ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពើ​ហិង្សា​ក្នុង​គ្រួសារ​កើន​ឡើង​នៅ​អឺរ៉ុប ស្រប​ពេល​ដែល​មេរោគ​កូរ៉ូណា​កំពុង​រីក​រាល​ដាល


រូប​ឯកសារ៖ នេះ​ជា​ទិដ្ឋាភាព​នៃ​អគារ​ស្នាក់​នៅ​ក្នុង​ក្រុង Vienna ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។
រូប​ឯកសារ៖ នេះ​ជា​ទិដ្ឋាភាព​នៃ​អគារ​ស្នាក់​នៅ​ក្នុង​ក្រុង Vienna ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។

​ការ​រាត​ត្បាត​នៃ​វីរុស​​កូរ៉ូណា​ប្រភេទ​ថ្មី​កំពុង​រីករាល​ទូទាំង​ពិភព​លោក ហើយ​វា​ក៏ធ្វើឲ្យ​កើន​ឡើង​នូវ​ភាពភ័យ​ខ្លាច​ដែល​បង្ក​ឡើង​ដោយ​ការ​រំលោភ​បំពាន​រាង​កាយ​ និង​ពាក្យ​សម្ដី​ផង​ដែរ។

នៅ​ពេលស្ត្រីៗ​មកដល់កន្លែង​ដែល​មាន​សុវត្ថិភាព ពួក​គេ​មាន​សភាព​តក់​ស្លុត ហើយ​ភាគ​ច្រើន​មាន​ឱប​ក្រសោប​កូនៗ​មក​ជា​មួយ។ ពួក​គេ​ត្រូវ​បាន​គេ​ជួយសង្គ្រោះក្រោយ​ពី​បាន​លួច​ផ្ញើសារ​រាយការណ៍​តាម​ទូរស័ព្ទ តាម​អ៊ីមែល និងតាម​ Instagram ឬ​ក្រោយ​ពី​រាយការណ៍អំពី​ការ​ឈ្លោះ​ប្រកែកគ្នា ឬ​នៅ​ពេល​ផ្ទុះឡើង​អំពើ​ហិង្សា។ ជន​រង​គ្រោះ​ផ្សេងៗទៀត អាច​លួច​ទៅ​ប្រាប់ឱសថការី ដោយ​ប្រើ​ភាសា​កូដ ពណ៌នា​អំពី​ស្ថាន​ភាពលំបាក​លំបិន​របស់​ពួក​គេ។

អ្នក​ជំនាញ​លើក​ឡើង​ថា ទូទាំង​ទ្វីប​អឺរ៉ុប ប្រជាជន​មាន​អារម្មណ៍​តាន​តឹង​ព្រោះ​ការ​ហាមឃាត់​មិនឲ្យ​ចេញ​ពី​ផ្ទះ ដោយ​សារ​តែ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី និង​ការ​ព្រួយ​បារម្ភ​ពី​ការ​រាត​ត្បាតកាន់​តែ​ខ្លាំង​ឡើង​នៃវីរុស​នេះ។ ការណ៍​នេះ​កំពុង​តែបង្ក​ឲ្យ​មាន​ការ​កើន​ឡើង​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ រដ្ឋាភិបាល​ជា​ច្រើន បាន​ផ្ដោត​ខ្លាំង​តែ​លើ​ការ​គ្រប់​គ្រង​ការ​រីក​រាល​ដាល​នៃវីរុស​នេះ ប៉ុន្តែ​មិន​បាន​គិត​គូរ​ពី​វិបត្តិ​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នោះទេ។​

