អ្នកទោសនយោបាយមួយចំនួនក្នុងចំណោមក្រុមអ្នកទោសនយោបាយជាង ២.០០០នាក់ ត្រូវបានដោះលែងកាលពីពេលថ្មីៗនេះ ដោយក្រុមប្រឹក្សាយោធាក្រោយរដ្ឋប្រហារក្នុងប្រទេសមីយ៉ាន់ម៉ាបាននិយាយប្រាប់វីអូអេថា ពួកគេនៅតែស្ថិតក្រោមការតាមឃ្លាំមើលរបស់ពួកយោធា ហើយបារម្ភក្រែងត្រូវគេចាប់ខ្លួនឃុំឃាំងជាថ្មីទៀត។
រដ្ឋាភិបាលយោធាបានដោះលែងអ្នកទោស ២.១៥៣នាក់ កាលពីថ្ងៃទី៣ ខែឧសភា ដែលត្រូវបានកាត់ទោសតាមរយៈមាត្រា ៥០៥(A) នៃច្បាប់ព្រហ្មទណ្ឌ ដែលចាត់ទុកជាទោសព្រហ្មទណ្ឌនូវសកម្មភាពទាំងឡាយណា «ដែលបណ្តាលឱ្យមានការភ័យខ្លាច ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយឬញុះញង់ដោយផ្ទាល់ឬមិនផ្ទាល់ឱ្យមានការទោសកម្មប្រឆាំងនឹងបុគ្គលិករដ្ឋាភិបាល»។
ក្រុមអ្នកទោសទាំងនេះត្រូវបានដោះលែងដោយមានលក្ខខណ្ឌថា អ្នកទោសម្នាក់ៗ «ជាប់ការដាក់ទណ្ឌកម្មថ្មីបន្ថែមលើការដាក់ទណ្ឌកម្មនៅសេសសល់ ដែលពួកគេត្រូវកាត់ទោសនៅពេលនេះ ប្រសិនបើមានការប្រព្រឹត្តល្មើសថែមទៀត»។
វីអូអេបានទាក់ទងជាមួយអ្នកទោសដែលត្រូវបានដោះលែងជាង ១០នាក់ តែពួកគេជាច្រើនប្រកែកមិនព្រមនិយាយទេ ដោយសារមានកង្វល់អំពីសន្តិសុខ។ ក្រុមអ្នកទោសដែលត្រូវបានដោះលែងនោះ ត្រូវចុះហត្ថលេខាលើឯកសារមួយសន្យាថា មិនប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងប្រទេស។
អ្នកទោសត្រូវបានដោះលែងម្នាក់អាយុ ២៧ ឆ្នាំ ប្រើឈ្មោះក្រៅថា «Hay Mar» ដែលត្រូវបានដោះលែងពីពន្ធនាគារ Tharyarwaddy ក្នុងតំបន់ Bago បាននិយាយថា៖ «ខ្ញុំរារែកមិនចង់ចុះហត្ថលេខាលើឯកសារនេះទេ តែខ្ញុំបានធ្វើដូច្នេះដើម្បីឱ្យបានដោះលែងពីគុកអមនុស្សធម៌នេះ»។
អតីតអ្នកទោសនយោបាយម្នាក់ទៀត គឺនាង Shwe Zin និស្សិតសាកលវិទ្យាល័យ អាយុ ២៦ ឆ្នាំ បាននិយាយថា នាងមានអារម្មណ៍ថាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ កញ្ញាបានថ្លែងថា នាងបានកត់សម្គាល់ថា មានបុរសខ្លះតាមឃ្លាំមើលនាង នៅពេលនាងជួបជាមួយមិត្តភក្តិខ្លះក្នុងភោជនីយដ្ឋានមួយក្រោយគេដោះលែងនាង។
នៅពេលនាងចូលរួមក្នុងបាតុកម្មមួយកាលពីខែមិថុនា ឆ្នាំ ២០២១ ប្រឆាំងនឹងរដ្ឋប្រហារ កញ្ញាត្រូវបានជាប់អន្ទាក់របស់រដ្ឋាភិបាលយោធាក្នុងក្រុងរ៉ង់ហ្គូន (Yangon) ដែលបានប្រើមិត្តនាងម្នាក់ជានុយ៕