ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រចនាសម្ព័ន្ធ​ព្រះ​វិហារ Notre Dame នៅ​បារាំង ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ ត្រូវ​បាន​ជួយ​សង្គ្រោះ


អណ្តាត​ភ្លើង​កំពុង​ឆាបឆេះ​ព្រះវិហារ Notre Dame នៅ​ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។
អណ្តាត​ភ្លើង​កំពុង​ឆាបឆេះ​ព្រះវិហារ Notre Dame នៅ​ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។

ក្រុម​ពន្លត់​អគ្គិភ័យ​របស់​ប្រទេស​បារាំង​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា រចនាសម្ព័ន្ធ​សំណង់​នៃ​ព្រះ​វិហារ​គ្រិស្ត​សាសនា Notre Dame ដ៏​ល្បី​ឈ្មោះ ដែល​ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ រួម​ទាំង​គំនូរ​ចម្លាក់​ចម្បង​នៃ​ព្រះ​វិហារ​នេះ ត្រូវ​បាន​ជួយ​សង្គ្រោះ​បាន​ហើយ បន្ទាប់ពី​អ្នក​ពន្លត់​អគ្គិភ័យ ៤ រយ​នាក់​បាន​ប្រឹងប្រែង​ពន្លត់​អគ្គិភ័យ​នេះ​អស់​រយៈពេល​ជាង ៩ ម៉ោង។

ប៉ម​និមិត្តរូប​ពីរ​នៃ​ព្រះ​វិហារ​សតវត្ស​ទី ១២ នេះ និង​រចនា​សម្ព័ន្ធ​ថ្ម​នៅតែ​ឈរ​ត្រដែត​ដដែល​នៅ​ថ្ងៃ​អង្គារ​នេះ ប៉ុន្តែ​ដំបូល និង​កំពូល​ស្រួច​នៃ​ព្រះ​វិហារ​នេះ​ត្រូវ​បាន​ភ្លើង​លេប​ត្របាក់។

អភិបាល​ក្រុង​ប៉ារីស​អ្នកស្រី Anne Hidalgo បាន​ថ្លែង​អំណរគុណ​ដល់​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ និង​មន្ត្រី​ប៉ូលិស ដែល​បាន​ជួយ​សង្គ្រោះ​វត្ថុ​ពិសិដ្ឋ​នានា និង​រូប​សិល្បៈ​ដ៏​អស្ចារ្យ​នៃ​ព្រះ​វិហារ​នេះ។

អ្នកស្រី​បាន​និយាយ​ថា ព្រះ​វិហារ Notre Dame គឺ​ជា​ទី​កន្លែង​ដែល «ដួង​ព្រលឹង​នៃ​ទីក្រុង​ប៉ារីស​ល្បី​ខ្ចរខ្ចាយ​ឡើង»។

មហា​សេដ្ឋី​បារាំង​លោក Francois Henri Pinault បាន​សន្យា​ថា នឹង​ផ្ដល់​ថវិកា​ចំនួន ១១៣ លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​សាងសង់​សំណង់​ព្រះ​វិហារ​នេះ​ឡើង​វិញ។ ចំណែក​ឯ​មហា​សេដ្ឋី​បារាំង​ម្នាក់​ទៀត គឺ​លោក Bernard Arnault បាន​និយាយ​ថា ក្រុម​គ្រួសារ និង​ក្រុមហ៊ុន​របស់​លោក​នឹង​រួម​ចំណែក​ថវិកា​ចំនួន ២២៦ លាន​ដុល្លារ​អាមេរិក។

គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​អគ្គិភ័យ​នេះ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នោះ ទោះបីជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​បាន​រាយការណ៍​ថា មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​បញ្ជាក់​ថា អគ្គិភ័យ​នេះ​អាច​មាន «ការ ពាក់ព័ន្ធ​ដែល​អាច​ទៅ​រួច» ជាមួយ​នឹង​កិច្ចការ​ជួសជុល​ព្រះ​វិហារ​នេះ​ឡើង​វិញ​ក៏​ដោយ៕

XS
SM
MD
LG