ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​អំពាវនាវ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា


រូបឯកសារ៖ អតីត​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Ban Ki-moon ថ្លែង​ទៅកាន់​ទស្សនិកជន កាលពី​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅ​ទីក្រុង Boston។
រូបឯកសារ៖ អតីត​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Ban Ki-moon ថ្លែង​ទៅកាន់​ទស្សនិកជន កាលពី​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅ​ទីក្រុង Boston។

អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិលោក​ Ban Ki-moon ​បាន​អំពាវនាវឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ជា​បន្ទាន់​នៅ​ក្នុងប្រទេស​មីយ៉ាន់ម៉ា ក្រោយមាន​កិច្ចប្រជុំ​ដ៏​ភ្ញាក់​ផ្អើល​មួយ​ជាមួយ​មេដឹកនាំ​យោធារបស់​ប្រទេសអាស៊ីអាគ្នេយ៍​មួយ​នេះ ដោយ​កំពុង​ជោគជាំ​ដោយ​អំពើ​ហិង្សា។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AP។

លោក Ban Ki-moon បាន​ជួប​ជាមួយ​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​ គឺ​លោក​នាយ​ឧត្តមសេនីយ៍ Min Aung Hlaing និង​មន្ត្រី​ជាន់ខ្ពស់​មីយ៉ាន់​ម៉ា​ដទៃ​ផ្សេង​ទៀត​ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។​ ​ បេសកកម្ម​របស់​លោក Ban Ki-moon ​នៅមីយ៉ាន់ម៉ា គឺ​ធ្វើ​ឡើងក្នុង​នាម​ក្រុម​នៃ​រដ្ឋបុរស​ចាស់ទុំ​ ដែល​បាន​ចូលរួមស្វែងរក​សន្តិភាពនិង​គំនិតផ្តួចផ្តើម​សិទ្ធិមនុស្សនៅ​ជុំវិញ​ពិភពលោក។​ លោក​គឺ​ជា​អនុប្រធាន​នៃ​ក្រុម​នេះ​ ដែល​បានហៅ​ខ្លួន​ឯង​ថា​ជា​ក្រុម​អ្នក​ចាស់ទុំ​នោះ​។​

នៅក្នុង​រូបថត​ដែល​ផ្តល់​ដោយ​ក្រុមព័ត៌មាន​ពិត (Myanmar Military True News Information) របស់​យោធា​មីយ៉ាន់ម៉ា បង្ហាញពី​ឧត្តមសេនីយឯក Min Aung Hlaing (កណ្តាល) ថតរូប​រួមគ្នា​ជាមួយ​លោក Ban Ki Moon (ទីបីពីឆ្វេង) អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អំឡុងពេល​កិច្ចប្រជុំ​កាលពី​ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ នៅ​រដ្ឋធានី​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា។ (Military True News Information Team via AP)
នៅក្នុង​រូបថត​ដែល​ផ្តល់​ដោយ​ក្រុមព័ត៌មាន​ពិត (Myanmar Military True News Information) របស់​យោធា​មីយ៉ាន់ម៉ា បង្ហាញពី​ឧត្តមសេនីយឯក Min Aung Hlaing (កណ្តាល) ថតរូប​រួមគ្នា​ជាមួយ​លោក Ban Ki Moon (ទីបីពីឆ្វេង) អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អំឡុងពេល​កិច្ចប្រជុំ​កាលពី​ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ នៅ​រដ្ឋធានី​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា។ (Military True News Information Team via AP)

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ ក្រុម​រដ្ឋបុរស​ចាស់​ទុំ​នេះ​ បានស្រង់សម្តី​លោក ​Ban Ki-moon ដែល​បាន​និយាយ​ថា កិច្ចប្រជុំរបស់​លោកគឺ​ដើម្បីស្វែងរក​ដំណោះស្រាយ​នៅ​មីយ៉ាន់ម៉ា។​ ​

សេចក្តី​ថ្លែងការណ៍ដដែល​នេះ​បាន​បន្តទៀត​ថា​ លោក​Ban Ki-moon ​បាន​ចាកចេញ​ពីរដ្ឋធានី​ណៃពិដោ​របស់​មីយាន់ម៉ា​ មកកាន់រដ្ឋធានី​បាងកក​ប្រទេស​ថៃកាល​ពីយប់ថ្ងៃ​ចន្ទ​។ ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់មេដឹកនាំ​របបយោធារបស់​ប្រទេស​នេះ ហើយ​លោក​បាន​លើក​ឡើងនៅ​ក្នុង​ជំនួប​របស់​លោកជា​មួយ​មេដឹកនាំយោធាមីយ៉ាន់​ម៉ា​ ពី​ភាពចាំបាច់ក្នុង​ការ​អនុវត្ត​ផែនការ​សន្តិភាពមួយ​ ដែល​ដាក់​ចេញ​ដោយសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ឬ​អាស៊ាន​ និង​អង្គការ​សហប្រជាជាតិ​ ដើម្បី​បញ្ឈប់អំពើហិង្សារវាង​កងទ័ព​មីយ៉ាន់ម៉ា​ ​និង​កងកម្លាំង​ប្រឆាំង​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ ក្រោយ​រដ្ឋប្រហារ​បណ្តេញ​រដ្ឋាភិបាល​ស៊ីវិល​ដែល​ដឹកនាំ​ដោយលោក​ស្រី Aung San Suu Kyi កាល​ពី​ឆ្នាំ​២០២១។​ ​

សេចក្តី​ថ្លែង​ការណ៍​នោះ​និយាយ​ថា នៅ​ក្នុង​ជំនួប​ប្រជុំ​របស់​លោក ​លោក​ Ban Ki-moon បាន​គាំទ្រ​ការ​អំពាវនាវរបស់​សហគមន៍​អន្តរជាតិ​ ឱ្យ​មាន​ការ​ដោះលែងជា​បន្ទាន់​នូវអ្នក​ទោស​ដែល​ត្រូវ​បាន​ចាប់​ឃុំ​តាម​អំពើ​ចិត្ត​ដោយ​របប​យោធាមីយ៉ាន់ម៉ា​ ​និងធ្វើ​កិច្ច​ពិភាក្សា​ដោយ​ស្ថាបនា ​និង​ត្រូវ​អត់​ធ្មត់​ឱ្យ​បាន​ខ្លាំង​បំផុត​ពី​គ្រប់ភាគី​ទាំង​អស់។​ ​

សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​រដ្ឋបុរស​ចាស់ទុំ​នេះ​ក៏​បាននិយាយផង​ដែរ​ថា ​លោក​ Ban Ki-moon ​បានព្រមាន​ថា​ ​ការ​បោះឆ្នោត​នៅ​មីយ៉ាន់ម៉ា​ គួរ​តែ​ត្រូវ​ធ្វើ​ឡើងនៅ​ពេល​ណា​ ​ដែលមាន​លក្ខខណ្ឌ​អំណោយ​ផល​ល្អ​ ដើម្បី​ធានា​ថា​ ការបោះឆ្នោត​នោះ​សេរី​និង​យុត្តិធម៌។​ លោក​ថា​ «ការ​រៀបចំ​ការបោះឆ្នោតនៅ​ក្នុង​លក្ខខណ្ឌ​នាពេល​បច្ចុប្បន្ន​នេះ​ អាច​ប្រឈម​ឱ្យមានអំពើ​ហិង្សា​និង​ការបែកបាក់​កាន់តែ​ខ្លាំង​ឡើងថែម​ទៀត ហើយ​លទ្ធផល​បោះឆ្នោត​នឹង​មិន​ត្រូវ​បាន​ទទួល​ស្គាល់ដោយ​ពលរដ្ឋ​មីយ៉ាន់ម៉ា​ ​សមាគម​អាស៊ាន​ និងសហគមន៍​អន្តរជាតិនោះ​ឡើយ៕

XS
SM
MD
LG