ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​មើល​ឃើញ​ពី​ឱកាស​ក្រោយ​ការ​បោះឆ្នោត​ខាងមុខ


កម្មករ​រោងចក្រ​ដើរ​ក្បូន​តាម​តិរវិថី​ព្រះស៊ីសុវត្ថិ​ក្នុង​​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​០១ ខែ​ឧសភា​ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាង​មុន។
កម្មករ​រោងចក្រ​ដើរ​ក្បូន​តាម​តិរវិថី​ព្រះស៊ីសុវត្ថិ​ក្នុង​​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​០១ ខែ​ឧសភា​ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាង​មុន។
ភ្នំពេញ៖ ទីភ្នាក់ងារ​បារាំង​នៃ​ការ​អភិវឌ្ឍ​គឺ​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​មួយ​របស់​ប្រទេស​បារាំង​ដែល​ផ្តល់​ទាំង​ជំនួយ​និង​ផ្តល់​កម្ចី​ដល់​ប្រទេស​កម្ពុជា។

រយៈពេល​២០ឆ្នាំ​មក​នេះ​ស្ថាប័ន​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​បារាំង​នេះ​បាន​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រទេស​កម្ពុជា​ចំនួន​២៧០​លាន​អឺរ៉ូ​ឬ​ស្មើ​នឹង​ជាង​៣៥០​លាន​ដុល្លារ​អាមេរិក។

លោក ​André Pouillès Duplaix ​នាយក​ទីភ្នាក់ងារ​បារាំង​នៃ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​បាន​ផ្តល់​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​លោក​គង់ សុ​ឋាន​រិទ្ធ​នៃ​វីអូអេ ​ថា​លោក​ចង់ឃើញ​ឱកាស​នៃ​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​និង​ការ​បែងចែក​ចំណូល​ជូន​ប្រជាពលរដ្ឋ​កាន់តែ​ទូលំទូលាយ​និង​កាន់តែ​ត្រឹមត្រូវ។

តទៅនេះ​ជា​បទ​សម្ភាសន៍​ទាំងស្រុង៖

វីអូអេ៖ ជម្រាបសួ​រលោក ពុ​យ៉ែ​ស ឌុយប្លេ។ ដោយ​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ខែកក្កដា​ឆ្នាំ២០១៣​នេះ ​តើ​លោក​ឃើញ​ការបោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​មាន​ទំនាក់​ទំនង​យ៉ាងដូចម្តេច​ចំពោះ​សកម្មភាព​របស់​ភ្នាក់ងារ​បារាំង​នៃ​ការអភិវឌ្ឍ?
លោក​ពុយ៉ែស ឌុយប្លេ៖ សូម​ជម្រាបជូន​ថា ទីភ្នាក់ងារ​បារាំង​នៃ​ការអភិវឌ្ឍ​បាន​ឈរជើង​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ១៩៩៣​មក​ម្ល៉េះ។ គឺ២០ឆ្នាំ​ហើយ។ យើង​បានផ្តល់​ថវិកា​ចំនួន២៧០លាន​អឺរ៉ូ​ដល់​ប្រទេស​កម្ពុជា​គិត​រហូតដល់​ឆ្នាំ២០១២​នេះ។ ក្នុង​ចំណោម​ថវិកា​ទាំងនេះ​យើង​បាន​ជួយ​រដ្ឋាភិបាល​កម្ពុជា​និង​សហគ្រាស​កម្ពុជា​ឲ្យ​បន្ត​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម។ ប្រាក់​ចំនួន​១៦០លាន​អឺរ៉ូ​គឺជា​ប្រាក់​ជំនួយ​និង​១១០​លាន​អឺរ៉ូ​ជា​ប្រាក់​កម្ចី​សម្បទាន​ដែលមាន​ការប្រាក់​ប្រមាណ​១%​សម្រាប់​រយៈពេល​២០​ឆ្នាំ។
ពិត​ហើយ​យើង​មិន​បាន​ប្រឡូក​ដោយផ្ទាល់​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នោះ​ទេ។ អណត្តិ​របស់​យើង​គឺ​គាំទ្រ​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​នៅ​កម្ពុជា។

វីអូអេ៖ តើ​ជំនួយ​របស់​ទីភ្នាក់ងារ​បារាំង​នៃ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​មាន​អ្វីខ្លះ?
លោក​ពុយ៉ែស ឌុយប្លេ៖ យើង​ធ្វើ​អន្តរាគមន៍​ក្នុង​ផ្នែក​ចំនួន​បួន​គឺ​ក្នុង​វិស័យ​កសិកម្ម ​ហេដ្ឋារចនា​សម្ព័ន្ធ​ទាំង​ក្នុង​ក្រុង​ឬ​ជនបទ ​វិស័យ​ផលិតកម្ម​ទាក់ទង​នឹង​ការរីកចម្រើន​និង​ការលើក​កម្ពស់​សហគ្រាស​និង​វិស័យ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​វិស័យ​វាយ​ន​ភណ្ឌ​និង​ទេសចរណ៍។

វីអូអេ៖ តើ​លោក​អាច​ផ្តល់​ឧទាហរណ៍​ជាក់ស្តែង​ពី​ជំនួយ​ក្នុង​វិស័យ​ណាមួយ​បានទេ?
លោក​ពុយ៉ែស ឌុយប្លេ៖ បាទ ​ដូចជា​យើង​បានផ្តល់​ថវិកា​ដល់​រដ្ឋា​ករ​ទឹក​ភ្នំពេញ​ចំនួន​បួន​ដង​ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន៦១លាន​អឺ​រ៉ូ។ ក្នុងនោះ​មាន​ជំនួយ​ចំនួន​បួន​លាន​អឺរ៉ូ​និង​៥៧លាន​អឺរ៉ូ​ប្រាក់​ជា​កម្ចី។

វីអូអេ៖ តើ​ទីភ្នាក់ងារ​បារាំង​នៃ​ការអភិវឌ្ឍ​មាន​គម្រោង​មេ​វិនិយោគ​បែបណា​នៅ​កម្ពុជា?
លោក​ពុយ៉ែស ឌុយប្លេ៖ ទីភ្នាក់ងារ​បារាំង​នៃ​ការអភិវឌ្ឍ​មាន​គម្រោង​សម្រាប់​ពេលខាងមុខ​នេះ​ជាពិសេស​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​និង​ជួយ​ដល់​គណកម្មការ​ខ្សែភាពយន្ត​កម្ពុជា​ដើម្បី​ទាក់ទាញ​ការថត​ខ្សែភាពយន្ត​ពី​ក្រៅប្រទេស​ឲ្យ​កាន់តែច្រើន​ចូលមក​ប្រទេស​កម្ពុជា​និង​មាន​គម្រោង​វិនិយោគ​លើ​ការដាំ​ដើម​អាកាស្យា​សម្រាប់ធ្វើ​ក្រដាស។ គម្រោង​មួយ​ចុងក្រោយ​គឺ​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្នែក​ទេសចរណ៍។

វីអូអេ៖ តើ​មាន​កញ្ចប់​ថវិកា​ជាក់លាក់​ទេ​សម្រាប់​គម្រោង​ទាំងនេះ?
លោក​ពុយ៉ែស ឌុយប្លេ៖ អត់​ទេ។ វា​ទៅតាម​គម្រោង​ជាក់ស្តែង​នៅពេល​ចុងក្រោយ។ ប៉ុន្តែ​យើង​គិត​ថា​នឹង​អាច​ផ្តល់ជំនួយ​ដល់​គម្រោង​នានា​ក្នុង​រង្វង់​ពី៥០លាន​ទៅ៨០លាន​អឺរ៉ូ​ក្នុង​មួយឆ្នាំ។

វីអូអេ៖ តើ​លោក​សម្លឹង​ឃើញ​ឱកាស​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​ដូចម្តេច​ដែរ​ជាពិសេស​មុន​ការបោះឆ្នោត?
លោក​ពុយ៉ែស ឌុយប្លេ៖ ខ្ញុំ​គិតថា​វា​ទៅតាម​ការបោះឆ្នោត​ដែរ។ ប្រទេស​កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​មិនសូវមាន​ការលូតលាស់​នៅឡើយ​នឹង​ក្លាយជា​ប្រទេសមួយ​មាន​សន្ទុះ​ផ្នែក​សេដ្ឋកិច្ច ដូច្នេះ​ឱកាស​នៃ​ការវិនិយោគ​នឹងមាន​ច្រើន។

វីអូអេ៖ ការវិនិយោគ​វៀតណាម​និង​ការវិនិយោគ​ពី​ប្រទេស​ចិន​បាន​ស្ថិតក្នុង​លំដាប់​កំពូល​ក្នុង​ចំណោម​ការវិនិយោគ​នានា។ តើ​ចំណាត់ថ្នាក់​របស់​ទីភ្នាក់ងារ​បារាំង​នៃ​ការអភិវឌ្ឍ​នៅ​ចំណុច​ណា​ដែរ?
លោក​ពុយ៉ែស ឌុយប្លេ៖ យើង​ស្ថិតនៅ​ចំណុច​តូច​មែនទែន។ ដំបូង​បង្អស់​នោះ​គឺ​យើង​មិនមាន​មធ្យោបាយ​ពង្រីក​ការអភិវឌ្ឍ​ដូច​ប្រទេស​ចិន​នៅ​ប្រទេស​កម្ពុជា​ទេ។ យើង​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​ប្រាក់​មួយ​អឺរ៉ូ​ដែល​យើង​ជួយ​ដល់​ប្រទេស​កម្ពុជា ​ត្រូវ​ទទួលបាន​ដោយ​ប្រជាពលរដ្ឋ​ភាគច្រើន​បំផុត។

វីអូអេ៖ ប្រទេស​កម្ពុជា ជា​ប្រទេស​ពុករលួយ​យ៉ាងខ្លាំង​មួយ​ក្នុង​ពិភពលោក តើ​ទីភ្នាក់ងារ​បារាំង​នៃ​ការអភិវឌ្ឍ​ចាត់ចែង​ជំនួយ​ឬ​កម្ចី​យ៉ាងដូចម្តេច​ក្នុង​ទីផ្សារ​កម្ពុជា?
លោក​ពុយ៉ែស ឌុយប្លេ៖ ខ្ញុំ​ក៏បាន​ឮ​ដែរ​ថា​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​កម្រិត​ពុករលួយ​ខ្ពស់​បង្គួរ។ យើង​បាន​ព្យាយាម​ទប់ទល់​ច្រើន​បំផុត​ទល់នឹង​ចរន្ត​នេះ។ ដំបូង​បំផុត​យើង​ដាក់​ឲ្យ​មានការ​ដេញថ្លៃ​គម្រោង​ដែលជា​គោលការណ៍​មូលដ្ឋាន។ បន្ទាប់មក​យើង​មានការ​តាមដាន​យ៉ាង​តឹងតែង​លើ​ថវិកា​ដែល​ត្រូវបាន​ចំណាយ។ ថវិកា​របស់​យើង​មិនត្រូវ​ឆ្លងកាត់​រដ្ឋបាល​សាធារណៈ​នៃ​ប្រទេស​កម្ពុជា​ទេ។ ប៉ុន្តែ​ថវិកា​នោះ​នឹង​ទៅដល់​អ្នកផ្គត់ផ្គង់​ដោយផ្ទាល់ បន្ទាប់មក​រាល់​ឆ្នាំ​ត្រូវ​មានការ​មក​ធ្វើ​សវនកម្ម​ពី​ក្រៅ​ប្រ​ទេស​ដើម្បី​ឲ្យ​ច្បាស់​ថា​ថវិកា​ដែលមាន​ក្នុង​កិច្ចសន្យា​ត្រូវបាន​ចាយវាយ​ត្រឹមត្រូវ។

