ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​បួន​នាក់​ដែល​ពួក​ចោរ​សមុទ្រ​សូម៉ាលី​ទើប​ដោះ​លែង​នឹង​ទៅ​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ​


រូបថត​ដែល​ថត​បាន​កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ បង្ហាញ​ពី​មនុស្ស​២៦នាក់​ដែល​​ត្រូវ​បាន​ចោរ​សមុទ្រ​ដោះលែង។ ពួកគេ​ជា​ចំណាប់ខ្មាំង​ដែល​ចាប់​បាន​ក្នុង​ពេល​ប្លន់​នាវា​មួយ​កាលពី​៥ឆ្នាំ​មុន។
រូបថត​ដែល​ថត​បាន​កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ បង្ហាញ​ពី​មនុស្ស​២៦នាក់​ដែល​​ត្រូវ​បាន​ចោរ​សមុទ្រ​ដោះលែង។ ពួកគេ​ជា​ចំណាប់ខ្មាំង​ដែល​ចាប់​បាន​ក្នុង​ពេល​ប្លន់​នាវា​មួយ​កាលពី​៥ឆ្នាំ​មុន។

ពលរដ្ឋ​ខ្មែរ​បួន​នាក់​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ចំនួន​ ២៦​នាក់​ដែល​ត្រូវ​បាន​ដោះលែង​ពី​ការ​ចាប់​ជំរិត​ដោយ​ពួក​ចោរ​សមុទ្រ​សូម៉ាលី​នឹង​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ​ឆ្លង​កាត់​តាម​ប្រទេស​ហ្វីលីពីន​ នេះ​បើ​យោង​តាម​លោក​ស្រី​ Debra Havins នាយក​ជាន់ខ្ពស់ផ្នែក​កិច្ច​ការ​សាធារណៈ​សកល​នៃ​មូល​និធិ​ One Earth Future។

ទូក​នេសាទ​របស់​តៃវ៉ាន់​មួយ​គ្រឿង​ឈ្មោះ Naham 3 ​ត្រូវ​បាន​ចោរ​សមុទ្រ​សូម៉ាលី​ប្លន់​កាលពី​ខែ​មីនា​ ឆ្នាំ២០១២ ដែល​នៅ​លើ​នោះ​មាន​មនុស្ស​ចំនួន​២៩នាក់។ ប៉ុន្តែ​ សមាជិក​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ពេល​ដែល​នាវា​នោះ​ត្រូវ​បាន​ចោរ​ប្លន់ ហើយ​ពីរ​នាក់​ទៀត​បាន​ឈឺ​ស្លាប់​ក្រោយ​ពេល​ត្រូវ​ចាប់​ជំរិត នេះ​បើ​យោង​តាម​លោក​ John Steed អ្នក​សម្រប​សម្រួល​នៃ​គម្រោង​ Hostage Support Partners។

ចំណាប់ខ្មាំង​ចំនួន​២៦​នាក់​ដែល​នៅ​រស់​រាន​មាន​ជីវិត​រួម​មាន​ជនជាតិ​ ចិន វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី តៃវ៉ាន់ និង​កម្ពុជា​ចំនួន​៤នាក់។ ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ទៅ​ប្រទេស​សូម៉ាលី​ ហើយ​ត្រូវ​បាន​ដោះលែង​ក្រោយ​មាន​ការ​ចរចា​រយៈ​ពេល​ជាង​៣ឆ្នាំ​រវាង​លោក​ John Steed អ្នក​សម្រប​សម្រួល​នៃ​គម្រោង Hostage Support Partners ជាមួយ​នឹង​ក្រុម​ចោរ​សមុទ្រ​សូម៉ាលី​ដែល​ទាមទារ​ប្រាក់​លោះ​រាប់​លាន​ដុល្លារ។

អ្នក​តំណាង​ចោរ​សមុទ្រ​ Bile Hussein បានអះ​អាង​ថា​ ខ្លួន​ទទួល​បាន​ប្រាក់​លោះ​ចំនួន ១លាន​ ៥​សែន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់​ខ្មាំង​ទាំង​នោះ។ ប៉ុន្តែ​លោកស្រី​ Havins បាន​ប្រាប់ VOA ​ផ្សាយ​ជា​ខេមរភាសា​ថា​ អង្គការ Hostage Support Partners ​មិន​បាន​បង់ប្រាក់​លោះ​ឲ្យ​ចោរ​សមុទ្រ​នោះ​ទេ។

«ចោរ​សមុទ្រ​សូម៉ាលី​បាន​ទាមទារ​ប្រាក់​លោះ​យ៉ាង​ច្រើន។ ភ្នាក់ងារ Ocean beyond Piracy ឬ​គម្រោង Hostage Support Partners មិន​បាន​បង់​ប្រាក់​លោះ​ឲ្យ​ពួក​គេ​នោះ​ទេ។ យើង​មិន​បាន​ដឹង​អំពី​ប្រាក់​លោះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ក្រុម​ចោរ​សមុទ្រ​បាន​រាយការណ៍​ថា​ពួក​គេ​ទទួល​បាន​ប្រាក់​លោះ​ ចំនួន​១លាន​ ៥​សែន​ដុល្លារ»។

ភ្នាក់ងារ​ Ocean beyond Piracy និង​អង្គការ Hostage Support Partnersកំពុង​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​សូម៉ាលី​ដើម្បី​ជួយ​ការពារ​ដែន​ទឹក​របស់​សូម៉ាលី​ និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​អំពើ​ប្លន់​តាម​សមុទ្រ។ បន្ថែម​ពី​នេះ​ទៅ​ទៀត​ ពួក​គេ​ក៏​កំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ នៅ​ក្នុង​ប្រទេស​សូម៉ាលី​ ដែល​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​នូវ​អំពើ​ដែល​ខុស​ច្បាប់​ដើម្បី​ចិញ្ចឹម​ជីវិត​ផង​ដែរ៕

XS
SM
MD
LG