ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាម​ដាន​ចោទ​សួរ​​ពី​សមត្ថ​ភាព​អ្នក​ចុះ​ចូល​ជាមួយ​គណ​បក្ស​កាន់​អំណាចហើយ​ទទួល​បាន​តំណែង​រដ្ឋាភិបាល


ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ត្រែង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប។ (ស៊ុន​ ណារិន/VOA)
ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ត្រែង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប។ (ស៊ុន​ ណារិន/VOA)

អ្នក​តាម​ដាន​មួយ​ចំនួន​បាន​ចោទ​សួរ​អំពី​សមត្ថ​ភាព និង​គុណ​សម្បត្តិ​របស់​អ្នក​ដែល​ចាក​ចេញ​ពី​គណ​បក្ស​ជំទាស់ ហើយ​ទទួល​បាន​តំណែងនិង​តួនាទី​ខ្ពស់ៗ​ក្នុង​ស្ថាប័ន​រដ្ឋ នៅ​ពេល​ពួក​គេ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។

ការ​លើក​ឡើង​របស់​អ្នក​តាម​ដាន ធ្វើ​ឡើង​ក្រោយ​មាន​មន្ត្រី និង​សកម្ម​ជន​របស់​គណ​បក្ស​ភ្លើង​ទៀន​ជា​បន្ត​បន្ទាប់​បាន​នាំ​គ្នា​ចាក​ចេញ​ពី​គណបក្ស​មួយ​នេះ។

សាស្ត្រចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់​វីអូអេ​ថា​ការ​ផ្តល់​តួនាទី​ដែល​មិន​សម​នឹង​សមត្ថ​ភាព​ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​បុគ្គល​ដែល​ទទួល​បាន​តំណែង​ទេ ប៉ុន្តែ​ប៉ះពាល់​ដល់​គណបក្ស​កាន់​អំណាច​ផង​ដែរ។ បើ​តាម​សាស្ត្រាចារ្យ​រូប​នេះ​គណបក្ស​កាន់​អំណាច​ត្រូវ​តែ​ឆ្លើយ​ចំពោះការ​រិះគន់​នេះ ដើម្បី​បញ្ចៀស​ការ​ធ្លាក់​ចុះ​ឥទ្ធិ​ពល​របស់​ខ្លួន ហើយ​ក៏​ជា​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រជាពល​រដ្ឋ​ផង​ដែរ។

លោក​ ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យា​សាស្ត្រ​នយោបាយនៃសាកលវិទ្យាល័យអន្តរជាតិ ក្នុងរាជធានីភ្នំពេញ។ (Facebook/Em Sovannara)
លោក​ ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យា​សាស្ត្រ​នយោបាយនៃសាកលវិទ្យាល័យអន្តរជាតិ ក្នុងរាជធានីភ្នំពេញ។ (Facebook/Em Sovannara)

លោក​ថ្លែង​ថា៖ «​ខ្ញុំគិត​ថា​វា​ប៉ះពាល់​ទៅ​លើ​ទាំង​ពីរ ទាំង​ស្ថាប័ន​រដ្ឋ​ ឬ​ក៏​ស្ថាប័ន​សាធារ​ណៈ ដែល​ទទួល​ថវិកា​ជាតិ​ហ្នឹង។វា​អាច​ប៉ះ​ហើយ ប្រសិន​បើ​ឥស្សរជន​ហ្នឹង គាត់​ពុំមាន​ភាព​សកម្មជន​ ឬ​ក៏​សមត្ថភាព​សម​ស្រប​ទៅ​នឹង​មុខ​តំណែង តួនាទី​ដែល​គណ​បក្ស​កាន់អំ​ណាច​ផ្តល់​ឱ្យទី​១។ទី​២​ក៏​វា​ប៉ះពាល់​ទៅ​នឹង​គណបក្ស​កាន់​អំណាច​ខ្លួន​ឯ​ង​ដែរ នៅ​ក្នុង​ការ​ប្រើប្រាស់​ធន​ធាន​មនុស្ស ដែល​គេ​ហៅ​ថា​ពុំអាច​ជួយ​ប្រជាពល​រដ្ឋ​បាន​តាម​ឆន្ទៈ​ឬ​ក៏​សេចក្តី​ត្រូវ​ការ​ពល​រដ្ឋ។

អ៊ីចឹង​គេ​អាច​ឆ្លុះ​បញ្ចាំង​មើល​ពី​សមត្ថភាព​នៃ​ការ​ដឹក​នាំ​របស់​អ្នក​នយោ​បាយ និង​គណ​បក្ស​ន​យោ​បា​យ​ដែរ»។

