ស្ត្រីខ្មែរបួនរូប និងកុមារម្នាក់ ដែលបានទៅធ្វើការតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ីហើយដែលត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ឃុំខ្លួនតាំងពីខែកញ្ញាឆ្នាំ២០១៥នោះ ត្រូវបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃពុធនេះ។
អ្នកស្រី អួល ស្រីខួច ដែលមានអាយុ៣២ឆ្នាំ និងមានដើមកំណើតនៅក្នុងខេត្តព្រៃវែង ជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីទាំងបួននាក់ ដែលត្រូវបានបញ្ជូនមកវិញនោះ។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខនៅថ្ងៃពុធនេះ នៅការិយាល័យអង្គការការពារសិទ្ធិមនុស្សអាដហុក អ្នកស្រីបានប្រាប់ VOA ថា អ្នកស្រីបានចាកចេញពីប្រទេសកម្ពុជាជាមួយក្មួយស្រីរបស់ឈ្មោះ ហ៊ន នាង អាយុ២៥ឆ្នាំ និងស្ត្រី៣នាក់ទៀតកាលពីឆ្នាំ២០១៤ ក្នុងគោលបំណងទៅធ្វើការងារដែលអាចផ្តល់ប្រាក់កម្រៃខ្ពស់។
អ្នកស្រីបានបន្ថែមថា អ្នកស្រីត្រូវបានក្រុមហ៊ុន ១៦៨ សន្យាថា អ្នកស្រីនឹងទទួលបានប្រាក់ខែចំនួនពី៥០០ទៅ៦០០ដុល្លារក្នុងមួយខែ។ តែការចាកចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនេះមិនបានផ្តល់ផលដូចដែលអ្នកស្រីបានសង្ឃឹមទុកតាមពាក្យសន្យារបស់គេនោះទេ។ អ្នកស្រីឲ្យដឹងថា ក្រុមហ៊ុន១៦៨គឺជាអ្នករត់ការសម្រាប់ការធ្វើដំណើរនោះ។
អ្នកស្រី និងនារីម្នាក់ទៀតបាននិយាយថា ពួកគេ និងក្រុមស្ត្រីកម្ពុជាដទៃៗទៀត ត្រូវគេចចេញពីប៉ូលិស ដោយសារតែទិដ្ឋាការទេសចរណ៍ ដែលពួកគេទទួលបាននោះផុតកំណត់ ហើយលិខិតឆ្លងដែនរបស់អ្នកស្រីនិងស្ត្រីដទៃៗទៀតត្រូវបានគេដកហូតទុក។
អ្នកស្រីបាននិយាយថា អ្នកស្រីត្រូវធ្វើការបោសសម្អាតពីផ្ទះមួយទៅផ្ទះមួយចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១១យប់ ហើយទទួលបានអាហារបរិភោគតែមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃ។
ដោយមិនអាចតស៊ូបាននឹងការងារធ្ងន់ និងការវាយដំជាប្រចាំពីម្ចាស់ផ្ទះអ្នកស្រីក៏សម្រេចចិត្តរត់ចេញក្នុងគោលបំណងឱ្យប៉ូលិសម៉ាឡេស៊ីចាប់ខ្លួនបាន ដើម្បីបានត្រឡប់មកស្រុកកំណើតវិញ។ នេះជាវិធីដែលពួកគេអាចរំដោះខ្លួនពីម្ចាស់ផ្ទះដែលធ្វើបាបពួកគេ។
«គេវាយក្បាលយើង។ គេបោកក្បាលយើងទៅនឹងឥដ្ឋគេបោចសក់គេធាក់យើងបានខ្ញុំទ្រាំលែងបាន។ខ្ញុំសុខចិត្តរត់ឱ្យប៉ូលិសចាប់តែម្តង។ ដល់ពេលប៉ូលិសចាប់ខ្ញុំបានធ្វើបាបមែនតែប៉ូលិសមានការអាណិតអាសូរយើងព្រោះយើងអត់មានទោសអី្វធ្ងន់ធ្ងរ។យើងគ្រាន់តែថាអត់ប៉ាស់ស្ព័រ (លិខិតឆ្លងដែន)។ ពួកខ្ញុំចេញទៅប៉ាស់ស្ព័រវាអត់ឱ្យខ្ញុំទេ។ ប៉ាស់ស្ព័រនៅលើវា»។
អ្នកស្រី និងស្ត្រីផ្សេងៗទៀតដែលប៉ូលិសម៉ាឡេស៊ីចាប់បាននោះត្រូវបានគេយកទៅដាក់មន្ទីរឃុំឃាំង។
អ្នកស្រី ធន សុគន្ធា ប្រធានផ្នែកស្ត្រី និងកុមារប្រចាំនៅអង្គការការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា គឺអង្គការអាដហុក បាននិយាយថា មានប្រជាជនរាប់រយនាក់ ដែលរងការកេងប្រវ័ញ្ចកម្លាំងពលកម្មដូចស្ត្រីទាំងទាំងនេះ។
