ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​ចិន​មាន​ភាព​យឺតយ៉ាវ​នៅ​ត្រី​មាស​ទី​ពីរ​នៃ​ឆ្នាំ ២០១៨ នេះ


ស្ត្រី​ម្នាក់ និង​កូន​របស់​គាត់​ដើរ​កាត់​ទូរទស្សន៍​ដែល​គេ​តាំង​បង្ហាញ​នៅ​ផ្សារ​ទំនើប​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០១៨។

រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សេដ្ឋកិច្ច​របស់​ខ្លួន​មាន​ការ​រីក​ចម្រើន​យឺតយ៉ាវ​បន្តិច​បន្តួច​នៅ​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ ២០១៨ នេះ ស្រប​ពេល​ដែល​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​កាន់តែ​កើន​ឡើង។ រដ្ឋាភិបាល​ចិន​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ប្រសិនបើ​ជម្លោះ​ពាណិជ្ជកម្ម​នេះ​នៅតែ​បន្ត នោះ​វា​នឹង​ប៉ះពាល់​ដល់​ពិភពលោក​ទាំង​មូល។

សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​នៅ​លើ​ពិភពលោក​បាន​កើន​ឡើង​ចំនួន ៦,៧ ភាគរយ នៅ​ចន្លោះ​ខែ​មេសា និង​ខែ​មិថុនា ដែល​មាន​ការ​ថយ​ចុះ​ពី​ចំនួន ៦,៨ ភាគរយ​កាល​ពី​ត្រី​មាស​ទី​មួយ​នៃ​ឆ្នាំ ២០១៨ នេះ។

រដ្ឋាភិបាល​ចិន​បាន​ផ្សព្វផ្សាយ​ទិន្នន័យ​នេះ​នៅ​ចំ​ពេល​ដែល​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​លោក Donald Tusk បាន​និយាយ​នៅ​ឯ​កិច្ច​ប្រជុំ​របស់​សហភាព​អឺរ៉ុប​ជាមួយ​នឹង​ប្រទេស​ចិន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ថា ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​អាច​ឈាន​ទៅ​ដល់ «ជម្លោះ​ដ៏​ក្ដៅ​គគុក» មួយ ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក ចិន និង​រុស្ស៊ី​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ។

ទោះបីជា​មាន​ការ​ប្រកាស​ដូច​នេះ​ក៏​ដោយ ក៏​គេ​ឃើញ​ថា ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​ចិន​គឺ​នៅតែ​ខ្ពស់​ជាង​គោលដៅ​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិបាល​ចិន​ដែល​ចង់​ឲ្យ​សេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន​ក្នុង​កម្រិត​ប្រហែល ៦,៥ ភាគរយ​ដដែល។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រឈម​នឹង​សមរភូមិ​ជួរ​មុខ​ជា​ច្រើន​ដើម្បី​ការពារ​សេដ្ឋកិច្ច​របស់​ខ្លួន ដោយ​ត្រូវ​ប្រឹងប្រែង​កាត់​បន្ថយ​គំនរ​បំណុល​របស់​ខ្លួន​ស្រប​ពេល​ដែល​រូបិយវត្ថុ​យ័ន​របស់​ខ្លួន និង​ទីផ្សារ​ភាគហ៊ុន​របស់​ខ្លួន​មាន​ការ​ធ្លាក់​ចុះ។

លោក Mao Shengyong អ្នក​នាំ​ពាក្យ​ការិយាល័យ​ស្ថិតិ​ជាតិ​នៃ​ប្រទេស​ចិន​បាន​និយាយ​ថា៖ «ទស្សនៈ​គាំពារ​និយម​តែ​ផលិតផល​ក្នុង​ប្រទេស​នៃ​ពាណិជ្ជកម្ម​ពិភពលោក​នៅតែ​បន្ត​កើន​ឡើង ដែល​បង្ក​ជា​បញ្ហា​ប្រឈម​ដ៏​ចម្បង​មួយ​សម្រាប់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​ជា​ការ​បន្ថែម​នូវ​ការ​ប្រឈម និង​ភាព​ស្រពិចស្រពិល​សម្រាប់​ប្រទេស​ចិន»៕

XS
SM
MD
LG