ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Tillerson ស្ថិត​នៅ​ប្រទេស ​មីយ៉ាន់ម៉ា ក្នុង​បេសកកម្ម​ដោះស្រាយ​វិបត្តិ​​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា


លោក Rex Tillerson រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួម​មួយ​ជាមួយ​នឹង​លោកស្រី​ អង់សាន ស៊ូជី រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា នៅ​ក្រសួង​ការបរទេស​ក្នុង​ក្រុង​ណៃពិដោរ ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក Rex Tillerson រដ្ឋមន្ត្រី​ការបរទេស​អាមេរិក នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា បាន​សម្តែង​ការ​ព្រួយបារម្ភ​ទៅ​លើ​សេចក្តីរាយការណ៍​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​នានា ជុំវិញ​ការកើនឡើង​អំពើ​ឃោរឃៅ​របស់​កងកម្លាំង​សន្តិសុខ​និង​ក្រុមការពារ​សណ្តាប់ធ្នាប់​ក្នុង​សហគមន៍​នៅ​ក្នុង​រដ្ឋ Rakhine ប៉ុន្តែ​លោក​បាន​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទូ​ទៅ​ លើ​ប្រទេស​មួយ​នេះ​មិន​មែន​ជា​រឿង​ដែលគួរ​ធ្វើ​នោះ​ទេ។ ​

លោក Tillerson បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​មើល​មិន​ឃើញ​ថា ការ​ដាក់​ទណ្ឌកម្ម​អាច​ជួយ​ដោះស្រាយ​វិបត្តិ​នេះ​បាន​ឡើយ»។ លោក​និយាយ​សំដៅ​ទៅ​លើ​អ្វី​ដែល​អង្គការ​សហប្រជាជាតិ​ហៅ​ថា «ជា​ការ​បោសសម្អាត​ជាតិសាសន៍» របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា កាន់​សាសនា​ឥស្លាម ហើយ​លោក​បាន​បន្ថែម​ថា «ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​បុគ្គល​ «ប្រហែល​ជា​សាកសក្តិ​ជាង»។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ទន្ទឹម​ជាមួយ​នឹង​លោកស្រី អង់សាន ស៊ូជី ដែល​ជា​មេដឹកនាំ​តាម​ជាក់ស្តែង​របស់​មីយ៉ាន់ម៉ា។ ​

លោក​បាន​និយាយ​ថា «យើង​ចង់​ឃើញ​ប្រទេស​មីយ៉ាន់ម៉ា​ទទួល​បាន​ជោគជ័យ»។លោក​បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​ផ្តល់​ប្រាក់​៤៧​លាន​ដុល្លារ​បន្ថែម​ទៀត​ដើម្បី​ជួយ​ដល់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ដែល​ធ្វើ​ឲ្យ​ទឹកប្រាក់​សរុប​ឡើង​ដល់​៨៧​លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ។

លោក Tillerson បាន​ហៅ​ទិដ្ឋភាព​នៅ​ក្នុង​រដ្ឋ Rakhine ថា​គួរ​ឲ្យ​រន្ធត់ ហើយ​ជំរុញ​ឲ្យ​មីយ៉ាន់ម៉ា​ធ្វើ​ទៅ​តាម​អនុសាសន៍​នៃ​របាយការណ៍​មួយ​ដែល​ដឹកនាំ​ដោយ​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Kofi Annan ដែល​រួម​មាន​ទាំង​ការ​បង្កើត​មាគ៌ា​មួយ​ដើម្បី​ផ្តល់​សញ្ជាតិ​ពេញលេញ​ដល់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ផង​ដែរ។

លោកស្រី អង់សាន ស៊ូជី ​បាន​ឆ្លើយតប​ទៅ​វិញ​ដោយ​ថ្លែង​អំណរគុណ​ចំពោះ​លោក Tillerson ដែល​បាន​ទទួល​ស្គាល់​ស្ថានភាព​លំបាក​នេះ និង​បើក​ចិត្ត​ទូលាយ​ចំពោះ​បញ្ហា​នេះ៕

XS
SM
MD
LG