ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​បុគ្គលិក​វីអូអេ​បាន​ទទួល​មរណភាព​ដោយ​ជរាពាធ


លោក ឈឹម ផន (ទី​៣​រាប់​ពី​ឆ្វេង) ថត​ជាមួយ​បុគ្គលិក​វីអូអេ​ ខេមរភាសា​ក្នុង​ឆ្នាំ​១៩៩៩។
លោក ឈឹម ផន (ទី​៣​រាប់​ពី​ឆ្វេង) ថត​ជាមួយ​បុគ្គលិក​វីអូអេ​ ខេមរភាសា​ក្នុង​ឆ្នាំ​១៩៩៩។
វ៉ាស៊ីនតោន៖ អតីត​បុគ្គលិក​ផ្នែក​ការ​ផ្សាយ​ជា​ខេមរភាសា​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ (វីអូអេ) គឺ​ លោក​ ឈឹម ផន​ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃទី​ពុធ​ ទី​ ១៦​ខែ​មករា​ ឆ្នាំ​ ២០១៣​ វេលា​ម៉ោង​ ០១:៣០ (មួយ​ សាម​សិប​ នាទី) រសៀល​ ក្នុង​ជន្មាយុ​ ៨៣​ ឆ្នាំ​ ដោយ​ជរាពាធ​ នៅ​ឯ​គេហដ្ឋាន​របស់​លោក​ ក្នុង​ស្រុក​រកាកោង​ ខេត្ត​កណ្តាល​ ប្រទេស​កម្ពុជា។​

លោក ឈឹម ផន និង​ភរិយា
លោក ឈឹម ផន និង​ភរិយា
លោក​ ឈឹម ផន​ បាន​ បម្រើ​ការ​នៅ​ឯ​ការិយាល័យ​វីអូអេ​ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ ចំនួន​ ៣៤ឆ្នាំ​ មុន​នឹង​លោក​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០០១​ ហើយ​បាន​វិល​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ។​ លោក​ឈឹម ផន​ត្រូវ​បាន​បុគ្គលិក​រួម​អាជីព​និង​អ្នក​ស្តាប់​ទទួល​ស្គាល់​ចំពោះ​ទេពកោសល្យ​ក្នុង​ការ​ផ្សាយ​សំឡេង​ដែល​អាច​ទាក់​ទាញ​អារម្មណ៍​អ្នក​ស្តាប់​ឱ្យ​ដូច​ជា​កំពុង​ស្ថិត​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​កើត​មាន​ឡើង។​

​លោក​ ឈឹម ផន​ ជា​សមាជិក​ដំបូង​ម្នាក់​ក្នុង​ក្រុម​ស្ថាបនិក​វត្ត​ពុទ្ធិការាម​ក្នុង​ក្រុង​ស៊ីលវ័រស្ព្រីង​ (Silver Spring) រដ្ឋ​ ម៉ារីឡិន​ (Maryland) នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​ធ្លាប់​បម្រើ​ជា​អនុប្រធាន​នៃ​សមាគម​រក្សា​មរតក​ខ្មែរ​ ដែល​បង្រៀន​របាំ​និង​ភ្លេង​ប្រពៃណី​ខ្មែរ​ដល់​សហគមន៍​ខ្មែរ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដែរ។​ លោក​និង​ភរិយា​ គឺ​អ្នក​ស្រី​ សំអាត​ មាន​កូន​ប្រុស​ម្នាក់​ ឈ្មោះ​ ទិព្វមោនី​ និង​កូនស្រី​ម្នាក់​ឈ្មោះ​ គីមបឺលី។​

ក្រុម​គ្រួសារ​របស់​លោក​បាន​បញ្ជាក់​ថា​ ពិធី​បូជា​សព​នឹង​ប្រព្រឹត្ត​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​ទី​ ១៩​ ខែ​មករា​នេះ​នៅ​ស្រុក​រកាកោង​ ខេត្ត​កណ្តាល៕
XS
SM
MD
LG