ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ខ្មែរ​៤រូប​រងរបួស​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ ​នៅ​មូលដ្ឋាន​របស់ ​UN ​ ក្នុង​ប្រទេស​ម៉ាលី​


ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​និង​ទាហាន​ដើរ​នៅ​ក្បែរអគារ​ដែល​ត្រូវ​បាន​បំផ្លាញបន្ទាប់​ពី​មាន​ការ​បំផ្ទុះ។
ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​និង​ទាហាន​ដើរ​នៅ​ក្បែរអគារ​ដែល​ត្រូវ​បាន​បំផ្លាញបន្ទាប់​ពី​មាន​ការ​បំផ្ទុះ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​បញ្ជាក់​ថា​ ​ពលរដ្ឋ​ខ្មែរ​៤នាក់​ដែល​បម្រើ ការ​ងារ​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​រង​របួស​ ​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​ ​ក្នុង​មូលដ្ឋាន​របស់​អង្គការ​សហប្រជាជាតិ​ ​នៅ​ប្រទេស​ម៉ាលី។

​ពលរដ្ឋខ្មែរ​៤នាក់​ដែល​បម្រើ​ការងារ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ ​បាន​រង​របួសធ្ងន់​ ​និង​ស្រាល​ ​ដោយ​សារ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​ ​ក្នុង​មូលដ្ឋាន​មួយ​របស់​អង្គការ​សហប្រជាជាតិ​ (UN) ​នៅ​ប្រ​ទេស​ម៉ាលី។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ។

​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​នៅ​ថ្ងៃទី១៤​ ​ខែវិច្ឆិកា​ ​និង​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក​របស់​លោក​ ​ឈុំ សុជាតិ​ ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ​បញ្ជាក់​ថា​ ​នៅ​យប់​ថ្ងៃទី១២​ ​ខែវិច្ឆិកា​ ​ម៉ោង​នៅ​ប្រទេស​ម៉ាលី​ ​ត្រូវ​នឹង​ព្រឹក​ថ្ងៃទី១៣​ ​ខែវិច្ឆិកា​ ​ម៉ោង​នៅ​កម្ពុជា​ ​មាន​ករណី​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​ ​បង្កឡើង​ដោយក្រុម​ភេរវ​ក​បើក​រថយន្ត​មួយ​គ្រឿង​ ​ចូល​ទីតាំង​ប្រតិបត្តិ​ការ​មួយ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ​នៅ​តំបន់​ហ្កាវ​ ​ប្រទេស​ម៉ាលី។

​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«​ហេតុការណ៍​នេះ​ ​បាន​បណ្តាល​ឲ្យ​ភេរវ​ករ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់បែក​ស្លាប់​នៅ​ហ្នឹង​កន្លែង​ ​និង​បាត់បង់​ជីវិត​ជនជាតិ​ម៉ាលី​២នាក់​ ​ព្រមទាំង​មាន​អ្នក​របួស​១៤នាក់​ ​ដែល​ក្នុង​នោះ​ក៏​មាន​ពល​រដ្ឋខ្មែរ​ ​ដែល​បម្រើការ​ងារ​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​ចំនួន​៤នាក់​ផង​ដែរ​ ​(​ម្នាក់​របួសធ្ងន់​ ​និង​៣​នាក់​ទៀត​របួស​ស្រាល)។​ ​ចំណែក​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​ ​(ទាហាន​មួក​ខៀវ)​ ​ដែល​បំពេញ​បេសក​កម្ម​នៅ​តំបន់​នេះ​ ​មិន​មាន​គ្រោះថ្នាក់​ដោយ​ហេតុ​ការណ៍​ខាងលើ​ទេ»។

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា​ ​ជនរងគ្រោះ​ដែល​ជា​ជនជាតិ​ខ្មែរ​រង​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កម្រិត២​ ​ក្នុង​ប្រទេស​ម៉ាលី​ ​ចំណែក​៣រូប​ទៀត​ដែល​រង​របួសស្រាល​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្បែរ​កន្លែង​កើតហេតុ។

​លោក​ ​ឈុំ​ ​សុ​ជាតិ​ ​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​ ​ប្រាប់​ ​VOA​ ​ថា​ ​ពលរដ្ឋខ្មែរ​ទាំង​៤រូប​ដែល​រង​របួស​ ​ជា​អ្នក​ធ្វើការ​ឲ្យ​អង្គការ​សហប្រជាជាតិ​នៅ​ទីនោះ​ ​មិនមែន​ជា​ទាហាន​មួក​ខៀវ​នោះ​ទេ។

