អតីតសកម្មជនគណបក្សភ្លើងទៀន លោក គង់ រ៉ៃយ៉ា ដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា បានសម្រេចចាកចេញពីគណបក្សកាន់អំណាច ដោយសារភាពថាលោកចុះចូល កាលពីខែមិថុនា ដើម្បីរក្សាសុវត្ថិភាពរបស់លោកតែប៉ុណ្ណោះ មិនមែនជាការពេញចិត្តឡើយ។
នេះបើយោងតាមលិខិតមួយច្បាប់របស់លោកចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដែលវីអូអេទទួលបាន និងការផ្តល់បទសម្ភាសន៍របស់លោកទៅកាន់អ្នកសារព័ត៌មាន។
លោក គង់ រ៉ៃយ៉ា បញ្ជាក់ក្នុងលិខិតលាលែងជាសមាជិកគណបក្សកាន់អំណាចនោះថា លោកលាឈប់ពីតួនាទី ដោយសារ«មានធុរៈផ្ទាល់ខ្លួនមិនអាចបំពេញការងារជូនគណបក្សតទៅទៀតបាន»។
ប៉ុន្តែតាមពិត លោក គង់ រ៉ៃយ៉ា បានភៀសខ្លួនទៅក្រៅប្រទេស។ នៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃពុធ លោក គង់ រ៉ៃយ៉ា ថ្លែងថា ការចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា កាលពីកន្លងទៅ គឺដើម្បីរក្សាសុវត្ថិភាពតែប៉ុណ្ណោះ ដែលពេលនោះលោកបារម្ភអំពីការចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀន ដែលមានគម្រោងតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមិនចុះបញ្ជីគណបក្សសម្រាប់ប្រកួតប្រជែងការបោះឆ្នោត។ លោកបញ្ជាក់ថាលោកឃើញមានការចាប់ខ្លួនសកម្មជនគណបក្សជំទាស់ផ្សេងទៀត ទើបលោកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីកុំឱ្យមានការចាប់ខ្លួន។
លោកថ្លែងក្នុងបទសម្ភាសន៍នោះថា៖ «ថាហេតុអីចូលហើយ ចេញវិញ ជាការពិតណាស់ គោលបំណងដែលចូល ដើម្បីសុវត្ថិភាព មិនមែនចូលដើម្បីបម្រើការងារឱ្យគណបក្សប្រជាជនកម្ពុជានោះទេ»។
លោក គង់ រ៉ៃយ៉ា ដែលធ្លាប់ជាប់ពន្ធនាគារពីរដងបន្ថែមថា ក្រុមការងាររបស់គណបក្សកាន់អំណាចតែងតែប្រាប់ឱ្យលោកវាយប្រហារគណបក្សជំទាស់ និងថ្នាក់ដឹកនាំគណបក្សជំទាស់។
លោកប្រាប់វិទ្យុអាស៊ីសេរីថា៖ «ដូចដែលបងប្អូនបានឃើញទៅលើសកម្មជនមួយចំនួនដែលគាត់បានចូលជាមួយគណបក្សប្រជាជនហ្នឹង គឺត្រូវតែចេញវីដេអូនិយាយវាយប្រហារគណបក្សប្រឆាំង»។
បន្ថែមពីនេះ លោក គង់ រ៉ៃយ៉ា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា មូលហេតុដែលលោកទើបតែចាកចេញពីគណបក្សប្រជាជនកម្ពុជា ក្នុងពេលថ្មីៗនេះ គឺមិនមែនជាលេស ឬក៏ជាល្បិចនយោបាយអ្វីឡើយ។
លោកថ្លែងថា៖ «មូលហេតុដែលខ្ញុំទើបតែចាកចេញពីគណបក្សប្រជាជនកម្ពុជាហ្នឹង ដោយសារតែខ្ញុំបានភៀសខ្លួនមកក្រៅប្រទេស។ ពេលនេះគឺខ្ញុំអត់នៅក្នុងប្រទេសកម្ពុជាទេ អ៊ីចឹងហើយទើបខ្ញុំយល់ថា ខ្លួនរៀងមានសុវត្ថិភាពបន្តិច ទើបខ្ញុំអាចហ៊ានប្រកាសជាសាធារណៈថា ខ្ញុំបានចាកចេញពីគណបក្សប្រជាជនកម្ពុជា»។
លោកបន្តថា នៅពេលដែលលោកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោកតែងតែរងសម្ពាធពីការបញ្ជាឱ្យវាយប្រហារគណបក្សជំទាស់។
លោកបញ្ជាក់ថា៖ «នៅពេលដែលខ្ញុំចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខ្ញុំតែងតែត្រូវបានមន្រ្តីគណបក្សប្រជាជនកម្ពុជាហ្នឹង គាត់ជំរុញឱ្យខ្ញុំវាយប្រហារទៅលើគណបក្សប្រឆាំង ជំរុញឱ្យខ្ញុំនិយាយពីអ្វីដែលអាក្រក់ៗរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំង ប៉ុន្តែចំណុចហ្នឹង ខ្ញុំតែងតែរកលេសបដិសេធ»។
លោក គង់ រ៉ៃយ៉ា បន្តថា លោកនឹងត្រឡប់មកប្រទេសកម្ពុជាវិញនៅពេលដែលលោកគិតថាលោកមានសមត្ថភាពគ្រប់គ្រាន់ និងថាលោកនឹងមិនចូលរួមជាមួយគណបក្សនយោបាយណាទាំងអស់ ទោះបីជាគណបក្សភ្លើងទៀនក៏ដោយ។
ក្រោយចាកចេញពីគណបក្សប្រជាជនកម្ពុជា លោក គង់ រ៉ៃយ៉ា ក៏បានលាលែងពីតួនាទីជាទីប្រឹក្សាក្រសួងអប់រំ ដែលលោកទទួលបាន ក្រោយចុះចូលជាមួយគណបក្សកាន់អំណាច។
នៅក្នុងលិខិតដាច់ដោយឡែកមួយទៀត ដែលដាក់ទៅរដ្ឋមន្រ្តីក្រសួងអប់រំ លោក គង់ រ៉ៃយ៉ា បញ្ជាក់ថាលោក«មិនទាន់មានសមត្ថភាពអាចបំពេញតួនាទីនេះបាន ហើយលោកសុំលាឈប់»។
ក្រោយការចាកចេញពីគណបក្សភ្លើងទៀនដែលលោកធ្លាប់មានតំណែងជាក្រុមប្រឹក្សាឃុំម្នាក់នៅក្នុងខេត្តកំពង់ចាម លោក គង់ រ៉ៃយ៉ា បានទទួលតំណែងជាទីប្រឹក្សាអមក្រសួងអប់រំ យុវជន និងកីឡា ដែលមានឋានៈស្មើប្រធាននាយកដ្ឋាន។
លោក គង់ រ៉ៃយ៉ា ក៏បានទៅជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលោក គង់ រ៉ៃយ៉ា ប្រាប់វិទ្យុអាស៊ីសេរីថា លោកក៏ទទួលបានថវិកាមួយចំនួន ប៉ុន្តែលោកមិនបានបញ្ជាក់ចំនួននោះទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេថា គណបក្សប្រជាជនកម្ពុជាមិនបានបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋឡើយ។ លោកបន្ថែមថាការចាកចេញរបស់ លោក គង់ រ៉ៃយ៉ា ពីគណបក្សប្រជាជនកម្ពុជាគឺជាសិទ្ធិរបស់បុគ្គល។
លោកថ្លែងថា៖ «បើគេយល់ថា[កម្មវិធីគណបក្សប្រជាជនកម្ពុជា]មិនល្អមិនពេញចិត្តគេ គេចេញទៅវិញ អាហ្នឹងជាសិទ្ធិរបស់គេសម្រេចទេ អត់មានអ្នកណាចាប់ចងឬបង្ខិតបង្ខំដោយប្រការណាមួយទេ មិនដូចការផ្សាយពីមជ្ឈដ្ឋានប្រឆាំងថាសុទ្ធតែមានការគំរាមកំហែង ការប្រឆាំង ការសម្លុតគំរាមកំហែង និងភាពសង្កត់ដោយប្រការណាមួយទេ។ នយោបាយរបស់គណបក្សប្រជាជនជានយោបាយត្រជាក់ គឺជានយោបាយទេវតាមិនមានយកអ្នកជាសត្រូវទេបាទ»។
ទាក់ទងនឹងការផ្តល់លុយទៅ លោក គង់ រ៉ៃយ៉ា នៅពេលជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក សុខ ឥសាន ថ្លែងថា លោកមិនបានដឹងនោះទេ ព្រោះមិនបាននៅក្នុងហេតុការណ៍នោះ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ប្រាប់វីអូអេថា ការចាកចេញរបស់ លោក គង់ រ៉ៃយ៉ា ពីគណបក្សប្រជាជនកម្ពុជាគឺជារឿងផ្ទាល់ខ្លួនរបស់ លោក គង់ រ៉ៃយ៉ា ជាមួយគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ មិនមានអ្វីជាប់ពាក់ព័ន្ធនឹងគណបក្សភ្លើងទៀននោះទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា វាអត់មានអីប៉ះពាល់នឹងភ្លើងទៀនទេ ពីព្រោះអីលោក គង់ រ៉ៃយ៉ា គាត់លែងជាសមាជិកភ្លើងទៀនហើយ។ គាត់ជាសមាជិករបស់គណបក្សប្រជាជន អ៊ីចឹងរឿងគាត់ចាកចេញវាពាក់ព័ន្ធតែជាមួយគណបក្សរបស់គាត់ហ្នឹងទេ យោងតាមច្បាប់គណបក្សនយោបាយ»។
គួរបញ្ជាក់ថា លោក គង់ រ៉ៃយ៉ា ធ្លាប់ជាប់ពន្ធនាគារចំនួនពីរដង ដែលម្តងកាលពីឆ្នាំ២០១៥ ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយពីលោកបានប្រកាសតាមបណ្ដាញសង្គមអំពាវនាវឱ្យមហាជនចូលរួមធ្វើបដិវត្តន៍ពណ៌ជាមួយនឹងរូបលោក។ ចំណែកកាលពីឆ្នាំ២០១៩ លោកត្រូវបានចាប់ខ្លួនម្តងទៀត ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ពាក់ព័ន្ធនឹងសកម្មភាពរបស់លោក ក្នុងការលក់អាវយឺតដែលមានរូប និងសម្តីរបស់ លោកបណ្ឌិត កែម ឡី អ្នកវិភាគម្នាក់ ដែលត្រូវបានបាញ់សម្លាប់ កាលពីឆ្នាំ២០១៦៕