លោក Ben Noble និងលោក James Fo ធ្វើការនៅឯស្ថានីយវិទ្យុក្នុងទីក្រុង Brighton។ក្រៅម៉ោងធ្វើការ ពួកគេជាសកម្មជនឲ្យគណបក្សការងារ។ ពួកគេកំពុងអបអរជ័យជម្នះដ៏ធំ។
សហគមន៍នៅតាមឆ្នេរសមុទ្របានឃើញការងាកចំនួន១០ភាគរយពីគណបក្សអភិរក្សនិយមទៅគណបក្សការងារនៅក្នុងការបោះឆ្នោតកាលពីសប្តាហ៍មុន។ អ្នកស្ទង់មតិការបោះឆ្នោតបាននិយាយថា ការកើនឡើងនូវសំឡេងឆ្នោតរបស់គណបក្សការងារនេះគឺដោយសារអ្នកបោះឆ្នោតវ័យក្មេង។ លោក Ben Noble ជាសកម្មជនគណបក្សការងារបាននិយាយថា៖ «ការណ៍នេះនិយាយថា ពួកអ្នកបោះឆ្នោតវ័យក្មេងមិនមានព័ត៌មានគ្រប់គ្រាន់ ឬមិនអើពើនោះជាការមិនពិតទាល់តែសោះ។ តាមការពិត ប្រហែលយើងបានចូលរួមយ៉ាងសកម្មជាងគេពីព្រោះតែយើងឃើញព័ត៌មានតាមរយៈ ហ្វេសប៊ុក និងប្រព័ន្ធ Twitter»។
គណបក្សការងារបានកំចាត់គូប្រកួតប្រជែងរបស់ខ្លួនលើបណ្តាញព័ត៌មានសង្គម។ព័ត៌មាននយោបាយសំខាន់ៗចំនួន១០០ មានតែព័ត៌មាន៥ប៉ុណ្ណោះដែលគាំទ្រគណ បក្សអភិរក្សនិយម។
ពួកសកម្មជនវ័យក្មេងជាច្រើនបានទទួលការលើកទឹកចិត្តពីយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦របស់លោក Bernie Sanders នៅក្នុងសហរដ្ឋអាមេរិក ដែលបានធ្វើឲ្យយុវជនក្មេងៗ និងអ្នកបោះឆ្នោតងាកទៅខាងពួកឆ្វេងនិយមមានសកម្មភាពខ្លាំងឡើង។ លោក James Fox ជាសកម្មជនខាងគណបក្សការងារបាននិយាយថា៖ «ខ្ញុំមិនដែលពាក់ព័ន្ធក្នុងយុទ្ធនាការឃោសនាបោះឆ្នោតទេ។ ហើយក្រោយបានឃើញយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Bernieនិងដំណើរការនោះ ខ្ញុំគិតថា ខ្ញុំត្រូវតែចូលរួម។ បើសិនជាចង់ឲ្យកើតមានឡើង នេះជាមធ្យោបាយតែមួយគត់ដែលខ្ញុំអាចធ្វើឲ្យកើតមានឡើងបាន»។ លោក Ben Noble ជាសកម្មជនខាងគណបក្សការងារនិយាយថា៖ «មានភាពរួសរាន់ជាបន្ទាន់ដែរពីព្រោះយើងបានឃើញអ្វីដែលបានកើតមានឡើងនៅក្នុងប្រទេសអាមេរិក។ យើងទាំងអស់គ្នាមិនចូលចិត្តទេ»។
គណបក្សការងារបានទទួលសំឡេងកើនឡើងនៅក្នុងទីក្រុងដែលមានសាកលវិទ្យាល័យដូចជាក្រុង Brighton ដែលនៅទីនោះពួកនិស្សិតបានទទួលការទាក់ទាញពីការសន្យារបស់គណបក្សដើម្បីលុបចោលថ្លៃបង់សាលាប្រចាំឆ្នាំចំនួន១ម៉ឺន២ពាន់ដុល្លារ។
ការបោះឆ្នោតនេះបានបញ្ចេញពីការបែងចែងជំនាន់មនុស្សរបស់ចក្រភពអង់គ្លេស។លោកស្រី Barbara ជាអ្នកគាំទ្រគណបក្សអភិរក្សនិយមនិយាយថា៖ «លោកបានឈ្នះដោយសារសន្លឹកឆ្នោតពីអ្នកបោះឆ្នោតវ័យក្មេង។ លោកបានភូតកុហក អ្វីដែលលោកកំពុងធ្វើសម្រាប់ពួកអ្នកបោះឆ្នោតវ័យក្មេងទាំងនោះ។ ហើយថាតើប្រាក់នឹងបានមកពីណា?»។
លោកស្រី Ann ជាអ្នកគាំទ្រគណបក្សអភិរក្សនិយមនិយាយថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយចំពោះពួកអ្នកបោះឆ្នោតវ័យក្មេងទាំងនោះ។ យើងប្រាកដមានភាពប្រសើរជាងនៅពេលដែលយើងធំដឹងក្តីនោះ»។
ការស្ទង់មតិបង្ហាញថា ពួកអ្នកបោះឆ្នោតចាស់ៗមានការព្រួយកង្វល់អំពីជនអន្តោប្រវេសន៍។ លោកស្រី Barbara ជាអ្នកគាំទ្រគណបក្សអភិរក្សនិយមនិយាយថា៖ «យើងកើត និងធំដឹងក្តីនៅទីនេះ។ ហើយខ្ញុំមិនប្រកាន់ពូជសាសន៍ទេ ចូរលោកជឿខ្ញុំចុះ។ ខ្ញុំមិនប្រកាន់ពូជសាសន៍ទេ ក៏ប៉ុន្តែ យើងត្រូវតែគិតគូពីខ្លួនយើងសិន។ ខ្ញុំគិតថា សង្គមអង់គ្លេសបានផ្លាស់ប្តូរហើយ»។
ក៏ប៉ុន្តែ ពួកអ្នកគាំទ្រគណបក្សការងារវ័យក្មេងមើលឃើញអនាគតកាន់តែភ្លឺស្វាងឡើងរបស់ចក្រភពអង់គ្លេស។ លោក James Fox ជាសកម្មជនគណបក្សការងារនិយាយថា៖ «ពួកគេបានបង្ហាញថា មានភាពជោគជ័យសម្រាប់រដ្ឋាភិបាលរបស់គណបក្សការងារ»។
គណបក្សការងារនៅមិនទាន់កាន់អំណាចនៅឡើយទេ។ ក៏ប៉ុន្តែ លទ្ធផលនៃការបោះ ឆ្នោតប្រកៀកៗគ្នាមានន័យថា ការបោះឆ្នោតមុនពេលកំណត់មួយទៀតអាចកើតមានឡើងបាន។ ហើយពួកអ្នកគាំទ្រក្មេងៗរបស់គណបក្សនោះជឿជាក់ថា ការកើនឡើងនូវកម្លាំងលើកទឹកចិត្តនឹងស្ថិតនៅជាមួយពួកគេ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន