ប្រទេសចិនបានពង្រឹងទំនាក់ទំនងជាមួយនឹងសហភាពអឺរ៉ុបកាលពីពេលថ្មីៗនេះ ដោយខ្លួនកំពុងតែពង្រីកទីផ្សារធំៗបន្ថែមទៀតដើម្បីរក្សាការនាំចេញរបស់ខ្លួនឲ្យបានរឹងមាំ ស្របពេលដែលសហរដ្ឋអាមេរិកដាក់កំហិតពន្ធគយលើទំនិញរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគនានា។
នៅឯកិច្ចប្រជុំរវាងក្រុមមេដឹកនាំចិន និងក្រុមមេដឹកនាំសហភាពអឺរ៉ុបលើកទី ២០ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៦ ខែកក្កដាកន្លងទៅនេះ ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយថា ប្រទេសរបស់លោកត្រៀមខ្លួនរួចរាល់ហើយដើម្បីជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចទ្វេភាគី។
ចំណែកឯនាយករដ្ឋមន្ត្រីចិនលោក Li Keqiang វិញ បានបញ្ជាក់នៅឯកិច្ចប្រជុំនោះថា នាពេលថ្មីៗនេះ ប្រទេសចិនបានកាត់ពន្ធគយលើការនាំចូលរថយន្ត ថ្នាំពេទ្យ និងផលិតផលប្រើប្រាស់ផ្សេងៗពីសហភាពអឺរ៉ុប។
សហភាពអឺរ៉ុប ដែលមានប្រទេសចំនួន ២៨ ជាសមាជិក ដែលក្នុងនោះមានទាំងប្រទេសអ្នកមានបំផុតមួយចំនួនផងដែរនៅលើពិភពលោក បានទទួលទឹកប្រាក់ចំនួន ៤៣៧ ពាន់លានដុល្លារអាមេរិកនៅក្នុងការនាំចូលពីប្រទេសចិនកាលពីឆ្នាំមុន ដែលស្មើនឹងចំនួន ២០ ភាគរយនៃការធ្វើពាណិជ្ជកម្មសរុបរបស់ខ្លួនដែលទទួលបានពីបរទេស។
មន្ត្រីរដ្ឋាភិបាលចិនក៏បានសន្យាផងដែរដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយនឹងប្រទេសឥណ្ឌានៅក្នុងឆ្នាំនេះ។
លោក Felix Yang អ្នកវិភាគមួយរូបនៃក្រុមហ៊ុនផ្ដល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុ Kapronasia នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន បាននិយាយថា៖ «សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំបំផុតទីពីររបស់ប្រទេសចិន។ ស្របពេលដែលការយកពន្ធគយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ប៉ះពាល់ដល់ក្ដីរំពឹងទុកនៃសេដ្ឋកិច្ចចិន សហភាពអឺរ៉ុបកំពុងក្លាយទៅជាទីផ្សារដ៏សំខាន់ជាងមុនមួយសម្រាប់ប្រទេសចិន»។
ការត្រៀមទុកក្នុងករណីដែលមានសង្គ្រាមពាណិជ្ជកម្ម កើតឡើង
ប្រទេសចិន និងសហរដ្ឋអាមេរិកបានឈានឆ្ពោះទៅរកអ្វីដែលសេដ្ឋវិទូនានាហៅថា «សង្គ្រាមពាណិជ្ជកម្ម» នៅក្នុងរយៈពេលភាគច្រើននៅក្នុងឆ្នាំនេះ។ ប្រធានាធិបតីអាមេរិកលោក Donald Trump ជឿថា ប្រទេសចិនធ្វើពាណិជ្ជកម្មមិនយុត្តិធម៌ ដោយធ្វើឲ្យចិនទទួលបានផលលើសផ្នែកពាណិជ្ជកម្មចំនួន ៣៧៥ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៧។
នៅក្នុងខែនេះ លោក Trump បានសម្រេចយកពន្ធគយចំនួន ២៥ ភាគរយ លើការនាំចូលទំនិញជាង ៨ រយប្រភេទពីប្រទេសចិន។ ពន្ធគយដែលលោក Trump បានយកនេះ បានធ្វើឲ្យប៉ះពាល់ដល់ទំនិញចិនដែលមានទឹកប្រាក់សរុបប្រហែល ៣៤ ពាន់លានដុល្លារអាមេរិក។ លោក Trump បានគំរាមយកពន្ធគយលើទំនិញចិនផ្សេងទៀតដែលមានទឹកប្រាក់ចំនួន ៤៥០ ពាន់លានដុល្លារអាមេរិក ហើយក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ខ្លួននឹងធ្វើ «ការវាយប្រហារតបតវិញដោយចាំបាច់»។
ប្រទេសចិនចាត់ទុកសហរដ្ឋអាមេរិកថាជាដៃគូពាណិជ្ជកម្មលេខមួយរបស់ខ្លួន ប៉ុន្តែទីផ្សារធំៗផ្សេងទៀតដូចជាសហភាពអឺរ៉ុប ប្រទេសឥណ្ឌា និងតំបន់អាស៊ីអាគ្នេយ៍ក៏ជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ចិនផងដែរ។ កិច្ចប្រជុំរបស់ក្រុមមេដឹកនាំចិនជាមួយនឹងក្រុមមេដឹកនាំនៃសហភាពអឺរ៉ុបកាលពីថ្ងៃទី ១៦ ខែកក្កដាកន្លងទៅនេះ អាចជួយប្រទេសចិនឲ្យពង្រឹងពាណិជ្ជកម្មរបស់ខ្លួនជាមួយនឹងសហភាពអឺរ៉ុបបាន។ នេះបើតាមការបញ្ជាក់របស់សេដ្ឋវិទូនានា។
លោក Song Seng Wun សេដ្ឋវិទូនៃធនាគារឯកជន CIMB នៅក្នុងប្រទេសសិង្ហបុរី បាននិយាយថា៖ «ប្រទេសចិនត្រូវស្វែងរកឱកាសនានាដើម្បីពង្រីកដៃគូពាណិជ្ជកម្មធំៗបន្ទាប់របស់ខ្លួន។ ក្នុងករណីដែលសង្គ្រាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិករីកសាយភាយឡើង វាជាការណ៍ល្អដែលទំនាក់ទំនងពាណិជ្ជកម្មរបស់ចិនជាមួយនឹងដៃគូពាណិជ្ជកម្មដែលនៅសេសសល់របស់ខ្លួនអាចមានភាពប្រសើរឡើង ហើយនៅក្នុងរយៈពេលជាបន្តខាងមុខ សង្ឃឹមថាវានឹងមានលក្ខណៈប្រសើរឡើងមួយចំនួនជាមិនខាន»។
ប្រទេសចិននឹងត្រូវការទ្វីបអឺរ៉ុបដើម្បីទិញបច្ចេកវិទ្យាដែលសហរដ្ឋអាមេរិកអាចលក់ ប្រសិនបើទំនាក់ទំនងមានភាពប្រសើរជាងមុន។ នេះបើតាមការបញ្ជាក់របស់លោក Liang Kuo Yuan ប្រធានវិទ្យាស្ថានស្រាវជ្រាវ Polaris ដែលមានមូលដ្ឋាននៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់។
លោកបានបន្ថែមថា ឥឡូវនេះ ការគំរាមកំហែងនៃសង្គ្រាមពាណិជ្ជកម្មបានបង្អាក់ប្រទេសចិនមិនឲ្យសម្រេចបានឲ្យបានឆាប់នូវបច្ចេកវិទ្យាសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍ។
លោក Liang Kuo Yuan និយាយយ៉ាងដូច្នេះថា៖ «ប្រសិនបើប្រទេសចិនមិនអាចអភិវឌ្ឍបច្ចេកវិទ្យាដោយខ្លួនឯងផ្ទាល់ ប្រទេសចិននឹងនៅតែស្វែងរកបច្ចេកវិទ្យាពីបស្ចិមប្រទេស។ នៅចំណុចនេះ សហភាពអឺរ៉ុបនឹងក្លាយជាប្រភពដ៏ចម្បង។ ប្រសិនបើផ្លូវងាកទៅរកទ្វីបអឺរ៉ុបមិនមានការរារាំងនោះទេ នោះដំណើរយឺតយ៉ាវនេះនឹងមិនសូវយឺតយ៉ាវខ្លាំងប៉ុន្មានទេ»។
បន្ទាប់ពីកិច្ចប្រជុំរវាងក្រុមមេដឹកនាំចិន និងក្រុមមេដឹកនាំសហភាពអឺរ៉ុបបានបញ្ចប់ទៅ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បាននិយាយថា សហភាពអឺរ៉ុបនឹងជៀសវាងមិនឲ្យមានសង្គ្រាមពាណិជ្ជកម្មកើតឡើង។ ក៏ប៉ុន្តែ សហភាពអឺរ៉ុបដែលកំពុងតែមានឱនភាពពាណិជ្ជកម្មជាមួយនឹងប្រទេសចិននេះ បានតស៊ូមតិឲ្យមានការបង្កើតច្បាប់ពាណិជ្ជកម្មពិភពលោកថ្មី និងឲ្យមានការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក។
ដូចទៅនឹងសហរដ្ឋអាមេរិកផងដែរ ទ្វីបអឺរ៉ុបមានការព្រួយបារម្ភអំពីការការពាររបស់ប្រទេសចិនចំពោះបច្ចេកវិទ្យា និងកម្មសិទ្ធិបញ្ញាផ្សេងៗទៀត។ កាលពីខែមេសាកន្លងទៅនេះ សហភាពអឺរ៉ុបបានដាក់ពាក្យបណ្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកប្រឆាំងនឹងក្បួនច្បាប់របស់ចិន ដែលសហភាពអឺរ៉ុបអះអាងថា «បានបំផ្លាញដល់កម្មសិទ្ធិបញ្ញា» របស់ក្រុមហ៊ុនអឺរ៉ុបនានា។
