ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​ក្រុម​ហ៊ុន​ចិន​ ​៤​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយសារ​ខួង​ថ្ម​បុរាណ​នៅ​អង្គរ​វត្ត


រូបឯកសារ៖ រូបភាព​ព្រះអាទិត្យ​រះ នៅ​លើ​កំពូល​ប្រាសាទ​អង្គរវត្ត កាល​ពី​ព្រឹក​ថ្ងៃទី​១៧ កុម្ភៈ ២០១៧ នៅ​ក្នុង​ខេត្ត​សៀមរាម​ ប្រទេស​កម្ពុជា។ (នៅ វណ្ណារិន/VOA​ Khmer)

អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​បួន​នាក់ ​និង​​បញ្ជូន​ខ្លួន​ទៅ​ឲ្យ​​នគរបាល​បេតិកភណ្ឌ​ ​កាល​ពី​ថ្ងៃ​អាទិត្យ​ ​ក្រោយ​ពេល​ជន​ជាតិ​ចិន​មួយ​ក្រុម​នេះ​បាន​ខួង​ថ្ម​បូរាណ​នៅ​​ទក្សិណ​​ប្រាសាទ​អង្គរ​វត្ត។​ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​ជាន់​ខ្ពស់​​អាជ្ញាធរ​ជាតិ​អប្សរា។

ជន​ជាតិ​ចិន​ចំនួន​៤​នាក់​ ​ត្រូវ​បាន​ឃាត់​ខ្លួន​បញ្ជូនទៅ​ឲ្យ​នគរបាល​បេតិកភណ្ឌ​ដើម្បី​ចាត់​វិធានការ​ ​បន្ទាប់​ពី​ជន​ជាតិ​ចិន​ទាំង​នោះ​យក​ដែក​ទៅ​ស្វាន​ថ្ម​បូរាណ​នៅ​ក្បែរ​ប្រាសាទ​អង្គរ​វត្តដ៏​ល្បីល្បាញ​របស់​កម្ពុជា​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។​ ​អ្នក​ឃ្លាំ​មើល​សង្គម​យល់​ថា​ ​ការ​ដែល​ជន​ជាតិ​ចិន​ទាំង​នោះ ​អាច​ចូល​ទៅ​ស្វាន​ថ្ម​នៅ​តំបន់​ការ​ពារ​ដ៏​តឹងរ៉ឹង​បែប​នោះ​បាន​ ​គឺ​អាច​ដោយ​សារ​មាន​អ្នក​មាន​អំណាច​នៅ​ខាង​ក្រោយ​ខ្នង​ពួក​គេ។​

អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​បួន​នាក់ ​និងបញ្ជូន​ខ្លួន​ទៅ​ឲ្យនគរបាល​បេតិកភណ្ឌ​ ​កាល​ពី​ថ្ងៃ​អាទិត្យ​ ​ក្រោយ​ពេល​ជន​ជាតិ​ចិន​មួយ​ក្រុម​នេះ​បាន​ខួង​ថ្ម​បូរាណ​នៅទក្សិណប្រាសាទ​អង្គរ​វត្ត។​ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​ជាន់​ខ្ពស់អាជ្ញាធរ​ជាតិ​អប្សរា។​

​លោក​ ​ឡុង កុសល​ ​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ប្រាប់​ ​VOA​ ​នា​ល្ងាច​ថ្ងៃ​ពុធ​នេះ​ថា​ ​ជន​ជាតិ​ចិន​ចំនួន​៤​នាក់​ ​កាល​ពី​ថ្ងៃ​ទី៦​ ​ខែ​ឧសភា​ ​បាន​យក​ដែក​ខួង​ថ្ម​បូរាណ​ផ្នែក​ខាង​ត្បូង​មុខ​ប្រាសាទ​អង្គរ​ទំហំ​មុខ​កាត់​ ​១.៦​ ​សង់​ទី​ម៉ែត្រ​ ​(ប្រហែល​ប៉ុន​ប៊ិច)​ ​និង​មាន​ជម្រៅ១០.១​ ​សង់​ទី​ម៉ែត្រ។​

​លោក​បន្ថែម​ថា​ ​ជន​ជាតិ​ចិន​ទាំង​នោះ​ គឺ​ជា​អ្នក​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​សាង​សង់​ផ្លូវ​ស្ពាន​របស់​ចិន​មួយ​ ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​សិក្សា​គម្រោង​ស្តា​ផ្លូវ​ទឹក​ ​ប៉ុន្តែ​លោក​ថា​ ​ពួក​គេ​មិន​បាន​សហការ​ជា​មួយ​អាជ្ញាធរ​ជាតិ​អប្សរា​ មុន​នឹង​សម្រេច​ខួង​ថ្ម​នោះ​ទេ។​

លោក ឡុង កុសល​ ​បញ្ជាក់​ថា៖​

«បញ្ហា​ខុស​បច្ចេកទេស​គឺ​នៅ​ត្រង់​ណា​ គឺ​គាត់​ត្រង់​ថា​ខាង​ក្រុម​ហ៊ុន​ហ្នឹង​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​សិក្សា​អំពី​គម្រោង​ស្តា​ផ្លូវ​ទឹក​ពី​ទន្លេ​មេគង្គ​ ​មក​ទន្លេ​សាប។​ ​ហើយ​កំហុស​បច្ចេកទេស​គឺ​នៅ​ត្រង់​ថា ​គាត់​ពុំ​បាន​ធ្វើ​ការ​ទាក់​ទង​មក​អាជ្ញាធរ​អប្សរា​ ​ឬ​អត់​បាន​ធ្វើ​ការ​ស្នើ​សុំ​អាជ្ញាធរ​អប្សរា​ ​ដើម្បី​ធ្វើ​ការ​កំណត់​ចំណុច​គោល​ក្នុង​ការ​វាស់​ស្ទង់​កម្ពស់​ទឹក​ទន្លេ​សាប​ទេ។​ ​អញ្ចឹង​ទៅ​ដោយ​សារ​គាត់​អត់​បាន​ទំនាក់ទំនង​ទៅ គាត់ក៏​បាន​មក​ខួង​នៅ​កន្លែង​ហ្នឹង»។​

លោក​ ​ឡុង កុសល​ ​បន្ថែម​ថា​ ​អាជ្ញាធរ​ បាន​បញ្ជូន​ជន​ជាតិ​ចិន​ទាំង​៤​នាក់​នោះ​ទៅ​នគរបាល​បេតិកភណ្ឌ​ដើម្បី​ចាត់​វិធានការ​ ​ប៉ុន្តែ​លោក​មិន​ដឹង​ថា នគរបាល​នឹង​មាន​ចំណាត់​ការ​បែប​ណា​នោះ​ទេ។​

លោក​ ​នួន ថាន​ ​អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ​ ​និង​លោក​ ​គាត ប៊ុនថាន​ ​ប្រធាន​អង្គភាព​ការពារ​បេតិកភណ្ឌ​តំបន់​អង្គរ​ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​បញ្ជាក់​ថា​ ​ពួក​លោក​ជាប់​រវល់​នៅ​ខាង​ក្រៅ​មិន​បាន​ទៅ​ធ្វើ​ការ។​

រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​ការ​អះអាង​ណា​មួយ​ពី​អាជ្ញាធរ​កម្ពុជា​ ទាក់​ទិន​នឹង​ទោស​ទណ្ឌ​ ឬ​វិធានការ​ណា​មួយ​លើ​ជន​ជាតិ​ចិន​ទាំង​៤រូប​នេះ​នៅ​ឡើយ។​ ​

​VOA​ ​ក៏​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​ស្ថាន​ទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ទេ​រហូត​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ។​

លោក​ ​មាស នី​ ​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​លើក​ឡើង​ថា​ ​អាជ្ញាធរ​ជាតិ​អប្សរា គឺ​ជា​ស្ថាប័ន​ដែល​ការ​ពារ​តំបន់​អង្គរ​យ៉ាង​តឹងរ៉ឹង​ ​ប៉ុន្តែ​លោក​ថា​ ​ករណី​ដែល​អាច​មាន​ការ​ខួង​ ​ឬ​ស្វាន​ថ្ម​តំបន់​អង្គរ​នេះ អាច​បណ្ដាល​មកពី​ការ​ធ្វេស​ប្រហែស​របស់​អាជ្ញាធរ​ ​និង​អាច​បណ្ដាល​មកពី​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​អ្នក​ប្រព្រឹត្ត។​ ​

