ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយប្រហារ​លើជន​ស៊ីវិល​​នៅ​មីយ៉ាន់ម៉ា​ធ្វើ​ឲ្យ​ភូមិ​មួយ​រងគ្រោះ​យ៉ាង​ខ្លាំង


រូប​ផ្តល់​ដោយ​ក្រុម​សកម្មជន Kyunhla បង្ហាញ​ពី​ការ​បំផ្លិចបំផ្លាញ​បន្ទាប់​ពី​ការវាយប្រហារ​តាមអាកាស​នៅ​ភូមី Pa Zi Gyi តំបន់ Sagaing ទីក្រុង Kanbalu ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃទី​១១​ មេសា ឆ្នាំ២០២៣។
រូប​ផ្តល់​ដោយ​ក្រុម​សកម្មជន Kyunhla បង្ហាញ​ពី​ការ​បំផ្លិចបំផ្លាញ​បន្ទាប់​ពី​ការវាយប្រហារ​តាមអាកាស​នៅ​ភូមី Pa Zi Gyi តំបន់ Sagaing ទីក្រុង Kanbalu ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃទី​១១​ មេសា ឆ្នាំ២០២៣។

រដ្ឋាភិបាល​ដឹកនាំ​និង​ជ្រើសតាំង​ដោយ​ជន​ស៊ីវិល​នៅ​មីយ៉ាន់ម៉ា​ស្វះស្វែង​បង្កើត​ប្រព័ន្ធ​ប្រាប់​ដំណឹង​មុន​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​សម្រាប់​សាធារណជន​ បន្ទាប់​ពី​មាន​ការ​ទម្លាក់​គ្រាប់បែក​លើ​ភូមិ​មួយ​នៅ​តំបន់​ភាគ​ប្រទេស​ ដែល​បាន​សម្លាប់​ជន​ស៊ីវិល​ជិត​ ២០០​នាក់ ​ក្នុង​នោះ​មាន​កុមារ​ ៣៨​នាក់​ កាល​ពី​ពាក់​កណ្តាល​ខែ​មេសា។​ នេះ​បើ​យោង​តាម​មន្រ្តី​ជាន់ខ្ពស់​ម្នាក់​ក្នុង​រដ្ឋបាល​នេះ​ប្រាប់​វីអូអេ​កាល​ពី​សប្តាហ៍​កន្លង​ទៅ។​

រដ្ឋមន្រ្តី​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​រដ្ឋាភិបាល​រួមរូប​ជាតិ ​(National Unity Government) ​លោក ​Aung Myo Min ​បាន​ប្រាប់​វីអូអេ​ថា៖ ​ «ជា​ការ​សំខាន់​សម្រាប់​យើង​ក្នុង​ការ​ស្វែងរក​មធ្យោបាយ​ដើម្បី​បញ្ឈប់​ការ​វាយ​ប្រហារ​ពី​អាកាស​ដ៏​ប្រល័យ​របស់​របប​សឹក​មីយ៉ាន់ម៉ា​លើ​ជន​ស៊ីវិល»។​

លោក​បាន​ថ្លែង​បន្ត​ថា៖ ​ «យើង​នឹង​បង្កើត​ប្រព័ន្ធ​ប្រាប់​ដំណឹង​ជា​មុន​ដល់​សាធារណ​ជន​អំពី​ការ​វាយ​ប្រហារ​តាម​អាកាស»។ ​

«យើង​ត្រូវ​បង្ហាញ​សារៈ​សំខាន់​នៃ​ [ប្រព័ន្ធ​ប្រាប់​ដំណឹង​ជា​មុន]​ នេះ​ទៅ​សហគមន៍​អន្តរជាតិ។​ យើង​ត្រូវ​មាន ​«ប្រព័ន្ធ​ផ្តល់​សញ្ញា​តាម​អាកាស» ​មួយ​ ដែល​អាច​ផ្តល់​ដំណឹង​ជា​មុន​ដល់​មនុស្ស​ទូទៅ។ ​ ច្បាប់​ការពារ​ជាតិ​អាមេរិក​ឆ្នាំ​២០២៣​ស្តីពី​ភូមា​អំពាវនាវ​មិន​ឲ្យ​ផ្តល់​ជំនួយ​គ្រោះថ្នាក់ ដូច្នេះ​យើង​ត្រូវ​ដាក់​បញ្ចូល​បញ្ហា​បែប​នេះ»។​

