ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នកភូមិ​បុរី​កីឡា​បង្ហាញ​ទស្សនៈ​ចំពោះ​ការស្លាប់​របស់​លោកស្រី ស៊ុយ សុផាន ដែល​ពួកគេ​មាន​ជម្លោះ​ដីធ្លី​ជាមួយ


លោកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ប្រជា​សហគមន៍​បុរីកីឡា​កាលពី​ជិត​១០ឆ្នាំ​មុន បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី២៩ ខែមីនា ឆ្នាំ២០២១ ក្នុង​វ័យ​៦៥​ឆ្នាំ ដោយ​ជំងឺ​មហារីក​ថ្លើម។ (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក)

លោក​ស្រី ស៊ុយ សុផាន ​ម្ចាស់​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ិច (Phan Imex)​ ដែល​មាន​ឈ្មោះ​ល្បី​ក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​ប្រជា​សហគមន៍​បុរី​កីឡា​កាល​ពី​ជិត​១០ឆ្នាំ​មុន បាន​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ដោយ​ជំងឺ​មហារីក​ថ្លើម។ លោកស្រី​មាន​អាយុ​៦៥​ឆ្នាំ​។

ដោយ​សារ​ក្រុមហ៊ុន​របស់​លោកស្រី​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅ​ដ្ឋាន​កាល​ពី​ឆ្នាំ​២០១២ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​និង​តំណាង​ពលរដ្ឋ​ដែល​ធ្លាប់​មាន​វិវាទ​ដីធ្លី​ជាមួយ​លោក​ស្រី ស៊ុយ សុផាន ជា​អគ្គនាយិកា​ក្រុមហ៊ុន ជំរុញ​ឲ្យ​អ្នក​ដែល​កាន់​កាប់​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ិចបន្ត គួរ​បន្ត​ដោះ​ស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី និង​ទូទាត់​សំណង​មួយ​ចំនួន​ដែល​មិន​ទាន់​ផ្តល់​ឲ្យ​ពល​រដ្ឋ​។

លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ បើ​តាម​ធម៌​ព្រះពុទ្ធ​សាសនា​នោះ ការបាត់​បង់​ជីវិត​របស់​មនុស្ស​ត្រូវ​អហោសិកម្ម ឬ​ឈប់​ចង​កម្ម​ពៀរ​នឹង​រឿង​ដែល​បាន​កើត​ឡើង​កន្លង​មក​។

«ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​គិត​ថា​ជារឿង​សំខាន់​ គឺ​ទាក់​ទង​នឹង​ក្រុម​ហ៊ុន​ទៅ​វិញ​ទេ​ បើ​សិន​ជា​ក្រុមហ៊ុន​ផាន​អ៊ីមិច​ហ្នឹង​ នៅ​មាន​បញ្ហា​ដែលមិន​ទាន់​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​រឿង​បញ្ហា​ដីធ្លី​កន្លែង​ណា​មិន​ទាន់​ចប់​ហ្នឹង​ គឺ​អ្នក​បន្តវេន​ហ្នឹង​ត្រូវ​តែ​ធ្វើ​ការ​ដោះ​ស្រាយ​»។​

កាល​ពី​ថ្ងៃទី​៣ ខែ​មករា​ ឆ្នាំ​២០១២​ ក្រុមហ៊ុន​ផាន​អ៊ីមិច​របស់​លោកស្រី ស៊ុយ សុផាន​ និង​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ បាន​ដាក់​កម្លាំង​មាន​សមត្ថកិច្ច​និង​សន្តិសុខ​ក្រុមហ៊ុន​ ទៅ​ឈូស​ឆាយ​ផ្ទះ​របស់ប្រជា​ពលរដ្ឋ​នៅ​តំបន់​បុរីកីឡា​ប្រមាណ​៤០០​គ្រួសារ។

អ្នក​បុរី​កីឡា​មួយ​ចំនួន​ ត្រូវ​បាន​អាជ្ញាធរ​ដឹក​ទៅ​ទម្លាក់​ចោល​នៅ​តំបន់​ទួល​សំបូរ​និង​ភ្នំបាត ក្នុង​ស្រុក​ពញាឮ​ ខេត្ត​កណ្តាល ដែល​មាន​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ដោយ​អ្នក​ខ្លះ​ បាន​ទទួល​សំណង​ដី​៤​ គុណ៥​ម៉ែត្រ​។

ក្រុម​ប្រជាពលរដ្ឋ​ដែល​មិន​សុខ​ចិត្ត​នឹង​ការ​បណ្តេញ​ចេញ​និង​សំណង​ដែល​ទទួល​បាន​មិន​សមរម្យ​នោះ​ ធ្លាប់​តវ៉ា​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​បន្ថែម​ ហើយ​ពេល​ខ្លះ ​បាន​ប៉ះ​ទង្គិច​គ្នាជាមួយ​កង​សន្តិសុខ​ខណ្ឌ​៧ម​ក​រា​។ ពួកគេ​ក៏បាន​ចេញ​ទៅ​តវ៉ា​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ និង​នៅ​មុខ​គេហដ្ឋាន​របស់​លោក​ស្រី ស៊ុយ​ សុផាន ​ក្នុង​ខណ្ឌទួល​គោក​ផង​ដែរ។

អ្នកស្រី​ ខៀវ ឡៃ អាយុ​៤៦​ឆ្នាំ​ ​អតីត​អ្នករស់​នៅ​ក្នុង​តំបន់​បុរីកីឡា​ ដែល​ពេល​នេះ​កំពុង​រស់នៅ​ក្នុង​តំបន់​ភ្នំបាត និយាយ​ថា ក្រោយ​ការ​ស្លាប់​របស់​លោក​ស្រី​ ស៊ុយ សុផាន​ ពលរដ្ឋ​ប្រមាណ​១១០​គ្រួសារ​នៅ​តំបន់​ភ្នំបាត កំពុង​បារម្ភ​ថា ​ពួកគេ​នឹង​មិន​បាន​ប្លង់​កម្ម​សិទ្ធិដី​ដែល​ពួក​គេ​កំពុង​រស់​នៅ ខណៈ​ប្រជាពលរដ្ឋ​៣០​គ្រួសារ​ទៀត ​មិន​ទាន់​បានទទួល​លំនៅឋាន​។

«វា​មិន​ទាន់​បាន​ដោះ​រួចរាល់​ទេ​អូន​ ហើយ​ក៏មាន​ការ​សោក​ស្តាយ​ដែរ​ដោយ​សារ​ សោក​ស្តាយ​អី​ពួក​ខ្ញុំ​ វា​អត់ទាន់​បាន​ប្លង់​ ហើយ​ទៅ​នៅ​៣០​គ្រួសារ​ទៀត​ អត់​ទាន់​បាន​លំនៅឋាន​របស់​គាត់ទេ។ ការ​សោក​ស្តាយ​ វាមិន​ទាន់​បាន​ដោះ​ស្រាយ​ហើយ​ មិន​មែន​ការ​សោក​ស្តាយ​ដែល​គាត់​ស្លាប់​ទៅ​...សោក​ស្តាយ​ដែល​អត់បាន​ទាន់​ដោះ​ស្រាយ​ជាមួយ​ប្រជា​ពលរដ្ឋ»។​

អតីត​សកម្មជន​ដីធ្លី​រូប​នេះ​បន្ថែម​ថា ​ពលរដ្ឋ​ដែល​កំពុង​រស់​នៅតំបន់​ភ្នំ​បាត​កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ថវិកា ពុំ​មានដី​បង្ក​បង្កើន​ផល​ និង​ទីតាំង​ដើម្បី​រក​ស៊ី​។​ អ្នកស្រី​ស្នើ​អ្នក​បន្ត​គ្រប់គ្រង​ក្រុមហ៊ុន​ពី​លោក​ស្រី ស៊ុយ សុផាន ​ឲ្យ​គិតគូរ​ផ្តល់​សំណង​ជា​លុយ​កាក់​បន្ថែម​ទៀត​ដល់​ពលរដ្ឋ​ ក្នុង​ការ​បង្កើត​របរ​រក​ស៊ី​ទទួល​ទាន​ប្រចាំថ្ងៃ។

«ទីនេះ​ អត់​មាន​ដីស្រែ​ចម្ការ​ធ្វើ​ ហើយ​ឆ្ងាយ​ទីក្រុង​ទៀត​ អត់​មាន​មុខ​របរ​ឆ្ងាយ​ពី​មុខ​របរ​ អត់​មាន​កន្លែង​ចិញ្ចឹម​មាន់​ ចិញ្ចឹម​ទា យើង​បើ​ដី​ស្រែ​យើង​ ធម្មតា​មាន​ស្រែ​ធ្វើ​ មាន​បន្លែ ​ចិញ្ចឹម​មាន់​ចិញ្ចឹម​ជ្រូក​អី​ទៅ​ វា​កាត់​បន្ថយ។ ដល់​ពេល​នេះ​ អត់​មាន​អី​សោះ​»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​សាច់​ញាតិ​លោក​ស្រី ​ស៊ុយ សុផាន ​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។ សពរ​បស់​លោក​ស្រី ​ស៊ុយ សុផាន ត្រូវ​បាន​សារ​ព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា​ កំពុង​តម្កល់​នៅ​គេហ​ដ្ឋាន​កូន​ៗ​លោក​ស្រី​ក្នុង​សង្កាត់​វាលស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ រាជ​ធានី​ភ្នំពេញ។

ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភានិង​អធិការ​កិច្ច លោកស្រី ម៉ែន សំអន នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​បង្ហោះ​សារ​និង​រូបថត​បង្ហាញ​ពី​ការ​អញ្ជើញ​ចូលរួម​បុណ្យ​សព​របស់​លោកស្រី ស៊ុយ សុផាន អគ្គ​នាយិកា​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ិច ដែល​បាន​ទទួល​មរណ​ភាព កាល​ពី​ថ្ងៃ​ចន្ទ​ វេលា​ម៉ោង​៧:​៥៥​នាទី​ព្រឹក។

អ្នកស្រី ស ស៊ន អាយុ​៦២ឆ្នាំ​ ដែលបដិសេធ​ទៅ​រ​ស់​នៅ​ឆ្ងាយ​ពី​តំបន់​បុរីកីឡា និយាយ​ថា​ ពលរដ្ឋ​មាន​ការ​យល់​ឃើញ​ខុស​ៗ​គ្នា​នឹង​មរណភាព​របស់​លោក​ស្រី ស៊ុយ សុផាន។

«គាត់​តែង​តែ​និយាយ​ថា​ នេះ​ជា​កម្ម​ពៀរ​អីចឹង​ ដែល​សាង​អាក្រក់​ ធ្វើ​អំពើ​មិន​ល្អ​ ឆាប់​ស្លាប់​អីចឹង​។ គាត់​និយាយ​អីចឹង​គ្រប់​ៗគ្នា​ ម្នាក់​ៗ​គាត់​ខឹង​គាត់​ អ្នកខ្លះ​ថា​ ម្សិល​មិញ​គាត់​ចង់​ជប់​លៀង​ ខ្លះ​ទៅ​ក៏និយាយ​ថា​ អីចឹង​ចុះ.​..​និយាយ​ទៅ​ម្នាក់​ៗ​ គាត់​ចេះ​តែ​មាន​យោ​បល់​ផ្សេង​ៗ​គ្នា»។

សម្រាប់​អ្នក​ស្រី​ផ្ទាល់​ ​ក្រុមហ៊ុន​ផាន​អ៊ីម៉ិច​ មិន​បាន​ផ្តល់​សំណង​សម​ស្រប​ដល់​អ្នកស្រី​ទេ​ បើ​ទោះ​បី​អ្នកស្រី​បាន​ចូល​ទៅ​រស់​នៅក្នុង​ផ្ទះ​មួយ​នៅ​ជាន់​ទី​៥​នៃ​អគារ​ទី​៤​ក្នុងចំ​ណោម​អគារ​ចំនួន​១០​ ដែល​ក្រុម​ហ៊ុន​បាន​សង់ជូន​ពលរដ្ឋ​ដែល​ត្រូវ​បណ្តេញ​ចេញពី​អតីត​អគារ​បុរី​កីឡា​នោះ​។

«ដូច​ជា​មីង​យក​សំណង​ ក៏វា​មិន​សមរម្យ​សម្រាប់​មីង​ ទទួល​យក​បាន​ដែរ​ ប៉ុន្តែ​មីង​អស់​ជម្រើស​ ដូច​ថា​ មីង​មាន​តែ​ម្នាក់​ឯង​ ហើយ​ពួក​មីង​ក៏នៅ​គ្នាតិច​ ហើយបើសិន​ជា​មិន​យក​ ត្រូវ​ប្រឈមមុខ​នឹង​ភាព​ក្រីក្រកាន់​តែខ្លាំង​...អីចឹង​មីងគិត​ថា​ ការ​ដោះ​ស្រាយ​ហ្នឹង​ វាមិន​ទាន់​ចប់​សព្វគ្រប់​ទេ»។

កន្លង​មក​ ក្រុមហ៊ុន​ផាន​អ៊ីម៉ិច​របស់​លោក​ស្រី ស៊ុយ សុផាន​ បាន​សន្យា​ថា ​សង់​អគារ​ចំនួន​១០​នៅ​ហ្នឹង​កន្លែង​សម្រាប់​ជា​សំណង​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បណ្តេញចេញពី​ទីតាំង​ចាស់​ ​ប៉ុន្តែ​លោក​ស្រី​សង់​បាន​តែ៨​អគារ​ប៉ុណ្ណោះ រួច​ក៏​ប្រកាស​ក្ស័យ​ធន​។

បើ​តាម​លោក ​អំ សំអាត មន្រ្តី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ក្រៅ​ពី​វិវាទ​ដី​ធ្លី​នៅ​តំបន់​បុរីកីឡា​ លោក​ស្រី ​ស៊ុយ សុផាន​ ក៏​មាន​ទំនាស់​ជាមួយ​ពលរដ្ឋ​នៅ​តាំង​ផ្សេង​ៗ​ទៀត​នៅ​ខណ្ឌ​ច្បារ​អំពៅ​ ដែល​កាល​ពី​ពេល​មុន​ស្ថិត​ក្នុង​ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល និង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ជាដើម​៕

XS
SM
MD
LG