«ឱ្យទៅធ្វើអនាម័យតាមផ្ទះគេ។ ក៏ប៉ុន្តែជាក់ស្តែង គាត់បញ្ជូនទៅគឺឱ្យទៅធ្វើការតាមផ្ទះ។ ហើយក្រុមហ៊ុនដែលបញ្ជូនទៅគឺក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវនៅក្នុងក្រសួងការងារ។ តែពេលដែលគាត់បញ្ជូនពលករ ពលការិនីទៅគឺតាមរូបភាពដែលខ្ញុំលើកពីខាងដើម។ ហើយចំពោះទិដ្ឋាការវិញគឺគាត់ឱ្យជាទិដ្ឋាការទេសចរណ៍»។
ប្រធានផ្នែកស្ត្រី និងកុមាររបស់អង្គការអាដហុកនេះ បាននិយាយថា ភាពធូររលុងក្នុងការអនុវត្តច្បាប់គឺជាកត្តាដែលបណ្តាលឱ្យប្រជាពលរដ្ឋក្រីក្រដែលមិនចេះអក្សរ ងាយរងគ្រោះ។
អ្នកស្រីអួល ស្រីខួចបានអំពាវនាវឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជនពាក់ព័ន្ធទាំងអស់ ព្រមទាំងបិទក្រុមហ៊ុនផងដែរ។
«ខ្ញុំចង់ឱ្យរដ្ឋាភិបាលចាប់ក្រុមហ៊ុនហ្នឹង។ ចាប់ពួកធ្វើការនៅក្រុមហ៊ុនហ្នឹង ហើយសូមឱ្យបិទក្រុមហ៊ុនហ្នឹងចោល ហើយពិន័យប្រាក់»។
លោក ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សបាននិយាយថា លោកនៅមិនទាន់មានព័ត៌មានគ្រប់គ្រាន់អំពីបញ្ហានេះទេ ហើយលោកមិនអាចធ្វើការអត្ថាធិប្បាយ ថាតើក្រសួងមហាផ្ទៃនឹងមានវិធានការយ៉ាងណាទេ។ លោកបានបន្ថែមថា លោកកំពុងសាកសួរព័ត៌មានពីជនរងគ្រោះ និងអ្នកពាក់ព័ន្ធ។
«ចាំសម្ភាសគាត់រួចរាល់ហើយ ទើបយើងដឹងថា វាពាក់ព័ន្ធយ៉ាងម៉េច»។
លោកបន្តថា កិច្ចការស៊ើបអង្កេតបែបនេះមិនអាចផ្សាយជាសាធារណៈតាមបណ្តាញព័ត៌មានបានទេ។
លោក ឌុច សុថារិទ្ធ ប្រធានក្រុមហ៊ុន១៦៨ Manpower Supply បានបដិសេធថា ទីភ្នាក់ងាររបស់លោកមិនបានបញ្ជូនស្ត្រីទាំងអស់នេះទៅប្រទេសម៉ាឡេស៊ីនោះទេ។
ដោយសុំមិនឲ្យដាក់សំឡេងរបស់លោកក្នុងការផ្សាយតាមវិទ្យុ លោកនិយាយថា លោកបានធ្វើលិខិតបដិសេធទៅស្ថាប័នដែលពាក់ព័ន្ធហើយថា ក្រុមហ៊ុនរបស់លោកមិនមានការទាក់ទងក្នុងការធ្វើដំណើររបស់អ្នកស្រីអួល ស្រីខួច និងអ្នកស្រី ហ៊ន ស្រីនាង ទេ។ លោកបន្តថាស្ថាប័នដែលពាក់ព័ន្ធកំពុងតែអនុវត្តស្រាវជ្រាវដូចគ្នា។
នៅពេល VOA ទៅថតការធ្វើមាតុភូមិនិវត្តន៍របស់ជនចំណាកស្រុក៥នាក់នេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ត្រីអន្តោប្រវេសន៍បានសុំមិនឲ្យ VOA ថត តែបើនៅតែថតគឺមិនត្រូវបង្ហាញមុខជនរងគ្រោះទេ ព្រោះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សកំពុងស៊ើបអង្កេតរកមេខ្យល់ជួញដូរមនុស្ស។
ទោះជាយ៉ាងណាក្តី ក្នុងការបញ្ជូនពលករមកវិញជិត២០០នាក់កាលពីឆ្នាំ២០១៥ មានការអនុញ្ញាតឲ្យថត និងចាក់ផ្សាយតាមទូរទស្សន៍ក្នុងស្រុក ដោយមិនមានក្តីបារម្ភអំពីការប៉ះពាល់ការស៊ើបអង្កេតនិងសិទ្ធិបុគ្គលទេ។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសចេញថ្ងៃអង្គារបានឲ្យដឹងថា ស្ថានទូតខ្មែរចេញថ្លៃយន្តហោះសម្រាប់ជនចំណាកស្រុកបីនាក់ដែលគ្មានសាច់ញាតិចេញលុយថ្លៃយន្តហោះជំនួស៕