សាក្សី​បាន​ប្រាប់​វីអូអេ​ថា ​មនុស្ស​ប្រហែល ​៣០០​នាក់​បាន​ប្រមូល​ផ្តុំ​នៅ​ខាង​ក្រៅ​ភូមិ ​Pazigyi ​ក្រុង ​ Kanbalu​ ក្នុង​តំបន់​ Sagaing ​ នា​ពេល​ព្រឹក​ព្រហាម​ថ្ងៃ​ទី១១​ ខែ​មេសា​ ដើម្បី​រំឭក​ការ​សម្ពោធ​ការិយាល័យ​រដ្ឋបាល​តូច​មួយ​របស់​រដ្ឋាភិបាល​រួបរួមជាតិ​ នៅ​ពេល​យន្តហោះ​យោធា​មីយ៉ាន់ម៉ា​បាន​ទម្លាក់​គ្រាប់បែក​លើ​ទី​នោះ។​

មាន​ផ្ទះ​ជាង ​២០០​ខ្នង​នៅ​ក្នុង​ភូមិ​នេះ។ ​ អ្នក​ភូមិ ​ដែល​ភាគច្រើន​ជា​កសិករ​ដែល​មាន​ជីវភាព​ខ្វះខាត​ ក៏​ប្រកប​របរ​រែងមាស​តាម​ទន្លេ​ក្បែរ​នោះ​ផង​ដែរ។​ ដូច​ភូមិភាគ​ច្រើន​នៅ​តំបន់​ Sagaing ​ដែរ​ ​ភូមិ​ Pazigyi ​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​របប​សឹក​នោះ​ទេ ​ហើយ​អ្នកភូមិ​គាំទ្រ​រដ្ឋាភិបាល​រួបរួម​ជាតិ​យ៉ាង​ខ្លាំង។​

បី​ថ្ងៃ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​នោះ​ ​លោក​ Bala Gyi​ អ្នក​ទៅ​ផ្តល់​ជំនួយ​ដំបូង​គេ​ពីអង្គការ​ជំនួយ​ក្នុង​ស្រុក​មួយ​ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ ​«យ៉ាង​ហោច​ណាស់​មនុស្ស ​១៧០​នាក់ ​ក្នុង​នោះ​ស្រ្តី​ ២៤​នាក់ ​និង​កុមារ ​៣៨​នាក់​ ត្រូវ​បាន​សម្លាប់​ បន្ទាប់​ពី​របប​សឹក​បាន​ទម្លាក់​គ្រាប់បែក​មក​លើ​ភូមិ ​ Pazigyi ​ កាល​ពី​ថ្ងៃ​ទី១១​ ខែ​មេសា»។ ​ វីអូអេ​មិន​អាច​បញ្ជាក់​ដោយ​ឯករាជ្យ​អំពី​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ការ​ទម្លាក់​គ្រាប់​បែក​នោះ​ទេ។​

លោក ​ Bala Gyi ​ បាន​លើក​ឡើង​ថា​ បន្ថែម​ពី​នេះ ​មនុស្ស​ ៣០​នាក់​បាន​រង​របួស​ ក្នុង​នោះ​ ២០​នាក់​មាន​សភាព​ធ្ងន់ធ្ងរ​ រួម​មាន​ស្រ្តី​មាន​ផ្ទៃ​ពោះ​ម្នាក់ ​និង​កុមារ​អាយុ ៨​ឆ្នាំ​ម្នាក់។ ​ នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ស្លាប់​នោះ ​ សាកសព​ចំនួន​១៧១​នាក់​ ត្រូវ​បាន​បូជា​ហើយ។​

លោក​ក៏​បាន​បន្ត​ថា​ នេះ​គឺ​ជា ​ការ​វាយ​ប្រហារ​តាម​អាកាស​លើក​ដំបូង​នៅ​ក្រុង​ Kanbalu។ ​ លោក​បាន​និយាយ​ថា ​ ដោយសារ​តែ​មិន​មាន​ប្រវត្តិ​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​លើតំបន់​នេះ ​អ្នក​ភូមិ ​Pazigyi ​មិន​បាន​គិត​ថា​ ពួកគេ​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ការ​ទម្លាក់​គ្រាប់​បែក​នោះ​ទេ។​

