កំណត់និពន្ធ៖ សេចក្តីព្រាងច្បាប់ HR5754 ដែលមានគោលបំណងនាំយកលទ្ធិប្រជាធិបតេយ្យទៅប្រទេសកម្ពុជាដែលសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានអនុម័តកាលពីខែកក្កដា បាននៅជាប់គាំងត្រឹមព្រឹទ្ធសភាសហរដ្ឋអាមេរិក។ សេចក្តីព្រាងច្បាប់នេះនឹងអស់សុពលភាពនៅដំណាច់ឆ្នាំ២០១៨នេះ ប៉ុន្តែលោក Ted Yoho អ្នកតំណាងរាស្រ្តប្រចាំរដ្ឋ Florida នៃគណបក្សសាធារណរដ្ឋអះអាងថា បើព្រឹទ្ធសភាមិនអាចអនុម័តបាននៅដំណាច់ខែធ្នូនេះទេ គឺលោកនឹងដាក់ស្នើសេចក្តីព្រាងច្បាប់នេះឡើងវិញ នៅពេលដែលសភាថ្មីចាប់ផ្តើមការងារនៅខែមករាខាងមុខ។ លោកម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសតាមទូរស័ព្ទជាមួយនឹងលោក Ted Yoho ដូចតទៅ៖
VOA៖ សេចក្តីព្រាងច្បាប់ដែលលោកបានស្នើឡើងកាលពីដើមឆ្នាំនេះ ហើយត្រូវរដ្ឋសភាអនុម័តនិងបញ្ជូនទៅព្រឹទ្ធសភា ប៉ុន្តែហាក់មិនមានសកម្មភាពអ្វីសោះនៅខាងព្រឹទ្ធសភា។ តើលោកយល់យ៉ាងណាដែរ?
Ted Yoho៖ លោកដឹងហើយថា ខាងព្រឹទ្ធសភាទើបតែវិលត្រឡប់មកធ្វើកិច្ចការរបស់ពួកគេវិញ។ ប្រសិនបើយើងមិនអាចសម្រេចច្បាប់នេះនៅក្នុងអាណត្តិសភានេះទេ គឺយើងនឹងដាក់ស្នើឡើងវិញ នៅពេលដែលសភាថ្មីចូលធ្វើការ។
VOA៖ បាទ មានការប្តេជ្ញាចិត្តថានឹងធ្វើដូច្នេះ។ ជាការល្អដែលបានដឹងដូច្នេះ។ តើលោកទទួលបានប្រតិកម្មយ៉ាងម៉េចដែរពីសហគមន៍ខ្មែរបន្ទាប់ពីបានដឹងដូច្នេះ?
Ted Yoho៖ ប្រតិកម្មដែលយើងទទួលតាមរយៈសេចក្តីរាយការណ៍ឱ្យយើងដឹង គឺមានលក្ខណៈវិជ្ជមានណាស់។ ដូចលោកដឹងហើយថា នៅពេលដែលមានរឿងរ៉ាវអាក្រក់ដែលកើតឡើងនៅកម្ពុជាឬកង្វះការទទួលខុសត្រូវលើលទ្ធិប្រជាធិបតេយ្យ ហើយមានការចាប់ឃុំឃំាងបេក្ខជនស្របច្បាប់ដោយរបបហ៊ុន សែន ហើយគាត់បាននិយាយដាក់លោកម្នាក់ ដែលបានចាកចេញពីបក្សនិងប្រទេសថា «សំណាងហើយដែលអ្នករត់ទាន់ បើមិនអីចឹងទេ គឺស្លាប់បាត់ហើយ» គឺអ្នកមិនអាចមានការបោះឆ្នោតដែលមានលក្ខណៈត្រឹមត្រូវនិងយុត្តិធម៌ ដែលតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋទេ បើមាននយោបាយបែបនេះដែលលោកហ៊ុន សែន កំពុងតែអនុវត្ត។ ដូច្នេះគោលដៅរបស់យើងគឺត្រូវចាប់លោកហ៊ុន សែន ឱ្យទទួលខុសត្រូវតាមកិច្ចព្រមព្រៀងដែលយើងមាន។
VOA៖ ដូច្នេះតើលោកនឹងដាក់ស្នើសេចក្តីព្រាងច្បាប់នេះឡើងវិញនៅពេលណា បើសិនជាព្រឹទ្ធសភាមិនបានអនុម័តនៅដំណាច់ខែធ្នូនេះទេ?
