ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

មនុស្ស​៤​នាក់​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​ដោយ​កាំបិត​​នៅ​ប៉ារីស


ក្រុមអ្នកជំនាញកោសលវិច្ច័យកំពុងធ្វើការពិនិត្យកន្លែងកើតហេតុនៃករណីវាយប្រហារដោយកាំបិត នៅក្បែរអតីតទីស្នាក់ការកាសែត Charlie Hebdo នៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។

មនុស្ស​ចំនួន​ ៤ ​នាក់​ បាន​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​ដោយ​កាំបិត​មួយ ​កាល​ពី​ថ្ងៃ​សុក្រ ​ក្បែរអតីត​ស្នាក់ការកាសែត Charlie Hebdo ដែលជា​សារ​ព័ត៌មានលក្ខណៈ​រិះគន់​បែប​កំប្លែង ក្នុង​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង។​ ជនសង្ស័យ​ពីរ​នាក់​បាន​រត់​គេច​ខ្លួន នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ប៉ូលិស។

អ្នក​យក​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ដែល​បានទៅ​ដល់​កន្លែង​កើត​ហេតុ ឃើញ​វត្តមានប៉ូលិស​ជា​ច្រើន​ នៅ​តំបន់​កើត​ហេតុ​ ក្នុង​ភាគ​ខាង​កើត​ទី​ក្រុង​ប៉ារីស ​ក្បែរ​ទី​ស្នាក់​ការ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដីRichard Lenoir។

ក្រុម​ប៉ូលិស​កំពុង​តាម​ចាប់​ជន​ល្មើស ​និង​បាន​បិទ​តំបន់​ជុំវិញ​កន្លែង​កើត​ហេតុ ដែល​រួម​មានទីតាំង​អតីត​ស្នាក់ការ​កាសែត Charlie Hebdo ផង​ដែរ​ បន្ទាប់​ពី​ប្រទះ​ឃើញ​កញ្ចប់​សង្ស័យ​មួយ​នៅ​ក្បែរ​នោះ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​ប៉ូលិស​ម្នាក់។

ប៉ូលិស​និយាយ​ថា ​ពួកគេ​ចាប់​បាន​ជន​សង្ស័យ​ម្នាក់។​ មុន​ដំបូង​ឡើយ ​ប៉ូលិស​គិត​ថា ​ជនសង្ស័យ​ពីរ​នាក់ បានធ្វើសកម្មភាពនៅក្នុង​­ឧប្បទ្ទវហេតុ​នោះ ប៉ុន្តែ​ពេល​នេះ​ប៉ូលិសនិយាយ​ថា​ មាន​ជន​ល្មើស​តែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​ធ្វើ​ការ​វាយ​ប្រហារ​នេះ។​

មូលហេតុ​នៃ​ការ​វាយ​ប្រហារ​នេះ ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ ហើយគេក៏មិន​ដឹងថា ​មានជាប់​ពាក់ព័ន្ធ​នឹង​កាសែត Charlie Hebdo នោះ​ដែរ​ឬក៏យ៉ាងណា។ កាសែត​នេះ​បាន​រើ​ចេញ​ពី​ទី​តាំង​នេះ​ក្រោយ​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​ បាន​វាយ​ប្រហារ​ទៅ​លើ​ការិយាល័យ​និពន្ធ​របស់​ខ្លួន​ កាល​ពី​ឆ្នាំ​ ២០១៥ ដោយ​បាន​សម្លាប់​មនុស្ស ​១២​ នាក់​នៅ​ពេល​នោះ។ ​

ប៉ូលិស​មិន​បាន​បញ្ចេញ​អត្តសញ្ញាណ​របស់​ជន​ល្មើស ​ឬ​អ្នក​រង​របួស​ទេ ​ដែល​ក្នុង​នោះ​អ្នក​រង​របួសពីរ​នាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះបន្ទាន់ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្រ្តី​ប៉ូលិស​ ដែល​មិន​ត្រូវ​បាន​អនុញ្ញាតឲ្យ​បង្ហាញ​ឈ្មោះ​ជា​សាធារណៈ​នោះ​ទេ។​

ឧប្បទ្ទវហេតុ​នេះ​កើត​មាន​ឡើង​ ខណៈ​ដែល​តុលាការ​បារាំង ​ក្នុង​សប្តាហ៍​នេះ កំពុងជំនុំជម្រះបទ​ល្មើស​ភេរវកម្មលើជន​ល្មើស ​១៤ ​នាក់​ ទាក់ទង​នឹង​ការ​វាយប្រហារដ៏​ប្រល័យ​លើ​កាសែត Charlie Hebdo កាល​ពី​ឆ្នាំ ​២០១៥ ៕

XS
SM
MD
LG