នៅ​ពេល​និយា​យ​ពី​ការ​ចុះ​ចូល​របស់​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ជា​ហូរហែ លោក ឯម សុវណ្ណារ៉ា អះអាង​ថា​វា​ពាក់ព័ន្ធ​ជាមួយ​យុទ្ធសាស្ត្រ IF​(Isolate and Finish) របស់​លោក​នាយ​ករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​សំដៅ​លើ​ការ​ដាក់​ឱ្យ​នៅ ឯកា និង​បញ្ចប់។ ប៉ុន្តែ​លោក​ថា​វា​មិន​នាំ​ផល​ចំណេញ​ដល់​ជាតិ​ទាំង​មូល​ឡើយ​ ​ខណៈ​លើក​ឡើងពី​ការ​បាត់​បង់​ការ​គាំទ្រ​ពី​ប្រជាពល​រដ្ឋ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន​ លើក​ឡើង​ថា​តំណែង​ទាំង​នោះ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​ពង្រឹង​នូវ​ឯកភាព​ជាតិ​ និង​សាមគ្គី​ភាព​ជាតិ។

លោក​ថ្លែង​ថា៖ «ដូច្នេះ​តំណែង​មួយ​ចំនួន គឺ​អត់​មាន​ឆ្លើយ​តប​ពី​វិជ្ជាជីវៈទេ។ សូម្បី​តែ​តំណែ​ង​ចៅ​ក្រម តំណែ​ង​ដទៃ​ទៀត​ហ្នឹង​គឺ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​កូតា។ អា​នេះ​យើង​ធ្លាប់​ធ្វើ​តាំង​ពី​ដើម​ទី​មក​ហើយ»។

រូបឯកសារ៖ យុវជន គង់ រ៉ៃយ៉ា (កណ្តាល) ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃអង្គារ ទី១៥ ខែ​មីនា ឆ្នាំ​២០១៦។ យុវជន​នេះ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​កន្លះ ដោយសារ​តែ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេកប៊ុក​ទាមទារ​ឲ្យ​មាន​បដិវត្តន៍​ពណ៌។
រូបឯកសារ៖ យុវជន គង់ រ៉ៃយ៉ា (កណ្តាល) ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃអង្គារ ទី១៥ ខែ​មីនា ឆ្នាំ​២០១៦។ យុវជន​នេះ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​កន្លះ ដោយសារ​តែ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេកប៊ុក​ទាមទារ​ឲ្យ​មាន​បដិវត្តន៍​ពណ៌។

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រោយ​ការ​ចាក​ចេញ​ពី​គណបក្ស​ភ្លើង​ទៀន លោក គង់ រ៉ៃយ៉ា​ អតីត​សមាជិក​គណបក្ស​ភ្លើង​ទៀន បានចុះ​ចូល​ជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដោយ​ទទួល​បាន​តំណែង​ជា​ទីប្រឹក្សា​អម​ក្រសួង​អប់រំ​ យុវជន និង​កីឡា ដែល​មាន​ឋានៈស្មើ​ប្រធាន​នាយកដ្ឋាន។ នេះ​បើ​យោង​តាម​អនុក្រឹត្យ ស្តីពី​ការ​តែងតាំង​មន្ត្រី​រាជការ​ចុះ​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៣។​

ចំណែក​លោក ស​ ឡុងដេត​ ប្រធា​ន​ប្រតិ​បត្តិ​គណ​បក្ស​ភ្លើង​ទៀន​ប្រចាំ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល ដែល​មាន​ឋានៈ​ស្មើ​អនុរដ្ឋ​លេខាធិការ​ ក្រោ​យ​ការ​ប្រកា​ស​លា​ឈប់​ពី​គណបក្ស​ភ្លើង​ទៀន​ ហើយ​មក​ចូល​រួម​ជីវភាព​នយោ​បាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក គង់ រ៉ៃយ៉ា ​ធ្លាប់​ជាប់​ពន្ធនា​គារ​ពី​បទ«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» ក្រោយ​ពី​លោក​បាន​ប្រកាស​តាម​បណ្ដាញ​សង្គម​អំពាវ​នាវឱ្យ​មហាជន​ចូលរួម​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​នឹង​រូប​លោក។

លោក​បាន​បដិសេធ​មិន​អត្ថាធិប្បាយ នៅ​ពេល​វីអូអេ​ទាក់ទង​ទៅ។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រាប់​វីអូ​អេ​ថា​ការ​តែង​តាំង​មុខ​តំណែង​ក៏​ដូច​ជា​តួនាទី​ផ្សេងៗ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ វា​ជា​សិទ្ធិ​សម្រេច​របស់​គណបក្ស​កាន់​អំណាច។ ប៉ុន្តែ​លោក​ជំរុញ​ឱ្យ​គណបក្ស​កាន់​អំណាច​ពិចារ​ណា​ទៅ​លើ​ស​មត្ថ​ភាព​និង​គុណ​វឌ្ឍន៍ មុន​សម្រេច​ផ្តល់​តួនាទី​ដល់​បុគ្គល​ណា​មួយ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មើល​ឃើញ​ថា​តួនាទី​ដែល​ជា​បច្ចេក​ទេស​ជំនាញ មិន​មែន​ជា​តួនាទី​នយោបាយ គួរ​តែ​បំពេញ​តួនាទី​របស់​ខ្លួន​ឱ្យ​សមស្រប​ ឱ្យ​បាន​ត្រឹមត្រូវ ដោយ​បម្រើ​ទៅ​ដល់​ប្រជា​ពល​រដ្ឋ​គ្រប់​និន្នា​ការ​នយោបាយ ហើយ​ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​កុំ​យក​តួនា​ទី​ហ្នឹង​ទៅ​ភ្ជាប់​ជា​មួយ​នឹង​គ​ណ​បក្ស​ន​យោ​បាយ​របស់​ខ្លួន»។

លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្ដិភាព ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី«តួនាទី​របស់​កម្ពុជា​ក្នុង​ការ​ពង្រឹង​សន្តិភាព​ ស្ថិរភាព និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ាន» នៅ​ក្នុង​កម្មវិធី Hello VOA ‍«វេទិកា​អាស៊ាន‍»​ កាល​ពីថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្ដិភាព ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី«តួនាទី​របស់​កម្ពុជា​ក្នុង​ការ​ពង្រឹង​សន្តិភាព​ ស្ថិរភាព និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ាន» នៅ​ក្នុង​កម្មវិធី Hello VOA ‍«វេទិកា​អាស៊ាន‍»​ កាល​ពីថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

​លោក យ៉ង់ គឹមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាជន​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព​ លើក​ឡើង​ថា​បើ​សិន​ពួក​គេ​ទាំង​នោះ​ទទួល​បាន​តំណែង​មិន​សម​នឹង​សមត្ថ​ភាព​របស់​ខ្លួន​ពិត​មែន​ លោក​ថា​វា​ជា​ការ​ខាត​បង់​ថវិកា​ជាតិ ព្រម​ទាំង​ធ្វើ​ឱ្យ​អ្នក​មាន​សមត្ថ​ភាព​ពិត​ប្រាកដ​មិន​ពេ​ញ​ចិត្ត។

លោក​បញ្ជាក់ថា​៖ «អាច​ការ​សម្រេច​ចិត្ត​របស់​គាត់​មិន​បាន​ត្រឹមត្រូវ​នៅ​ក្នុង​ការ​ជួយ​ទៅ​ដល់​ការ​អភិវឌ្ឍ​ជាតិ និង​ការ​អភិវឌ្ឍ​ប្រទេស​របស់​យើង»។

នៅ​ក្នុង​ករណី​ទទួល​បាន​តំណែង​រដ្ឋាភិបាល​មួយ​ទៀត ក្រោយ​ជាប់​ពន្ធនាគារ​បាន​មួយ​រយៈ​ពេល​ខ្លី លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល អតីត​សកម្មជន​គណបក្ស​ប្រឆាំង បាន​សុំ​ទោស និង​ទទួល​ស្គាល់​កំហុស ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ប្រមាថ​ព្រះ​មហាក្សត្រ កាល​ពី​កន្លង​ទៅ។ ពួកគេ​ទាំង​ពី​រនាក់​ត្រូវ​បាន​ដោះ​លែង ហើយ​ក៏​បាន​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច ហើយ​បន្ទាប់​មក​ លោក ស៊ីណន ត្រូវ​បាន​តែង​តាំង​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ការងារ។ ចំណែក​លោក ហ៊ុន កុសល ត្រូវ​បាន​តែង​តាំង​ជា​អនុ​រដ្ឋលេខា​ក្រសួង​រៀបចំ​ដែន​ដី។

លោក យឹម ស៊ីណន ប្រាប់វីអូអេ​ថា​រដ្ឋាភិបាល​បាន​ផ្តល់​ឱកាស​ឱ្យ​លោក ដើម្បី​បម្រើ​ប្រជាពល​រដ្ឋ។ ប៉ុន្តែ​លោក​ក៏មា​ន​ការ​ព្រួយ​បារម្ភពី​តំណែង​ដ៏​ធំ​មួយ​នេះ​ដែរ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​នៅ​តែ​យល់​ឃើញ​ថា​តួនាទី​នេះ​គឺជា​ឱកាស​ដែល​ផ្តល់​ឱ្យ​ខ្ញុំ ដើម្បី​បម្រើ​ប្រជាពល​រដ្ឋ​ខ្មែរ ជា​ពិសេស​ផ្តោត​ទៅ​លើ​កម្មករ​ កម្មការិនី ពលករ​ក្រៅ​ប្រទេស ដែល​ក្នុង​ក្របខណ្ឌ​ក្រសួង​ការ​ងារ​ដែល​ខ្ញុំ​អាច​រួម​ចំណែក​មួយ​ផ្នែក»។

គួរ​បញ្ជាក់​ថា​ការ​ចុះ​ចូល​របស់​សកម្មជន​គណបក្ស​ជំទាស់​មួយ​ចំនួន កើត​ឡើងក្រោយ​ពួកគេ​ត្រូវ​បាន​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន ឬ​អ្នក​ខ្លះ​ជាប់​ពន្ធនា​គារ​បាន​បន្តិច រួច​សុំ​ទោស​លោក​នាយករដ្ឋមន្រ្តី ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន និង​ស្នើ​សុំ​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច។ ក្រោយ​ដោះលែង​ពី​ពន្ធនាគារ ពួកគេ​ត្រូវ​បាន​ផ្តល់​តំណែង​ក្នុង​រដ្ឋាភិបាល៕

XS
SM
MD
LG