ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​ចោរ​សមុទ្រ​ដោះ​លែង​អ្នក​នេសាទ​ថៃ​៤នាក់​បន្ទាប់​ពី​​ជាប់​ឃុំឃាង​ជាង​៥ឆ្នាំ


រូបថត​ដែល​មិន​មាន​ចុះ​កាល​បរិចេ្ឆទ​នេះ​ដែល​ទទួល​បាន​ពី​មិត្តភក្តិ​នៃ​គ្រួសារ​មួយ​បង្ហាញ​ពី​កប៉ាល់​ SV Quest ដែល​ជា​របស់​ Jean និង Scott Adams។

អ្នក​នេសាទ​ថៃ​បួន​នាក់​ដែល​បាន​ត្រូវ​ចាប់​ខ្លួន​ជា​ចំណាប់​ខ្មាំង​ដោយ​ក្រុម​ចោរ​សមុទ្រ​សូម៉ាលី​ជិត​ប្រាំឆ្នាំ​បាន​ត្រូវ​ដោះលែង​ហើយ។​

លោក Nicholas Kay ប្រេសិត​អ.ស.ប.​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​សូម៉ាលី​បាន​បញ្ជាក់​ថា​ពិត​ហើយ​លោក​បាន​ស្វាគមន៍​ដល់​ការ​ដោះលែង​ក្រុម​ចំណាប់ខ្មាំង​នេះ​កាល​ពី​ថ្ងៃ​សុក្រ។ អ្នក​នេសាទ​ថៃ​ទាំង​នេះ​បាន​ជាប់​ឃុំឃាំង​យូរ​ជាង​ជន​ឯទៀតៗ​ដែល​ក្រុម​ចោរ​សមុទ្រ​សូម៉ាលី​បាន​ចាប់​ជា​ចំណាប់ខ្មាំង​ដោយ​ពួក​គេ​បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ខែមេសា​ឆ្នាំ២០១០។​

អ.ស.ប.​បាន​និយាយ​ថា​ក្រុម​ចោរ​សមុទ្រ​សូម៉ាលី​នៅ​តែ​ឃុំឃាំង​ចំណាប់ខ្មាំង​២៦​នាក់​ទៀត​ដែល​ជន​ទាំង​នេះ​ជា​នាវិក​នៃ​កប៉ាល់​ឈ្មោះ FV Naham 3 ដែល​ជា​នាវា​ដោត​ទង់ជាតិ​ប្រទេស​អូម៉ង់ (Oman) ដែល​បាន​ត្រូវ​ចោរសមុទ្រ​ប្លន់​នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​កាល​ពីខែ​មីនា​ឆ្នាំ២០១២។

បើ​តាម​អ.ស.ប.​ថា​ ជនជាតិ​ថៃ​ទាំង​បួន​នាក់​នេះ​បាន​ត្រូវ​ដោះលែង​កាល​ពី​ថ្ងៃ​ពុធ​ហើយ​បាន​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ឱ្យ​ក្រុម​មន្ត្រី​នៅ​ក្នុង​តំបន់​ Galmudug នៃប្រទេស​សូម៉ាលី។

អ.ស.ប.​និយាយ​ថា​ជន​ទាំង​បួន​នាក់នេះ​ជា​ក្រុម​នាវិក​ចុង​ក្រោយ​បំផុត​ក្នុង​បណ្តា​ក្រុម​នាវិក​២៤នាក់​ធ្វើការ​នៅ​លើ​កប៉ាល់​នេសាទត្រី​តៃវ៉ាន់​នៅ​ពេល​នាវានេះ​បាន​ត្រូវ​ប្លន់​និង​កាន់កាប់​ដោយ​ក្រុម​ចោរ​សមុទ្រ​ហើយ​បាន​ត្រូវ​កែប្រែ​ឱ្យ​ទៅ​ជា​កប៉ាល់​ធំ​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ប្លន់​ក្នុង​សមុទ្រ។

នៅពេល​បន្ទាប់​មក​កប៉ាល់​នេះ​បាន​ក្រទ្បាប់​លិច​ហើយ​ក្រុម​ចំណាប់ខ្មាំង​បាន​ត្រូវ​នាំ​ខ្លួន​ទៅ​កាន់​ឆ្នេរ​សមុទ្រ។ ​ក្នុង​បណ្តា​មនុស្ស​ទាំង​២៤​នាក់​នេះ​ ប្រាំមួយ​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ហើយ​១៤​នាក់​បាន​ត្រូវ​ដោះលែង​ទៅឱ្យ​អាជ្ញាធរ​សមុទ្រ​កាល​ពីខែឧសភា​ឆ្នាំ២០១១។​

ការ​ប្លន់​តាម​សមុទ្រ​នៅ​ក្នុង​លំហរ​សមុទ្រ​ទល់​មុខ​នឹង​ឆ្នេរសមុទ្រ​ប្រទេស​សូម៉ាលី​បានចុះ​ថយពី​កម្រិត​ខ្ពស់ក្នុង​ឆ្នាំ២០១១​នៅ​ពេល​ដែល​ក្រុម​ចោរ​សមុទ្រ​បាន​ប្លន់​នាវា​២៨​គ្រឿង។​

នៅ​ក្រោយ​មាន​ការ​យាម​ល្បាត​នៃ​កង​នាវា​ចម្បាំង​អន្តរជាតិ​ហើយ​ក្រុម​ហ៊ុន​នាវាចរណ៍​បាន​ចាប់ផ្តើម​ដាក់​ពួក​ឆ្មាំ​ប្រដាប់​អាវុធ​នៅ​លើ​កប៉ាល់​ពួកគេ​មក

ឧប្បត្តិហេតុ​ចោរ​ប្លន់​តាម​សមុទ្រ​បាន​ចុះ​ថយ​យ៉ាង​ច្រើន​ដោយ​គ្មាន​ការ​ប្លន់​តាម​សមុទ្រ​ទេ​កាល​ពី​ឆ្នាំ​ទៅ​មិញ៕

XS
SM
MD
LG