ភ្នំពេញ៖ មេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ីនៅថ្ងៃច័ន្ទនេះបានប្រាថ្នាចង់ឃើញឱ្យមេដឹកនាំកម្ពុជាយកគំរូតាមប្រទេសភូមាដើម្បីឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យពេញលេញនិងរឹងមាំពិតប្រាកដនៅកម្ពុជា។ ការទទូចរបស់មេដឹកនាំគណបក្សប្រឆាំងបានកើតមានឡើងបន្ទាប់ពីជំនួបមួយជាមួយលោកស្រីអោង សានស៊ូជី មេដឹកនាំគណបក្សប្រឆាំងដ៏ល្បីក្នុងប្រទេសភូមា។ លោកសម រង្ស៊ីក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិបានទៅចូលរួមសមាជកាលពីចុងសប្តាហ៍មុននេះរបស់គណបក្សសម្ព័ន្ធភាពជាតិប្រជាធិបតេយ្យភូមា ដែលដឹកនាំដោយលោកស្រីអោង សានស៊ូជី។ មានប្រសាសន៍ប្រាប់VOAតាមទូរស័ព្ទពីទីក្រុងរ៉ង់ហ្គោនប្រទេសភូមាលោកសម រង្ស៊ីបាននិយាយថាប្រទេសភូមាបានកែទម្រង់ពីមេដឹកនាំយោធាផ្តាច់ការមករបបប្រជាធិបតេយ្យនិងបើកចំហរឱ្យមានការបោះឆ្នោតដើម្បីឱ្យលោកស្រីអោង សានស៊ូជីមេដឹកនាំគណបក្សប្រឆាំងចូលរួមបោះឆ្នោត។ លោកបាននិយាយថាប្រទេសកម្ពុជាបច្ចុប្បន្នកំពុងដើរថយក្រោយទៅកាន់របបផ្តាច់ការដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែក្រនិងវេទនាទៅៗ។ លោកបាននិយាយថាលោកចង់ឃើញឱ្យមេដឹកនាំកម្ពុជាយកគំរូតាមប្រទេសភូមាដើម្បីឱ្យកម្ពុជាបានស្គាល់លទ្ធិប្រជាធិបតេយ្យពេញលេញនិងពិតប្រាកដ។ «ធ្វើដូចប្រទេសភូមាអីចឹងពីព្រោះប្រទេសភូមាមានមេដឹកនាំគណបក្សប្រឆាំងចេះធ្វើចលនាឱ្យគេយល់ពីប្រទេសភូមា ឱ្យសហគមន៍អន្តរជាតិគាបសង្កត់ពួកជនផ្តាច់ការនៅប្រទេសភូមាហើយទីបញ្ចប់ឃើញថាចលនានេះប្រកបដោយជោគជ័យ។ដូច្នេះនៅប្រទេសកម្ពុជាក៏អញ្ចឹងដែរយើងត្រូវធ្វើចលនាដើម្បីឱ្យសហគមន៍អន្តរជាតិគាបសង្កត់ពួកជនផ្តាច់ការនៅប្រទេសកម្ពុជា»។ គណបក្សសម្ព័ន្ធភាពជាតិប្រជាធិបតេយ្យភូមាកាលពីចុងសប្តាហ៍មុនបានរៀបចំសមាជគណបក្សនិងបានអញ្ជើញលោកសម រង្ស៊ីមេដឹកនាំគណបក្សប្រឆាំងកម្ពុជាចូលរួម។ សមាជរបស់គណបក្សលោកស្រីអោង សានស៊ូជី បានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការនាយកចំនួន១២០នាក់និងសមាជិកគណៈអចិន្ត្រៃយ៍ចំនួន១៥នាក់។ លោក ផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីបាននិយាយថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានដើរមុនប្រទេសភូមា។ លោកបានបញ្ជាក់ទៀតថាជាគោលការណ៍របស់កម្ពុជាគឺមានទិសដៅបីពិតប្រាកដគឺធ្វើយ៉ាងណាឱ្យប្រទេសនេះក្លាយខ្លួនទៅជាប្រទេសមួយដែលឯករាជ្យ សន្តិភាព និងការបង្កើតឱ្យមានបរិយាកាសវឌ្ឍនភាព។ «ភូមាគ្រាន់តែជាការដ្ឋានថ្មីមួយនៃការដណ្តើមឥទ្ធិពលពីបរទេសហើយនឹងសមត្ថភាពផ្ទៃក្នុងរបស់ភូមាតែប៉ុណ្ណោះ។ ចំពោះកម្ពុជាយើងមានសមត្ថភាពផ្ទៃក្នុងរបស់យើងរួចស្រេចទៅហើយដែលយើងឈរទៅលើអធិបតេយ្យភាពឈរទៅលើឯករាជ្យភាពហើយនឹងឈរទៅលើសមត្ថភាពក្នុងការកសាងស្រុករបស់ខ្លួនឯង»។ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមួយរូបបាននិយាយថាជំនួបគ្នារវាងមេដឹកនាំគណបក្សប្រឆាំងកម្ពុជានិងលោកស្រីអោង សានស៊ូជី គ្មានអ្វីដែលត្រូវរៀនសូត្រពីគ្នាទេ។ «ពីភូមានៅឆ្ងាយណាស់គេផ្សព្វផ្សាយដូចជាបំប៉ោងការវិជ្ជមានប៉ុន្តែតាមខ្ញុំដឹងក្នុងស្រុកមិនមែនជាវិជ្ជមានដូចគេផ្សព្វផ្សាយនោះទេ»។ ស្ថានទូតបារាំង និងជប៉ុនមិនបានឆ្លើយតបជាមួយVOA តាមរយៈសារអេឡិកត្រូនិកឬអ៊ីមែលទេលើកលែងតែស្ថានទូតសហរដ្ឋអាមេរិកមួយតែប៉ុណ្ណោះដែលបានឆ្លើយពាក់ព័ន្ធនឹងជំនួបគ្នារវាងលោកសម រង្ស៊ីនិងលោកស្រី អោង សានស៊ូជី។ លោកសន ម៉ាកឃីនថុស អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានប្រាប់តាមសារអេឡិកត្រូនិកមកថាសហរដ្ឋអាមេរិកគាំទ្រការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហើយគោលបំណងរបស់យើងចង់ឱ្យមានដំណើរការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដោយមានការចូលរួមពីគ្រប់គណបក្សនយោបាយទាំងអស់៕