កាលពី៤០ឆ្នាំមុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Jimmy Carter បានចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តជាមួយប្រទេសចិន ដែលបានធ្វើឲ្យមានទំនាក់ទំនងខាងការទូតជាប្រក្រតីភាពឡើងវិញរវាងប្រទេសទាំង២។ ក៏ប៉ុន្តែ ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ការរីកលូតលាស់សេដ្ឋកិច្ចដ៏អស្ចារ្យរបស់ចិនហើយនឹងការដាក់ទណ្ឌកម្មខាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំទៅប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើឲ្យប្រទេសទាំង២ប្រុងប្រយ័ត្នទៅវិញទៅមក។
៤ទសវត្សរ៍បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាក់ចំណងទាក់ទងជាប្រក្រតីនោះ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Jimmy Carter បានផ្តល់បទសម្ភាសន៍ផ្តាច់មុខមួយជាមួយលោកស្រី Greta Van Susteren នៃ VOA។ លោក Carter និយាយយោងកិច្ចព្រមព្រៀងឆ្នាំ១៩៧៩ថាជាការជោគជ័យដ៏យូរអង្វែងមួយ។អតីតប្រធានាធិបតីអាមេរិកលោក Jimmy Carter បានថ្លែងថា៖ «អ្វីដែលលោក តេង សៀភីង ជាមេដឹកនាំចិនកាលពីពេលនោះបានសន្យាចំពោះប្រជាពលរដ្ឋចិន និងពិភពលោកនិងសហរដ្ឋអាមេរិកហើយនឹងខ្ញុំផ្ទាល់គឺ ការបើកចំហរនិងការធ្វើកំណែទម្រង់។ ហើយពួកគេមានការកែទម្រង់យ៉ាងខ្លាំងនៅក្នុងប្រទេសចិន។ មិនមានសហគ្រាសឯកជនក្នុងប្រទេសចិនកាលពីពេលមុននោះទេ។ ហើយបន្ទាប់មក ចិនបានក្លាយជាប្រទេសដ៏ខ្លាំងនិងសង្គមបើកចំហរមួយ ក្នុងវិស័យពាណិជ្ជកម្មនិងជំនួញ»។
លោកមិនយល់ស្របជាមួយការដាក់ទណ្ឌកម្មរបស់រដ្ឋបាលត្រាំប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំងទេហើយបានចង្អុលបង្ហាញដល់ការធ្វើសម្បទានរបស់ចិនដល់សហរដ្ឋអាមេរិកចាប់តាំងពីសន្និសីទកំពូល G-20 កាលពីឆ្នាំទៅក្នុងប្រទេសអាហ្សង់ទីនមក។អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Jimmy Carter បានថ្លែងបន្តទៀតថា៖ «ចិនបានយល់ព្រមធ្វើ២ឬ៣ចំណុច។ ទីមួយគឺព្រមទិញសណ្តែកសៀងកាន់តែច្រើនឡើង។ចិនបានទិញសណ្តែកសៀងអាមេរិកាំង២ដងក្នុងចំនួនដ៏ច្រើនបំផុត។ ចិនក៏បានសន្យាបើកចំកាសឱកាសខាងវិនិយោគទុនសម្រាប់ក្រុមហ៊ុនអាមេរិកាំងក្នុងប្រទេសចិនដែរ។ នៅពេលដែលយើងមិនត្រូវរ៉ូវគ្នាជាមួយចិន ការណ៍នេះធ្វើឲ្យប៉ះពាល់យើងទាំង២ មិនមែនត្រឹមតែយើងនិងប្រទេសចិនទេ ក៏ប៉ុន្តែ វាក៏ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកដែរ»។
ក៏ប៉ុន្តែ លោក Christopher Johnson អ្នកជំនាញខាងប្រទេសចិន គិតថា ប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើកំហុសដោយដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងភាពជាដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកឬ TPP ។ លោក Christopher Johnson នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុត្តិសាស្រ្តនិងអន្តរជាតិនិយាយថា៖ «ជាគោលការណ៍ បញ្ហាប្រឈមភាគច្រើនដែលយើងកំពុងប្រឈមនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីជាមួយចិននៅពេលឥឡូវនេះត្រូវបានដោះស្រាយក្នុងកិច្ចព្រមព្រៀងភាពជាដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកឬ TPP។ ជាពិសេស បញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការឧបត្ថម្ភប្រាក់ដល់សហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ បញ្ហានានាដូចជាការបង្ខំឲ្យផ្ទេរបច្ចេកវិទ្យា បញ្ហាពាក់ព័ន្ធនឹងការការពារសិទ្ធិកម្មសិទ្ធិបញ្ញា កិច្ចព្រមព្រៀងភាពជាដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកឬ TPP បានត្រូវចុះហត្ថលេខាដោយប្រទេសជាច្រើនដែរហើយថា ជានិច្ចកាលមានទំនោធ្វើការល្អជាមួយចិននៅពេលដែលក្រុមប្រទេសទាំងនេះ មានបញ្ហាដោះស្រាយជាមួយចិន»។
តើទំនាក់ទំនងនៅពេលអនាគតឆាប់ៗរវាងអាមេរិកនិងចិនយ៉ាងដូចម្តេចដែរ? ។លោក Christopher Johnson បាននិយាយទៀតថា៖ «ក្នុងរយៈពេលខ្លី ខ្ញុំមានការព្រួយកង្វល់។យើងកំពុងឃើញភាពកាន់តែយ៉ាប់យ៉ឺនឡើងនៅក្នុងទំនាក់ទំនងយុទ្ធ សាស្រ្តទាំងមូល ជាទំនាក់ទំនងដ៏អាក្រក់បំផុតដែលយើងបានឃើញជាយូរយាណាស់មកហើយ។ ការរង្កៀសចិត្តខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម គ្រាន់តែជារោគសញ្ញានៃជំងឺកាន់តែខ្លាំងឡើងដែលតម្រូវឲ្យយើងរកវិធីសម្រាប់ធ្វើឲ្យមហាអំណាចធំ២នេះត្រូវរ៉ូវគ្នាវិញ»។
លោក Johnson និយាយបន្ថែមទៀតថា ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងប៉េកាំងជាការសំខាន់ដល់សហរដ្ឋអាមេរិកដើម្បីជំរុញឲ្យកូរ៉េខាងជើងលប់បំបាត់អាវុធនុយក្លែអ៊ែ៕
ប្រែសម្រួលដោយជឹង ប៉ូជីន