ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ William Heidt៖ គោល​នយោបាយ​អាមេរិក​លើ​កម្ពុជា​អាស្រ័យ​លើ​ទង្វើ​រដ្ឋាភិបាល​ថ្មី


រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​លោក William A. Heidt ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦។ (អ៊ិត សូធឿត/VOA)

ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង ជាពិសេស​​មុន​​​ការបោះឆ្នោត​ជាតិ​ខែកក្កដា​ ដោយ​រដ្ឋាភិបាល​កម្ពុជា​និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បង្កើន​​វោហាសាស្រ្ត​វាយ​ប្រហារ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​និង​បស្ចិមប្រទេស​ ហើយ​ងាក​មកស្និទ្ធ​ស្នាល​នឹង​ប្រទេស​ចិន។

លោក​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ William Heidt ​បាន​លើកឡើង​ថា​ គោលជំហររបស់​រដ្ឋាភិបាល​អាណត្តិ​ទី៦​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ចំពោះ​សហគមន៍​អន្តរជាតិ​ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខ​នេះ​ គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សហរដ្ឋ​អាមេរិក​សម្រេច​ពី​គោល​នយោបាយ​ថ្មី​ចំពោះ​ប្រទេស​កម្ពុជា។

​លោក​ វីលៀម ហៃដ៍​ បាន​បញ្ជាក់​ក្នុង​បទ​សម្ភាស​ពិសេស​ជាមួយ​នឹង​វីអូអេ​ខេមរភាសា​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃច័ន្ទ​ថា៖

«​ខ្ញុំ​គិត​ថា​សម្រាប់​សហរដ្ឋអាមេរិក​និង​ប្រទេស​ជាច្រើនទៀត គឺ​យើង​នឹង​រង់ចាំ​មើល​ថា​តើ​ដំណើរការ​នេះ​នឹង​ចេញទៅ​ជា​យ៉ាងណា​ទៀត​ ដើម្បី​មើល​គោលជំហរ​នានា​ដែល​រដ្ឋាភិបាល​នឹង​ប្រកាន់​យក​ក្នុង​ពេល​ខាងមុខ​ក្នុងការ​ធ្វើ​ឱ្យ​ប្រព័ន្ធនយោបាយ​ប្រទេស​កម្ពុជា​បាន​បើក​ចំហ​ឡើង​វិញ ​ដូច​កាលពី​មួយ​ឆ្នាំ​មុន‍។ ដូច្នេះ​យើង​កំពុងតែ​រង់ចំា​មើល»។

ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង ជាពិសេសមុន​ការបោះឆ្នោត​ជាតិ​ខែកក្កដា​ ដោយ​រដ្ឋាភិបាល​កម្ពុជា​និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បង្កើនវោហាសាស្រ្ត​វាយ​ប្រហារ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​និង​បស្ចិមប្រទេស​ ហើយ​ងាក​មកស្និទ្ធ​ស្នាល​នឹង​ប្រទេស​ចិន។

លោក ​វីលៀម ហៃដ៍ ​បាន​បន្ថែមថា៖

«ជាការពិត​ យើង​មាន​ចំណាប់អារម្មណ៍​ក្នុងការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​របស់​យើង​បាន​ប្រសើរ​ឡើង​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់​ គឺ​ប្រាកដ​ជា​អាស្រ័យ​លើ​ជំហរ​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រកាន់​យក​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ និង​ខែ​ខាងមុខ‍​ ដើម្បី​ធ្វើ​ឱ្យ​ស្ថានការណ៍​ល្អ​ប្រសើរ»។​

(ទស្សនាបទសម្ភាសន៍ VOA ជាមួយលោកឯកអង្គរដ្ឋទូតអាមេរិក និងភរិយារបស់លោក)

អាជ្ញាធរ​កម្ពុជា​បាន​ចាប់ខ្លួនលោក​កឹម សុខា ​ប្រធានគណបក្ស​សង្គ្រោះជាតិ​ដាក់​ពន្ធនាគារ​ក្រោម​ការចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ​ដោយ​ឃុបឃិត​ជាមួយ​នឹង​បរទេស​ជាពិសេស​សហរដ្ឋ​អាមេរិក​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន ​ហើយ​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​មាន​អ្នកគាំទ្រ​ជាង​៤០​ភាគរយ​ កាលពី​ការបោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​២០១៧​ និង​ហាមឃាត់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ចំនួន​១១៨​នាក់ ​មិន​ឱ្យ​ធ្វើ​នយោបាយ​ចំនួន​៥ឆ្នាំ។

បន្ទាប់​ពី​ជាប់​ពន្ធនាគារ​នៅ​ត្រពាំងផ្លុង​ខេត្ត​ត្បូងឃ្មុំ​អស់​រយៈពេល​ជាងមួយឆ្នាំ លោកកឹម សុខា​ ត្រូវ​បាន​ផ្ទេរ​មក​ដាក់​ឃុំ​នៅ​ក្នុង​ផ្ទះ​របស់​លោក​នៅ​រាជធានី​ភ្នំពេញ​កាលពីដើម​ខែ​កញ្ញា​នេះ ​ដោយសារ​តែ​មាន​សម្ពាធ​យ៉ាងច្រើន​ពី​សហគមន៍​អន្តរជាតិ។

លោក​វីលៀម ហៃដ៍​ បាន​បន្ថែម​ថា ​ករណី​របស់​លោក​កឹម សុខា​ ក៏ជា​ផ្នែក​មួយ​នៃ​ការ​សម្រេច​ចិត្ត​លើ​គោលនយោបាយថ្មី​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។​

«ខ្ញុំ​គិត​ថា ​វាជា​ការ​សំខាន់​ណាស់​ដែល​ត្រូវ​ចងចាំ​ថា​ គេ​មិនទាន់​ដោះលែង​លោកកឹម សុខា​ នៅឡើយ​ទេ​ គឺ​លោក​ត្រូវបាន​គេ​ផ្ទេរ​មក​ដាក់ឃុំ​នៅក្នុង​លំនៅដ្ឋាន។ ការណ៍នេះ​គឺ​មិន​ត្រឹមត្រូវតាម​ការ​ដោះលែង​ឱ្យ​មាន​សេរីភាព​ពេញលេញ​ទេ។ ដូច្នេះ​ខ្ញុំ​គិត​ថា​ទស្សនៈ​របស់​រដ្ឋាភិបាល​យើង​ គឺ​នឹង​ត្រូវ​យក​ចំណុច​នេះ​មកគិត​គូរថា​ នឹងមាន​អ្វី​កើត​ឡើង​ទៀត​នៅក្នុង​ករណី​នេះ‍»។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​ឈ្នះ​អាសនៈរដ្ឋ​សភា​ទាំង​១២៥​តែម្នាក់​ឯង ​ហើយ​បាន​បង្កើត​រដ្ឋាភិបាល​ថ្មី ​កាលពីថ្ងៃទី​៦ ខែ​កញ្ញានេះ បើទោះបី​ជា​សហគមន៍​អន្តរជាតិ​បាន​រិះគន់​ដំណើរ​ការបោះឆ្នោត​នោះ​ថា​ មិន​ត្រឹមត្រូវ​ដោយសារតែ​អវត្ត​មាន​គណបក្ស​ប្រឆាំង​ ហើយ​ប្រទេស​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​សំខាន់ៗ​មួយ​ចំនួន​ដែល​មានដូច​ជា​សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប ​និង​ជប៉ុន​ បាន​បដិសេធ​មិន​បញ្ជូន​អ្នកសង្កេតការណ៍​ទៅ​ចូលរួម​ការ​បោះឆ្នោត​នោះ​ទេ។

សេតវិមាន​បាន​ចាត់​ទុក​ការ​បោះឆ្នោត​នោះ​ថា ​«មិន​សេរី​និង​មិន​ត្រឹមត្រូវទេ ហើយ​មិន​បាន​តំណាង​ឱ្យ​ឆន្ទៈ​ពលរដ្ឋ​កម្ពុជា​ទេ‍»​ ហើយ​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​បន្ថែម​ផង​ដែរ។ ​

សភា​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​លេខ​ HR5754 ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​ការ​បោះឆ្នោត និង​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោតនោះ។ រីឯ​ព្រឹទ្ធសភា​ក៏​បាន​ស្នើឡើង​នូវ​ច្បាប់​មួយ​លេខ S2412 ដើម្បី​ដាក់​ទណ្ឌកម្មធ្ងន់ៗ​លើរដ្ឋាភិបាលកម្ពុជា​ និង​បុគ្គល​ដែល​ធ្វើ​ឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ផង​ដែរ។

លោក​វីលៀម ហៃដ៍​ បាន​បញ្ជាក់​ថា​ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​កំពុង​តាម​ដាន​សេចក្តី​ស្នើ​ច្បាប់​ទាំងពីរ​ដោយ​យកចិត្ត​ទុកដាក់។

លោក​បន្ថែម​ថា៖

«បើ​យើង​និយាយ​ដោយ​ស្មោះត្រង់ទៅ​ គឺ​សេចក្តី​ស្នើច្បាប់​ទាំងពីរ​ឆ្លុះបញ្ចាំង​ពី​ការ​ព្រួយបារម្ភ​ទូទៅ​នៅ​ឯ​រដ្ឋសភា​ជាតិ​ អំពីទិសដៅ​នៃព្រឹត្តិការណ៍​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំកន្លង​ទៅនេះ​ ហើយនៅ​សប្តាហ៍​នេះ​ ខ្ញុំ​បាន​ទៅ​ជួប​សមាជិក​រដ្ឋសភា ​ហើយ​ពួកគេ​សម្តែង​ការ​ព្រួយ​បារម្ភ​ជា​ទូទៅ។ ខ្ញុំ​គិត​ថា ​ការណ៍​ដែល​ប្រទេស​កម្ពុជា​អាច​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រកបដោយ​វិជ្ជមាន គឺ​ការ​ធ្វើ​ឱ្យ​មាន​ការ​វិវត្ត​ទៅរក​ទិសដៅ​ត្រឹមត្រូវ ​គឺ​វា​នឹង​អាច​កាត់​បន្ថយ​កម្រិត​នៃ​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​រដ្ឋ​សភា​របស់​យើង។ ហើយ​នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​គិត​ថា​នឹង​កើត​មាន​ឡើង‍»។​

រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឱ្យ​ដាក់​ទណ្ឌកម្មលោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​និង​មន្ត្រី​ដែល​ស្និទ្ធស្នាល​នឹង​លោកព្រម​ទាំង​សមាជិក​ក្រុមគ្រួសារ​ខ្លះ​របស់​លោក។ ប៉ុន្តែ​រហូត​មកដល់​ពេលនេះ ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្មតែ​លើ​លោក​ហ៊ីង ប៊ុនហៀង មេ​បញ្ជាការ​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ។

បើទោះបីជា​ទំនាក់​ទំនង​រវាងសហរដ្ឋ​អាមេរិក​និង​កម្ពុជា​ មាន​ការ​ឡើង​ចុះ​ក៏ដោយ ក៏​លោក​ឯកអគ្គរដ្ឋទូតសង្ឃឹម​ថា​ ពលរដ្ឋ​កម្ពុជា​នឹង​យល់​ពី​ឆន្ទៈ​របស់​សហរដ្ឋ​អាមេរិក​ដែល​ចង់ធ្វើ​ជាមិត្ត​របស់​កម្ពុជា៖

«ពលរដ្ឋ​អាមេរិកាំង ​គឺជា​មិត្តភក្តិ​របស់​ពលរដ្ឋ​កម្ពុជា។ ពួកគេ​មិន​ចង់​គ្រប់គ្រង​លើ​ប្រទេស​កម្ពុជា​ទេ។ ពួកគេ​មិន​ចង់​មក​យក​ទីក្រុង​របស់​កម្ពុជា ​ឬ​គ្រប​ដណ្តប់​លើ​សេដ្ឋកិច្ច​របស់​កម្ពុជា។ ប៉ុន្តែ​ពលរដ្ឋ​អាមេរិកាំង​ចូលចិត្ត​ពលរដ្ឋ​កម្ពុជា។ ពួកគេ​សរសើរ​វប្បធម៌។ ពួកគេ​សរសើរ​ពីការវិវត្ត​ន៍​របស់​កម្ពុជា»។​

​កាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន ​សភា​សហភាពអឺរ៉ុបក៏​បាន​អនុម័តញត្តិ​រួមស្នើ​ឱ្យ​មាន​សេចក្តី​សម្រេចដែលទាមទារ​ឱ្យ​ផ្តល់​សិទ្ធិ​សេរីភាព​នយោបាយ​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ និង​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​ដែល​ធ្វើ​ឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ។

លោកស្រី Federica Mogherini តំណាង​ជាន់​ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​គោលនយោបាយការបរទេស​ និង​សន្តិសុខ ​បាន​បញ្ជាក់​ប្រាប់​អង្គសវនាការ​ដេញដោល​នៅក្នុង​សភា​សហភាពអឺរ៉ុប​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​«ដ៏ផុយស្រួយ​‍»ក្នុង​ប្រទេស​កម្ពុជា​ បាន​ដើរថយ​ក្រោយ​ ចាប់តាំង​ពី​ឆ្នាំ​មុន​មក ​ពីព្រោះ​មានតែ​គណបក្ស​ដឹកនាំ​តែមួយ​ ហើយ​ស្ថានការណ៍​មិន​បាន​ប្រសើរ​ឡើង​ទេ​ ដោយ​ការ​ដឹកនាំ​កំពុង​តែ​ឆ្ពោះ​ទៅរក​ភាព​ផ្តាច់ការ។

យ៉ាងណា​ក៏ដោយ​ សហភាព​អឺរ៉ុប​បាន​ទុក​ឱកាស​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជួប​ចរចា​ជាមួយ​នឹង​មេដឹកនាំ​គណបក្ស​ប្រឆាំង ​ដើម្បី​បន្ទូរបន្ថយ​ស្ថានការណ៍​មុន​ពេល​ដែល​ចាត់​វិធានការ​បន្ថែម ​ដែល​ក្នុងនោះអាច​នឹង​ប៉ះពាល់​ដល់ឋានៈ​អនុគ្រោះ​ពន្ធ​«រាល់មុខ​ទំនិញ​លើកលែង​តែ​អាវុធ‍»​ ដែល​កម្ពុជា​ទទួល​បាន​ពី​សហគមន៍​អឺរ៉ុប។

សហរដ្ឋ​អាមេរិក​និង​សហគមន៍​អឺរ៉ុប​ គឺ​ជា​ទីផ្សារ​ទទួល​ទិញ​ទំនិញ​កម្ពុជា​ជិត​១០ពាន់លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG