ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ព្យាករ​ថា​សេដ្ឋកិច្ច​កម្ពុជា​កើន​៦,៥​ភាគរយ

  • គង់ សុឋានរិទ្ធ

កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ស្ថិត​ក្នុង​រង្វង់​៦,៥​ភាគរយ​ដោយសារ​មាន​ការ​កើន​ឡើង​ផ្នែក​នាំ​ចេញ ទេសចរណ៍ និង​សំណង់។

កម្ពុជា​មាន​សក្តានុពល​នឹង​ទទួល​បាន​កំណើន​ក្នុង​រង្វង់​៦,៥​ភាគរយ​ដែល​ស្ថិត​ក្នុង​កម្រិត​មធ្យម​នេះ​ប៉ុន្តែ​កម្ពុជា​ត្រូវ​ប្រឹងប្រែង​ថែម​ទៀត​សម្រាប់​ឆ្នាំ​ក្រោយ។

ភ្នំពេញ៖ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ(IMF)បាន​ព្យាករ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ស្ថិត​ក្នុង​រង្វង់​៦,៥​ភាគរយ​ដោយសារ​មាន​ការ​កើន​ឡើង​ផ្នែក​នាំ​ចេញ ទេសចរណ៍ និង​សំណង់។ ទោះជា​យ៉ាង​ណា ព្យាករណ៍​នេះ​បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ​បន្តិច​បើ​ធៀប​នឹង​ឆ្នាំ​២០១១។

របាយការណ៍​ផ្លូវការ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បង្ហាញ​ថា កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ចំនួន​៧,១​ភាគរយ​កាលពី​ឆ្នាំ​ទៅ​ហើយ​នៅ​ឆ្នាំ​២០១២​នេះ​និង​សម្រាប់​ឆ្នាំ​២០១៣​ដែរ​កម្ពុជា​នឹង​ទទួល​បាន​កំណើន​ចំនួន​៦,៥​ភាគរយ​ដូចគ្នា។

លោក​អូឡាហ្វ អាន់ធើរ៉ូប៊ែដូអ៊ីស្ទើ (Olaf UNTEROBERDOERSTER) អនុប្រធាន​IMF ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វ៊ីក បាន​ថ្លែង​ក្នុង​ស​ន្និសីទ​ព័ត៌មាន​នៅ​រសៀល​នេះ​ថា ការ​នាំ​ចេញ​ផ្នែក​សម្លៀក​បំពាក់​កើន​បាន​ចំនួន​១៤​ភាគរយ ទេសចរណ៍​កើន​បាន​២៧​ភាគ​ខណៈ​ដែល​បរិយាកាស​ធ្វើ​ជំនួញ ហេ​ដ្ឋ​រចនា​សម្ព័ន្ធ និង​សេវាកម្ម​សាធារណៈ​បន្ត​រីក​ចម្រើន។

«ការ​នាំ​ចេញ​ដែល​ឆាប់​ងើប​ឡើង​វិញ វិស័យ​ទេសចរណ៍​ដ៏​រឹងមាំ និង​ការ​ងើបឡើង​វិញ​នៃ​វិស័យ​អចលនទ្រព្យ​បន្ត​គាំទ្រ​សេដ្ឋកិច្ច​កម្ពុជា​បើទោះជា​មាន​ឱនភាព​សេដ្ឋកិច្ច​ពិភពលោក​ក៏ដោយ»។

កម្ពុជា​ក៏​ដូចជា​ប្រទេស​នានា​ក្នុង​ពិភពលោក​ដែរ​បាន​ទទួល​រង​ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ចាប់​តាំងពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ។ កម្ពុជា​ធ្លាប់​ទទួលបាន​កំណើនសេដ្ឋកិច្ច​រហូត​ដល់​១៣​ភាគរយ​នៅ​ឆ្នាំ​២០០៥​មុន​នឹង​ធ្លាក់​មក​ក្រោម​សូន្យ​នៅ​ឆ្នាំ២០០៨។ ​ព្យាករណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​នៅ​ថ្ងៃនេះ​ធ្វើ​ឡើង​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​វាយតម្លៃ​ដែរ​ថា​សេដ្ឋកិច្ចកម្ពុជា​នឹង​កើន​បាន៦,៥​ភាគរយ​ដូចគ្នា​នេះ។

លោក​ចាន់ សុផល ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា​មាន​ប្រសា​សាន៍​ថា កម្ពុជា​មាន​សក្តានុពល​នឹង​ទទួល​បាន​កំណើន​ក្នុង​រង្វង់​៦,៥​ភាគរយ​ដែល​ស្ថិត​ក្នុង​កម្រិត​មធ្យម​នេះ​ប៉ុន្តែ​កម្ពុជា​ត្រូវ​ប្រឹងប្រែង​ថែម​ទៀត​សម្រាប់​ឆ្នាំ​ក្រោយ។

«ឆ្នាំ​នេះ​ជិត​ចប់​ទៅ​ហើយ។ យើង​មិន​អាច​ខំ​អ្វី​បាន​ច្រើន​លើសពីនេះ​ទេ។ ចង់​និយាយ​ថា ជា​គោលនយោបាយ​សេដ្ឋកិច្ច​សម្រាប់​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត​យើង​អាច​សម្រេច​បាន​ខ្ពស់​ជាង​នេះ​ទៀត​ប្រសិនបើ​យើង​ធ្វើ​គោលនយោបាយ​អភិវឌ្ឍ​បាន​ល្អ​ទាំង​ផ្នែក​ឯកជន​ទាំង​ផ្នែក​រដ្ឋាភិបាល»។

បន្ថែម​ពីនេះ លោក​អូឡាហ្វ អាន់ធើរ៉ូប៊ែដូអ៊ីស្ទើ ផ្តល់​អនុសាសន៍​ថា កម្ពុជា​ត្រូវ​ប្រឹង​ប្រែង​ថែម​ទៀត​សម្រាប់​ឆ្នាំ២០១៣​ក្នុង​ការ​ប្រមូលពន្ធ​សម្រាប់​តម្រូវការ​អភិវឌ្ឍន៍​ទូលំទូលាយ​និង​រក្សារ​អាករ​ឲ្យ​ស្ថិត​ក្នុង​ស្ថិរភាព។ លោកអូឡាហ្វ ក៏​បាន​ផ្តល់​យោបល់​ផង​ដែរ​ថា ការ​កែ​ទម្រង់​ជា​រចនា​សម្ព័ន្ធ​ត្រូវការ​ចាំបាច់​ដើម្បី​គាំទ្រ​ដល់​ការ​រីក​ចម្រើន​វិស័យ​ឯកជន​និង​ធ្វើ​ឲ្យ​សំបូរ​បែប​ផ្នែក​សេដ្ឋកិច្ច៕
XS
SM
MD
LG