ទើប​តែ​ក្នុង​ពេល​នេះ​ប៉ុណ្ណោះដែល​អាជ្ញាធរ​មួយ​ចំនួន ប្រឹង​ប្រែង​ឆ្លើយ​តបដោះ​ស្រាយ​បញ្ហា​នេះ បើទោះបី​ជា​ក្រុម​ការពារ​សិទ្ធិ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា ​គេ​ត្រូវ​ការ​ធន​ធាន​ជា​ច្រើនទៀត​ដើម្បី​ទប់​ទល់​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក្នុង​ពេល​នេះ​ និង​ពេល​អនាគត​ក៏ដោយ។ អ្នកស្រី Marceline Naudi ប្រធាន​អង្គការ GREVIO ដែល​ជា​ក្រុមបឹក្សា​អឺរ៉ុប​ស្ដី​ពី​អំពើ​ហិង្សា​ប្រឆាំង​ស្ត្រី បាន​និយាយ​ថា៖ «មិន​ដែល​មាន​តម្រូវ​ការ​ខ្លាំង​បែប​នេះ​ពី​មុន​មក​ក្នុងការ​រក​ដំណោះ​ស្រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ​ដែល​ផ្ដោត​លើ​កិច្ច​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្ត្រី និង​កុមារ​មាន​សុវត្ថិភាព​ចៀសផុត​ពី​អំពើ​ហិង្សា​នោះ​ទេ»។

អ្នកស្រី​បន្ថែម​ថា៖ «តើ​ប្រទេស​ទាំង​នោះ​បាន​ត្រៀម​ខ្លួន​រួច​រាល់ហើយ​ឬ​នៅ ដើម្បី​ឆ្លើយ​តប​នឹង​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​ក្នុង​តំបន់? អ្នកស្រី​អាច​និយាយ​ថា៖ «ប្រហែល​ជា​មិន​ទាន់​ទេ»។

​ការ​រាត​ត្បាត​នៃ​វីរុសកូរ៉ូណា​ប្រភេទ​ថ្មី​កំពុង​រីករាល​ទូទាំង​ពិភព​លោក ហើយ​វា​ក៏ធ្វើឲ្យ​កើន​ឡើង​នូវ​ភាពភ័យ​ខ្លាច​ដែល​បង្ក​ឡើង​ដោយ​ការ​រំលោភ​បំពាន​រាង​កាយ​ និង​ពាក្យ​សម្ដី​ផង​ដែរ។

​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក Antonio Guterres បាន​សរសេរ​សារ​លើ​បណ្ដាញ​សង្គម​ Twitter កាល​ពីពេល​ថ្មី​នេះៗថា «ស្ត្រី​ជា​ច្រើនដែល​កំពុង​ស្នាក់​នៅ​ក្នុង​ផ្ទះ​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ #COVID19 ប្រឈមនឹង​អំពើ​ហិង្សា​នៅ​កន្លែង​ដែល​ពួក​គេ​គិត​ថា​មាន​សុវត្ថិភាព​បំផុត៖ គឺ​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ»។ លោក Guterres បាន​ហៅ​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​ថា «ជា​រឿងអាក្រក់​មួយ» ហើយ​លោក​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នានា​បញ្ចូល​ការ​ការពារ​ស្ត្រី​ទៅក្នុង​ផែនការ​ទប់​ទល់ជា​មួយ​នឹង​វីរុស​កូរ៉ូណាប្រភេទថ្មី​របស់ពួក​គេ​ផងដែរ។

កំណើន​តួ​លេខ​នៅ​ទ្វីប​អឺរ៉ុប

ក្រុម​ប្រឹក្សាអឺរ៉ុប​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ទ្វីប​អឺរ៉ុប ប្រទេស​ដាណឺម៉ាក់ ​បាន​រាយការណ៍​ពី​ការ​កើន​ឡើង​នូវ​ចំនួន​ស្ត្រី ដែល​កំពុង​ស្វែង​រក​ទី​ជ្រក​កោន​ ហើយ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ បាន​រាយការណ៍​ពី​ការ​កើន​ឡើង​នៃ​ការ​ហៅទូរស័ព្ទ​ចូល​បណ្ដាញ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ស្តីពី​ការ​រំលោភបំពាន។ ស្រប​ពេល​គ្នា​នេះ​ដែរ ប្រទេស​អ៊ីតាលី និង​បារាំង កំពុង​សម្ដែង​ក្ដី​ពីបារម្ភ​ដូច​គ្នា​អំពី​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ការ​ហៅទូរស័ព្ទ​ចូល​បណ្ដាញ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​របស់​ខ្លួន។

