ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​​សហភាព​អឺរ៉ុប​ដើម្បី​តទល់​នឹង​ការ​គំរាម​យក​ពន្ធ​របស់​សហរដ្ឋ​អាមេរិក


ប្រធានាធបតី​ចិន​ ស៊ី ជិនពីង ថ្លែង​ទៅកាន់​សមាជិក​នាយក​ប្រតិបត្តិ​សាកល​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ក្នុង​សណ្ឋាគារDiaoyutai ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​២១ មិថុនា ឆ្នាំ ២០១៨។
ប្រធានាធបតី​ចិន​ ស៊ី ជិនពីង ថ្លែង​ទៅកាន់​សមាជិក​នាយក​ប្រតិបត្តិ​សាកល​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ក្នុង​សណ្ឋាគារDiaoyutai ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​២១ មិថុនា ឆ្នាំ ២០១៨។

ប្រទេស​ចិន​បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​នឹង​សហភាព​អឺរ៉ុប​នៅ​ក្នុង​សប្ដាហ៍​នេះ ដោយ​មាន​ទីផ្សារ​ធំៗ​បន្ថែម​ទៀត​កំពុង​ដំណើរការ​ដើម្បី​រក្សា​ការ​នាំ​ចេញ​របស់​ខ្លួន​ឲ្យ​បាន​រឹងមាំ ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​ដាក់​កំហិត​ពន្ធ​គយ​លើ​ទំនិញ​របស់​ខ្លួន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។

នៅ​ឯ​កិច្ច​ប្រជុំ​រវាង​មេដឹកនាំ​ចិន និង​មេដឹកនាំ​សហភាព​អឺរ៉ុប​លើក​ទី ២០ នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​និយាយ​ថា ប្រទេស​របស់​លោក​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទ្វេភាគី។

ចំណែក​ឯ​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang វិញ បាន​បញ្ជាក់​នៅ​ឯ​កិច្ច​ប្រជុំ​នោះ​ថា នា​ពេល​ថ្មីៗ​នេះ ប្រទេស​ចិន​បាន​កាត់​ពន្ធ​គយ​លើ​ការ​នាំ​ចូល​រថយន្ត ថ្នាំពេទ្យ និង​ផលិតផល​ប្រើប្រាស់​ផ្សេងៗ​ពី​សហភាព​អឺរ៉ុប។

សហភាព​អឺរ៉ុប ដែល​មាន​ប្រទេស​ចំនួន ២៨ ជា​សមាជិក ដែល​ក្នុង​នោះ​មាន​ទាំង​ប្រទេស​អ្នក​មាន​បំផុត​មួយ​ចំនួន​ផង​ដែរ​នៅ​លើ​ពិភពលោក បាន​ទទួល​ទឹក​ប្រាក់​ចំនួន ៤៣៧ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ការ​នាំ​ចេញ​ជាមួយ​នឹង​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​មុន ដែល​ស្មើ​នឹង​ចំនួន ២០ ភាគរយ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​សរុប​របស់​ខ្លួន​ដែល​ទទួល​បាន​ពី​បរទេស។

មន្ត្រី​រដ្ឋាភិបាល​ចិន​ក៏​បាន​សន្យា​ផង​ដែរ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​ឥណ្ឌា​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក Felix Yang អ្នក​វិភាគ​មួយ​រូប​នៃ​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ Kapronasia នៅ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន បាន​និយាយ​ថា៖ «សហភាព​អឺរ៉ុប​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ចិន។ ស្រប​ពេល​ដែល​ការ​យក​ពន្ធ​គយ​របស់​លោក Trump ប៉ះពាល់​ដល់​ក្ដី​រំពឹង​ទុក​នៃ​សេដ្ឋកិច្ច​ចិន សហភាព​អឺរ៉ុប​កំពុង​ក្លាយ​ទៅ​ជា​ទីផ្សារ​ដ៏​សំខាន់​ជាង​មុន​មួយ​សម្រាប់​ប្រទេស​ចិន»៕

XS
SM
MD
LG