បេសកជនពិសេសរបស់ចិនប្រចាំប្រទេសមីយ៉ាន់ម៉ាលោក Deng Xijun បានជួបប្រជុំលើកទី ៣ កាលពីពេលថ្មីៗនេះជាមួយក្រុមឧទ្ទាមប្រដាប់អាវុធដ៏មានឥទ្ធិពលបំផុតមួយចំនួនរបស់ប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះក្រុមឧទ្ទាមខ្លះកំពុងប្រយុទ្ធជាមួយយោធាមីយ៉ាន់ម៉ាដើម្បីត្រួតត្រាតំបន់ព្រំដែនដីគោកក្នុងពេលពីរឆ្នាំក្រោយមកបន្ទាប់ពីរដ្ឋប្រហារយោធា។
អង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) មានកុលសម្ពន្ធពាក់កណ្តាលស្វ័យភាពឬស្វ័យភាពទាំងស្រុងនៅក្នុងតំបន់ភាគឦសាននៃប្រទេសមីយ៉ាន់ម៉ាដែលមានព្រំប្រទល់ប្រវែងប្រហែល ២.០០០ គីឡូម៉ែត្រជាប់ខេត្ត Yunnanនៃប្រទេសចិន ហើយពួកគេបានបង្កើតសម្ពន្ធភាពមួយដែលហៅថាគណៈកម្មាធិការចរចានិងប្រឹក្សាយោបល់នយោបាយសហព័ន្ធ (Federal Political Negotiation and Consultative Committee)។
អ្នកវិភាគនានានិយាយថា លោក Deng កំពុងស្វះស្វែងមិនត្រឹមតែដើម្បីសម្រេចឱ្យបាននូវផលប្រយោជន៍ខាងសេដ្ឋកិច្ចរបស់ចិននៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលជាប្រទេសជិតខាងនៅចំពេលដែលមានភាពចលាចលក្រោយរដ្ឋប្រហារប៉ុណ្ណោះទេ ប៉ុន្តែក៏រក្សាឥទ្ធិពលរបស់ខ្លួននៅក្នុងចំណោមក្រុមប្រដាប់អាវុធនៅមីយ៉ាន់ម៉ាមុនពេលការកើនឡើងនៃការប្រឡូករបស់សហរដ្ឋអាមេរិកដែលគេរំពឹងទុកផងដែរ។
ដោយយោងលើជំនួបជាបន្តបន្ទាប់ភ្លាមៗរបស់លោក Deng លោក Ja lan Chong ដែលជាអ្នកជំនាញផ្នែកគោលនយោបាយការបរទេសចិននៅសាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore) បានប្រាប់ VOA ក្នុងអំឡុងកិច្ចសម្ភាសន៍តាមទូរស័ព្ទថា «ភាពញឹកញាប់និងវិសាលភាព [នៃការប្រជុំទាំងនេះ] គឺមិនធ្លាប់មានពីមុនមកទេ»។
លោកបានបញ្ជាក់ដូច្នេះថា៖ «ក៏ប៉ុន្តែ យើងក៏ត្រូវចងចាំផងដែរថាមីយ៉ាន់ម៉ាស្ថិតនៅក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក ហើយខ្ញុំគិតថារដ្ឋាភិបាលចិនទទួលស្គាល់បញ្ហានេះ។ ដូច្នេះ ដោយសារតែស្ថានភាពស្មុគស្មាញ ចិនកំពុងបង្កើនកិច្ចប្រឹងប្រែងដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅក្នុងប្រទេសនេះ»។
កាលពីពេលថ្មីៗនេះ លោក Deng បានជួបជាមួយក្រុមអ្នកតំណាងនៃគណៈកម្មាធិការប្រឹក្សាយោបល់នៅក្នុងទីក្រុង Kunming នៃខេត្ត Yunnan ប្រទេសចិន។ កាលពីខែកុម្ភៈ លោកបានជួបជាមួយក្រុមនានានៅក្នុងទឹកដីដែលកាន់កាប់ដោយពួកឧទ្ទាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីពួកគេបានជួបប្រជុំគ្នាលើកទីមួយនៅក្នុងខេត្ត Yunnan កាលពីខែធ្នូឆ្នាំមុនមកគឺបន្ទាប់ពីលោក Deng បានឡើងកាន់តួនាទីជាបេសកជននេះ។
