ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋ​មន្រ្តី​ហិរញ្ញវត្ថុបារាំង​អង្វករ​សហរដ្ឋ​អាមេរិកឲ្យ​បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម


រូបឯកសារ៖ លោក Bruno Le Maire ថ្លែង​សុន្ទរកថា​នៅ​ក្រសួងក្នុង​តំបន់ Bercy នៃ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ខែ​មីនា ២០១៨។
រូបឯកសារ៖ លោក Bruno Le Maire ថ្លែង​សុន្ទរកថា​នៅ​ក្រសួងក្នុង​តំបន់ Bercy នៃ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ខែ​មីនា ២០១៨។

លោក ​Bruno Le Maire ​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង​បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន Associated Press ​កាលពី​ថ្ងៃ​សៅរ៍​ថា ​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​បញ្ចៀស​កុំ​រុញ​ពិភព​លោក​ឲ្យ​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ពាណិជ្ជកម្មស៊ី​សាច់​ហុត​ឈាម។

លោក​រដ្ឋ​មន្រ្តីហិរញ្ញវត្ថុ​បារាំង​ Le Maire ​បាន​និយាយ​ថា ​តំបន់​អឺរ៉ុប​ទាំង​មូលមាន​ការ​ព្រួយ​បារម្ភ​អំពីការ​ដែល​ត្រូវ​បាន​គេ​ទាញ​ឲ្យ​ចូល​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​នឹង​ធ្វើ​ឲ្យ​ប្រទេស​ទាំង​អស់​ក្លាយ​ជា «អ្នក​ចាញ់»​បន្ទាប់​ពី​ប្រធានា​ធិបតី​សហរដ្ឋ​អាមេ​រិក ដូណាល់ ​ត្រាំ​ បាន​ផ្តួច​ផ្តើម​នូវ​វិធានការ​សង​សឹក​ដោយ​ការ​វាយ​ប្រហារ​ចិន​និង​សហភាព​អឺរ៉ុប​ដែល​ជាសម្ព័ន្ធ​មិត្តប្រពៃណី ​ប្រទេស​កាណាដា​ និង​ម៉ិចស៊ិក​ ដោយ​យក​ពន្ធគយ​លើ​ទំនិញ។

លោក​ Le Maire​ បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន​ AFP ពី​ទីក្រុង​ Buenos Aires ​ដែល​នៅ​ទី​នោះ​លោក​ចូល​រួម​សន្និសីទ​កំពូល​រយៈ​ពេល​២​ថ្ងៃ​សម្រាប់​ប្រទេស​២០​ដែលមាន​សេដ្ឋកិច្ច​ជឿន​លឿន​ ហៅ​ថា G-20។ ​លោក​បាន​និយាយ​ថា​ «យើង​ទាំង​អស់​គ្នា ​ជា​ពិសេស​យើងជា​ប្រទេស​នៅអឺរ៉ុប​មាន​ការ​ព្រួយ​បារម្ភ​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ដែល​ត្រូវ​បាន​ចាប់​ផ្តើម​កាល​ពី៣-៤​សប្តាហ៍​កន្លង​មក​នេះ»។

​លោក​បាន​និយាយ​ថា «នេះ​ជា​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​ធ្វើ​ឲ្យ​មាន​តែ​អ្នក​ចាញ់​តែ​ប៉ុណ្ណោះ។ សង្គ្រាម​ពាណិជ្ជកម្ម​នេះ​នឹង​បំផ្លាញ​ការងារនិង​ដាក់សម្ពាធ​លើ​ការរីក​លូត​លាស់​របស់​សាកល​លោក»។

លោក​និយាយ​បន្តទៀត​ថា «យើង​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​ឲ្យ​គោរព​ច្បាប់​ពហុ​ភាគី​ហើយ​នឹង​គោរព​សម្ព័ន្ធ​មិត្ត​ទាំង​អស់»។

លោកស្រី ​Christine Legarde ​នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ​បានថ្លែង​បើក​សន្និសីទ​កំពូល​នេះ​ដោយ​និយាយ​ឡើង​វិញ​ពីការ​ភ័យ​ខ្លាច​របស់​លោក​ស្រី​ថា ​ការ​កើន​ឡើង​នូវ​ការ​រឹត​ត្បិត​ខាង​ពាណិជ្ជកម្ម​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ប្រាក់​ចំណូល​ក្នុង​ស្រុក​សរុប (GDP) ​របស់​សាកលលោក៕

XS
SM
MD
LG