លោក​ថ្លែង​ថា៖ «តាម​បទ​ពិសោធន៍​របស់​ខ្ញុំ​ក្នុង​ការ​ប្រមូល​សាកសព​ ស្ថានភាព​នៃ​សាកសព​ទាំង​នោះ​គឺ​ អាក្រក់​ខ្លាំង។ ​ ​សាកសព​ខ្លះ​ត្រូវ​បែក​ជា​បំណែក។​ ​ក្នុង​ករណី​ខ្លះ ​ សាកសព​ត្រូវ​បែកខ្ទេច។ យើង​បាន​ប្រមូល​សាកសព ​និង​បំណែក​សាកសព​ ហើយ​បូជា ​ក្នុង​ពេល​បី​ថ្ងៃ​បន្ទាប់​នោះ»។​

អ្នក​នាំពាក្យ​របប​សឹក​ភូមា​លោក​លោក​ឧត្តមសេនីយ៍​ Zaw Min Tun ​បាន​បញ្ជាក់​អំពី​ការ​វាយ​ប្រហារ​នេះ ​ ប៉ុន្តែ​បានបន្ទោស​កង​កម្លាំង​ក្រុម​ប្រឆាំង​ពី​ហេតុផល​ដែល​នាំ​ឲ្យ​មាន​ការ​ស្លាប់​ច្រើន​នេះ។​

អង្គការ​សហ​ប្រជាជាតិ​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​

អង្គការ​សហ​ប្រជាជាតិ​និង​បណ្តា​រដ្ឋាភិបាល​បស្ចឹម​លោក​ ក៏​ដូច​ជា​រដ្ឋមន្រ្តី​ការ​បរទេស​នៃ​ក្រុម​ប្រទេស​ទាំង​ប្រាំពីរ​ ដែល​រីក​ចម្រើន​ជាង​គេ​ផ្នែក​ឧស្សាហកម្ម​ បាន​បង្ហាញ​ក្តី​ខឹង​សម្បា​ប្រឆាំង​ការ​វាយ​ប្រហារ​ចុង​ក្រោយ​បង្អស់មក​លើ​ជន​ស៊ីវិល​នេះ​ ដោយ​ថ្កោល​ទោស​របប​សឹក​មីយ៉ាន់ម៉ា​ចំពោះ​ការ​វាយ​ប្រហារ​តាម​អាកាស ​និង​ទាមទារ​ឲ្យ​មាន​មាន​អ្នក​ទទួល​ខុសត្រូវ។​

ដោយ​ហៅ​មីយ៉ាន់ម៉ា​តាម​ឈ្មោះ​ដើម​ថា​ ភូមា​ ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​លោក ​Vedant Patel​ បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា ​ខ្លួន​មាន​ «ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង»​ ចំពោះ​ការ​វាយ​ប្រហារ​តាម​អាកាស​នេះ។​ លោក​បាន​បន្ត​ថា៖ ​«ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ទាំង​នេះ​បង្ហាញ​កាន់​តែ​ច្បាស់​ពី​ការ​មិន​អើពើ​របស់​របប​នេះ​ចំពោះ​ជីវិត​មនុស្ស ​និង​ការ​ទទួល​ខុសត្រូវ​ចំពោះ​វិបត្តិ​នយោបាយ​ និង​វិបត្តិ​មនុស្ស​ធម៌​ដ៏​អាក្រក់​នៅ​ភូមា​ បន្ទាប់​ពី​រដ្ឋ​ប្រហារ​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០២១»។​

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក ​Antonio Gutteres
អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក ​Antonio Gutteres

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក ​Antonio Gutteres ​«ថ្កោល​ទោស​ការ​វាយ​ប្រហារ​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​មីយ៉ាន់ម៉ា»។ ​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​លោក ​Stephane Dujarric ​អ្នក​នាំពាក្យ​លោក​អគ្គលេខាធិការ​អ.ស.ប.។ ​លោក​ក៏​បាន​បញ្ជាក់​ថា ​ លោក ​ Gutteres​ «លើក​ឡើង​សាជាថ្មី​ពី​ការ​អំពាវនាវ​របស់​លោក​ឲ្យ​របប​យោធា​បញ្ចប់​យុទ្ធនាការ​ហិង្សា​ប្រឆាំង​នឹង​ប្រជាជន​មីយ៉ាន់ម៉ា​នៅ​ទូទាំង​ប្រទេស»។​