​លោក​មាន​ប្រសាសន៍​ថា៖​

​«គាត់​មិនមែន​ជា​ក្របខណ្ឌ​កងទ័ព​យើង​ទេ​ ​ជា​ក្របខណ្ឌ​ដែល​គាត់​ចូល​ធ្វើ​ការ​បម្រើ​ជាម​ន្ត្រី​ជាប់​កិច្ច​សន្យា​របស់​ជាមួយ​ ​UN​ ​ជា​អ្នកបកប្រែ​ ​ជា​អ្នក​បើកឡាន​អី​អញ្ចឹង​ទៅ។​ ​អ្នក​ដែល​របួស​ស្រាល​ហ្នឹង​ ​គឺ​កំពុង​តែ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កម្រិត​មួយ​របស់​កង​យោធពល​ខេមរ​ភូមិន្ទ​របស់​យើង​នៅ​ប្រទេស​ម៉ាលី​ហ្នឹង​ ​របួសធ្ងន់​នៅ​មន្ទីរពេទ្យ​ចិន​ ​យើង​មិនទាន់​មានអី​បញ្ជូន​មក​ទេ​ ​ព្រោះ​គាត់​នៅ​កំពុង​ព្យាបាល​នៅ​ឡើយ​ ​ខ្ញុំ​មិនទាន់​ទទួល​បាន​ដំណឹង​ទេ»។

​បើ​តាម​លោក​ ​ឈុំ សុជាតិ​ ​បញ្ជាក់​ថា​ ​រហូត​មក​ដល់​ពេល​នេះ​ ​ក្រុម​កងទ័ព​ទាហាន​មួយ​ខៀវ​កម្ពុជា​ដែល​កំពុង​បម្រើការ​ងារ​នៅ​ប្រទេស​ម៉ាលី​ ​ធ្លាប់​ទទួល​រង​ការវាយ​ប្រហារ​ចំនួន​៤លើក​រួចមក​ហើយ​ ​ប៉ុន្តែ​លោក​ថា​ ​មិន​មាន​អ្នករងគ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​នោះ​ទេ។

​នៅ​ដើម​ខែវិច្ឆិកា​នេះ​ ​កម្ពុជា​ទើប​បញ្ជូន​ទាហាន​មួក​ខៀវ​ចំនួន​ ​២១៦នាក់​បន្ថែម​ទៀត​ ​ទៅ​ចូលរួម​បេស​ក​កម្ម​រក្សា​សន្តិភាព​ក្រោម​ស្លាក​អង្គការ​សហប្រជាជាតិ​ ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល។​ ​កាលពី​សប្តាហ៍​មុន​ ​កង​វិស្វកម្ម​លេខ៩៥៤​ ​ចំនួន​២១៦​នាក់​ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​ពីសា​ធា​ណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​ ​និង​កង​រាជ​អាវុធហត្ថ​លេខ​៦១៨​ ចំនួន៧៣​នាក់​ ​ពីសា​ធា​ណ​រដ្ឋ​ស៊ូដង់​ខាងត្បូង​ ​ក៏​ទើប​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កម្ពុជា​វិញ​ផង​ដែរ។

​ចាប់​តាំង​ពី​ឆ្នាំ២០០៦​មក​ ​កម្ពុជា​បាន​បញ្ជូន​ទ័ព​មួក​ខៀវ​ចំនួន​ជាង៥ពាន់​នាក់​ ​ចូលរួម​បេសកកម្ម​នៅ​ប្រទេស​ចំនួន៨​ ​រួមមាន​ ​លីបង់​ ​ម៉ាលី​ ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ ​ស៊ូដង់​ ​ស៊ូដង់​ខាងត្បូង​ ​និង​ប្រទេស​ឆាត​។​ ​កងទ័ព​មួក​ខៀវ​ដែល​បញ្ជូន​ពី​កម្ពុជា​ ​មាន​ភារកិច្ច​ផ្តោត​លើ​ការ​ដោះ​មីន​ ​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ ​ការ​សាង​សង់​ព្រលាន​យន្ត​ហោះ​ ​ការ​ធ្វើ​ផ្លូវ​គមនាគមន៍​ ​និង​ការ​ធ្វើ​ការងារ​មនុស្ស​ធម៌​ជា​ដើម។​

​ក្នុង​ចំណោម​កងទ័ព​មួក​ខៀវ​កម្ពុជា​ជាង៥ពាន់​នាក់​នោះ​ ​មាន​កងទ័ព​កម្ពុជា​ចំនួន​៥នាក់​ ​បាន​បាត់បង់​ជីវិត​ក្នុង​បេសកកម្ម​នោះ​។​ ​ក្នុង​នោះ​ ​មាន​ម្នាក់​បាត់បង់ជីវិត​ដោយសារ​ជំងឺគ្រុនចាញ់​ ​និង​បួន​នាក់​ទៀត​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​អំឡុង​ពេល​បំពេញ​បេសក​កម្ម​នៅ​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល។​

​សម្រាប់​កងទ័ព​ដែល​បាត់បង់ជីវិត​ដោយសារ​ការ​បាញ់ប្រហារ​ក្នុង​បេសកកម្ម​នោះ​ ​អង្គការ​សហ​ប្រជា​ជាតិ​បាន​ផ្តល់​សំណង​ទៅ​ឲ្យ​គ្រួសារ​របស់​ជនរងគ្រោះ​ ​ក្នុង​មួយ​គ្រួសារ​ចំនួន៧ម៉ឺន​ដុល្លារ៕

XS
SM
MD
LG