Ted Yoho៖ គោលដៅរបស់យើងគឺស្នើច្បាប់នេះ នៅពេលដែលយើងចូលធ្វើការវិញ គឺប្រហែលជានៅខែមករា។
VOA៖ ដូច្នេះតើខ្លឹមសារនិងការទាមទារនឹងនៅតែដូចសេចក្តីព្រាងច្បាប់នាពេលបច្ចុប្បន្ននេះ។ មែនទេ?
Ted Yoho៖ ជាការពិតគឺសេចក្តីព្រាងច្បាប់ដដែល។ យើងត្រូវមើលសភាពការណ៍នៅពេលនោះថា តើនឹងត្រូវធ្វើការកែប្រែយ៉ាងណាខ្លះដែរ។
VOA៖ ខ្ញុំសូមយោបល់លោកពាក់ព័ន្ធនឹងការវិវត្តន៍នាពេលថ្មីៗ គឺចាប់តាំងពីសេចក្តីព្រាងច្បាប់ត្រូវបានអនុម័តកាលពីខែកក្កដា គឺរដ្ឋាភិបាលកម្ពុជារៀបចំការបោះឆ្នោតដោយគ្មានបក្សប្រឆាំង ហើយដោយមានសម្ពាធពីអន្តរជាតិ គឺរដ្ឋាភិបាលបន្ទន់ជំហរបន្តិចដោយបង្កើនល្បឿនការកាត់ទោសមេដឹកនាំសហជីព បន្ធូរបន្ថយការរឹតត្បិតលើបណ្តាញសារព័ត៌មាន ដែលមានដូចជា VOA និង RFA ហើយនៅថ្ងៃព្រហស្បតិ៍នេះរដ្ឋសភានឹងពិនិត្យមើលសំណើវិសោធនកម្មច្បាប់ដើម្បីអនុញ្ញាតឱ្យអ្នកនយោបាយអតីតបក្សប្រឆាំង១១៨នាក់វិលត្រឡប់ទៅធ្វើនយោបាយឡើងវិញ។ តើលោកគិតយ៉ាងម៉េចដែរពីការវិវត្តន៍នេះ?
Ted Yoho៖ ខ្ញុំគិតថា វាជារឿងក្លែងក្លាយទេ។ ចំពោះលោកហ៊ុន សែន ដែលធ្វើដូច្នេះក្រោយពីការបោះឆ្នោតចប់ហើយ គឺគាត់គ្មានចាញ់អ្វីទេ ពីព្រោះគ្មានការបោះឆ្នោតទេ ហើយគាត់អាចទាមទាររកភាពស្របច្បាប់ ដែលបានជាប់ឆ្នោតជាថ្មី បើទោះជាគាត់បានបណ្តេញបក្សប្រឆាំងចេញពីប្រទេសឬដាក់គុកអ្នកដែលនៅក្នុងប្រទេស។ ហើយរឹតត្បិតបណ្តាញសារព័ត៌មាន។
ប៉ុន្តែនៅពេលការបោះឆ្នោតបានចប់សព្វគ្រប់ហើយ ស្រាប់តែគាត់មកអះអាងថា គាត់ជាមនុស្សល្អ។ គាត់គោរពតាមច្បាប់។ នេះគ្រាន់តែជាល្បែងគាត់លេងដែលយើងមិនលេងតាមទេ។ ពិភពលោកសេរីមិនជឿតាមរឿងអត់បានការនេះទេ។ ហើយប្រសិនបើគាត់ពិតជាគិតគូរពីការបន្សល់ទុកកេរមរតកសម្រាប់ខ្លួនគាត់ផ្ទាល់ និងប្រទេសរបស់គាត់ គឺត្រូវអនុញ្ញាតឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ។ តើគាត់ខ្លាចអី បើសិនជាគាត់ធ្វើការងារល្អ គឺពលរដ្ឋនឹងបោះឆ្នោតជ្រើសរើសគាត់ហើយ បើមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ។
