ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​ស្ម័គចិត្ត​អង្គការ​លំនៅដ្ឋាន​មនុស្ស​ជាតិ​ត្រៀម​​ជីកដី​ដាក់​លូ​​


យុទ្ធនាការ​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​រួម​ដែល​រៀបចំ​ដោយ ​អង្គការ​លំនៅដ្ឋាន​មនុស្ស​ជាតិ​(Habitat for Humanity)​ក្នុង​ប្រទេស​ចំនួន​ប្រាំពីរ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។
យុទ្ធនាការ​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​រួម​ដែល​រៀបចំ​ដោយ ​អង្គការ​លំនៅដ្ឋាន​មនុស្ស​ជាតិ​(Habitat for Humanity)​ក្នុង​ប្រទេស​ចំនួន​ប្រាំពីរ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។
ភ្នំពេញ៖ យុវជន​កម្ពុជា​ជាង​៥០០​នាក់នៅ​ក្នុងនោះ​មាន​តារា​ចម្រៀង​ល្បីឈ្មោះក្នុង​ស្រទាប់​យុវវ័យ​គឺ​កញ្ញា​ ឱក សុគន្ធកញ្ញា​ ផង​ដែរ​នឹង​ចូលរួម​យុទ្ធនាការមួយ​ឈ្មោះ​ថា​«​ការ​សាងសង់​យុវជន​»​នៅថ្ងៃទី​២៧​ខែ​មេសា​ខាង​មុខនេះ។

យុទ្ធនាការ​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​រួម​ដែល​រៀបចំ​ដោយ ​អង្គការ​លំនៅដ្ឋាន​មនុស្ស​ជាតិ​(Habitat for Humanity)​ក្នុង​ប្រទេស​ចំនួន​ប្រាំពីរ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ចាប់​ពីថ្ងៃ​ទី​២៧​ខែកុម្ភៈ​ដល់​២៧​ខែ​មេសា​ដើម្បី​យក​ចិត្ត​ទុកដាក់​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ​គ្មាន​លំនៅដ្ឋាន​សមរម្យ។

យុវជន​វ័យ​ក្មេង​ចំនួន​ប្រមាណ​១​ម៉ឺន​នាក់​នឹង​រួម​គ្នាកសាង​និង​ជួសជុល​លំនៅដ្ឋាន​ដល់​ពលរដ្ឋ​ក្រីក្រ​នៅ​ទី​តាំង​ចំនួន​៤១​កន្លែង​ក្នុង​ប្រទេស​ទាំង​ប្រាំពីរនេះ។ ក្នុងនោះ​មានទាំង​តារាសិល្បៈល្បីៗ​នឹង​ត្រូវ​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ។ រី​នៅ​ប្រទេស​កម្ពុជា​កញ្ញា​ឱក សុគន្ធកញ្ញា ​ត្រូវបានតែងតាំងជា​ទូត​សុច្ឆន្ទៈ​របស់​អង្គការ​លំនៅដ្ឋាន​មនុស្ស​ជាតិ។

ដោយ​ឡែក​នៅ​កម្ពុជា​ក្រុមយុវជន​នឹង​ជីក​ដី​ដាក់​បណ្តាញ​លូ​លើ​ផ្ទៃ​ដី​ទំនេរ​ទំហំ២.២​ហិកតា​នៅ​ជិត​ពន្ធនាគារ​ព្រៃស ​ចម្ងាយ​១១​គីឡូម៉ែត្រ​ពី​ភ្នំពេញ។ ផ្ទៃ​ដី​នេះ​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​អង្គការ​PSE (Pour un Sourire d’Enfant) ​ជា​ផ្នែក​មួយ​នៃគម្រោង​ភូមិ​ញញឹម (Smile Village Project) ដែល​គ្រោង​នឹង​សង់​លំនៅដ្ឋាន​ស្តង់ដា​ចំនួន​៣៣៣​បន្ទប់​ដែល​មាន​បី​ជាន់និង​ផ្សារ​សហគមន៍​មួយ​សម្រាប់​ការ​ជួល​រយៈពេល​វែង​ដល់​ពលរដ្ឋ​ក្រីក្រ ​ដែល​ក្នុង​មួយ​ជាន់តម្លៃ​ចន្លោះ​ពី​៧​ទៅ​១០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ការ​ថែទាំ​និង​ជួសជុល។ គម្រោង​នេះ​នឹង​បម្រើ​ឱ្យ​ពលរដ្ឋ​ប្រមាណ​៧០០​គ្រួសារ​ក្នុង​រយៈពេល​១៥​ឆ្នាំ។

អ្នកស្រី ​ប៊េល រ៉េជីណូ បរចា (Bells Regino-Borja) ​មន្ត្រី​អភិវឌ្ឍន៍​និង​ទំនាក់ទំនង​របស់​អង្គការ​លំនៅដ្ឋាន​មនុស្សជាតិ​ប្រចាំ​កម្ពុជា (Habitat for Humanity Cambodia)​ឱ្យ​ដឹង​ថា ​ពលរដ្ឋ​ក្រីក្រ​ដែល​មាន​ចំណូល​ប្រចាំ​ថ្ងៃ​តិច​ជាង​១.២៥​ដុល្លារ​និង​ដែល​កំពុង​រស់នៅ​ក្បែរ​លាន​ចាក់​សំរាម​ស្ទឹងមាន​ជ័យ ហើយ​មាន​ហានិភ័យ​ដោយ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ខ្ពស់​ នឹង​ទទួល​បានអាទិភាព​ក្នុង​ការតាំង​លំនៅ​នៅ​ទីនេះ។

ជា​ទូត​សុច្ឆន្ទៈ​របស់​អង្គការ​លំនៅដ្ឋាន​មនុស្ស​ជាតិ​ កញ្ញា​ឱក សុគន្ធ​កញ្ញា ​ថ្លែង​ប្រាប់​វីអូអេ​ ខេមរភាសា ​ថា​បុព្វហេតុ​ជំរុញ​ឱ្យ​កញ្ញា​ចូលរួម​ក្នុង​កម្មវិធី​នេះ​គឺ​ដើម្បី​បំផុសការងារ​ស្ម័គ្រចិត្តក្នុង​ស្រទាប់​យុវជន​ខ្មែរ​និង​ជួយ​ដោះស្រាយ​បញ្ហា​កង្វះខាត​លំនៅដ្ឋាន​នៅ​កម្ពុជា​និង​ក្នុង​តំបន់។

«គោល​បំណង​របស់​ខ្ញុំ ​ទី​មួយ​ដោយសារ​តែការ​ចូលចិត្ត ​ហើយ​ដោយ​ហេតុ​ថា​ខ្ញុំ​ជា​អ្នក​សិល្បៈ​មួយ​រូប​ក្នុង​ប្រទេស​យើង​ដែរ។ ហើយ​ការ​ចូល​រួម​ហ្នឹង​ដោយ​សារ​ស្រឡាញ់​និង​ចូលរួម​ជួយ​សង្គម។ ហើយ​គោល​ដៅ​របស់​ហេប៊ីថេត ​ជា​គោលដៅ​មួយ​សម្រាប់​កម្ពុជា។ គោលដៅ​របស់​ពួកយើង​គ្រាន់តែ​ចង់​ឱ្យ​យុវជន​ទាំង​អស់​គ្នា​មាន​ចិត្ត​សាមគ្គី​គ្នា​ហើយ​ជួយ​ដល់​ជន​ដែល​គ្មាន​លំនៅដ្ឋានរស់​នៅ​ដោយ​សុវត្ថិភាព»។

ក្នុង​ន័យ​នេះ ​កញ្ញា​បាន​បង្កើត​វីដេអូឃ្លីប​ផ្ទាល់​ខ្លួន​មួយ​រយៈពេល​៤៦វិនាទី​ដែល​បាន​បង្ហោះ​ចូល​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​កញ្ញា​ដែល​មាន​អ្នក​គាំទ្រ​ជាង​១៥​ម៉ឺន​នាក់​កាល​ពី​ថ្ងៃ​ពុធ​នេះ​ ដើម្បី​អំពាវនាវ​អ្នកគាំទ្រ​របស់​កញ្ញា​ឱ្យ​ជួយ​ផ្សព្វផ្សាយ​និង​ចូលរួម​ក្នុង​កម្មវិធី​នេះ។

អ្នកស្រី ​ប៊េល រ៉េជីណូ បរចា ​ពន្យល់​ពី​មូលហេតុ​ដែលគម្រោង​ព្យាយាមភ្ជាប់​បុគ្គល​ល្បី​ៗដូចជា​កញ្ញា ឱក សុគន្ធ​កញ្ញា​ទៅ​នឹង​យុទ្ធនាការ​នេះ។

«គោល​បំណង​សំខាន់​មួយ​គឺ​ការ​ជំរុញ​ការ​ចូលរួម​ពី​បុគ្គល​ដែល​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​លើ​យុវជន ពីព្រោះ​នេះ​ជា​កិច្ច​ប្រឹងប្រែង​លើក​កម្ពស់​ការ​យល់​ដឹង។ តាម​រយៈ​អ្នកគាំទ្រ​របស់​តារា​ល្បី​ឈ្មោះ​ដូច​ជា​កញ្ញា​ឱក សុគន្ធ​កញ្ញា ​យើង​នឹង​អាច​ទាក់ទាញ​ការ​ចូលរួម​ពី​ប្រជាជន​កម្ពុជា​ជា​ច្រើន​យើង​អប់រំ​ពួកគេ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​លើ​លំនៅដ្ឋាន​សមរម្យ​នៅ​កម្ពុជា»។

យោង​តាម​នាយកដ្ឋាន​ស្ថិតិ​សង្គម ​សព្វ​ថ្ងៃនេះ ​មាន​ពលរដ្ឋ​កម្ពុជា​រហូត​ដល់​ប្រមាណ៦សែនគ្រួសារ​ពុំទាន់​មាន​លំនៅដ្ឋាន​សមរម្យ។

អ្នកស្រី ប៊េល ​បន្ថែម​ថា​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កម្ពុជា​ចូលរួម​ក្នុង​យុទ្ធនាការ​កម្រិត​តំបន់​នេះ។ កាល​ពី​ឆ្នាំ​មុន​ កម្មវិធី​នេះ​បាន​រៃ​អង្គាស​ថវិកា​បាន​ចំនួនជាង​១​លាន​ដុល្លារ​អាមេរិក​និង​បាន​ជួយ​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាបបាន​ជាង​៧០០​គ្រួសារ។

ក្រៅ​ពី​កញ្ញា​ឱក សុគន្ធ​កញ្ញា ​គម្រោង​នេះ​ក៏​មាន​ការ​ចូលរួម​គាំទ្រ​ដោយ​សិល្បករ​និង​បុគ្គល​ល្បីៗជា​ច្រើន​រូប​ផ្សេង​ទៀត ដូច​ជា លោក ចន អាប្រាហាម ​តារា​សម្តែង​របស់​បូលីវូដ​ឥណ្ឌា ​ពិធីករ​ទូរទស្សន៍ ធីម យ៉ាប (Tim Yab)​ មក​ពី​ប្រទេស​ហ្វីលីពីន ​និង​តារា​ចម្រៀង​ចិន ចេដ ខ្វាន់ (Jade Kwan) ជា​ដើម ក្នុង​នោះ​ពួកគេ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ដូចជា​ហ្វេសប៊ុក ​ទ្វីតធឺ ​និង​វៃបូ​របស់​ចិន ​ដើម្បី​ស្វែងរក​ការ​ចូលរួម​ពី​អ្នក​គាំទ្រ​របស់​ពួកគេ​លើ​គម្រោង​នេះ។
យ៉ាង​ណា​ក៏​ដោយ​យុទ្ធនាការនេះ​គ្រាន់​ជាការ​ស្ម័គ្រចិត្ត​ក្នុង​ការ​ងារ​សង្គមរបស់​យុវជន​កម្ពុជាប៉ុណ្ណោះ។
ការ​រៃ​អង្គាស​ប្រាក់​ដើម្បី​សាងសង់​លំនៅដ្ឋានទាំង​នោះនឹង​ចាប់​ផ្តើម​បន្ទាប់​ពី​ថ្ងៃ​២៧​មេសា​រហូត​ដល់​ខែ​វិច្ឆិកា។

អ្នកស្រី ប៊េរ ថ្លែង​ថា ​អង្គការ​អ្នកស្រី​នឹង​លើក​ទឹកចិត្ត​ឱ្យ​យុវជន​ជួយ​រៃអង្គាស​ប្រាក់​ដើម្បី​ជួយ​ផ្នែក​ទ្វារ​ឬ​បង្អួច​នៃ​សំណង់​ខាង​លើ៕
XS
SM
MD
LG