អង្គការក្រៅរដ្ឋាភិបាលដែលបង្រៀនសត្វកណ្តុរហិតរកមីនបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា«វីរបុរសកណ្តុរ»ឈ្មោះ Magawa ចូលនិវត្តន៍នៅចុងខែមិថុនានេះ បន្ទាប់ពីបម្រើនៅប្រទេសកម្ពុជាអស់រយៈពេល៥ឆ្នាំ។
កណ្តុរយក្សពូជអាហ្រ្វិកនេះទទួលបានមេដាយមាសពីអង្គការពេទ្យសត្វសប្បុរសធម៌មួយមានមូលដ្ឋាននៅចក្រភពអង់គ្លេសហៅកាត់ថា PDSA កាលពីឆ្នាំមុនសម្រាប់ សេចក្តីក្លាហាននិងការលះបង់ដើម្បីសង្គ្រោះជីវិត។ កណ្តុរនេះបានរកឃើញមីនចំនួន៧១គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន៣៨គ្រាប់។ នេះបើតាម Apopo ដែលជាអង្គការមនុស្សធម៌ដែលបង្រៀនកណ្តុរនិងសុនខហិតរកមីននិងមេរោគរបេង។
កណ្តុរឈ្មោះ Magawa ដែលមានងារជាផ្លូវការថា វីរបុរសកណ្តុរត្រូវបានគេចិញ្ចឹមឲ្យរកមីននៅក្នុងប្រទេសតង់ហ្សានី។
អ្នកស្រី សូ ម៉ាឡែន អ្នកគ្រប់គ្រងកណ្តុរនេះ បាននិយាយថា «Magawa ធ្វើការល្អលើសគេ។ ខ្ញុំមានមោទនភាពធ្វើការជាមួយវា។ វាតូច ប៉ុន្តែវាបានជួយសង្គ្រោះជីវិតមនុស្សជាច្រើនដែលអនុញ្ញាតឱ្យយើងដោះមីនដើម្បីប្រគល់ដីមានសុវត្ថិភាពទៅឲ្យប្រជាជនរបស់យើងវិញយ៉ាងឆាប់រហ័ស និងចំណាយតិច។ ប៉ុន្តែវាយឺតហើយ ហើយយើងត្រូវគោរពសេចក្តីត្រូវការរបស់វា។ ខ្ញុំនឹងនឹកអំពីពេលធ្វើការជាមួយវា»។
ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាជនពិការដោយសារមីនច្រើនជាងគេបំផុតនៅលើពិភពលោកដែលមានចំនួនជាង៤ម៉ឺននាក់៕