ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​បារាំង​ផ្តល់​មេដាយ​កិត្តិយស​​ដល់​មន្ត្រី​ពន្លត់​អគ្គិភ័យ​នៅ​វិហារ Notre Dame


ប្រធានា​ធិបតី​បារាំង Emmanuel Macron ឈរ​ក្រោយ​ពេល​ថ្លែង​ទៅ​កាន់​កង​កម្លាំង​ពន្លត់​អគ្គិភ័យ​និង​សន្តិសុខ​ដែល​បាន​ចូល​រួម​ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នៅ​វិហារ Notre Dame កាល​ពី​ថ្ងៃ​ទី​១៨ មេសា ២០១៩។
ប្រធានា​ធិបតី​បារាំង Emmanuel Macron ឈរ​ក្រោយ​ពេល​ថ្លែង​ទៅ​កាន់​កង​កម្លាំង​ពន្លត់​អគ្គិភ័យ​និង​សន្តិសុខ​ដែល​បាន​ចូល​រួម​ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នៅ​វិហារ Notre Dame កាល​ពី​ថ្ងៃ​ទី​១៨ មេសា ២០១៩។

ប្រទេស​បារាំង​បាន​បង្ហាញ​ការ​គោរព​ពេញ​មួយ​ថ្ងៃ​ដល់​អ្នក​ពន្លត់​អគ្គិភ័យ​នៅ​វិហារ​ Notre Dame ​មិន​ឲ្យ​វិហារ​នេះ​អន្តរាយ​ទាំង​ស្រុង។​ ​លោក​ Emmanuel Macron ​ប្រធានាធិបតី​​បារាំង​បាន​កោត​សរសើរ​ពួក​គេ​ធ្វើ​ជា​គំរូ ហើយ​​ពួកគេ​នឹង​ទទួល​បាន​មេដាយ​ពលរដ្ឋ​ក្រុងប៉ារីស​ដ៏​មាន​កិត្តិយស។​

នៅ​ពេល​ភ្លេង​ Bach ​និង​ពាក្យ​ពេចន៍​របស់​ Victor Hugo ​កំពុង​បន្លឺ​ឡើងអ្នក​ក្រុង​ប៉ារីសនិង​អ្នក​ទេសចរ​រាប់​រយ​នាក់បាន​ប្រមូល​ផ្តុំ​គ្នានៅ​មុខ​សាលា​ក្រុង ​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​ផ្តល់​កិត្តិយសដល់​អ្នក​ពន្លត់​អគ្គិភ័យ ៦០០ ​នាក់​នៅ​វិហារ ​Notre Dame។ វិហារ​នេះឋិត​នៅ​ជិត​ទន្ល​ Seine ​ត្រូវ​ភ្លើង​ឆេះ​ឡើង​ខ្មៅ​និង​ទ្រុឌ​ទ្រោម​ ប៉ុន្តែទ្រង់​ទ្រាយ​ភាគ​ច្រើន​នៅ​ដដែល។​

លោក​ Christophe Castaner ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​ពណ៌នា​អំពី​អគ្គិភ័យ​នេះ​ដែល​មាន​កំដៅ​ខ្លាំង។ លោក​បាន​និយាយ​ថា ​អគ្គិភ័យ​ដ៏​ធំនេះ​កំពុង​មាន​កំដៅ​ខ្លាំង​ ​នៅ​ពេល​អ្នក​ពន្លត់​ភ្លើង​កំពុង​ព្យាយាម​ពន្លត់​វា។ លោក​និយាយ​ថា ​ពួក​គេ​ប្រថុយ​ជីវិត​ដើម្បី​សង្គ្រោះ​វិហារ​ Notre Dame។​

លោកស្រី​ Anne Hidalgo ​អភិបាល​ក្រុង​ប៉ារីស​និយាយ​ថា​ អ្នក​ពន្លត់​អគ្គិភ័យ​នឹង​បាន​មេដាយ​ពលរដ្ឋ​ក្រុងប៉ារីស​ដ៏​មាន​កិត្តិយស។​

អ្នក​ជំនាញ​និយាយ​ថា ការ​សង្គ្រោះ​វិហារ ​Notre Dame ​និង​រតនៈ​សម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​នេះ​ត្រូវ​ធ្វើ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។​ មិន​មាន​អ្នក​ណា​ម្នាក់​ស្លាប់​ក្នុង​អគ្គិភ័យ​នេះ​ទេ​ ហើយ​ផ្នែក​សំខាន់​របស់​វិហារ​នេះ​ ដូច​ជា​ប៉ម​ជួង ​និង​បង្អួច​ពណ៌​ផ្លា​កុលាប​មិន​មាន​ការ​ខូច​ខាត​ទេ។​

លោក​ Patrick Chauvet ​បព្វជិត​គ្រប់​គ្រងវិហារ ​Notre Dame ​និយាយ​ថា​ វិហារ​នេះ​ជា​ទ្រព្យ​សម្បត្តិ​ពិភព​លោក។​

ព្រះវិហារ Notre Dame ដែល​រង​ការ​បំផ្លាញ​ដោយ​អគ្គិភ័យ​ក្នុង​សប្ដាហ៍​នេះ នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។
ព្រះវិហារ Notre Dame ដែល​រង​ការ​បំផ្លាញ​ដោយ​អគ្គិភ័យ​ក្នុង​សប្ដាហ៍​នេះ នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។

លោក​ប្រធានាធិបតី​ Emmanuel Macron ​បាន​ជួប​ជាមួយ​មន្ត្រី​ពន្លត់​អគ្គិភ័យ ​៦០​ នាក់នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ លោក​បាន​និយាយ​ថា ​កិច្ច​ប្រឹង​ប្រែង​របស់​ពួកគេ​ជា​កិច្ចការ​គម្រូ​ហើយ​ថា​ ពួក​គេ​នឹង​ទទួល​បាន​មេដាយ​ប្រទេស​បារាំង​ជា​ការ​ទទួល​ស្គាល់​សេចក្តី​ក្លាហាន​របស់​ពួក​គេ។ ​

លោកស្រី​ Maria Chedeville ​បាន​ចូល​រួម​ជាមួយ​មហា​ជន​នៅ​សាលា​ក្រុង​នៅ​ពេល​ថ្ងៃ​ក្តៅ​នៅ​និទាឃ​រដូវ​នេះ។ លោកស្រី​និយាយ​ថា ​លោក​ស្រី​ចាំ​បាច់​នៅ​ទី​នោះ​ដើម្បី​អរគុណ​អ្នក​ពន្លត់​អគ្គិភ័យ។​

លោកស្រី​ Eugenie Vallance ​និយាយ​ថា ​អ្នក​ស្រី​បារម្ភ​ខ្លាច​វិហារ​នេះ​ត្រូវ​បំផ្លាញ​ទាំង​ស្រុង។ ​លោក​ស្រី​និយាយ​ថា ​ជួស​ជុល​វិហារ​នេះ​ឡើង​វិញ​គឺ​ជាផ្នែក​មួយ​នៃ​ប្រវត្តិ​សាស្ត្រ​របស់​វិហារ​នេះ។​

លោក ​Alassane Cisse ​អ្នក​ក្រុង​ប៉ារីស​មាន​ដើម​កំណើតពី​ប្រទេស​សេនេហ្គាល់​និយាយ​ថា លោក​សង្ឃឹម​ថា ​វិហារ​ Notre Dame ​នឹង​ត្រូវ​ជួស​ជុល​ឡើង​វិញ​ល្អ​ជាង​មុន៕

ប្រែ​សម្រួល​ដោយ​លោក​ពិន ស៊ីសុវណ្ណ

XS
SM
MD
LG