ប៉ុន្តែគាត់ហាក់ដូចជាមិនគិតអីចឹងទេ ពីព្រោះគាត់មិនបានអនុញ្ញាតឱ្យមានការបោះឆ្នោតដូចនេះទេ។ ការណ៍ដែលគាត់មកធ្វើសំណើដើម្បីឱ្យគេមើលឃើញថា គាត់ជាមនុស្សល្អ ហើយគាត់ចង់បានយុត្តិធម៌។ បើសិនជាអ្នកណាជឿតាមហ្នឹង គឺពិតជាការប្រមាថដល់ពលរដ្ឋកម្ពុជា។ ហើយខ្ញុំគិតថា សម្រាប់ពលរដ្ឋកម្ពុជា វាគឺជាការប្រមាថដល់ពួកគេហើយ ដែលគិតថា គាត់នឹងគោរពតាមច្បាប់ហើយនៅពេលនេះ។
VOA៖ ការស្នើច្បាប់នេះឡើងវិញនឹងត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ដូចដែលយើងបានឃើញក្នុងករណីសេចក្តីព្រាងច្បាប់បច្ចុប្បន្ននេះ។ ប៉ុន្តែ ប្រសិនបើលោកចង់ដាក់ទណ្ឌកម្មលោកហ៊ុន សែន ពិតប្រាកដមែន គឺសហរដ្ឋអាមេរិកមានយន្តការច្បាប់មួយទៀតដែលអាចប្រើបាននោះ គឺច្បាប់ Magnitsky។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ។ តើលោកគិតថា សហរដ្ឋអាមេរិកគួរតែប្រើច្បាប់នេះដាក់ទណ្ឌកម្មដោយចំពោះលើបុគ្គលខ្លះដែលនៅជុំវិញលោកហ៊ុន សែន ទេ?
Ted Yoho៖ ច្បាប់នេះគឺប្រើលើការរំលោភសិទ្ធិមនុស្ស។ នេះគឺជាអ្វីដែលអាចធ្វើបាន។ យើងត្រូវពិនិត្យមើលច្បាប់នេះបន្ថែមទៀត ប៉ុន្តែយើងនឹងជំរុញច្បាប់នេះឱ្យបានឆាប់តាមដែលយើងអាចធ្វើបាន។
VOA៖ ចុងក្រោយ តើលោកមានសារអ្វីដល់របបលោកហ៊ុន សែន និងមន្ត្រីរបស់គាត់ទេ?
Ted Yoho៖ សូមកុំខ្លាចពលរដ្ឋដែលសេរីនិងមានភាពអង់អាចនៅក្នុងសង្គមរបស់អ្នកពីព្រោះពួកគេនឹងធ្វើឱ្យសង្គមអ្នកខ្លាំង ហើយពួកគេគឺជាអ្នកកំណត់កេរដំណែលនៃរបបលោកហ៊ុន សែន។ ប្រវត្តិសាស្រ្តអាចចារថា គាត់ជាមនុស្សដែលធ្វើឱ្យប្រទេសជាតិបានប្រសើរឡើង ឬក៏ជាមនុស្សមើលមិនឃើញវែងឆ្ងាយដែលយកចិត្តទុកដាក់តែផលប្រយោជន៍ផ្ទាល់ខ្លួនជាងមនុស្សដទៃ។ ដូច្នេះ គាត់មានជម្រើសដោយខ្លួនឯង៕