ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ដាក់​ទុន​វិនិយោគ​ច្រើន​បំផុត​នៅ​កម្ពុជា​​


អំពើ​ពុករលួយ​ជា​ឧបសគ្គ​ធំជាង​គេ​សម្រាប់​ការ​វិនិយោគ​ និង​ការធ្វើ​អាជីវ​កម្ម​នៅ​កម្ពុជា។
អំពើ​ពុករលួយ​ជា​ឧបសគ្គ​ធំជាង​គេ​សម្រាប់​ការ​វិនិយោគ​ និង​ការធ្វើ​អាជីវ​កម្ម​នៅ​កម្ពុជា។

ក្នុង​រយៈពេល​១៨ឆ្នាំ​ចុងក្រោយ​ ប្រទេស​ចិន​បាន​បណ្តាក់​ទុន​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​រហូត​ដល់​ជាង​៨,៨ពាន់​លាន​ដុល្លារ​​អាមេរិក។

ភ្នំពេញ​ ក្នុង​រយៈពេល​១៨ឆ្នាំ​ចុងក្រោយ​ ប្រទេស​ចិន​បាន​បណ្តាក់​ទុន​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​រហូត​ដល់​ជាង​៨,៨ពាន់​លាន​ដុល្លារអាមេរិក​ ដែល​ធ្វើ​ឲ្យ​ប្រទេស​ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រង​បែប​កុម្មុយ​និស្ត​មួយ​នេះ​ ឈរ​នៅ​លំដាប់​ទី១​ក្នុង​ចំណោមវិនិយោគិន​នៅ​បរទេស។​

របាយ​ការណ៍​ដែល​ចេញផ្សាយ​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​បង្ហាញ​ថា ​ទំហំ​ទឹកប្រាក់​វិនិយោគ​នេះ ​គិត​រាប់​ចាប់ពី​ឆ្នាំ​១៩៩៤​រហូត​មក​ទល់​នឹង​ខែ​កញ្ញា​ឆ្នាំ​២០១១​តែ​ប៉ុណ្ណោះ​ ដោយ​មិន​បូក​បញ្ចូល​ការ​វិនិយោគ​សំខាន់ៗ​ចុងក្រោយ​របស់​ប្រទេស​ចិន​ នៅ​ឆ្នាំ​២០១២​នោះ​ទេ​ ជាពិសេស​គម្រោង​វិនិយោគ​របស់​ប្រទេស​ចិន​ធ្វើ​ផ្លូវ​ដែក​ ដែល​ភ្ជាប់​ពី​ខេត្ត​ព្រះវិហារ​មក​កាន់​ខេត្ត​កោះកុង​ប្រវែង៤០០​គីឡូម៉ែត្រ​ ការ​សាងសង់​កំពង់ផែ ​និង​រោងចក្រ​ស្លដែក។​

គម្រោង​ទាំងនេះ​មាន​ទឹកប្រាក់​សរុប​៩,៦​ពាន់​លាន​ដុល្លារអាមេរិក។

មន្ត្រី​CDC​មិន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​លើ​កំណើន​វិនិយោគ​របស់​ប្រទេស​ចិន​និង​ការ​វិនិយោគ​បរទេស​នោះ​ទេ។​

លោក​ជាម យៀប ​ប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ច ​ហិរញ្ញវត្ថុ ​ធនាគារ ​និង​សវនកម្ម​នៃ​រដ្ឋ​សភា ​បាន​ឲ្យ​ដឹង​ថា​ កំណើន​វិនិយោគ​ទុន​នេះ​កើតឡើង​ដោយសារ​តែ​កម្ពុជា​មាន​ច្បាប់ ​ដែល​ធានា​ដល់​វិនិយោគគិន។​

«យើង​បានរៀបចំ​ច្បាប់​វិនិយោគ​សម្រាប់​វិនិយោគ​គិនបរទេស​ដែល​ចង់​មក​វិនិយោគ​លើ​គ្រប់បែប​យ៉ាង​ទាំងអស់​ក្នុង​ប្រទេស​យើង។ ​អញ្ចឹង​បានជា​គេ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​យើង។ ​យើង​មិនមែន​ខ្លាច​អ្វី​ទេ ​ឲ្យតែ​គេ​ចូលមក​ហើយ​គោរព​ច្បាប់​ទម្លាប់​ប្រទេស​យើង។ ​តែ​អ្នក​មិន​គោរព​ យើង​ចាំបាច់​ត្រូវ​តែ​ឃាត់ឃាំង ​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​កម្ពុជា​យើង​ទេ»។​

របាយ​ការណ៍​របស់​ CDC ​បង្ហាញ​ថា ​ប្រទេស​កូរ៉េ​គឺ​ធ្វើការ​វិនិយោគ​ច្រើន​ជាង​គេ​លំដាប់​ទី២​ បន្ទាប់ពី​ប្រទេស​ចិន​ ហើយ​លេខ​៣គឺ​ប្រទេស​ម៉ាឡេស៊ី​ ចក្រ​ភព​អង់គ្លេស​លំដាប់​លេខ​៤ ​និង​សហ​រដ្ឋ​អាមេរិក​ស្ថិត​ក្នុង​លេខ​រៀង​ទី៥​ក្នុង​ចំណោម​ប្រទេស​វិនិយោគ​ច្រើន​ជាងគេ​នៅ​កម្ពុជា។​
ដោយឡែក​ប្រទេស​ជប៉ុន​ដែលជា​ម្ចាស់ជំនួយ​ធំជាង​គេ​សម្រាប់​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​១។​

លោក​ដូហូ ឃីអូតាកា​គឺជា​ប្រធាន​អង្គការ​ស្តីទី​ប្រចាំ​ប្រទេស​កម្ពុជា​របស់​អង្គការ​ពាណិជ្ជ​កម្ម​ក្រៅ​ស្រុក​ជប៉ុន ហៅ​កាត់​ថា ​ចិត្រូ។​ ​

លោកអូតាកាបន្ត​ថា​ ភាគច្រើន​នៃ​ក្រុមហ៊ុន​មក​ពី​ជប៉ុន​ផ្តោត​សំខាន់​លើ​ ការ​សាងសង​រោងចក្រ​អេឡិចត្រូនិច​ និង​កម្មន្តសាលដែល​ចំនួន​ទឹកប្រាក់​នៅ​មាន​ទំហំ​តិច។​
លោកអូតាកា​ពន្យល់​ដូច្នេះ​ថា៖​

«៦០%នៃ​ការ​វិនិយោគ​ពី​ប្រទេស​ចិន​ផ្តោត​លើ​វិស័យ​អចលន​ទ្រព្យ។​ហើយ​២៤% ​ ឬ​២៥%​ផ្តោតលើ​រោងចក្រ​ថម​ពល​ និង​ទំនប់​វារី​អគ្គិសនី។ ​ការ​វិនិយោគ​បែប​នេះ​ជា​គម្រោង​វិនិយោគ​ទំហំ​ធំ ​ត្រូវការ​ប្រាក់​វិនិយោគ​ច្រើន។​ ប៉ុន្តែ​សម្រាប់​វិនិយោគ​ពីជប៉ុន​វិញ​គឺ​ផ្តោតលើ​រោងចក្រ​អេឡិចត្រូនិច​ ​និង​កម្មន្តសាល ​នេះ​នៅ​មាន​ចំនួន​ទឹកប្រាក់​តិច​នៅ​ឡើយ»។

លោក​ជាម យៀប​បញ្ជាក់​ផង​ដែរ​ថា ​ចំពោះ​វិនិយោគ​ពី​ប្រទេស​ផ្សេង​ទៀត​ ជាពិសេស​មកពី​ប្រទេស​ជប៉ុន​ នៅមាន​ចំនួន​តិច​ ដោយហេតុ​ថា​ រាល់​ការ​វិនិយោគ​ទាំងអស់​របស់​ប្រទេស​ជប៉ុន​ទាមទារ​ពេលវេលា​ច្រើន​ មុនពេល​វិនិយោគ។​

