ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដោយ​ក្តី​រន្ធត់ ពលរដ្ឋ​​ក្រុង​ប៉ារីស​និង​អ្នក​​ទេសចរ​បាន​ប្រមូលផ្តុំ​គ្នា​មើល​ព្រះ​វិហារ Notre Dame ដែលរងអគ្គីភ័យ


មនុស្សម្នាប្រមូលផ្តុំគ្នាមើលព្រះវិហារ Notre Dame នៅក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។ 
មនុស្សម្នាប្រមូលផ្តុំគ្នាមើលព្រះវិហារ Notre Dame នៅក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។ 

ពលរដ្ឋ​​ក្រុង​ប៉ារីស​និង​អ្នក​​ទេសចរ​រាប់​ពាន់​នាក់​បាន​នៅ​ណែន​តាន់​តាប់​លើ​ផ្លូវ​និង​ស្ពាន​ក្នុង​ការ​សាមគ្គី​កាល​ពី​ថ្ងៃ​អង្គារ​ បន្ទាប់​​ពី​ការ​បំផ្លិច​បំផ្លាញព្រះ​វិហារ​សាស​នា​ជាទី​ស្រឡាញ់នោះ។

មួយ​ថ្ងៃ​បន្ទាប់​ពីព្រះ​វិហារ Notre Dame នៅទីក្រុង​ប៉ារីស​ប្រែក្លាយ​ទៅ​ជា​ទីកន្លែង​ដ៏​រន្ធត់ ​ប្រាក់​រាប់​រយ​លាន​ដុល្លារ​បាន​ត្រូវ​គេសន្យា​ផ្តល់​ឲ្យ​ដើម្បី​ស្ថាបនា​ព្រះ​វិហារ​ដ៏​សំខាន់​បំផុត​មួយ​របស់​ពិភពលោក​ឡើង​វិញ។ ​

វត្ថុ​ដ៏​មាន​តម្លៃ​មិនអាច​កាត់​ថ្លៃ​ត្រូវ​បាន​ជួយ​សង្គ្រោះ។​ ការ​ស៊ើប​អង្កេត​អំពី​អគ្គីភ័យ​កំពុង​បន្ត​ធ្វើ​ឡើង ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ​ក្រុម​មន្រ្តី​ជឿ​ថា ​ការ​ឆេះ​នេះ​អាច​ជា​រឿង​ចៃ​ដន្យ។

ពលរដ្ឋក្រុង​ប៉ារីស​និង​អ្នកទេសចរ​រាប់​ពាន់​នាក់​បាន​នៅ​ណែន​តាន់​តាប់​លើ​ផ្លូវ​និង​ស្ពាន​ក្នុង​ការ​សាមគ្គី​កាល​ពី​ថ្ងៃ​អង្គារ​ បន្ទាប់ពី​ការ​បំផ្លិច​បំផ្លាញព្រះ​វិហារ​សាស​នា​ជាទី​ស្រឡាញ់នោះ។

ព្រះ​វិហារ Notre Dame បាន​គេចផុត​ពីការ​បំផ្លិច​បំផ្លាញ​អំឡុងពេលបដិវត្តិន៍​បារាំង​និង​សង្គ្រាម​លោកលើកទី២ ​ក៏ប៉ុន្តែ​អគ្គីភ័យ​ដ៏​ប្រល័យនេះ​បានធ្វើ​ការ​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ។ ​ព្រះ​វិហារ​នេះ​បាន​ប្រារព្ធខួប​លើក​ទី​ ៨៥០​ កាល​ពីបី​បួន​ឆ្នាំ​មុន​ ដោយ​ការ​ដាក់​ជួង​ថ្មី​ដែល​បាន​ធ្វើ​ឲ្យ​មាន​សំឡេង​យ៉ាង​ពិរោះ។

លោក Nicolas Chouin ជា​អ្នក​រស់នៅក្នុងទីក្រុង​ប៉ារីស​បាន​និយាយថា៖

«ជា​ការ​ពិត ​ខ្ញុំ​មាន​អារម្មណ៍​រន្ធត់​បំផុត ​ពី​ព្រោះ​តែវា​ជាស្នាដៃ​ដ៏​សំខាន់​បំផុត​ដែល​ជា​ផ្នែក​មួយ​នៃ​ជី​វិត​របស់​យើងក្នុងទី​ក្រុង​ប៉ារីស។​ យើង​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​អំពី​រឿង​នេះ​ទេ»។

​អ្នកទេសចរ​ក៏មាន​អារម្មណ៍​ដូច​គ្នា​ដែរ។ ​ព្រះ​វិហារ ​Notre Dame ជា​និមិត្ត​រូប​ដ៏​ជ្រាល​ជ្រៅ ​ជា​តំណាង​សម្រាប់​មនុស្ស​គ្រប់​ជំនឿ​ទាំងអស់ ​ក៏​ប៉ុន្តែវា​ក៏ជា​តំណាងដ៏​ជ្រាល​ជ្រៅ​ជាង​នេះ​ទៀត។

លោកស្រី Karuna ជា​អ្នក​ទេសចរ​ជនជាតិ​អង់គ្លេស ​បាន​និយាយ​ថា៖

«ព្រឹត្តិការណ៍​នេះ​ត្រូវ​ចងចាំ​ជារៀង​រហូត។​ វា​ជា​ព្រឹត្តិ​ការណ៍​ដ៏​រន្ធត់​មួយ»។

អគ្គីភ័យ​ដែល​បាន​ឆាប​ឆេះ​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ បានរាល​ដាល​យ៉ាងលឿន។ ​ក្រុម​កម្ម​ករ​ជួយ​សង្គ្រោះ​បាន​ជម្លៀស​មនុស្ស​នៅ​ខាង​ក្នុង​ព្រះ​វិហារ​នោះ។ គ្មាន​នរណា​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​អគ្គីភ័យ​នោះ​ទេ។

លោក Philippe Facquet អ្នក​ពន្លត់​អគ្គីភ័យ​ក្រុង​ប៉ារីស​ចូល​និវត្តន៍​ បាន​និយាយ​ថា៖

«អគ្គីភ័យ​បែប​នេះ​ជាការ​ពិបាកបំផុត ពី​ព្រោះតែ​ជណ្តើរ​រាងគូជ​ខ្ចងដ៏​តូច​ចង្អៀត ​ដូច្នេះ ​ដើម្បី​ឡើង​ជណ្តើរ​យកបំពង់​ទឹកកៅស៊ូដ៏​ធ្ងន់​និង​សំភារៈ​ជាការ​លំបាកបំផុត»។

មាន​អភូត​ហេតុ​តូច​ៗ​ផ្សេង​ទៀត។ មកុដ​ធ្វើ​ពី​រុក្ខជាតិ​មាន​បន្លា​ដែល​មនុស្ស​ខ្លះ​និយាយ​ថា ​ព្រះ​យ៉េស៊ូ​គ្រិស្ត​បាន​ពាក់​នៅពេល​ដែល​ព្រះ​អង្គ​បានត្រូវគេ​ដាក់​ឆ្កាង​នោះ​បាន​គេ​ច​ផុត​ពី​អគ្គីភ័យ​ ហើយបង្អួចផ្ការ​កូលាប​ដ៏​ល្បីល្បាញ​របស់​ព្រះវិហារ Notre Dame ក៏​បាន​រួច​ផុត​ពី​អគ្គីភ័យ​ដែរ។

​អគ្គីភ័យដែល​បាន​កើត​មាន​ឡើង​មួយ​សប្តាហ៍ ​មុន​បុណ្យ​ប៉ាក​បាន​បន្ថែម​រឿង​ដ៏​គួរ​ឲ្យ​ទុកព្រួយ​ជា​បន្ត​បន្ទាប់​សម្រាប់​ក្រុង​ប៉ារីស។ ការវាយ​ប្រហារ​ភេរវកម្ម​នៅ​ឆ្នាំ ​២០១៥​ ហើយ​កាលពី​ពេល​ថ្មី​ៗ​បំផុត​នេះ ការតវ៉ា​ប្រឆាំង​របស់​ពួក​ពាក់​អាវកាក់​ពណ៌​លឿង​បាន​ធ្វើ​ឲ្យ​ខូច​មុខមាត់​ទីក្រុង​នេះ ​ហើយ​បាន​ធ្វើ​ឲ្យ​ប្រទេស​មានការ​បែង​ចែក​យ៉ាង​ខ្លាំង។

លោកស្រី Severine Vilbert អ្នករស់នៅក្នុងទី​ក្រុង​ប៉ារីស​ បាន​និយាយ​ថា៖ «នេះ​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្រ្ត​របស់​យើង ​ហើយវា​ដូចជា​ធ្វើ​ឲ្យ​ប្រវត្តិ​សាស្រ្ត​របស់​យើង កំពុង​រលាយ​បាត់​ហើយ​ខ្ញុំ សង្ឃឹម​យ៉ាង​ពិតប្រាកដ​ថា ​យើង​នឹង​ស្ថាប​នា​ព្រះ​វិហារ​នេះ​ឡើង​វិញ​ម្តងទៀត ពី​ព្រោះ​យើង​ជា​ជនជាតិ​បារាំង ​យើ​ង​មាន​មោទ​នភាព​ជាជន​ជាតិ​បារាំង។ ​យើង​មាន​មោទនភាព​អំពី​ប្រវត្តិសាស្រ្ត​របស់​យើង។ ដូច្នេះ​ជាការ​ពិត ​យើង​នឹង​ស្ថាប​នា​ព្រះ​វិហារ​នេះ​ឡើង​វិញ»។

ព្រះ​វិហារ​នេះ​នឹង​ត្រូវ​ចំណាយ​ពេលច្រើន​ឆ្នាំ​ដើម្បី​ស្ថាប​នា​ឡើង​វិញ។ ក៏ប៉ុន្តែ​ជំនួយ​កំពុង​ហូរចូល​រួច​ទៅ​ហើយ។ ក្រុម​ពាណិជ្ជករ​និង​ក្រុមហ៊ុន​ឯកជន​បាន​សន្យា​ផ្តល់​ប្រាក់​រាប់​រយលាន​ដុល្លារ​រួច​ហើយ។​ រដ្ឋា​ភិបាល​បារាំង​មាន​គម្រោង​ទុកប្រាក់​ដោយ​ឡែក​រាប់​រយ​លាន​ដុល្លារថែម​ទៀត ​ដែល​ធ្វើ​ឲ្យ​អ្នកក្រុង​ប៉ារីស​សង្ឃឹម​ថា នៅ​អនាគត​ឆាប់​ៗ​នេះ ព្រះវិហារ Notre Dame នឹង​ងើប​ឡើង​ម្តង​ទៀត»៕

ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន

XS
SM
MD
LG