ក្រុមពន្លត់អគ្គីភ័យក្រុងប៉ារីសបាននិយាយថា តួព្រះវិហារ Notre Dame ដ៏ល្បីបានត្រូវជួយសង្គ្រោះ រួមជាមួយស្នាដៃសិល្បៈដ៏សំខាន់របស់ទីកន្លែងនោះ បន្ទាប់ពីក្រុមអ្នកពន្លត់អគ្គីភ័យ៤រយនាក់បានចំណាយពេល ៩ម៉ោងកាលពីថ្ងៃចន្ទ ដើម្បីពន្លត់អគ្គីភ័យដែលបណ្តាលឲ្យមានការខូចខាតយ៉ាងខ្លាំង។
ពលរដ្ឋនៅក្រុងប៉ារីស និងអ្នកកោតសរសើរអគារជាប្រវត្តិសាស្រ្តនោះកំពុងលួងចិត្តគ្នាទៅវិញទៅមកពីការបំផ្លិចបំផ្លាញនេះ ដែលបានកើតមានឡើងប៉ុន្មានថ្ងៃមុនពេលព្រះវិហារនេះ ត្រូវរៀបចំទទួលការធ្វើពិធីសូត្រធម៌ក្នុងពិធីបុណ្យប៉ាក។
កាលពីព្រឹកថ្ងៃអង្គារ ក្រុមអ្នកពន្លត់អគ្គីភ័យនៅតែកំពុងពន្លត់កន្លែងក្តៅមួយដុំៗនៅក្នុងព្រះវិហារនៅឡើយ។ កាលពីប៉ុន្មានម៉ោងមុន អគ្គីភ័យដ៏រន្ធត់នេះបានធ្វើឲ្យបាក់កំពូលស្រួចបែប Gothic។
ប៉ុន្មានម៉ោងបន្ទាប់ពីអគ្គីភ័យត្រូវបានពន្លត់ មនុស្សនាំគ្នាកាន់ទាននៅខាងក្រៅព្រះវិហារកាលពីយប់ថ្ងៃចន្ទ។ អ្នកស្រី Caroline Jullien អ្នកក្រុងប៉ារីសនិយាយថា៖
«ខ្ញុំគិតថា យើងត្រូវតែសាមគ្គីគ្នាមិនត្រឹមតែជាប្រទេសមួយប៉ុណ្ណោះទេ ហើយប្រសិនបើនៅថ្ងៃនេះ លោកប្រធានាធិបតី Emanuel Macron មិនអាចធ្វើសុន្ទរកថាទេ ខ្ញុំគិតថា យើងជាប្រជាពលរដ្ឋត្រូវតែធ្វើសុន្ទរកថា»។
ក៏ប៉ុន្តែប្រធានាធិបតីបារាំង លោក Emanuel Macron បានធ្វើសុន្ទរកថានៅប្រហែលពាក់កណ្តាលយប់ ដោយបានជំរុញឲ្យសហគមន៍អន្តរជាតិជួយជួសជុលទីកន្លែងនិមិត្តរូបទីក្រុងប៉ារីសឡើងវិញ ដែលមានការខូចខាតយ៉ាងខ្លាំង។
ប្រធានាធិបតីបារាំងលោក Emanuel Macron បាននិយាយថា៖
«ខ្ញុំប្រាប់អស់លោកអ្នកដោយការក្រៀមក្រំនៅយប់នេះថា ព្រះវិហារនេះនឹងត្រូវសង់សាជាថ្មីដោយយើងទាំងអស់គ្នា។ ហើយវាប្រហែលជាផ្នែកមួយនៃជោគវាសនារបស់បារាំងហើយ វានឹងក្លាយជាគម្រោងការងាររបស់យើងសម្រាប់ប៉ុន្មានឆ្នាំខាងមុខទៀតនេះ។ ខ្ញុំបានតាំងចិត្តដល់គម្រោងការងារនេះ។ ដោយចាប់ផ្តើមនៅថ្ងៃស្អែកនេះទៅ យុទ្ធនាការជាតិរៃអង្គាសប្រាក់ដើម្បីជួសជុលព្រះវិហារ Notre Dame នឹងត្រូវចាប់ផ្តើម ហើយការរៃអង្គាសប្រាក់នេះនឹងមានហួសពីព្រំដែនរបស់យើងទៅទៀត។ យើងនឹងអំពាវនាវដល់អ្នកដែលមានទេពកោសល្យខ្លាំងៗ ហើយមានអ្នកមានទេពកោសល្យខ្លាំងៗជាច្រើនដែលនឹងរួមវិភាគទាន ហើយយើងនឹងស្ថាបនាព្រះវិហារនេះឡើងវិញ។យើងនឹងស្ថាបនាព្រះវិហារ Notre Dame នេះឡើងវិញ ពីព្រោះតែព្រះវិហារ Notre Dame នេះជាអ្វីដែលបារាំងរំពឹង ពីព្រោះតែនេះជាអ្វីដែលប្រវត្តិសាស្រ្តរបស់យើងសាកសមទទួលបាន ពីព្រោះវាជា ជោគវាសនារបស់យើង»។
ក្នុងចំណោមក្រុមអ្នកពន្លត់អគ្គីភ័យរាប់រយនាក់ដែលមកជួយពន្លត់អគ្គីភ័យនេះ យ៉ាងហោចណាស់ក៏ម្នាក់ដែរដែលបានរងរបួសយ៉ាងខ្លាំងនៅក្នុងការពន្លត់អគ្គីភ័យនេះ ដែលហាក់ដូចជាធ្វើឲ្យទីក្រុងប៉ារីសនៅនឹងមួយកន្លែងនៅពេលដែលមនុស្សបានឈរមើលមិនគួរឲ្យជឿ។
ក្រុមមេដឹកនាំសាកលលោករួមមាន អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានសម្តែងនូវសាមគ្គីភាពជាមួយបារាំងចំពោះការបំផ្លាញដែលបណ្តាលមកពីអគ្គីភ័យនេះ។
អ្នកស្រី Cindy Ortega ជាទេសចរមកពីប្រទេសអេក្វាឌ័របាននិយាយថា៖
«វាជាស្ថានភាពដ៏គួរឲ្យរន្ធត់មួយ។ ព្រះវិហារប្រវត្តិសាស្រ្ត ដែលមានអាយុកាលជាង៨រយឆ្នាំបានត្រូវភ្លើងឆេះអស់។ វាជាការក្តុកក្តួលយ៉ាងខ្លាំងដែលការឆេះនេះជួនគ្នានឹងថ្ងៃកំណើតរបស់ Leonardo Da Vinci។ វាជាប្រវត្តិសាស្រ្តដែលកេរ្តិ៍ដំណែលនិងស្ថាបត្យកម្មសាកលលោកត្រូវបានបញ្ចប់។ វាជាការអកុសលមួយដែលមិនគួរឲ្យជឿ។ នេះជារឿងមួយដែលពិភពលោកនឹងកាន់ទុក្ខ»។
ក្រុមពន្លត់អគ្គីភ័យបាននិយាយថា ការងារជួសជុលព្រះវិហារនេះអាចមានជាប់ទាក់ទិនទៅនឹងអគ្គីភ័យនេះ។
ក្រុមរដ្ឋអាជ្ញាបារាំងបាននិយាយថា អគ្គីភ័យនេះបានត្រូវចាត់ទុកថា ជាអគ្គីភ័យដោយអចេតនា។ ពួកគេនិយាយទៀតថា អំពើទុច្ចរិតត្រូវបានច្រានចោលសម្រាប់ពេលឥឡូវនេះ៕
ប្រែសម្រួលដោយជឹង ប៉ូជីន