ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយប្រហារ​​​​តាម​​អាកាស​​​​លើ​​​​ភូមិ​​​នៅ​មីយ៉ាន់ម៉ា​នាំ​ឱ្យ​​មានការ​ព្រួយ​​​បារម្ភ​ថា​​​បាន​សម្លាប់​មនុស្ស​១០០នាក់


រូប​ផ្តល់​ដោយ​ក្រុម Kyunhla Activists បង្ហាញ​ការ​ខ្ទេចខ្ទី​ដោយសារ​ការវាយប្រហារ​តាមអាកាស​នៅតំបន់ Sagaing Region ក្រុង Kanbalu ប្រទេស​មីយ៉ាន់ម៉កាលពី​ថ្ងៃអង្គារ​ ទី១១ មេសា ឆ្នាំ២០២៣។ (Kyunhla Activists Group via AP)
រូប​ផ្តល់​ដោយ​ក្រុម Kyunhla Activists បង្ហាញ​ការ​ខ្ទេចខ្ទី​ដោយសារ​ការវាយប្រហារ​តាមអាកាស​នៅតំបន់ Sagaing Region ក្រុង Kanbalu ប្រទេស​មីយ៉ាន់ម៉កាលពី​ថ្ងៃអង្គារ​ ទី១១ មេសា ឆ្នាំ២០២៣។ (Kyunhla Activists Group via AP)

ការ​វាយប្រហារ​តាម​អាកាស​ដោយ​កងយោធាមីយ៉ាន់ម៉ាកាលពី​ថ្ងៃអង្គារបាន​សម្លាប់​មនុស្ស​១០០​នាក់ ​មានរួម​កុមារ​ផងដែ​រដែល​បាន​ចូល​រួម​ក្នុងពិធីបុណ្យមួយ​ចាត់ចែងដោយ​ក្រុមប្រឆាំង​នឹង​ការគ្រប់គ្រង​របស់​ពួក​យោធា។ នេះ​បើ​តាមសេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP ​ដោយ​យោង​តាម​ការ​និយាយរបស់​អ្នក​ឃើញ​ហេតុការណ៍ដោយផ្ទាល់​ម្នាក់​ដែល​ជា​សមាជិកនៃក្រុមលម្អៀងទៅ​ខាង​ប្រជាធិបតេយ្យក្នុងមូលដ្ឋាននិង​បណ្តាញ​ព័ត៌មាន​ឯករាជ្យ។

របប​យោធា​ដែល​កំពុង​កាន់​អំណាច​របស់​ប្រទេស​មីយ៉ាន់ម៉ា​បាន​អះអាង​ថា​ ខ្លួន​បាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស​យ៉ាង​ប្រល័យ​នោះ​ទៅ​លើ​ភូមិ​មួយ​ដែល​កងកម្លាំង​ប្រឆាំង​កំពុង​រៀបចំ​ពិធី​មួយ។

អ្នកនាំពាក្យ​របប​យោធា ​លោក Zaw Min Tun ​បាន​និយាយ​នៅ​ថ្ងៃពុធ​នេះ​ថា​ ការវាយ​ប្រហារ​នៅ​តំបន់​ Sagaing ​ភាគពាយ័ព្យ​ប្រទេស​មីយ៉ាន់ម៉ា​ កាលពី​ថ្ងៃអង្គារ​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​អំឡុង​ពិធី​មួយ​ដោយ​កងកម្លាំង​ការពារ​ប្រជាជន​ ដែល​ជា​ក្រុម​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​រួបរួម​ជាតិ​ ដែល​ជា​រដ្ឋាភិបាល​ស្រមោល​ដែល​បង្កើត​ឡើង​ដោយ​សមាជិក​នៃ​រដ្ឋាភិបាល​ស៊ីវិល​ដែល​ត្រូវ​បាន​ពួក​យោធា​បណ្តេញ​ចេញ​ពី​អំណាច។

កង​យោធា​បាន​បង្កើនការវាយប្រហារតាម​អាកាសដើម្បី​ទប់ទល់​នឹងការតស៊ូប្រដាប់​អាវុធ​ប្រឆាំង​នឹង​ការគ្រប់គ្រង​របស់​ពួក​គេ ​ដែល​បានចាប់ផ្តើម​កាលពី​ខែ​កុម្ភៈ ​ឆ្នាំ​២០២១​នៅ​ពេល​ពួក​គេបានដណ្តើមអំណាចពី​រដ្ឋាភិបាលជាប់ឆ្នោត​របស់​លោកស្រី Aung San Suu Kyi។ គេ​ស្ទង់ប្រមាណ​ថា​ជន​ស៊ីវិល​ជាង​៣ពាន់​នាក់​ត្រូវ​បាន​សម្លាប់​តាំង​ពីពេលនោះមក​ដោយ​កងកម្លាំង​សន្តិសុខ។

អ្នកឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​ម្នាក់បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP​ ថា​យន្តហោះ​ប្រតិកម្មប្រយុទ្ធ​មួយគ្រឿង​បាន​ទម្លាក់​គ្រាប់បែកលើ​ហ្វូង​មនុស្ស​ដែល​បាន​ប្រមូលផ្តុំគ្នា​នៅ​ម៉ោង​៨​ព្រឹក​ដើម្បីចូល​រួម​ក្នុង​ពិធី​សម្ពោធ​ការិយាល័យ​ក្នុង​មូលដ្ឋាន​មួយ​នៃ​ចលនាប្រឆាំងរបស់​ប្រទេសនៅ​ខាង​ក្រៅ​ភូមិ Pazigyi ​ក្នុង​ទី​ប្រជុំជន​ Kanbalu ​នៃតំបន់ Sagaing។ ​តំបន់​នោះ​ឋិត​នៅ​ប្រមាណ​១១០​គ.ម.​ពី​ក្រុង Mandalay​ ដែល​ជា​ក្រុងធំ​ទី​ពីរ​របស់ប្រទេស​មីយ៉ាន់ម៉ា។​

អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​នោះបានថ្លែង​ថា​នៅ​ពេល​កន្លះ​ម៉ោង​បន្ទាប់មកមាន​ឧទ្ធម្ភាគចក្រមួយ​គ្រឿង​ហោះមកហើយ​បានបាញ់​រះលើកន្លែង​នោះ។ អ្នក​ឃើញហេតុការណ៍​ដោយផ្ទាល់​រូប​នេះបាន​សុំកុំឱ្យ​បញ្ចេញ​ឈ្មោះ​លោក​ពីព្រោះលោកបារម្ភអំពី​ការដាក់​ទណ្ឌកម្ម​ដោយ​ពួក​អាជ្ញាធរ។

ពួក​អ្នក​ឃើញ​ហេតុការណ៍​ដោយផ្ទាល់បានថ្លែង​ថាមាន​មនុស្ស​ប្រមាណ​១៥០​នាក់​បាន​ប្រមូលផ្តុំគ្នា​ដើម្បី​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ការិយាល័យ​នោះ ​ហើយ​ថាមាន​ស្ត្រី​និង​កុមារ​ពី​២០​ទៅ​៣០​នាក់​នៅ​ក្នុង​ចំណោម​ក្រុមជន​បាត់បង់ជីវិត។ ពួក​អ្នក​ឃើញ​ហេតុការណ៍​ដោយផ្ទាល់បាននិយាយបន្ថែម​ថាក្រុម​អ្នកត្រូវ​បាន​សម្លាប់ក៏​មានរួម​មេដឹកនាំនៃ​ក្រុមជនប្រដាប់​អាវុធត្រូវ​បង្កើតក្នុង​មូលដ្ឋាននិង​អង្គការ​ប្រឆាំង​ឯ​ទៀត​ៗ​ផង​ដែរ។

អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ លោក Antonio Guterres​ បាន​ថ្កោលទោស​ការវាយប្រហារ​នេះ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​អ្នកនាំពាក្យ​របស់​លោក​ ហើយ​បាន​អំពាវនាវ​ម្តង​ទៀត​ «ឱ្យ​យោធា​បញ្ចប់​យុទ្ធនាការ​នៃ​អំពើ​ហិង្សា​លើ​ប្រជាជន​មីយ៉ាន់ម៉ា​នៅ​ទូទាំង​ប្រទេស»។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក Vedant Patel​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​និយាយ​ថា ​ការវាយ​ប្រហារ​កាលពី​ថ្ងៃអង្គារ​ និង​ការវាយ​ប្រហារ​តាម​អាកាស​កាលពី​ថ្ងៃទី ១០ ​ខែមេសា ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ​៩ ​នាក់​នៅ​រដ្ឋ Chin​ ភាគ​ខាងលិច «បញ្ជាក់​បន្ថែម​ពី​ការមិន​យក​ចិត្តទុកដាក់​របស់​របប​នេះ​ចំពោះ​ជីវិត​មនុស្ស​ និង​ការទទួល​ខុសត្រូវ​របស់​ខ្លួន​ចំពោះ​វិបត្តិ​នយោបាយ ​និង​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​ភូមា»៕

XS
SM
MD
LG