អ្នកស្រី Anne-Cecile Mailfert នាយិកា​អង្គការ Fondation des Femmes ដែល​ជា​ក្រុម​តស៊ូមតិ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ក្នុងគ្រួសារ​ក្នុង​ប្រទេស​បារាំង​បាន​និយាយថា៖ «វា​មិន​មែនមាន​ន័យ​ថាករណីអំពើ​ហិង្សា​ក្នុង​គ្រួសារ​ធ្លាក់​ចុះ​នោះ​ទេ [ពេល​ចំនួន​ការ​ហៅ​ចូល​បណ្ដាញទូរស័ព្ទ​ទាន់​ហេតុការណ៍​ថយ​ចុះ​នោះ] ​វាផ្ទុយ​ពី​នេះ​ទៅវិញទេ។ ​នេះ​វាមាន​ន័យ​ថា​ស្ត្រី​មិន​អាច​ហៅ​ទូរស័ព្ទ​ចូល​ដោយ​សុវត្ថិភាពតទៅទៀត​បាន»។

នៅ​ទូទាំង​ប្រទេស​ក្នុង​ពេល​បី​សប្ដាហ៍​ដំបូង​នៃ​ការ​ហាម​ឃាត់​ពលរដ្ឋ​មិនឲ្យ​ចេញ​ក្រៅ​ផ្ទះ អាជ្ញាធរ​បារាំង​បាន​ប្រកាស​ពី​ការ​កើន​ឡើង​មួយ​ភាគ​បី​នៃ​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ បន្ថែម​ពី​ចំនួន​មធ្យមដែល​ត្រូវ​បាន​រាយការណ៍​ក្នុងមួយ​ឆ្នាំ​ៗ​ប្រមាណ ២សែន ១ម៉ឺន​ករណី។

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​ លោក Christophe Castaner បាន​ប្រាប់​វិទ្យុ​ក្នុង​ស្រុក​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ «​ខ្ញុំ​បដិសេធមិន​ឲ្យ​ការ​ឃុំ​ឃាំង​នេះ ​ក្លាយ​ទៅ​ជា​និទ្ទណ្ឌភាព​ឡើយ»។

ប៉ុន្តែ​អ្នកជំនាញជឿជាក់​ថា អំពើ​ហិង្សា​ក្នុង​តំបន់​នេះ ហាក់​ដូច​ជា​នឹង​បន្ត​កើតឡើង ឬ​កើន​ឡើង​ក្នុង​ពេល​ដែល​ប្រជាជនត្រូវ​នៅ​តែ​ក្នុង​ផ្ទះ។ វាកើត​ឡើង​ភាគ​ច្រើនតាម​រយៈ​ការ​ភ័យ​ខ្លាច​ពេល​រស់​នៅ​ក្នុងការ​ឃុំ​ឃាំង​នៅ​ក្នុង​អគារ​អាផាតមិន​តូច​ៗ​ក្នុង​ទីក្រុង ដែល​ជា​កន្លែង​ដែល​សមាជិក​គ្រួសាររស់​នៅ​ផ្ដុំ​គ្នា​ ក្នុង​អំឡុង​ពេល​អនុវត្ត​បញ្ជា​ស្នាក់​នៅ​ក្នុង​ផ្ទះ។ ប៉ុន្តែ​នៅ​តាម​តំបន់​ដាច់​ស្រយាល​ និង​ទីជន​បទ ក៏​មាន​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែរ។​

អ្នកនាង Mailfert បាន​និយាយ​ថា៖ «អ្នកជិត​ខាង​មិន​អាច​ឮ ឬ​រាយការណ៍​អំពី​រឿង​ដែល​កំពុង​កើត​ឡើងទេ»។

នៅ​ក្នុង​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បារាំង​បាន​ចេញ​វិធាន​ការ​បន្ថែម​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការកើន​ឡើងនៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដែល​រួម​មាន​យុទ្ធវិធី​ថ្មីៗ​ សម្រាប់​ឲ្យ​ស្ត្រីទទួល​បាន​ជំនួយ​ផ្លូវ​ច្បាប់​តាម​អ៊ីមែល ឬ​ការ​ផ្ញើសារ​តាម​ទូរស័ព្ទ។ ប្រទេស​បារាំង​ក៏​បាន​ធ្វើ​តាម​ប្រទេស​អេស្ប៉ាញ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ពាក្យ​សម្ងាត់​ សម្រាប់​ជន​រង​គ្រោះ​ ផ្ដល់​ដំណឹង​ដល់​ឱសថស្ថាន​នានា ហើយ​ឱសថការី​នឹង​រាយការណ៍បន្ត​ទៅ​ប៉ូលិស។

លោក Jean-Marie Guillemin ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ឱសថការី​ក្នុង​ស្រុក​មួយនៅ​ក្នុង​តំបន់​ Haute-Garonne ​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយថា៖ «ឱសថស្ថាន​ស្ទើរ​តែ​ជា​អាជីវកម្ម​តែមួយ​គត់​ដែល​នៅ​បើក​ទ្វារ​ ក្នុង​ប្រទេស​បារាំង ហើយ​យើង​មានបទ​ពិសោធន៍​ក្នុង​ការ​និយាយ​ទៅ​កាន់​អ្នក​ជំងឺ​របស់​យើង។ អ្នក​គ្រប់​គ្នា​នៅ​ក្នុង​អាជីព​នេះ​គាំទ្រ​ការ​ធ្វើ​បែប​នេះ»។

វិធី​សាស្ត្រ​ថ្មី​ផ្សេងៗ​ទៀត​រួម​មាន មជ្ឈមណ្ឌល​ផ្ដល់​ប្រឹក្សា​ចល័ត និង​ការ​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដល់​ស្ត្រី​ឲ្យ​បាន​ច្រើន​ជាង​នេះ។ វិធីសាស្ត្រ​ខ្លះ​មាន​ភាព​ចម្រូង​ចម្រាស ដូច​ជាការ​បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​ហៅ​ចូលបន្ទាន់​សម្រាប់​ជនល្មើស​ប្រព្រឹត្តិ​អំពើ​ហិង្សា​ក្នុងគ្រួសារ​ជា​ដើម។

អ្នកនាង Mailfert បាន​និយាយ​ថា៖ ​«អ្នកស្រី​ភ្ញាក់​ផ្អើល ​ដោយសារ​ជន​បង្ក​ភាគច្រើន​មាន​ល្បិច​ខ្ពស់។ ក្នុង​អំឡុង​ពេល​នៃ​ការ​ស្នាក់នៅ​ក្នុង​ផ្ទះ រឿង​ដែល​សំខាន់​បំផុត​នោះ​គឺ​បំបែក​មនុស្ស​ចេញ​ពី​គ្នា»។

តម្រូវ​ការ​ធនធាន​បន្ថែម

ប្រទេស​បារាំង​មិន​មែន​ជា​ប្រទេស​តែ​មួយ​ ដែលបាន​បង្កើត​យុទ្ធសាស្ត្រច្នៃ​ប្រឌិត​ទប់​ទល់​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទេ។ ប្រទេស​អ៊ីតាលី​ បាន​ដាក់​ឲ្យ​ប្រើប្រាស់​កម្ម​វិធីទូរស័ព្ទ​ថ្មី​មួយ​ដើម្បី​រាយការណ៍​ពី​អំពើ​ហិង្សា​ក្នុងគ្រួសារ។ រដ្ឋធានីរបស់​ប្រទេស​ប៊ែលហ្ស៉ិក បាន​បើកដំណើរ​ការ​សណ្ឋាគារ​ពិសេស​មួយ​សម្រាប់​ជន​រង​គ្រោះ។​
អ្នកជំនាញ​និយាយ​ថា ប៉ុន្តែថវិកា​ដែល​មានសម្រាប់ឆ្លើយ​តប​ទៅ​នឹងគ្រប់​ករណី​ទាំង​អស់​មិន​គ្រប់​គ្រាន់​ឡើយ ហើយ​ថាថវិកា​ដើម្បី​ទប់​ទល់​នឹង​ជំងឺ COVID-19 ក៏មិន​គ្រប់​គ្រាន់​ដូច​គ្នា​ដែរ។

អ្នកស្រី Naudi នៃអង្គការ​ក្រុម​ប្រឹក្សា​អឺរ៉ុប​ដែល​មាន​ប្រទេស​ចំនួន ៤៧ ជាសមាជិក បាន​និយាយ​ថា៖ «ជា​ទូទៅ​ថវិកា​ផ្ដល់​សេវាកម្ម​ផ្សេងៗ ដល់​ស្ត្រី​គឺ​មិន​គ្រប់​គ្រាន់ទេ​ នៅក្នុង​ប្រទេស​នានា​ដែល​យើង​កំពុង​ត្រួត​ពិនិត្យ»។ អ្នកស្រី​បន្ថែម​ថា៖ «សេវាកម្ម​គឺ​មិន​គ្រប់​គ្រាន់ ពួក​គេ​មិន​មាន​ថវិកា​គ្រប់​គ្រាន់ទេ ហើយ​ថវិកា​ដែល​ពួក​គេ​មាន​គឺ​មិន​ស្ថិតស្ថេរនោះទេ»។

ប៉ុន្តែ​ក្រុម​មួយ​ចំនួន​កំពុងតែ​ប្រមូល​ថវិកា​ពី​ធនធានថ្មី​ដែល​មាន​ក្នុងពេល​បច្ចុប្បន្ន បើ​ទោះបីជា​ប្រភព​ថវិកា​នេះ​មិន​សូវ​រឹង​មាំ​យ៉ាង​ណាក៏​ដោយ។​

នៅ​ក្នុង​តំបន់​រដ្ឋធានី​ប៉ារីស អ្នកស្រី Brigitte Chabert ដែល​ជា​ប្រធាន​សមាគម​គាំទ្រ​ស្ត្រី​ឈ្មោះ Du Côté des Femmes និយាយ​ថា​ អន្តេវាសិកដ្ឋាន​របស់​និស្សិត​ដែល​គ្មាន​អ្នកស្នាក់​នៅ​ ត្រូវ​បានគេ​យក​ធ្វើ​ជា​ទីជម្រក​នៃ​ជន​រង​គ្រោះ។ បន្ទប់ទាំង​នោះ​នៅ​ទំនេរ​រហូត​ដល់​ខែ​កក្កដា។

អ្នកស្រី​បន្ថែម​ថា៖ «យើង​ឃើញ​មាន​ជន​រងគ្រោះ​ដោយ​សារ​អំពើ​ហិង្សា​គ្រប់​ប្រភេទ​ដូចជា​អំពើហិង្សា​ផ្លូវភេទ ឬ​ដោយ​សារ​កុមារបង្ក​ឲ្យ​មាន​សំឡេង​រំខាន​ខ្លាំង​ហួសហេតុ ឬ​សូម្បី​តែ​ដៃគូ​ខឹង​ខ្លាំង​ព្រោះ​តែ​ស៊ុប​ក្ដៅពេក ឬ​ត្រជាក់ពេក»។

បន្ទប់​ចំនួន​ពីរ​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​និស្សិត​ត្រូវ​បានប្រើប្រាស់​សម្រាប់​ជា​កន្លែង​ក្មេង​លេង និង​បន្ទប់​កីឡា ដែល​គ្រួសារ​ជន​រង​គ្រោះនីមួយៗ ​ប្រើប្រាស់​ដោយ​ឡែក​ពី​គ្នា ដោយ​សារ​ការ​ព្រួយ​បារម្ភ​ពីសុវត្ថិភាព​ផ្នែក​សុខភាព។ មាន​បុគ្គលិក​ផ្នែកសេវាសង្គមផ្ដល់​ការ​ពិគ្រោះ​យោបល់​ផ្នែកច្បាប់​ និង​បញ្ហា​ផ្លូវ​ចិត្ត​ដល់​ជន​រងគ្រោះ។

អ្នកស្រី Chabert ​ថ្លែង​ថា​៖ «ពួក​គេ​មក​ដល់​ទី​នេះ​ក្នុងស្ថានភាព​ដុន​ដាប​បំផុត។ ពួក​គេ​ត្រូវ​ការ​ពេលវេលា ដើម្បី​គិត​ពី​ជំហាន​បន្ទាប់​ទៀត»៕

ប្រែសម្រួលដោយ សឿន វឌ្ឍនា

XS
SM
MD
LG