ឧត្តម​ស្នងការ​ជាន់ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​លោក ​ Volker Türk ​ បាន​និយាយ​កាល​ពី​ថ្ងៃ​ទី១១ ​ខែ​មេសា​ថា លោក ​«មាន​ការ​តក់ស្លុត​យ៉ាងខ្លាំង» ​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​ដ៏​ប្រល័យ​នេះ​ ដែល​លោក​និយាយ​ថា ​បាន​សម្លាប់​សិស្ស​សាលា​ នៅ​ពេល​ពួកគេ​កំពុង​តែ​សម្តែង​របាំ។​

សោកនាដ​កម្ម​ក្រោយ​ការ​វាយ​ប្រហារ​តាម​អាកាស

​លោក​ Ye Naing ​បុរស​វ័យ ​៣១​ឆ្នាំ ​ដែលបាត់បង់​សាច់ញ្ញាតិ​ រួម​ទាំង​ឪពុកម្តាយ​ និង​កូនស្រី​ពៅ ​បាន​រំឭក​អំពី​សោកនាដ​កម្ម​នេះ​ប្រាប់​វីអូអេ ​តាម​ទូរស័ព្ទ បីថ្ងៃ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​នោះ។​

លោក​បាន​ថ្លែង​ថា៖ ​«ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​ចូលរួម​រៀបចំ​ពិធី​បើក​សម្ពោធ​ការិយាល័យ​រដ្ឋាភិបាល​រួបរួម​ជាតិ​នៅ​ក្នុង​គេហដ្ឋាន​ថ្មី​របស់​លោក​អភិបាល។ ​ គ្រួសារ​របស់​ខ្ញុំ​នៅ​ខាង​ក្រៅ ​ហើយ​ខ្ញុំ​បាន​ចូល​ទៅ​ការិយាល័យ​តែ​ម្នាក់​ឯង​មួយ​ស្របក់​ ប្រហែល​ម៉ោង​៨​ព្រឹក។​ ខ្ញុំ​កំពុង​និយាយ​ទូរស័ព្ទ​ នៅ​ពេល​ខ្ញុំ​ឮ​សំឡេង​ផ្ទុះ​លាន់​ឮ​យ៉ាង​ខ្លាំង​មួយ​ប្រហែល​ម៉ោង ​៨:១៥នាទី។​ ខ្ញុំ​មិន​បាន​ដឹង​ថា​ អ្វី​កើត​ឡើង​នោះ​ទេ។ ​ កន្លែង​ទាំង​មូល​គឺ​មាន​ពោរ​ពេញ​ដោយ​ផ្សែង។ ​ខ្ញុំ​មិន​អាច​មើល​ឃើញ​អ្វី​ទាំងអស់»។​

«ខ្ញុំ​ចាប់​ផ្តើម​រត់​ដោយ​ស្រឡាំង​កាំង​រក​កូនស្រី​ពៅ​និង​ឪពុកម្តាយ​ខ្ញុំ។ ​ អ្វីៗ​ទាំងអស់​ក្លាយ​ជា​គំនរ​ផេះ​ធំ​មួយ។ ​មាន​បំណែក​សាកសព​គ្រប់​ទី​កន្លែង។​ ខ្ញុំ​ឃើញ​រាង​កាយ​របស់​ឪពុក​ខ្ញុំ​ដាច់​ជា​ពីរ ​ដែល​ខ្ញុំ​រក​ឃើញ​ផ្នែក​ខាង​ក្រោម​ខ្លួន​របស់​គាត់​ ​ ប៉ុន្តែ​បាត់​ផ្នែក​ខាង​លើ។​ ខ្ញុំ​មិន​អាច​រក​ឃើញ​សព​ម្តាយ​និង​កូនស្រី​ខ្ញុំ​ទេ»។​

លោក​បន្ត​ថា៖​ «ខណៈ​ពេល​យើង​កំពុង​ស្វះស្វែង​រក​សាច់ញ្ញាតិ​នៅ​ក្នុង​ចំណោម​សាកសព​ ឧទ្ធម្ភាគ​ចក្រ​យោធា​បាន​ហោះពី​លើ​និង​បាញ់​រះ​មក​លើ​ពួក​យើង។​ យើង​ព្យាយាម​រត់​ពួន​នៅ​ក្រោម​ស្ពាន។​ ស្រ្តី​ម្នាក់​ដែល​មិន​អាច​រត់​ទាន់ ទ្រូង​របស់​គាត់​ត្រូវ​បាន​បាញ់​ហើយ​ផ្ទុះ។​ ខ្ញុំ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក»។​

លោក ​Ye Naing ​បាន​បញ្ជាក់​ថា៖​ «កូនស្រី​របស់​ខ្ញុំ​ឈ្មោះ ​Hnin Yu Wei ​មាន​អាយុ​ត្រឹម​ ៣​ឆ្នាំ​ប៉ុណ្ណោះ។ នាង​បាន​ចេញ​ទៅ​ក្រៅ​ ដើម្បី​ទៅ​ហូប​អ្វី​មួយ​ជាមួយ​ជីដូន​នាង។​ សាកសព​ពួកគេ​នៅ​មិន​ទាន់​រក​ឃើញ​ទេ»។​

លោក ​Zaw Min Tun ​បាន​ចោទ​ប្រកាន់​កងកម្លាំង​ការពារ​ពលរដ្ឋ ​(PDF)​ហើយ​ថា នេះ​ជា​ការ​ផ្ទុក​មីន​ ប៉ុន្តែ​លោក ​Ye Niang ​បាន​បដិសេធ​ថា ​មិនមែន​ដូច្នោះ​ទេ។​

លោក ​Ye Naing ​បាន​និយាយ​ថា៖ ​«មិន​មាន​អាវុធ​នៅ​ក្នុង​អគារ​នោះ​ទេ។ ​គ្រាប់បែក​បាន​ធ្លាក់​និង​ផ្ទុះ ​ដោយ​សម្លាប់​មនុស្ស ​រួម​ទាំង​កុមារ​ជា​ច្រើន។​ ប្រសិន​បើ​អាវុធ​នៅ​ក្នុង​អគារ​បាន​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ ​ដូច​អ្វី​ដែល​យោធា​បាន​និយាយ​មែននោះ​ ​ខ្ញុំ​គឺ​ជា​អ្នក​ស្លាប់​ដំបូង​គេ។ មិន​មាន​មីន ​ មិនមាន​គ្រាប់​បែក​ទេ។​ យើង​មិន​មាន​អាវុធ​ទេ»។​

ការ​វាយប្រហារ​តាម​អាកាស​នៅ​មីយ៉ាន់ម៉ា
ការ​វាយប្រហារ​តាម​អាកាស​នៅ​មីយ៉ាន់ម៉ា

យោង​តាម​លោក ​Bala Gyi ​ មាន​កង​ការពារ​ក្នុង​ស្រុក​នៅ​ភូមិ​ Pazigyi ​ ប៉ុន្តែ​អាវុធ​របស់​ពួកគេ​គឺ​ញញួរ​ធ្វើ​ដោយ​ដៃ ​ហើយ​មិន​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​នោះ​ទេ។ លោក​បាន​និយាយ​ថា ​ មិនមាន​ការ​ប្រើប្រាស់​គ្រាប់មីន​ទេ​ នៅ​ពេល​កង​ការពារ​បាន​ចូល​មក​ក្នុង​ភូមិ​នោះ។ ​ មិនមាន​គ្រាប់​មីន​សោះ​ឡើយ។​