វិបសាយរបស់សហភាពអឺរ៉ុបបានស្រង់សម្ដីរបស់លោក Donadl Tusk ដែលបាននិយាយថា សហភាពអឺរ៉ុបចង់ «ធ្វើកំណែទម្រង់ដោយក្លាហាន និងមានការទទួលខុសត្រូវចំពោះរបៀបរៀបរយសាកលលោកដែលផ្អែកលើច្បាប់។ ហេតុដូច្នេះហើយបានជាខ្ញុំអំពាវនាវឲ្យប្រទេសចិនរួមគ្នាចាប់ផ្ដើមដំណើរការនេះដោយការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក»។
ប្រទេសចិនបានសម្ដែងការគាំទ្រចំពោះការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកនៅឯកិច្ចប្រជុំកាលពីថ្ងៃទី ១៦ ខែកក្កដាកន្លងទៅនេះ។ នេះបើតាមការបញ្ជាក់របស់ភាគីខាងអឺរ៉ុបនៅក្នុងសេចក្ដីប្រកាសមួយ។
ឥណ្ឌា និងអាស៊ីអាគ្នេយ៍
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់កាលពីខែមេសាថា ប្រទេសចិននឹងរក្សាកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសឥណ្ឌា ដើម្បីបន្ធូរបន្ថយភាពខុសគ្នាផ្នែកពាណិជ្ជកម្មដែលបណ្ដាលមកពីបញ្ហាលទ្ធភាពចូលទៅក្នុងទីផ្សារ ដែលបញ្ហានេះបណ្ដាលឲ្យមានឱនភាពពាណិជ្ជកម្មសម្រាប់ប្រទេសឥណ្ឌា។
លោក Song Seng Wun បាននិយាយថា តំបន់អាស៊ីអាគ្នេយ៍ប្រហែលជាក្លាយជាតំបន់បន្ទាប់សម្រាប់ប្រទេសចិនក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយ។ ប្រទេសចិន និងសមាគមអាស៊ានដែលមានប្រទេស ១០ ជាសមាជិក កំពុងពិភាក្សាគ្នាអំពីគម្រោងសេដ្ឋកិច្ចសហប្រតិបត្តិការតំបន់មួយដែលមានប្រទេសចំនួន ១៦ ជាសមាជិក។ គម្រោងសេដ្ឋកិច្ចនេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលអ្នកខ្លះយល់ឃើញថាជាកិច្ចព្រមព្រៀងមួយជំនួសឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកដែលហៅកាត់ថា TPP ដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានដកសហរដ្ឋអាមេរិកចេញកាលពីឆ្នាំ ២០១៧។
នៅទីបំផុត ប្រទេសដទៃទៀតប្រហែលជាចូលរួមជាមួយនឹងប្រទេសចិនដើម្បីតតាំងជាមួយនឹងសហរដ្ឋអាមេរិក ដោយសារតែមនុស្សភាគច្រើនគិតថានឹងមានបញ្ហាពាណិជ្ជកម្មកើតឡើង។ នេះបើតាមការបញ្ជាក់របស់លោក Zhao Xijun ព្រឹទ្ធបុរសរងមហាវិទ្យាល័យហិរញ្ញវត្ថុនៃសាកលវិទ្យាល័យ Renmin នៅក្នុងប្រទេសចិន។
សង្គ្រាមរឿងពន្ធគយជាមួយនឹងប្រទេសចិនអាចរីកសាយភាយដល់បណ្ដាប្រទេសផ្សេងទៀតនៅទ្វីបអាស៊ី ហើយលោក Trump បានធ្វើឲ្យបណ្ដាប្រទេសដទៃទៀតមានការព្រួយបារម្ភ ដោយសារតែគោលនយោបាយ «ផ្ដល់អាទិភាពលើសហរដ្ឋអាមេរិក» របស់លោក ដែលត្រូវបានប្រទេសនានាចាត់ទុកថាជាគោលនយោបាយការពារតែផលិតផលក្នុងប្រទេស។
លោក Zhao Xijun បានបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយនឹងប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងតំបន់អាស៊ីអាគ្នេយ៍ នឹង «ត្រូវបានលើកកម្ពស់ជាបន្តរហូត»។ លោកបានបន្ថែមថា ប្រទេសទាំងនោះជាប់ទាក់ទិនទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់ដូចគ្នា ដែលមាន «ក្បួនច្បាប់» ផ្ទាល់របស់ខ្លួនដែលមិនអាចរំលោភបានដោយប្រទេសណាមួយនោះទេ។
លោក Zhao Xijun បាននិយាយថា៖ «នេះមិនមែនជាបញ្ហាសាមញ្ញនោះទេ។ ខ្សែសង្វាក់ផ្គត់ផ្គង់មានក្បួនច្បាប់ផ្ទាល់ខ្លួនរបស់វា។ វាមិនមែនជាអ្វីដែលរដ្ឋាភិបាលអាមេរិកអាចរំលោភបាន ដោយសារតែខ្លួនចង់ធ្វើនោះទេ»៕
ប្រែសម្រួលដោយ ភី សុភាដា