ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​គ្រោង​បង្កើត​គណៈកម្មាធិការ​ចងក្រង​ឯកសារ​ពី​របប​ខ្មែរក្រហម


ផ្នូរ​របស់​ប៉ុលពត​ដែល​ស្ថិត​នៅ​​អន្លង់វែង​។​​
ផ្នូរ​របស់​ប៉ុលពត​ដែល​ស្ថិត​នៅ​​អន្លង់វែង​។​​
វ៉ាស៊ីនតោន៖ តំណាង​សហគមន៍​ខ្មែរ​មក​ពី​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិក​កំពុង​ស្វែង​រក​វិធី​ក្នុង​ការរៀបចំ​បង្កើត​គណៈកម្មាធិការ​ជាតិកម្ពុជា​មួយដើម្បីចង​ក្រង​ឯកសារ​ពី​របប​ប្រល័យ​ពូជសាសន៍ខ្មែរ​ក្រហមនិង​ដើម្បី​ជួយ​ជំរុញ​ដល់​ការ​ផ្សះផ្សារ​ផ្លូវ​ចិត្ត​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​រងគ្រោះ ពី​របប​ខ្មែរនេះ។​

ការពិភាក្សា​លើ​ការ​បង្កើត​គណៈកម្មាធិការ​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ឈីកាហ្គោ​ រដ្ឋ​អ៊ីល្លីណយ​កាលពី​ថ្ងៃសុក្រនេះដោយ​មាន​អ្នក​ចូលរួម​មក​ពី រដ្ឋ​ដែល​មាន​ពលរដ្ឋ​ខ្មែររស់​នៅ​ដូច​ជា​រដ្ឋ​កាលីហ្វញ៉ា មីនីសូតា និង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ជាដើម​។

លោកស្រី​ដារី មៀន នាយិការប្រតិបត្តិ​នៃ​សមាគម​ខ្មែរ​រដ្ឋ​អ៊ីល្លីណយ​ដែល​ជា​អ្នក​រៀប​ចំ​ការ​ជួប​ប្រជុំ​គ្នា​នេះ​បាន​បញ្ជាក់​ថា៖​

«នៅក្នុង​ការ​ជួប​ជុំ​គ្នា​គឺ​ជា​ការ​ពិសេស​ណាស់​ដែល​៣០​ឆ្នាំ​ជាង​ហើយ​ខ្មែរយើង​គ្រប់​រដ្ឋ​តែង​តែ​ប្រឹង​ប្រែង​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​សហគមន៍​ខ្មែរ​យើង​ដែល​ថា​ថ្ងៃ​នេះ​ដែល​មាន​មេដឹកនាំចូលរួម​មាន​ចំណេះ​និង​បទពិសោធន៍​គ្រប់​បែប​យ៉ាង»។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​ខ្មែរ​រដ្ឋ​អ៊ីល្លីណយបាន​បញ្ជាក់ថា៖ «គោលបំណង​នៃ​គណៈកម្មាធិការ​នេះ​គឺ​ដើម្បី​រៀបចំ​នូវ​កម្មវិធី​មួយ​ចំនួន​ដែល​អាច​ជួយសម្រួល​ដល់​ការ​ផ្សះផ្សារ​ផ្លូវ​ចិត្ត​ដល់​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​និង​ក៏​ដើម្បី​រៀបចំ​អង្គការ​ថ្នាក់​ជាតិ​មួយ​សម្រាប់​ចងក្រង​ឯកសារ​ស្តី​ពី​បទពិសោធន៍​ឆ្លង​កាត់​របប​ប្រល័យ​ពូជ​សាសន៍​កម្ពុជា​តាម​រយៈការ​ប្រមូល​នូវ​ប្រវត្តិសាស្រ្ត​ផ្ទាល់​មាត់​និង​ឯកសារ​ប្រវត្តិសាស្រ្ត​នៃ​ព្រឹត្តិការណ៍​ជុំ​វិញ​ការ​ប្រល័យ​ពូជសាសន៍»។​

លោក​យ៉ាន យន នាយក​ប្រតិបត្តិ​នៃ​សមាគម​ខ្មែរ​នៅ​រដ្ឋ​មីនីសូតា​ដែល​បាន​មក​ចូល​រួម​បាន​បញ្ជាក់ពី​សារៈ​សំខាន់​រយៈពេល​យូរ​នៃ​ការ​ចង​ក្រង​ឯកសារ​នេះ៖

«​ដូច្នេះ​វាផល​ប្រយោជន៍​ហ្នឹង​វាធ្លាក់​ធ្ងន់​ទៅ​លើ​ប្រជាពលរដ្ឋ​យើង​ដែល​មាន​បញ្ហា​ធំធេង​ដោយសារ​ការ​កាប់​សម្លាប់​នៅក្នុង​សម័យ​ប៉ុល​ពត​ឬ​មួយ​ក៏​ឃាតកម្ម​បន្ទាប់​ពី​ហ្នឹង​ទៅទៀត»។

គេ​សង្កេត​ឃើញ​ថា​ជន​រងគ្រោះ​ពី​របប​ខ្មែរ​ក្រហម​ដែល​នៅ​រស់​រាន​មាន​ជីវិតហើយ​មក​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក​សុខចិត្ត​និយាយ​ពី​ការ​ឈឺចាប់​របស់​ពួកគេ​បន្តិចម្តងៗក្នុង​រយៈ​ពេល​ជាង​៣០​ឆ្នាំ​នេះ។ អ្នក​ខ្លះ​ទៀត​មិន​ដែលនិយាយ​ពី​ការ​ឈឺចាប់​នោះ​ប្រាប់​កូនចៅ​របស់​គេ​ដែល​ធ្វើ​ឱ្យ​មាន​ការ​មិន​សូវ​យល់​គ្នា​រវាង​ឱពុកម្តាយ​និង​កូនៗ​របស់​គេ។​

លោក​ប៉ាន់ ​ឡាម៉ារីន សកម្មជន​សហគមន៍​ម្នាក់​មក​ពី​រដ្ឋ​កាលីហ្វញ៉ា​បាន​បញ្ជាក់​ថា៖

«ពេលណាខ្មែរ​យើង​ទាំងអស់​គ្នា​បាន​ដឹង​បាន​ឮពីការ​ឈឺចាប់​ពី​កាល​ជំនាន់​ខ្មែរ​ក្រហម​គឺ​ថា​អាច​ធ្វើ​ឱ្យ​ក្មេង​មាន​ការ​ជំរុញ​ទឹកចិត្ត​ដើម្បី​អនាគត​របស់​វា​ទៅ ថ្ងៃ​មុខ​ហើយ​មួយទៀត​ការ​ធ្វើ​នេះ​គឺ​ដើម្បី​ជា​ដំណើរការ​ផ្សះផ្សារ​សម្រាប់​ផ្លូវ​ចិត្ត​សាស្រ្ត​សម្រាប់​បងប្អូន​ដែល​ធ្លាប់​រស់​នៅ​ក្នុង​ជំនាន់​ហ្នឹង»។

លោក​បណ្ឌិត​ John Phallen ប្រធាន​នៃ​អង្គការ​ទិសដៅ​សម្រាប់​តំបន់​ប៉ាស៊ីហ្វិក​និ​ងជាអ្នក​ផ្តួចផ្តើម​គំនិត​នេះ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​លោក​មើល​ឃើញ​ពី​សារៈ​សំខាន់​ក្នុង​ការ​រៀប​ចំ​គោល​ដៅ​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​មូល​ដ្ឋាន​សម្រាប់​ការ​ចងក្រង​ឯកសារ​ដើម្បី​កុំ​ឱ្យ​បាត់​បង់។​

កន្លង​មក​មាន​ការ​បង្កើត​ជា​វិមាន​រំលឹក​ពី​របប​វាល​ពិឃាត​និង​សារៈមន្ទីរ​មរតក​ខ្មែរ​អាមេរិកាំង​ក្នុង​រដ្ឋ​អ៊ីល្លីណយ​ដែល​បាន​ទាក់​ទាញ​អ្នក​ចូល​មក​ទស្សនា​ជាច្រើននាក់​។ ​
XS
SM
MD
LG