លោក ​Zaw Min Tun ​បាន​បញ្ជាក់​ពី​ការ​វាយ​ប្រហារ​ពី​អាកាស​មក​លើ​ភូមិ ​Pazigyi​ ដោយ​និយាយ​ថា​ ការ​ផ្ទុះ​មិន​មែន​ «ដោយសារ​ការ​វាយ​ប្រហារ​របស់​យើង​នោះ​ទេ។ ​ នៅ​ជុំវិញ​ទី​នោះ ក្រុម​ភេរវ​កម្ម​នៃ​រដ្ឋាភិបាល​រួបរួម​ជាតិ ​និង​កង​កម្លាំង​ការពារ​ពលរដ្ឋ ​(PDF)​ របស់​ពួកគេ​កំពុង​ធ្វើ​ប្រតិបត្តិការ។​ យើង​បាន​ទទួល​ព័ត៌មាន​ជាក់លាក់​ថា​ អាវុធ​ដែល​យើង​បាន​បាញ់​ គឺ​ចំ​តំបន់​ ដែល​កងកម្លាំង​ការពារ​ពល​រដ្ឋ ​(PDF) ​បាន​រក្សា​ទុក​អាវុធ ​និង​គ្រឿង​ផ្ទុះ ​ដែល​បាន​ផ្ទុះ​ និង​បង្ក​ឲ្យ​មាន​ការ​ស្លាប់»។​

ក្រុម​មន្រ្តី​រដ្ឋបាល​ត្រូវ​បាន​សម្លាប់

លោក​ Bala Gyi ​អ្នក​ទៅ​ផ្តល់​ជំនួយ​ដំបូង​គេ​ បាន​និយាយ​ថា ​ យ៉ាង​ហោច​ណាស់​សមាជិក​បី​នាក់​នៃ​រដ្ឋបាល​ចាត់​តាំង​ដោយ​រដ្ឋាភិបាល​រួបរួម​ជាតិ​ត្រូវ​បាន​ចាត់​ជា​គោល​ដៅ ហើយ​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​។ ក្នុង​ចំណោម​អ្នក​ទាំង​បីនេះ ​«រួម​មាន​លោក​ U Maung Oo ​ប្រធាន​រដ្ឋបាល​ភូមិ ​Pazigyi» ​ផង​ដែរ។ ​ VOA​ មិន​ទាន់​អាច​បញ្ជាក់​បាន​ដោយ​ឯករាជ្យ​អំ​ពី​ការ​ស្លាប់​នេះ​ទេ។​

លោក​បាន​និយាយ​ថា៖ ​«ខ្ញុំ​គិត​ថា ​មាន​អ្នក​លួច​ផ្តល់​ព័ត៌មាន​ដល់​ពួក​យោធា​អំពី​ការ​ជួបជុំ​នេះ»។​

បន្ទាប់​ពី​រដ្ឋ​ប្រហារ​ដោយ​យោធា ​ ​

របប​សឹក​ភូមា​បាន​តែងតាំង​មន្រ្តី​ដឹកនាំ​រដ្ឋបាល​ម្នាក់​សម្រាប់​ភូមិ​នេះ ។​ បន្ទាប់​មកមន្រ្តី​នោះ​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​ការពារ​ក្នុង​ស្រុក​ កាល​ពី​ខែ​មីនា ​ឆ្នាំ​២០២២។​ លោក​ Bala Gyi ​បាន​ថ្លែង​បន្ត​ថា៖​ «តំបន់​នេះ​មិន​ដែល​ស្ថិត​នៅក្រោម​ការ​គ្រប់គ្រង​ដោយ​របប​សឹក​យោធា​នោះ​ទេ ។​ នេះ​ជា​ហេតុផល​មួយ​ទៀត​ដែល​ពួកគេ​វាយ​ប្រហារ​យើង​នៅ​ទី​នេះ»។​

លោក ​ Nyi Thuta ​អនុសេនីយ៍ឯក​យោធា​ដែល​បាន​ផ្តាច់​ខ្លួន​ បាន​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ Zoom​ ថា៖​ «ការ​វាយ​ប្រហារ​នៅ​កន្លែង​បែប​នេះ​ដោយ​ប្រើ​អាវុធ​ដ៏​ខ្លាំងក្លា​បំផុត​របស់​យោធា​នៅ​ក្នុង​ប្រទេស​គឺ​ពិត​ជា​មាន​ចេតនា​សម្លាប់​ប្រជាជន​ទាំងមូល​ក្នុង​ទ្រង់ទ្រាយ​ធំ»។​

លោក​បាន​ថ្លែង​ថា៖ ​«អាវុធ​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ពេល​នេះ​គឺ ​អាវុធ​ប្រើប្រាស់​នៅ​ក្នុង​សង្រ្គាម​ទូទៅ។ ​ជាធម្មតា​ បរិវេណ​ដែល​គ្រាប់បែក​អាច​បំផ្លាញ​មាន​ទំហំ២០០​ ទៅ​ ៤០០​ម៉ែត្រ​ការ៉េ។ ​ ឥឡូវ​នេះ ​ការ​បំផ្លិច​បំផ្លាញ​នៅ​កន្លែង​ដែល​ហេតុការណ៍​បាន​កើត​ឡើង​នៅ​ភូមិ ​ Pazigyi ​នោះ​ មាន​ទំហំ​ប្រមាណ ​៤០០​ម៉ែត្រ​ការ៉េ។ ​ពលរដ្ឋ​នៅ​ទី​នោះ​មិន​មាន​កន្លែង​ដើម្បី​រត់គេច​ចេញ​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​នោះ​ទេ។ ​ តើ​គួរ​ប្រើ​អាវុធ​ធុនធំ​ដូច​នេះប្រឆាំង​នឹង​ប្រជាជន​ឬ​ទេ?​ នេះ​មិន​មែន​ជា​ទង្វើ​ស្រប​នឹង​កត្តិយស​របស់​យោធា​នោះ​ទេ»។​ ​

ការ​អំពាវនាវ​សុំ​ជំនួយ

លោក ​Ye Naing ​ដែល​រួច​ជីវិត​ បាន​អំពាវនាវ​ឲ្យ​មាន​ចំណាត់​ការ​ជា​អន្តរជាតិ ។​ ការ​អំពាវនាវ​នេះ​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​លោក ​Bala Gyi ​អ្នក​ផ្តល់​ជំនួយ​ដំបូង​គេ​ផង​ដែរ។​

លោក ​Bala Gyi ​បាន​ថ្លែង​ថា៖ ​«ខ្ញុំ​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ ​រួម​ទាំង ​ក្រុម​ប្រឹក្សា​សន្តិសុខ​ អ.ស.ប​ ចាត់​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។ ​ ខ្ញុំ​មាន​អាយុ ​២៨​ឆ្នាំ។ ខ្ញុំ​មិន​ដែល​ឃើញ​ការ​សម្លាប់​ដ៏​ព្រៃ​ផ្សៃ​ដូច​នេះទេ។ ស្រ្តី​ កុមារ​ សូម្បី​តែ​ទារក ​៦​ខែ​ ត្រូវ​បាន​សម្លាប់។ ​ តើ​ពលរដ្ឋ​នឹង​រង​ការ​គាប​សង្កត់​ដល់​យូរ​ប៉ុណ្ណា​ទៀត?​ ខ្ញុំ​ចង់​សួរ​ទៅ​ពិភពលោក​ថា​ តើ​វា​ត្រូវ​ការ​ពេល​យូរ​ប៉ុណ្ណា ​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ឈប់​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម​នេះ»។​

លោក ​Aung Myo Min ​នៃ​រដ្ឋាភិបាលរួបរួម​ជាតិ​បាន​និយាយ​ថា ​ពិភពលោក​ខាង​ក្រៅ​ត្រូវ​ចាត់​វិធាន​ការ​លើស​ពី​ការ​ដាក់​ទណ្ឌកម្ម​នា​ពេល​បច្ចុប្បន្ន​ប្រឆាំង​នឹង​របប​សឹក​មីយ៉ាន់ម៉ា​ ដែល​រួម​មាន​ការ​ដាក់​បម្រាម​លើ​ប្រេង​ឥន្ធនៈ​សម្រាប់​យន្តហោះយោធា​មីយ៉ាន់ម៉ា​ ពី​សំណាក់​សហរដ្ឋអាមរិក សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស។ ​

លោក​បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​ដូច​នេះ​បង្ហាញ​ថា ​ការ​ដាក់​ទណ្ឌកម្ម​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ។ ​

លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖​ «យើង​ត្រូវ​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​កាត់ផ្តាច់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ ដែល​កំពុង​ផ្តល់​ការ​គាំទ្រ​ដល់​របប​សឹក​មីយ៉ាន់ម៉ា ​ដើម្បី​ឲ្យ​ក្រុម​ភេរវជន​ទាំងអស់​នោះ​មិន​អាច​បន្ត​ធ្វើ​ការ​វាយ​ប្រហារ​ដ៏​កាច​សាហាវ​ដូច​នេះ»៕​


ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG