ទីប្រឹក្សាជាន់ខ្ពស់សេដ្ឋកិច្ចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រធានាធិបតីចិន ស៊ី ជីងពីងកាលពីថ្ងៃព្រហស្បតិ៍ពីការធ្វើឲ្យជាប់គាំងដល់កិច្ចខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មដែលកំពុងរីកកាន់តែធំឡើងជាមួយសហរដ្ឋអាមេរិក។
លោក Larry Kudlow នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមាននិយាយថា ពួកមន្ត្រីចិនថ្នាក់ទាបចង់បញ្ចប់ការយកពន្ធគយដែលប្រទេសមហាអំណាចមានសេដ្ឋកិច្ចដ៏ធំបង្អស់២របស់ពិភពលោកបានយកពន្ធគយគ្នាទៅវិញទៅមក ក៏ប៉ុន្តែ គឺថា ប្រធានាធិបតីស៊ីបានបដិសេធពុំព្រមកែប្រែការផ្ទេរបច្ចេកវិទ្យាហើយនិងគោលនយោបាយផ្សេងទៀតរបស់ចិន។
លោក Kudlow បានបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ CNBC ថា «តាមយើងដឹងរហូតមកទល់ពេលនេះ ប្រធានាធិបតីស៊ីមិនចង់ធ្វើកិច្ចព្រមព្រៀងនោះទេ។ ខ្ញុំគិតថា លោកស៊ីកំពុងលេងល្បែង។ បាល់ស្ថិតនៅក្នុងដៃរបស់លោក»។
លោក Kudlow បាននិយាយទៀតថា ចិនអាចបញ្ចប់ការយកពន្ធគយលើទំនិញសហរដ្ឋអាមេរិកនៅពេលថ្ងៃត្រង់នេះក៏បាន ប្រសិនបើ ចិនចាត់វិធានការដែលរួមមានការកាត់បន្ថយពន្ធគយនិងឧបសគ្គផ្សេងទៀតដើម្បីនាំចូលទំនិញនោះ។ សហរដ្ឋអាមេរិកក៏បានអំពាវនាវដល់រដ្ឋាភិបាលក្រុងប៉េកាំងឲ្យបញ្ចប់ការលួចកម្មសិទ្ធបញ្ញាហើយអនុញ្ញាតឲ្យក្រុមហ៊ុនដែលកាន់កាប់ដោយម្ចាស់បរទេសប្រតិបត្តិការយ៉ាងពេញទំហឹងនៅក្នុងប្រទេសចិន។
លោក Kudlow ក៏និយាយដែរថា លោករំពឹងថា លោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុប នឹងធ្វើសំណើពាណិជ្ជកម្មមួយនៅពេលដែលលោកជួបជាមួយប្រធានាធិបតីត្រាំនៅសេតវិមាននៅសប្តាហ៍ក្រោយ៕