ប៉ុន្តែ​លោក​ជាម យៀប​ក៏​បាន​បញ្ជាក់​ថា​ នៅ​ឆ្នាំ​ចុង​ក្រោយ​នេះ ​វិនិយោគ​ពី​ប្រទេស​ជប៉ុន​មាន​ការ​កើន​ឡើង។​ ហើយ​ថ្មីៗ​នេះ ​មាន​ក្រុមហ៊ុន​ជប៉ុន​ថ្មី​ប្រហែល​៦០​ទៀត​បាន​មក​វិនិយោគ​នៅ​កម្ពុជា។​

លោក​បណ្ឌិត​កង ចាន់​តារារ័ត្ន​ ដែល​ជា​នាយក​វិទ្យាស្ថាន​អភិវឌ្ឍន៍​កម្ពុជា​ និង​ជា​អ្នក​វិភាគ​សេដ្ឋ​កិច្ច​កម្ពុជា។​ លោក​បណ្ឌិត​បាន​សម្តែង​ការ​សារទរ​ចំពោះ​កំណើន​នៃ​វិនិយោគ​ទុន​ពី​បរទេស​មក​កាន់​ប្រទេស​កម្ពុជា។​

«វា​ជា​រឿង​មួយ​ល្អ​ដែរ​ ដែល​យើង​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​វិនិយោគ​ទុន​ពី​បរទេស ​មិន​ចាំបាច់​តែ​ចិន ​កូរ៉េ​ទេ ​ឲ្យតែ​មាន​លុយ​សម្រាប់​វិនិយោគ។​ប៉ុន្តែ​ឲ្យ​តែ​វិនិយោគ​ ហើយ​មាន​លក្ខណៈ​ជា​មូលដ្ឋាន​សម្រាប់​សេដ្ឋកិច្ច​រីក​ចម្រើនបន្ត​ទៀត​ ​ដូចជា​ការ​វិនិយោគ​លើ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ ​គមនាគមន៍​ ថាមពល​ផ្នែក​កសិកម្ម​ជាដើម។

របាយ​ការណ៍​របស់​ CDC ​បង្ហាញ​ថា ​វិស័យ​កសិកម្ម ​ឧស្សាហកម្ម ​សេវា​កម្ម ​និង​ទេសចរណ៍​បាន​ទាក់ទាញ​ការ​វិនិយោគ​ទុនពី​បរទេស​ច្រើន​ជាង​គេ​ ហើយ​ក្នុង​នោះ ​ប្រទេស​ចិន​ផ្តោត​សំខាន់​លើ​វិស័យ​អភិវិឌ្ឍន៍​ធនធាន​ធម្មជាតិ ​ចម្ការ​កៅស៊ូ ​និង​ទេសចរណ៍។​

លោក​បណ្ឌិត​កង ចាន់​តារា​រ័ត្ន​យល់​ថា ​ស្ថិរ​ភាព​នយោបាយ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រសើរឡើង ​កត្តា​ដែល​កម្ពុជា​ស្ថិត​ក្នុង​សហគមន៍​អាស៊ាន ​និង​លំនឹង​សេដ្ឋ​កិច្ច​កម្ពុជា​បាន​ជួយ​លើក​ទឹកចិត្ត​ដល់​ការ​បណ្តាក់​ទុន​បរទេស​នៅ​កម្ពុជា។​
ប៉ុន្តែ​របាយ​ការណ៍​អភិវឌ្ឍន៍​ប្រចាំ​ឆ្នាំ ​២០១១-២០១២​របស់​វិទ្យាស្ថាន​បណ្តុះ​បណ្តាល ​និង​ស្រាវជ្រាវ​ហៅ​កាត់​ថា ​CDRI​ ឆ្នាំ​២០១២​បានឲ្យ​ដឹង​ថា​ អំពើ​ពុករលួយ​ជា​ឧបសគ្គ​ធំជាង​គេ​សម្រាប់​ការ​វិនិយោគ​ និង​ការធ្វើ​អាជីវ​កម្ម​នៅ​កម្ពុជា៕​
XS
SM
MD
LG