ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អត្រា​ការងារ​កម្ពុជា​កើន​ភាគ​ច្រើន​សម្រាប់​តែ​អ្នក​មាន​ការអប់រំ​កម្រិត​ក្រោម​ឧត្តម​សិក្សា


នៅ​ឆ្នាំ​២០១០ ចំនួន​អ្នកមាន​ការងារ​ធ្វើ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់ បាន​កើន​ដល់​ជិត​ដល់​៨​លាន​នាក់។
ភ្នំពេញ៖ កំណើន​ការងារ​នៅ​កម្ពុជា​ទំនង​ជា​មាន​ចំនួន​ច្រើន​ជាង​តម្រូវការ​ការងារ។ នេះ​បើ​យោងតាម​របាយការណ៍​ផ្លូវការ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។ របាយការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១២​នេះ​បង្ហាញ​ថា ការបង្កើត​ការងារ​ថ្មី​ប្រមាណ ៤,៣%គឺ​ច្រើនជាង​កំណើន​ពលកម្ម​ចំនួន​០,៧​ភាគរយ។
លោក ពេ​ជ សោភ័ណ រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ បាន​និយាយ​ក្នុង​ឱកាស​បើក​ពិ​ព័រណ៍​ការងារ​ប្រចាំ​ឆ្នាំ​លើ​ទី២ ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ទី​ភា្ន​ក់ងារ​ជាតិ​មុខរបរ និង​ការងារ កាលពី​ដើមខែ​កន្លង​ទៅ​នេះ​ថា ដោយសារ​តែ​កំណើន​នៃ​វិនិយោគ​ពី​បរទេស។
«សព្វថ្ងៃនេះ​វិនិយោគ​ទន់​បរទេស​មានការ​ចូល​មក​យ៉ាងច្រើន ដែល​ធ្វើឲ្យ​មាន​ការចាប់​រអារម្មណ៍​ជា​ពិសេស​មកពី​ប្រទេស​ជប៉ុន។ នៅ​ពេល​ដែល​យើង​ចូល​ពិភាក្សា​ជាមួយ​គេៗ​តែង​និយាយ​ប្រាប់​ឲ្យ​យើង​ធ្វើ​ផ្តល់​កម្លាំង​ពលកម្ម​ឲ្យ​គេ។ ដូច្នោះ​ហើយ​ខ្ញុំ​តែ​និយាយ​ប្រាប់​ទៅ​វិញ​ថា​អ្នកណា​ថា​ ប្រាប់ថា​ស្រុក​ខ្មែរ​យើង​អត់​មានការ​ងារ​ធ្វើ»។
វិទ្យាស្ថាន​ជាតិ​សេដ្ឋកិច្ច​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១០ ចំនួន​អ្នកមាន​ការងារ​ធ្វើ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់ បាន​កើន​ដល់​ជិត​ដល់​៨​លាន​នាក់។
វិស័យ​កសិកម្ម វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ទេសចរណ៍ និង​សំណង់​ត្រូវ​គេ​ដឹងថា បាន​ស្រូប​យក​ការងារ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ទីផ្សារ​ការងារ។
យោងតាម​ការ​ស្រាវជ្រាវ​នានា​បង្ហាញថា យុវជន​កម្ពុជា​យ៉ាងតិច​ចំនួន​៣សែន​នាក់​ត្រូវការ​ការងារ​ជា​រៀង​រាល់​ឆ្នាំ។ ​ប៉ុន្តែ​ការស្រាវជ្រាវ​ដែល​ចេញផ្សាយ​ដោយ​ធនាគារ​ពិភពលោក​ឆ្នាំ​២០១២​នេះ​ បង្ហាញ​ថា ទោះ​ពី​ជា​មាន​ការ​អះអាង​ថា កំណើន​ការងារ​សម្រាប់​អ្នក​មាន​កម្រិត​អប់រំ​ក្រោម​ឧត្តមសិក្សា​តែ​ប៉ុណ្ណោះ។ ហើយ​ការ​បង្កើត​ការងារ​ថ្មីៗ​ត្រឹម​តែ​២ម៉ឺន ទៅ៣ម៉ឺន​ការងារ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ។
របាយការណ៍​ដដែល​បង្ហាញ​បន្ថែម​ថា​ក្នុង​រយៈពេល​ប្រាំមួយ​ឆ្នាំ​គឹ​គិត​ពី២០០៩ ដល់​ឆ្នាំ​២០១៤ ចំនួន​អ្នក​ដែល​ត្រូវ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​អាច​កើនឡើង​ទៅ​ដល់​ជាង​២​សែន​នាក់ ខណៈដែល​ទីផ្សារ​ការងារ​អាច​ស្រូប​យក​ត្រឹមតែ​ប្រហែល​ជាង៨ម៉ឺន​នាក់​ប៉ុណ្ណោះ។
លោក នុន សុភ័ន ជា​មន្ត្រី​សម្របសម្រួល​ថា្នក់​ជាតិ​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​ប្រចាំ​កម្ពុជា។ លោក មាន​ប្រសាសន៍​ថា ការបណ្តុះបណ្តាល​នៅក្នុង​ស្រុក​មិន​ឆ្លើយតប​ទៅនឹង​ត្រូវការ​ទីផ្សារការងារ។
«ប៉ុន្តែ​បញ្ហា​ចម្បង​ដែល​យើង​កំពុង​ជួប​នៅ​ក្នុង​ទីផ្សារការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ វា​មិន​ស៊ី​សង្វាក់​ទៅ​នឹង​ឱកាស​ការងារ​ដែល​ផ្តល់​ឲ្យ​ដោយ​ក្រុមហ៊ុន​វិនិយោគ។ ដោយសារ​តែ​ប្រព័ន្ធ​នៃ​ការ​បណ្តុះ​បណ្តាល អប់រំ​ហ្នឹង​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ។ មានន័យថា​ចេះតែ​បន្ត​រៀន​ទៅ ហើយ​តម្រូវការ​អ្នកជំនាញ​ចឹង​យើង​មិនទាន់​បាន​ស៊ី​(សង្វាក់)​គ្នា​ទេ»។
ការស្រាវជ្រាវ​របស់​ធនាគារ​ពិភព​ល​លោក បង្ហាញ​ទៀត​ដែរ​ថា ភាគច្រើន​នៃ​តម្រូវការ​ជ្រើសរើស​បុគ្គលិក​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ភាគច្រើន​ត្រូវការ​បុគ្គលិក​ដែល​មាន​ជំនាញ​ផ្នែក​វិស្វកម្ម គ្រឿង​អេឡិចត្រូនិក និង​វិទ្យាសាស្ត្រ​ជាដើម។ ផ្ទុយ​ទៅ​វិញ​ការ​សិក្សា​លើ​មុខវិជ្ជា​គណនេយ្យ ហរិញ្ញវត្ថុ​ ធនាគារ និង​ច្បាប់​មាន​រហូត​ដល់​៤៦​ភាគរយ​ដែល​ធើ្វ​ឲ្យ​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្មបញ្រ្ចាស់​គ្នា​ទៅ​នឹង​តម្រូវការ​នៃ​បុគ្គលិក​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍។
លោក នុ​ន សោភ័ណ បន្ថែមថា​មកទល់​ពេលបច្ចុប្បន្ន​នេះ​តម្រូវការ​ការ​កម្មករ​ជំនាញ​នៅ​កម្ពុជា មានការ​ខ្វះ​ខាត់ ខណៈដែល​តម្រូវការ​អ្នកមាន​ជំនាញ​ខ្ពស់​នៅមាន​តិច​នៅឡើយ។
«តំបន់​សេដ្ឋកិច្ច​ពិសេស​ហ្នឹង ឥឡូវ​ហឹ្នង​កំពុង​ត្រូវការ​បុគ្គលិក​មិនតិចជាង១ម៉ឺន​នាក់។ យើង​មិនទាន់​បំពេញ​បាន​ផង។ ពេល​ដែល​គាត់​ទៅ​គាត់​ថា អត់​មាន​ជំនាញ​ផង។ វិស្វករ​ហ្នឹង​មិន​អាច​ទៅធ្វើ​ការ​ជា​កម្មករ​ធម្មតា​ចឹ​ង​បានទេ គាត់​ក៏​ទៅរក​ការងារ​ខ្ពស់ជាង​ហ្នឹង។ចឹ​ង​ហើយ​ទីផ្សារការងារ​នៅ​កម្ពុជា​យើង​នឹង​តម្រូវការ​កម្មករ​ហ្នឹង​វា​ច្រើន ​ហេតុអ្វី​បានជា​នៅតែមាន​អ្នក​និយាយថា​អត់​មានការ​ងារ​ធ្វើ។
លោក ហៃ ហ៊ុន​ឡេង ទីប្រឹក្សា​ដែល​ធ្វើការ​ក្នុង​ទីភ្នាក់ងារ​ជាតិ​មុខ​របប និង​ការងារ ប្រាប់ឲ្យដឹង​ដែរ​ថា ប្រភេទ​ការងារ​ដែល​សិស្ស​និស្សិត​ពេល​បច្ចុប្បន្ន​និយម​ចុះឈ្មោះ​ចូលរៀន​គឺ មាន​ដូចជា ធនាគារ ហិរញ្ញវត្ថុ និង​គណនេយ្យ។ លោក​និយាយ​ថា​មុខវិជ្ជា​សង្គម​ទាំងនោះ​ហាក់​មិន​ស្របគ្នា​ទៅនឹង តម្រូវការ​នៃ​ទីផ្សារ​ការងារ​ដែល​ត្រូវការ​អ្នកបច្ចេកទេស។
លោក ហ៊ុន​ឡេង និយាយ​ថា​ភាគច្រើន​នៃ​អ្នកស្វែងរក​ការងារ​ធ្វើ​ជា​អ្នក​សិក្សា​លើ​ផ្នែក​សង្គម ដែល​នៅ​មាន​តម្រូវការ​ទីផ្សារការងារ​តិច។
«ផ្ទុយ​ទៅវិញ​ទីផ្សារ​ការងារ​គេ​ចង់​បាន​អ្នក​បច្ចេកទេស។ ហេតុអ្វី​បាន​បានជា​ត្រូវការ​បែប​ហ្នឹង គឺ​ពីព្រោះ​ការអភិវឌ្ឍ​ផ្នែក​ឧស្សាហ៍កម្ម។ បើ​គេ​ចង់បាន​អ្នក​បច្ចេក​ទេស យើង​បែរជា​មាន​អ្នក​សង្គម​ទៅ​វិញ ឃើញ​ថា​វា​អត់​សូវ​ស៊ីគ្នា​ទៅ​ហើយ។ ចំនួន​សិស្ស​ជិត១​ម៉ឺន​នាក់​ហ្នឹង​បើ​ប្រៀបធៀប​នឹង​ឱកាស​ការងារ​ដែលមាន​ជាង​៩​ម៉ឺន​ទៅ​ហើយ​ហ្នឹង​ក៏​អត់​សូវ​ស៊ីគ្នា​ដែរ»។
លោក បណ្ឌិត កង ចាន់តារារ័ត្ន នាយក​វិទ្យាស្ថ្រាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា យល់ស្រប​ថា នៅ​កម្ពុជា​ពលរដ្ឋ​ដែលមាន​ចំណេះដឹង​តិច​ទទួលបាន​ឱកាស​ការងារ​ច្រើនជាង​អ្នកទទួលបាន​ការអប់រំ​ខ្ពស់​ប៉ុន្តែ​លោក​ពន្យល់ថា ក្នុងឋានៈ​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជា​កម្ពុជា​តម្រូវការ​អ្នក​ដែលមាន​ជំនាញ​ទាប​មាន​សារៈសំខាន់។ ប៉ុន្តែ​ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​ជឿនលឿន​ទៅមុខ កម្ពុជា​ចាំបាច់​ជំរុញ​កំណើន​ការងារ​ក្នុង​ចំណោម​អ្នក​ដែល​ទទួលបាន​ការអប់រំ​កម្រិត​ខ្ពស់៕
XS
SM
MD
LG