គ្រួសាររបស់លោក អាណាន់ និងអង្គការមូលនិធិរបស់លោកបានប្រកាសនៅលើ Twitter ថា លោក«បានស្លាប់តាមសម្រួល»កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានជំងឺរយៈពេលខ្លី។
ការប្រកាសនៅលើ Twitter នេះបានរៀបរាប់ថា លោកអាណាន់ ជា«អ្នកនយោបាយសកល និងជាអ្នកអន្តរជាតិនិយមដ៏សកម្មម្នាក់ដែលបានតស៊ូពេញមួយជីវិតរបស់លោកសម្រាប់ពិភពលោកមានយុត្តិធម៌ និងសន្តិភាពជាងមុន»។
ក្នុងអំឡុងពេលអាជីពដ៏ល្បីល្បាញរបស់លោកជាអ្នកដឹកនាំរបស់អង្គការសហប្រជាជាតិលោក គឺជាជើងឯកនៃសន្តិភាពនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព សិទ្ធិមនុស្សនិងនីតិរដ្ឋ។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនាបច្ចុប្បន្ននេះ បានរៀបរាប់អំពីលោក អាណាន់ ថាជា«កម្លាំងដឹកនាំសម្រាប់រឿងល្អ» ហើយលោកបាននិយាយថា «ទោះជាក្នុងកាលៈទេសៈណាក៏ដោយ លោក កូហ្វី អាណាន់ គឺជាអង្គការសហប្រជាជាតិ»។
លោក កូហ្វី អាណាន់ កើតនៅក្នុងប្រទេសហ្កាណា។ លោកជាជនជាតិអាហ្វ្រិកស្បែកខ្មៅដំបូងដែលដឹកនាំអ.ស.ប.ពីឆ្នាំ១៩៩៧ដល់ឆ្នាំ២០០៦។
លោកក៏ជាអគ្គលេខាធិការទីមួយដែលចេញពីឋានៈជាបុគ្គលិកអ.ស.ប.។ ក្នុងនាមជាអគ្គលេខាធិការអ.ស.ប. លោក អាណាន់ បានបង្កើតមូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ជំងឺរបេងនិងជំងឺគ្រុនចាញ់ និងការអនុម័តយុទ្ធសាស្ត្រដំបូងអង្គការសហប្រជាជាតិប្រឆាំងភេរវកម្ម។ ហើយក្នុងអាណត្តិរបស់លោក ប្រទេសជាសមាជិកបានទទួលយក«ការទទួលខុសត្រូវក្នុងការការពារ»ប្រឆាំងអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ការប្រល័យជនជាតិ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
បេសកកម្មអ៊ុនតាក់នៅប្រទេសកម្ពុជាក៏បានកើតមានឡើងក្នុងអាណត្តិរបស់លោកដែរ៕