លោក​បន្ថែម​ថា​ ​អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំង​អស់​ ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ​និង​ពង្រឹង​ការ​អនុ​វត្តច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ ​ជៀសវាង​ការ​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​បេតិកភណ្ឌ​ជាតិ។​

​លោក​មាន​ប្រសាសន៍​ថា៖​

«រឿង​សំខាន់​គឺ​ការ​អនុ​វត្តច្បាប់​ហ្នឹង។​ ​ហើយ​កាលណា​យើង​និយាយ​អនុ​វត្តច្បាប់​នៅ​ស្រុក​យើង​ ​គឺ​មាន​បញ្ហា​គ្រប់​ទី​កន្លែង។​ ​កាលណា​អនុ​វត្តច្បាប់​ ​បាន​ន័យ​ថា​ត្រូវ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​នឹង​មាន​តួ​នាទី​ពេញ​លេញ​ ​ហើយ​បើ​មាន​អ្នក​ក្រៅ​ណា​មួយ​យក​អំណាច​ខ្លួន​ឯង​ទៅ​រំលោភ​លើ​ហ្នឹង​ហើយ រំលោភ​លើ​ច្បាប់​ទៀត​ ​អា​ហ្នឹង​វា​បន្ត​បន្ទាប់​វា​លែង​ធ្វើ​ឲ្យ​ច្បាប់​មាន​ន័យ ហើយ​វា​អាច​អាប់ឱន​ដល់​កិត្តិយស​ស្ថាប័ន​ដែល​គ្រប់​គ្រងនៅ​កន្លែង​ហ្នឹង»។​

​កំណើន​វត្ត​មាន​ជន​ជាតិ​ចិន​លើ​ទឹក​ដី​កម្ពុជា​ដ៏​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​កំពុង​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​បញ្ហា​សន្តិសុខ​ ​សុវត្ថិភាព​ ​និង​សេដ្ឋកិច្ច​នៅ​តាម​ខេត្ត​សំខាន់ៗ​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​ ​ដូចជា​នៅ​ខេត្ត​ព្រះ​សីហនុ​ខេត្ត​សៀមរាប​ ​និង​រាជធានី​ភ្នំពេញ​ជា​ដើម។​

ប្រជា​ពលរដ្ឋកម្ពុជា​មួយ​ចំនួន​ ​បាន​ត្អូញត្អែរ​ពី​ផល​លំបាក​ក្នុង​តំបន់​ដែល​សម្បូរ​ដោយ​ជន​ជាតិ​ចិន​ដែល​ទើប​ចូល​មក​ស្នាក់​នៅ​ ដោយ​លើកឡើង​ថា ជនជាតិ​ចិន​ទាំង​នេះ​បាន​បង្ក​ការ​រំខាន​ ​និង​ធ្វើ​ឲ្យ​មាន​ផល​លំបាក​ដល់​ការ​រស់​នៅ​ ​និង​ការ​រក​ស៊ី​របស់​ពួក​គេ​ជា​ដើម។​ ​ចំណែក​ជន​ជាតិ​ជន​ជាតិ​ចិន​រាប់​រយ​នាក់ទៀត​ ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ផង​ដែរ។​

យ៉ាង​ណា​ក៏​ដោយ​ ​នា​ពេល​ថ្មីៗ​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ធ្លាប់​បាន​ប្រាប់​ប្រជា​ពលរដ្ឋ​កុំ​ឲ្យ​បារម្ភ​ពី​កំណើន​ជន​ជាតិ​ចិន​ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ ​ដោយ​លោក​អះអាង​ថា​ ​ជន​ជាតិ​ចិន​ដែល​មក​ស្នាក់​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ​គឺជា​អ្នក​វិនិយោគ​ ​និង​អ្នកទេសចរណ៍ដែល​នាំ​យក​លុយ​ ​និង​ចំណូល​មក​ឲ្យ​កម្ពុជា​ប៉ុណ្ណោះ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG