ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីត​យុទ្ធជន​ខ្មែរ​ដែល​ធ្លាប់​សហការ​ជាមួយ​ទាហាន​​អាមេរិកាំង​ស្វែង​រក​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​អាមេរិកាំង


លោក​ហាច ហឿន​ ប្រធាន​ក្រុម​អភិបាល​នៃ​សភា​ខ្មែរ​អន្តរជាតិ​ ​នៅ​អាកាសយានដ្ឋាន Reagan National ក្បែ​រដ្ឋធានី​វ៉ាស៊ីនតោន។ (សុខ ខេមរា/វីអូអេ)
គណៈ​ប្រតិភូ​នៃ​អង្គការ​ខ្មែរ​អាមេរិកាំងហៅថា​ សភា​ខ្មែរ​អន្តរជាតិ​ ឬ​ International Khmer ​Assembly ​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​សភា​ និង​រដ្ឋាភិបាល​អាមេរិកាំង​ដើម្បី​ទទួល​ស្គាល់​អតីត​យុទ្ធជន​ខ្មែរ ​ដែល​ធ្លាប់​សហការ​ជា​មួយ​ទាហានអាមេរិកាំង​តាំង​ពី​ទសវត្សរ៍​១៩៦០​មក។​ ក្រុម​សកម្មជន​ទាំងនេះ​នឹង​ចំណាយ​ពេល១​សប្តាហ៍​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​សភា​ និង​មន្ត្រី​ក្រសួង​នានា​កុំឲ្យ​បំភ្លេច​អតីត​យុទ្ធជន​ខ្មែរ។​

ក្រុម​សកម្មជន​ខ្មែរ​អាមេរិកាំង​ និង​អាមេរិកាំង​ខ្លះ​គ្រោង​នឹង​ជួប​ជាមួយ​ក្រុម​មន្ត្រី រដ្ឋាភិបាល​អាមេរិកាំង​ក្នុង​ក្រសួង​ការ​បរទេស​ ក្រសួង​ការពារ​ជាតិ​ និង​បុគ្គលិក​ សមាជិក​សភា​ និង​ព្រឹទ្ធសភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​នៅ​សប្តាហ៍​នេះ​ដើម្បី​បញ្ចុះ បញ្ចូល​ឲ្យគេ​ទទួល​ស្គាល់​ក្រុម​អតីត​យុទ្ធជន​ខ្មែរ​ ដែល​ជួយធ្វើ​សង្គ្រាម​អាមេរិកាំង​ ក្នុង​តំបន់​ឥណ្ឌូចិន​ក្នុងទសវត្សរ៍​១៩៦០​ និង​១៩៧០។​

លោក​ហាច ហឿន​ ប្រធាន​ក្រុម​អភិបាល​នៃ​សភា​ខ្មែរ​អន្តរជាតិ​ បាន​ថ្លែង​ប្រាប់​ វីអូអេ​ថា ​លោក​ចង់ឲ្យ​អាមរិកាំង​ ទាំង​សភា​សហព័ន្ធ​ទាំងមូល​ និង​រដ្ឋាភិបាល​ សហព័ន្ធ​ស.រ.អា.ទទួល​ស្គាល់​និង​គាំទ្រ​អតីត​យុទ្ធជន​ខ្មែរ​ដែល​ចូលរួម​ធ្វើ​សង្គ្រាម​ ជា​មួយ​អាមេរិកាំង​កាលពី​អតីត​កាល​នោះ។​

«បំណង​ដែលចង់​ឲ្យ​អាមេរិកាំង​ទទួល​ស្គាល់​ហ្នឹង​គឺ​ឲ្យ​ចេញ​ជា​លាយ​លក្ខណ៍​អក្សរ​នៅ​ក្នុង​ច្បាប់​ ទទួល​ស្គាល់​ខ្មែរ​ដោយ​ច្បាប់​ត្រឹមត្រូវ​ មិន​មែន​ថា​ តែមាត់​ទេ​ ព្រោះ​ យើង​ត្រូវការ​ការ​ទទួល​ស្គាល់​ដោយ​លក្ខណៈ​ច្បាប់»។​

សភា​ក្នុង​រដ្ឋ​មីនីសូតា​បាន​អនុម័ត​សេចក្តី​សម្រេច​ទទួល​ស្គាល់​អតីត​យុទ្ធជន​ខ្មែរ​រួច​ហើយ​កាលពី​ខែ​មេសា​ឆ្នាំ​២០១២។​

មាន​អតីត​យុទ្ធជន​ជាង​៤៥០​នាក់​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​វ័យ​ចំណាស់ៗ​និង​ ប្រមាណ​១០០​នាក់​ក្នុង​ប្រទេស​អាមេរិក​ ដែល​លោក​បាន​ទទួល​បញ្ជី​ឈ្មោះ​ ក្រោយ​ពី​មាន​ការ​គិតគូរ​ពី​សភា​រដ្ឋ​មីនីសូតា​មក។​

លោក ​ស្កត វ៉កគ័រ​ (Scott Walker)​ នាយក​ប្រតិបត្តិ​នៃ​សភា​ខ្មែរ​អន្តរជាតិ ​(IKA)​ បាន​អះអាង​ថា​ ស.រ.អា.មិន​ដែល​ទទួល​ស្គាល់​ពួក​គេ​ទេ​ ទោះជា​ពួក​គេ​បាន​បូជា​ ជីវិត​ជួយ​កងទ័ព​អាមេរិកាំង​ ក្នុង​សង្គ្រាម​វៀតណាម​ក្តី។​

«ដូច្នេះ​ ជា​ឥរិយាបទ​ចុងក្រោយ​មុនពេល​ពួកគេ​ស្លាប់ទៅ​ វា​ជា​រឿង​ដ៏សំខាន់​ណាស់​សម្រាប់​ពួក​គេ​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​ស.រ.អា.។ យ៉ាង​ហោច​ណាស់ ​ជា​ហេតុផល​ប្រវត្តិសាស្ត្រ​ដែរ​ ចំពោះអ្វី​ដែលគេ​បានជួយ​ស.រ.អា.នោះ។​

ពួកគេ​បាន​លើក​តម្កើង ការពារ​ច្បាប់​ស.រ.អា. និង​លើក​តម្កើង ការពារ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ហើយ​ក្តី​បំណង​យ៉ាង​ខ្លាំង​របស់​ពួក​អតីត​យុទ្ធជន​ជាច្រើន​គឺ​ចង់​បាន​ការ​ទទួល​ស្គាល់​នេះ។ ​រឿងនេះ​ហើយ​ដែល​យើង​ប្រឹងប្រែងធ្វើ​ឲ្យ​បាន​សម្រេច»។​

លោក​ថ្លែង​បន្ថែម​ថា​ លោក​ត្រូវ​ជួប​ជាមួយ​មន្ត្រី​ក្រសួង​ការ​បរទេស​នៅ​ថ្ងៃ​អង្គារ​ និង​ឧត្តម​សេនីយ៍​ទោ​ ចេម ជែកសុន​ (James Jackson)​ នៃ​ក្រសួង​ការពារ​ជាតិ​ នៅ​ថ្ងៃពុធ​ ក្រៅពី​ដាក់​គម្រោង​ការ​ជួប​ជាមួយ​ព្រឹទ្ធ​សមាជិក​ រ៉ន ចនសុន ​(Ron Johnson) ​ព្រឹទ្ធ​សមាជិក ​ម៉ាកូ រូប៊ីអូ ​(Marco Rubio) ​មន្ត្រី​នៃ​ការិយាល័យ​សមាជិក​សភា​ ម៊ែត សាល់មូន ​(Matt Salmon) ​និង​លោក​ដាណា​ រ៉ូរ៉ាប៊ែកគ័រ​ (Dana Rohrabacher) ​ផង​ដែរ។​

មន្ត្រី​ក្រសួង​ការ​បរទេស ​និង​មន្ត្រី​ក្នុង​រដ្ឋសភា​ និង​សភា​អាមេរិកាំង​ពុំ​បាន​ផ្តល់​ការ​ឆ្លើយ​តប​មក​វីអូអេ​ចំពោះ​សំណួរ​ទាក់ទង​នឹង​ការ​ជួប​ប្រជុំ​នេះ​ទេ។​

លោក​ សឺង ទៀង ​អាយុ​៦៥​ឆ្នាំ ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ ​ធ្លាប់​ធ្វើ​ជា​ទាហាន​ ខ្មែរ​សេរី​ក្នុង​កងពល​តូច​លេខ​៤៨​ ចូលរួម​ជាមួយ​ទាហានអាមេរិកាំង​កាលពី​ឆ្នាំ​ ១៩៦៧​ ក្នុង​សង្គ្រាម​វៀតណាម។​ បច្ចុប្បន្ន​លោក​កំពុង​រស់នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ ធ្វើ​ជា​ជាង​កាត់សក់។​ លោក​ថ្លែង​ថា ​លោក​គាំទ្រ​គំនិត​ធ្វើ​ឲ្យ​សភា​ និង​រដ្ឋាភិបាល​អាមេរិកាំង​ទទួល​ស្គាល់​នេះ។​

«ព្រោះ​ពួក​គេ​ចាស់ៗ​អស់​ហើយ​ មាន​អាយុ៦០ ​និង​៧០​អស់​ហើយ។​ បើ​សិន​ យើង​ធ្វើ​បាន​ទៅ​ គ្រាន់​ជួយ​សង្គ្រោះ​ពួក​គេ​ដែរ​ ជួយ​ឧបត្ថម្ភ​ថវិកា​ ជួយ​ការ​រស់​ នៅ​របស់​ពួក​គេ​ដែរ»។​

លោក​ថ្លែង​ថា ​លោក​បានឮ​យូរ​ហើយ​អំពី​ដំណើរការ​សុំ​ឲ្យ​សភា​ជួយ​ដល់​អតីត​ទាហាន​ ​Mi Force ​និង​អតីត​ទាហានកង​ពល​ពិសេសៗ​ ដែល​ធ្លាប់​ជួយ​កងទ័ព​អាមេរិកាំង​ដទៃ​ទៀត​នោះ​ តែមិន​ទាន់​កើត​មាន​សេចក្តី​សម្រេច​ណា​មួយ​ទេ។ លោក​ថ្លែង​ថា​ បញ្ហា​មួយ​ដែល​អាមេរិកាំង​មិន​គាំទ្រ ​ប្រហែល​ជា​ជំនាន់​នោះ​គេ​គិត​ថា ​អតីត​ទាហានទាំង​នោះ​ជា​ទាហានស៊ីឈ្នួល​ គ្មាន​ក្របខណ្ឌ​ ដូចជា​ទាហានអាមេរិកាំង​ក៏​អាច​ថា​បាន។​

ក៏ប៉ុន្តែ​លោក​ព្រហ្ម សៅរ៍នរ៉ា ​អ្នក​វិភាគ​ម្នាក់​ក្នុង​រដ្ឋ​វីជីនៀ​ ដែល​បាន​ឃ្លាំមើល​រឿង​នេះ ​បាន​អះអាង​ថា​ លោក​នៅ​តែ​សង្ឃឹម​ថា ​រដ្ឋាភិបាល​សហព័ន្ធ​និង​សភា​ អាមេរិកាំង​នឹង​ជួយ​ទាហានខ្មែរ​ដែល​ធ្លាប់​បម្រើ​ការ​ឲ្យ​អាមេរិកាំង​ បន្ទាប់​ពី​សភា​នៅ​រដ្ឋ​មីនីសូតា​ (Minnesota)​ទទួល​ស្គាល់​ហើយ​នោះ។​

«បើ​សភា​រដ្ឋ​មីនីសូតា​គេ​ទទួល​ស្គាល់​ហើយ ​សភា​អាមេរិកាំង និង​រដ្ឋាភិបាល​ សហព័ន្ធ​ក៏​អាច​នឹង​ត្រូវ​ទទួល​ស្គាល់​ដូច​គ្នា​ដែរ។​ នេះបើ​តាម​យោបល់​ខ្ញុំ។​ ដូច្នេះ ហើយ​បាន​ជាគេ​ខំប្រឹង​មកប្រទាញ​រឿងហ្នឹង​ឲ្យ​ខាង​សហព័ន្ធ​គេ​ទទួល​ស្គាល់​ ផង»។​

គណៈ​ប្រតិភូ​នៃ​អង្គការ​ខ្មែរ​អាមេរិកាំង​ ហៅ​ថា​ សភា​ខ្មែរ​អន្តរជាតិ​ ឬ​ International Khmer​ Assembly​ នឹង​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ដើម្បី​សុំឲ្យ​មាន​ការ​ទទួល​ស្គាល់​អតីត​យុទ្ធជន​ខ្មែរ​ដោយរដ្ឋាភិបាល​សហព័ន្ធ​អាមេរិកាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​នៅថ្ងៃ​សុក្រ​ខាង​មុខ​នេះ។​ គណៈ​ប្រតិភូ​ទាំង​នេះ​រំពឹង​ថា ​នឹង​មាន​សមាជិក​សភា​និង​ព្រឹទ្ធសភា​ខ្លះ​នឹង​ចាប់​ផ្តើម​គាំទ្រ​សេចក្តី​ព្រាងច្បាប់​ទាក់ទង​នឹង​អតីត​យុទ្ធជន​ខ្មែរ​នេះ​ មុន​ពេល​មាន​សវនាការ​ក្នុង​ពេល​ខាង​មុខនេះ៕
XS
SM
MD
LG