ចិនបានវិនិយោគថវិការាប់ពាន់លានដុល្លារនៅក្នុងគម្រោងថាមពលនិងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ហើយបានបន្តទំនាក់ទំនងអស់រាប់ទសវត្សរ៍ទាំងជាមួយរដ្ឋាភិបាលកណ្តាលនិងក្រុមប្រដាប់អាវុធមីយ៉ាន់ម៉ា។
ដោយសារតែវិបត្តិជំងឺកូវីដ១៩ និងភាពចលាចលក្រោយរដ្ឋប្រហារបង្អាក់ដល់គម្រោងវិនិយោគនិងជំនួបជាច្រើន ជំនួបរបស់លោក Deng ប៉ុន្មានលើកកន្លងមកនេះគឺជាការប៉ុនប៉ងរបស់ចិនដើម្បីប៉ះប៉ូវពេលវេលាដែលបានបាត់បង់។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Yun Sun ប្រធានកម្មវិធីចិននៅឯមជ្ឈមណ្ឌល Stimson ដែលជាអង្គការស្រាវជ្រាវគោលនយោបាយនៅសហរដ្ឋអាមេរិក។
អ្នកស្រីបាននិយាយថា៖ «ចិនទើបតែចេញពីការផ្ដាច់ខ្លួនឯកោរយៈពេល ៣ ឆ្នាំ [ដោយសារវិបត្តិជំងឺកូវីដ១៩]។ ដោយសារអ្វីៗដែលបានកើតមានឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយនឹងការបើកព្រំដែនឡើងវិញ វាជាសន្ទុះទៅមុខបែបធម្មជាតិដែលរដ្ឋាភិបាលចិនត្រូវប៉ះប៉ូវនូវអ្វីដែលខ្លួនមិនទាន់បានធ្វើ»។
គម្រោងសំខាន់របស់ចិននៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺគម្រោងបំពង់បង្ហូរប្រេងឥន្ធនៈនិងឧស្ម័នដែលកាត់តាមប្រទេសនេះ ដែលក្នុងនោះរួមមានទាំងទឹកដីខ្លះដែលត្រួតត្រាដោយពួកឧទ្ទាមផងដែរគឺចាប់ពីខេត្ត Yunnan ប្រទេសចិនដល់ឆកសមុទ្រ Bengal ដែលជាផ្នែកមួយនៃគម្រោងច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា (China-Myanmar Economic Corridor)។
កាលពីដើមខែមីនា អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាលោក Zaw Min Tun បានប្រាប់ VOAផ្នែកភាសាភូមាថា ប្រទេសទាំងពីរក៏បានបន្តការចរចាផងដែរអំពីការបន្ថែមផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែចំពោះផ្លូវដដែលនេះ។
ដើម្បីការពារផលប្រយោជន៍ទាំងនេះនិងជំរុញបន្ថែមទៅមុខ ចិនត្រូវធ្វើយ៉ាងណាឱ្យតំបន់ព្រំដែនរបស់ខ្លួនជាប់ជាមួយមីយ៉ាន់ម៉ាមានស្ថិរភាព។ នេះបើតាមការបញ្ជាក់របស់លោក Jason Tower ប្រធានកម្មវិធីមីយ៉ាន់ម៉ានៃវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក (United States Institute of Peace) ដែលជាអង្គការស្រាវជ្រាវគោលនយោបាយដែលត្រូវបានបង្កើតឡើងដោយសភាសហរដ្ឋអាមេរិក។
លោក Tower បានបន្ថែមថា ដើម្បីសម្រេចកិច្ចការនេះ លោក Deng បានជំរុញក្រុមឧទ្ទាមនានានៅតាមបណ្តោយព្រំដែនឱ្យធ្វើយ៉ាងណាសម្រេចឱ្យបាននូវកិច្ចឈប់វាយប្រយុទ្ធគ្នាជាមួយពួកយោធានិងរារាំងផ្លូវផ្គត់ផ្គង់ដឹកជញ្ជូនអាវុធនិងគ្រាប់រំសេវដល់ក្រុមកងជីវពលតូចៗដែលបានងើបឡើងប្រឆាំងនឹងរបបយោធាចាប់តាំងពីរដ្ឋប្រហារមក៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន