ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវាយ​តម្លៃ​ការ​ខូច​ខាត​កំពុង​ធ្វើ​ឡើងនៅឯ​​ព្រះវិហារ​ Notre Dame


រូបឯកសារ៖ ផ្នែកខាងក្នុងវិហារ Notre Dame ដែលរងការខូចខាតដោយអគ្គីភ័យកាលពីថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០១៩។ 
រូបឯកសារ៖ ផ្នែកខាងក្នុងវិហារ Notre Dame ដែលរងការខូចខាតដោយអគ្គីភ័យកាលពីថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០១៩។ 

ក្រុម​មន្រ្តី​ក្រុង​ប៉ារីស​បាន​និយាយ​ថា ក្រុម​​អ្នក​ពន្លត់​អគ្គីភ័យ​បាន​ធ្វើ​ការ​​ជួយ​សង្គ្រោះ​ស្នាដៃ​សិល្បៈ​ និង​របស់​របរ​ពិសិដ្ឋ​ជា​ច្រើនពី​ព្រះ​វិហារ​សតវត្សរ៍​ទី ១២ ​នេះ​ទៅតាម​ដែល​ពួកគេ​អាច​ធ្វើ​បាន។

ក្រុម​អ្នក​ជំនាញ​បា​នចាប់​ផ្តើម​ធ្វើការ​វាយតម្លៃ​ចំពោះ​ការ​ខូចខាត​នៅឯព្រះ​វិហារ Notre Dame ក្នុង​ក្រុង​ប៉ារីស ​បន្ទាប់​ពី​ក្រុម​មន្រ្តី​បាន​និយាយ​ថា អគ្គីភ័យ​ដែលបាន​បំផ្លាញ​ព្រះ​វិហារ​ដ៏​សំខាន់​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ត្រូវ​ពន្លត់។

បន្ទាប់ពី​ការប្រកាសថា «អគ្គីភ័យ​ទាំង​មូល​ត្រូវបាន​ពន្លត់» លោក Gabriel Plus អ្នក​នាំ​ពាក្យ​ក្រុម​ពន្លត់​អគ្គីភ័យ​ក្រុង​ប៉ារីស​បាន​និយាយ​ថា អ្នក​ឯកទេស​និង​ស្ថាបត្យករ​អាគារ​នោះ​បាន​ចាប់​ផ្តើម​សិក្សា​ពី​ចលនា​នៃ​តួ​អាគារ​នោះ​ ហើយ​ពន្លត់​កាក​សំណល់​ដែល​នៅ​ឆេះងំ»។

ទោះ​បី​អគ្គីភ័យ​បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យ៉ាង​ខ្លាំង​ដល់​គ្រឹះ​របស់​វិហារ​បែប Gothic ដ៏​ល្បី​នៅ​កណ្តាល​ក្រុង​ប៉ារីស​ក៏​ដោយ ​លោក Jean–Claude Gallet ប្រធាន​ក្រុម​ពន្លត់​អគ្គី​ភ័យ​របស់​ក្រុង ​បាន​ប្រាប់​ក្រុមអ្នក​យក​ព័ត៌មាន​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ថា ​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​បាន​ជួយ​សង្គ្រោះ​កំផែង​ដែល​ជានិមិត្តរូប​ចំនួន​ពីរ ​និងតួ​ធ្វើ​ពី​ថ្ម​របស់​អាគារ​នោះ។​ អណ្តាត​ភ្លើង​ដែល​បាន​ឆាប​ឆេះ​រហូត​ដល់​កម្ពស់​ ១០​ ម៉ែត្រ​ទៅ​លើ​អាកាស​បាន​បំផ្លាញ​ផ្នែក​ភាគ​ច្រើន​នៃ​ដំបូល​របស់​ព្រះ​វិហារ​នោះ​ ហើយ​បាន​បណ្តាល​ឲ្យ​កំពូល​ស្រួចនៅ​ផ្នែក​កណ្តាល​របស់​ព្រះ​វិហារ​នោះ​ដួល​រលំ។

លោក Andre Finot អ្នក​នាំពាក្យ​ព្រះ​វិហារ​នោះ ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​បារាំង​កាល​ពីព្រឹក​ថ្ងៃ​ចន្ទ​ថា ​ផ្នែក​ខាង​ក្នុង​ធ្វើ​ពី​ឈើ​ទាំង​មូល​របស់​ព្រះ​វិហារ​នោះ​បាន​ត្រូវ​អគ្គីភ័យ​បំផ្លាញ។

ក្រុម​មន្រ្តី​ក្រុង​ប៉ារីស​បាន​និយាយ​ថា ក្រុមអ្នក​ពន្លត់​អគ្គីភ័យ​បាន​ធ្វើ​ការជួយ​សង្គ្រោះ​ស្នាដៃ​សិល្បៈ​ និង​របស់​របរ​ពិសិដ្ឋ​ជា​ច្រើនពី​ព្រះ​វិហារ​សតវត្សរ៍​ទី ១២ ​នេះ​ទៅតាម​ដែល​ពួកគេ​អាច​ធ្វើ​បាន៕

XS
SM
MD
LG