ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​អឺរ៉ុប​ប្រឹង​ទប់​ស្ថានការណ៍​មុន​រំលាយ​បក្ស​សង្គ្រោះជាតិ


ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ដាក់​បញ្ឈរ​នៅតាម​ចិញ្ចើម​ផ្លូវ​នៅ​ជាយ​រាជធានី​ភ្នំពេញ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៧ មុន​ពេល​តុលាការ​កំពូល​រំលាយ​គណបក្ស​នេះ កាល​ពី​ថ្ងៃទី​១៦ ​ខែ​វិច្ឆិកា ឆ្នាំ២០១៧។
ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ដាក់​បញ្ឈរ​នៅតាម​ចិញ្ចើម​ផ្លូវ​នៅ​ជាយ​រាជធានី​ភ្នំពេញ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៧ មុន​ពេល​តុលាការ​កំពូល​រំលាយ​គណបក្ស​នេះ កាល​ពី​ថ្ងៃទី​១៦ ​ខែ​វិច្ឆិកា ឆ្នាំ២០១៧។

សហគមន៍​អឺរ៉ុប​បាន​ខិតខំ​ប្រឹងប្រែង​បង្វែរ​ស្ថានការណ៍​កម្ពុជា​ឱ្យ​មក​ដូច​ដើម​នៅមុន​តុលាការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​សប្តាហ៍​មុន។​

ប៉ុន្មាន​ម៉ោង​មុន​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​នេះ ​មន្ត្រី​ជាន់​ខ្ពស់​សហគមន៍​អឺរ៉ុប​ បាន​ជួប​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា​ដើម្បីបង្ហាញ​ពីការព្រួយ​បារម្ភ​របស់​ខ្លួន​ពី​ស្ថានភាព​ធ្លាក់ដុនដាប​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​ Gunnar Wiegand ​មន្ត្រី​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​ និង​ជា​នាយក​គ្រប់​គ្រង​សេវា​កិច្ចការ​បរទេស​របស់​អឺរ៉ុប​ និង​លោក​ Goerge Edgar​ ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​ប្រាក់​សុខុន​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា។

បន្ទាប់ពី​ជំនួប​នោះ​លោក​ Gunnar Wiegrand ​បាន​សរសេរ​ក្នុង​ទំព័រ​ធ្វីតធឺ​របស់​លោក​ថា៖

«នៅកម្ពុជា​មានការ​ចរចា​ដ៏តឹងតែង​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ប្រាក់​សុខុន​ ដោយ​បាន​បង្ហាញ​ពី​ជំហរ​របស់​សហគមន៍​អឺរ៉ុប​ក្នុងការ​គាំទ្រ​ដល់​ប្រជាធិបតេយ្យ​ពហុបក្ស​ សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ‍»។

ប៉ុន្តែ​រដ្ឋាភិបាល​បាន​ការ​ពារ​វិធាន​ការ​នា​នា​ទាក់ទិន​ ​នឹង​ការ​គាប​សង្កត់​លើ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​និង​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា​ ​ជា​កិច្ច​ខិតខំ​ដើម្បី​រក្សា​សន្តិភាព​និង​សិ្ថរភាព។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស។

សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ទើប​តែ​បញ្ចេញ​ឱ្យ​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​អាទិត្យ​បញ្ជាក់​ថា​ ចំណាត់ការ​កន្លង​មក ​គឺ​ដើម្បី​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ ​ហើយ​ថា​ ​ប្រទេស​កម្ពុជា​នឹង​បន្ត​ប្រកាន់​ខ្ជាប់​របប​ប្រជាធិប​តេយ្យ​ ​សេរីពហុបក្ស​ដូច​មាន​ចែង​ក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ ចុះថ្ងៃ​ទី​ ​១៦​ ​ខែវិច្ឆិកា​ដែល​ជាថ្ងៃ​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ក្នុង​ជំនួប​នោះ​លោក​ប្រាក់ សុខុន បាន​ពន្យល់​តំណាង​សហភាព​អឺរ៉ុប​ ​ទាំងពីរ​នាក់​ ​អំពី​ព្រឹត្តិការណ៍​ផ្សេង​ ជុំវិញ​ការ​បិទ​អង្គការ​ NDI ​ការបិទ​កាសែត​ The Cambodia Daily ​និង​ ការប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

ទាក់​ទិន​នឹង​ការ​បិទ​អង្គការ​ NDI ​លោក​ ប្រាក់​ សុខុន​ បាន​លើកឡើង​ថា​ កម្ពុជាជា​ប្រទេស​មួយ​ ដែល​ត្រូវ​បាន​គេមើល​ឃើញថា​ មាន​សកម្មភាពខ្លាំង​លើផ្នែក​សង្គម​ស៊ីវិល​ ដោយមាន​វត្តមាន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​ ៥០០០។​

លោក​ប្រាក់​ សុខុន​បានបញ្ជាក់​បន្ថែម​ថា៖

«ករណី​ការ​បញ្ឈប់​សកម្មភាព​អង្គការ​ NDI ​គឺ​បង្ក​ឡើង​ដោយ​អង្គការ​នេះ​ខ្លួនឯង​ដែល​មិន​បាន​គោរព​ទៅ​តាម​ច្បាប់​ស្តីពី​អង្គការ​ NGOs​ របស់​កម្ពុជា​ ដែល​ពីមុន​ និង​ក្រោយពេល​នៃការ​ចូល​ជាធរមាន​ របស់​ច្បាប់នេះ​ អង្គការ​ NDI ​ពុំបាន​ចុះអនុស្សារណៈ​ជាមួយ​ក្រសួង​ការ​បរទេស​ឡើយ ​ហើយ​ប្រការ​នេះ​ធ្វើ​ឲ្យក្រសួង​ការបរទេស​ពុំមាន​ជម្រើស​ណា​ក្រៅ​ពី​បង្ខំ​ចិត្ត​បញ្ឈប់​សកម្មភាព​របស់​អង្គការនេះ​ នៅ​កម្ពុជា​ឡើយ។​

យ៉ាងណាមិញ​ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ហៅកាត់​ថា​ អង្គការ​ ​NDI​ ​នេះ​ ​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​ការ​បិទ​ស្ថាប័ន​ខ្លួន ដោយ​ចោទ​ក្រសួង​ការបរទេស​កម្ពុជា​ថា​ មិន​ព្រម​ផ្តល់​ការ​យល់​ព្រម​ឲ្យ​ខ្លួន​បាន​ចុះបញ្ជី។ ហើយ​អង្គការ​នេះ​ បាន​ចាត់ទុក​ការ​បិទ​វិទ្យាស្ថាន​ខ្លួន​ ថា​ជាការ​បង្ក្រាប​លើ​លទ្ធិ​ប្រជាធិបតេយ្យ​និង​បង្ក​ការ​ភ័យខ្លាច​ នៅខណៈ​ដែល​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ​កំពុង​ខិតជិត​មក​ដល់។​

ចំណែក​ការ​បិទទ្វារ​របស់កាសែត​ The Cambodia Daily ​លោក​ ​ប្រាក់ សុខុន​ ​បានលើកឡើង​ថា​ ករណី​ កាសែត​ The Cambodia Daily ​គឺជា​ករណី​ពាក់​ព័ន្ធនឹង​ច្បាប់​ស្តីពី​ពន្ធដា​ដែល​ក្នុងពេល​ដែល​កាសែត​ភាសា​បរទេស​ឯករាជ្យ​ចំនួន​ពីរផ្សេង​ទៀត​ បាន​គោរព​ និង​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ជូនរដ្ឋ​ រីឯ​កាសែត​ The Cambodia Daily​ ​ពុំបាន​បង់​ពន្ធជូន​រដ្ឋ​ឡើយ​។​ ដូច្នេះ នៅពេល​ដែលកម្ពុជា​តម្រូវឲ្យ​គោរព​ទៅតាម​ច្បាប់​ស្តីពី​ពន្ធដា​ កាសែត​ The Cambodia Daily​ បានសម្រេចចិត្ត​បិទទ្វារ​ដោយ​ខ្លួនឯង។​

ក៏ប៉ុន្តែ​ម្ចាស់​កាសែត The Cambodia Daily បាន​ចាត់​ទុក​វិធានការ​ពន្ធរបស់​រដ្ឋាភិបាល​មក​លើខ្លួន​ថា​ មាន​ចរិត​នយោបាយ​ ហើយ​នៅក្នុង​ការ​ផ្សាយ​របស់​ខ្លួន​លេខ​ចុងក្រោយ​ កាសែត​ដែល​មាន​វត្តមាន​នៅ​កម្ពុជា​តាំងពីឆ្នាំ​ ១៩៩៣​ បាន​រិះគន់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ថា​ បាន​ទាញ​ប្រទេស​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ក្នុង​ការដឹកនាំ​តាម​របៀប​ផ្តាច់ការ​ពេញទី។​

លោក​ប្រាក់សុខុន​ក៏​បាន​អះអាង​ការពារ​ចំណាត់​ការ​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​ថា​វាជា​ការវិនិច្ឆ័យ​របស់​តុលាការ​កំពូល។​

លោក​ ​ប្រាក់ សុខុន​ បាន​អះអាងថា៖

«ករណី​ទាំងបី​នេះ​ គឺជាការពង្រឹង​នីតិរដ្ឋ​នៅកម្ពុជា​សុទ្ធ​សាធ​ ពុំមែន​ដូចជាការ​បកស្រាយ​របស់​មជ្ឈដ្ឋាន​មួយ​ចំនួន ដែល​ថា​វាជាបញ្ហា​ដែល​កើត​ឡើង​ដោយ​ហេតុផល​នយោបាយ​នោះឡើយ។​ ហើយ​ថា​ក្នុង​ករណី​មាន​ការ​សម្រេច​របស់​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​កម្ពុជា​ពុំ​វិល​ត្រឡប់​ទៅរក​របប​ឯកបក្ស​ឡើយ​ គឺកម្ពុជា​បន្ត​ប្រកាន់​ខ្ជាប់​របប​ប្រជាធិបតេយ្យ»​។​

ក្រោយ​ជំនួបរបស់​ លោក​ ប្រាក់​ សុខុន​ និងតំណាងសហភាព​អឺរ៉ុបទាំងពីរនាក់នោះ​ តុលាការ​កំពូល​បាន​សម្រេចភ្លាម​ៗ​ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ឈ្នះ​សំឡេង​ឆ្នោត​ជិត​ពាក់​កណ្តាល​ពី​ការ​បោះឆ្នោត​ជាតិ​លើក​មុន​ ហើយ​តុលាការ​ក៏បាន​សម្រេចបញ្ឈប់​សមាជិក​១១៨​រូប​របស់​គណបក្ស​នេះ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ។ តុលាការកំពូលផ្តល់​ការ​ពន្យល់ចំពោះការ​កាត់សេចក្តី​ខ្លួន​ថា​ គណបក្ស​ប្រឆាំង​មួយ​នេះ​ បាន​សហការ​ជាមួយ​បរទេស​ គឺ​សហរដ្ឋ​អាមេរិក​ ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​លោក​ហ៊ុន​ សែន។​

ភ្លាម​ៗក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ថាន​បេសកកម្ម​ការទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ បាន​ហៅ​ការសម្រេច​នោះ​ ថា​ជា​ជំហាន​មួយ​ដ៏សំខាន់​ នៃ​ការ​នាំ​ប្រទេស​កម្ពុជា​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ប្រជាធិបតេយ្យ​ សេរីពហុបក្ស​ ដែល​បាន​ដាក់​តម្កល់​ក្នុងរដ្ឋធម្មនុញ្ញ​ប្រទេសកម្ពុជា​ ដែល​ទទួល​បាន​ការគាំទ្រ​ពីដៃគូ​អន្តរជាតិ​របស់​កម្ពុជា​ រួម​ទាំង​សហភាព​អឺរ៉ុប​ជាង​ពីរទសវត្សរ៍​មក​នេះ​។

សហភាព​អឺរ៉ុបបាន​បញ្ជាក់​ឲ្យ​ដឹង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ចុះថ្ងៃទី ១៦ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៧​ ​ថា ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ប៉ះពាល់​ដល់​ភាព​ស្របច្បាប់​នៃដំណើរ​ការ​បោះឆ្នោត​មួយ។​

សហភាព​អឺរ៉ុបបាន​ថ្លែងថា៖​

«​ដំណើរការ​បោះឆ្នោត​មួយ​នឹង​មិន​មាន​ភាពស្រប​ច្បាប់​ នៅពេល​ដែល​គណបក្ស​ប្រឆាំង​សំខាន់​មួយ​មិន​ត្រូវបាន​រាប់​បញ្ចូល​។ ការ​រំលាយ​គណបក្ស​ប្រឆាំង​ដែល​មាន​លក្ខណៈចាប់​បង្ខំ​ បាន​ដកហូតយ៉ាង​មាន​ប្រសិទ្ធភាព​ នូវ​សិទ្ធិ​របស់​អ្នកដែលបាន​ផ្តល់​ការគំាទ្រ​របស់ពួកគេ​ទៅលើគណបក្ស​សង្គ្រោះជាតិ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៣​ និង​ឆ្នាំ​ ២០១៧។ ស្ថានភាព​មួយ​ដែល​នឹង​អនុញ្ញាតឲ្យ​រាល់​គណបក្ស​នយោបាយ​រួមទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​មេដឹកនាំ​ ក៏ដូចជា​ អ្នកគាំទ្រ​របស់​គណបក្ស​នេះ​បាន​អនុវត្តន៍​មុខងារ​ស្របច្បាប់​របស់​ពួកគេ​បាន​បន្តទៀត​ ត្រូវតែ​ស្តារឡើងវិញ​ឲ្យបាន​ជាបន្ទាន់​»។

សហភាព​អឺរ៉ុបក៏បាន​ព្រមាន​ថា​ ប្រសិនបើកម្ពុជា​ចង់ទទួលបាន​ផលប្រយោជន៍​ពីកម្មវិធី​ពាណិជ្ជកម្ម​របស់​ខ្លួន​ តាម​អ្វី​ដែល​គេដឹង​ថា​ អ្វីៗទាំងអស់​លើកលែង​តែ​អាវុធ​ «Everything But Arms»​ នោះ ប្រទេស​នេះ​ ត្រូវតែ​ធានា​ឲ្យបាន​នូវការ​គោរពសិទ្ធិ​មនុស្ស។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ ជុំ​ សុន្ទរី​ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស តែមិន​ទាន់​អាច​ទាក់​ទងបាន​ទេ​ នៅថ្ងៃ​ច័ន្ទ​នេះ៕

XS
SM
MD
LG