស៊ីបាន​បដិ សេធ​អស់​រយៈពេល​ជា​ច្រើន​ខែ​ថា ខ្លួន​គ្មានគម្រោង​ឈ្លានពានលើ​អ៊ុយក្រែន​នោះ​ឡើយ។

អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg ដែល​បាន​អំពាវនាវ​ឲ្យ​មាន​សន្និសីទ​កំពូល​នេះ បាន​បញ្ជូន​សារ​តាម Twitter ថា សមាជិក​របស់​សម្ព័ន្ធមិត្ត «នឹង​ធ្វើ​សុន្ទរកថា​អំពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ការគាំទ្រ​ដ៏​ខ្លាំង​របស់​យើង​ដល់​អ៊ុយក្រែន និង​បន្ត​ពង្រឹង​ការកំញ៉ើញ​និង​ការការពា​ប្រទេសដែល​ជា​សមាជិក​របស់​អង្គការ​អូតង់។

មុន​ការពិភាក្សា​ទាំង​នោះ រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​អង្គការ​អូតង់ នឹង​ជួបគ្នា​ដើម្បី​អ្វី​ដែល​លោក Stoltenberg និយាយ​ថា នឹង​ក្លាយជា«ការពិភាក្សា​ដ៏​សំខាន់​ស្តីពី​វិធានការ​ដ៏​សុក្រិត្យ​ដើម្បី​ពង្រឹង​សន្តិសុខ​របស់​យើង​សម្រាប់​រយៈពេល​យូរ​លើ​គ្រប់​វិស័យ»។

លោក បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា សកម្មភាព​ប្រកប​ដោយ​សក្តានុពល​នោះ អាច​រួម​មាន​ការដាក់​ពង្រាយ​កង​កម្លាំង​កាន់តែ​ច្រើន​ថែម​ទៀត​ក្នុង​ទឹកដី​ផ្នែក​ខាង​កើត​របស់​សម្ព័ន្ធមិត្ត រួមជាមួយ​ការបង្កើន​ការដាក់ពង្រាយ​នាវា​និង​យន្តហោះ ប្រព័ន្ធ​ការពារ​កាំជ្រួច​មីស៊ីល​ហើយ​នឹង​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំកាន់តែ​ញឹកញាប់​ឡើង​ថែម​ទៀត។

រុស្ស៊ី បាន​ជំទាស់​ប្រឆាំង​វត្តមាន​របស់​អង្គការ​អូតង់​នៅ​ជិត​ព្រំដែន​របស់​ខ្លួន​ ហើយ​បាន​ស្វះ ស្វែង​រក​ការធានា​ថា អ៊ុយក្រែន នឹង​មិន​ចូលរួម​ក្នុង​អង្គការ​អូតង់​នោះ​ឡើយ។ អង្គការ​អូតង់ ទទូច​ថា ប្រទេស​នានា មាន​សេរីភាព​ដើម្បី​ធ្វើ​ការសម្រេច​ដោយ​ខ្លួន​ឯង អំពី​ចំណង​ទាក់ទង​ខាង​សន្តិសុខ​របស់​ខ្លួន៕

អ្នក​ស្រី Patsy Widakuswara ប្រធាន​ការិយាល័យ​របស់​វីអូអេ​នៅ​សេតវិមាន​និង​លោក Jeff Seldin អ្នក​យកព័ត៌មាន​របស់​វីអេអូ​ខាង​សន្តិសុខ​ជាតិ បាន​ផ្តល់ព័ត៌មាន​ដល់​សេចក្តីរាយ ការណ៍​នេះ។ ហើយ​ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters។

XS
SM
MD
LG