វីអូអេ៖ តើ​ជម្លោះ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​អាចជា​ឧបសគ្គ​ដល់​ការ​វិ​និ​យោ​ជាទូទៅ​នៅ​កម្ពុជា​ទេ? រាប់បញ្ចូល​ទាំង​កា​រវិ​និ​យោ​របស់ ទីភ្នាក់ងារ​បារាំង​នៃ​ការអភិវឌ្ឍ​ផង?
លោក​ពុយ៉ែស ឌុយប្លេ៖ ច្បាស់​ហើយ​ថា​ស្ថេរភាព​នយោបាយ​របស់​ប្រទេសមួយ​មាន​សារសំខាន់​ណាស់​សម្រាប់​ការវិនិយោគ​រាប់ទាំង​ការវិនិយោគ​របស់ ទីភ្នាក់ងារ​បារាំង​នៃ​ការអភិវឌ្ឍ​ផងដែរ។សម្រាប់​ខ្ញុំ​វា​ហាក់ដូចជា​ថា​ពហុបក្ស​នៅ​ប្រទេស​កម្ពុជា​គឺជា​តឹកតាង​នៃ​អ្វីមួយ​ដែល​ល្អ​សម្រាប់​អនុញ្ញាតិ​ឲ្យ​មានមតិ​ប្រឆាំង​រដ្ឋាភិបាល និង​អនុ​ញ្ញា​ត្តិ​ឲ្យ​មានការ​រៀបចំ​ប្រទេស​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត។

វីអូអេ៖ តើ​លោក​មើលឃើញ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​យ៉ាងម៉េច​ក្នុង​ពេលនេះ?
លោក​ពុយ៉ែស ឌុយប្លេ៖ គឺជា​សំណួរ​ដាក់​អន្ទាក់​មួយ។ សំណួរ​នេះ​ត្រូវ​សួរ​ទៅកាន់​អ្នកតំណាង​ស្ថានទូត​បារាំង។

វីអូអេ៖ តើ​លោក​ចង់បាន​អ្វី​នៅក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ប្រទេស​កម្ពុជា?
លោកពុយ៉ែស ឌុយប្លេ៖ គឺ​ការបន្ត​នៃ​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម​ឲ្យ​កាន់តែ​ទូលំទូលាយ​បំផុត​និង​កាន់តែ​ត្រឹមត្រូវ​បំផុត។
មិនត្រូវ​ទុក​អ្នកណាម្នាក់​ឲ្យ​រស់​នៅតាម​ចិញ្ចើមផ្លូវ​នោះទេ។ ប្រជាពលរដ្ឋ​ទាំងអស់ ​ទាំង​ពលរដ្ឋ​ដែល​ក្រីក្រ​ជាងគេ ​ក៏​ដូចជា​ពលរដ្ឋ​ដែល​ក្រីក្រ​ជាងគេ​បំផុត​នោះ​ដែរ​ត្រូវតែ​អាច​ចូលរួម​វិភាគទាន​និង​មាន​ចំណូល​កើនឡើង។

វីអូអេ៖ តើ​នេះ​ជា​សារ​ទៅកាន់​គណបក្ស​នយោបាយ​ដែល​នឹង​ឈ្នះឆ្នោត​នោះ​មែន​ទេ?
លោក​ពុយ៉ែស ឌុយប្លេ៖ ពិត​ហើយ​គឺជា​សារ​ទៅកាន់​គណបក្ស​ដែល​នឹង​ឈ្នះឆ្នោត​ហើយ​វា​ក៏​ជា​សារ​ទៅកាន់​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ដែរ។ ហើយ​ខ្ញុំ​គិតថា​ការរីកចម្រើន​គឺ​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា។

វីអូអេ៖ តើ​មានន័យថា ការ​បែង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​សព្វថ្ងៃនេះ​មិន​ស្មើភាព​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ឬ​យ៉ាងណា?
លោក​ពុយ៉ែស ឌុយប្លេ៖ យើង​អាចធ្វើ​ឲ្យ​ប្រសើរ​ជាង​នេះ​ជានិច្ច។

វីអូអេ៖ ខ្ញុំ​អរគុណ​លោក​ពុយយ៉េស ឌុយ​ប្លេ ​នាយក​ទីភ្នាក់ងារ​បារាំង​នៃ​ការអភិវឌ្ឍ​ផង​ដែល​បាន​ផ្តល់​កិច្ចសម្ភាសន៍​ដល់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរភាសា៕
XS
SM
MD
LG