បន្ទាប់ពីបានជាប់នៅក្នុងទីក្រុង Mumbai ដោយមិនមានការងារធ្វើឬលុយកាក់ ចាប់តាំងពីប្រទេសឥណ្ឌាបានប្រកាសផ្អាកសកម្មភាពក្នុងប្រទេសដើម្បីទប់ស្កាត់ជំងឺរាតត្បាតក្នុងពិភពលោកធំបំផុតលោក Poonam Singhធូរចិត្តបន្តិចវិញនៅពេលដែលរដ្ឋាភិបាលប្រកាសកាលពីដើមខែឧសភាថានឹងដកបំរាមធ្វើដំណើរហើយអនុញ្ញាតឲ្យពលករចំណាកស្រុកត្រឡប់ទៅភូមិរបស់ពួកគេវិញ។
ដោយភ្លេចពីការលំបាករបស់លោកក្នុងការរកអាហារសម្រាប់ហូបនិងការអស់សង្ឃឹមពេលលោកជាប់នៅក្នុងបន្ទប់ដ៏តូចជាមួយនឹងមនុស្ស៣នាក់ផ្សេងទៀតជាង៦សប្តាហ៍ លោក Singh បានចាប់ផ្តើមរិះរកមធ្យោបាយភ្លាមៗដើម្បីធ្វើដំណើរទៅកាន់ភូមិរបស់លោកក្នុងរដ្ឋRajasthan។
អស់រយៈពេលប្រាំថ្ងៃមកហើយដែលលោកបានព្យាយាមដោះស្រាយការងារការិយាធិបតេយ្យនៅពេលដែលលោកដាក់ឯកសារទៅកាន់ប៉ូលិសដើម្បីស្នើសុំការអនុញ្ញាតធ្វើដំណើរនិងព្យាយាមយកលិខិតពីវេជ្ជបណ្ឌិតដែលបញ្ជាក់ថាលោកគ្មានរោគសញ្ញាឆ្លងវីរុសកូរ៉ូណា។
លោក Singhនិយាយដោយអស់សង្ឃឹមថា៖«ខ្ញុំមិនដឹងថាតើនឹងមានរថភ្លើងពីទីក្រុង Mumbai ធ្វើដំណើរទៅកាន់រដ្ឋរបស់ខ្ញុំដែរឬអត់ទេ។ គ្រួសាររបស់ខ្ញុំបានខ្ចីលុយគេដើម្បីជួលរថយន្តឯកជនប៉ុន្តែខ្ញុំមិនដឹងថាតើយើងនឹងទទួលបានការអនុញ្ញាតឲ្យឆ្លងកាត់ព្រំប្រទល់រដ្ឋឬយ៉ាងណា»។
ជនចំណាកស្រុករាប់ពាន់នាក់មានអារម្មណ៍ធូរស្បើយនៅពេលដែលរដ្ឋាភិបាលឥណ្ឌាបានសម្រួលការរឹតបន្តឹងប៉ុន្តែអារម្មណ៍ធូរស្បើយនោះបានរលាយវិញនៅពេលដែលពួកគេពិបាកក្នុងការស្វែងរកមធ្យោបាយដើម្បីធ្វើដំណើរទៅផ្ទះ។ រដ្ឋាភិបាលបានបើកដំណើរការរថភ្លើងតែប៉ុន្មានរដ្ឋប៉ុណ្ណោះ។
អ្នកស្រី Divya Varma នៃអង្គការ Aajeevika ដែលជាអង្គការមិនស្វែងរកប្រាក់កម្រៃមួយធ្វើការជាមួយពលករចំណាកស្រុកនៅភាគខាងជើងរដ្ឋ Rajasthan បាននិយាយថា៖«វាមានការភ័ន្តច្រឡំច្រើនណាស់។ ជនចំណាកស្រុកត្រូវតែចុះឈ្មោះជាមួយរដ្ឋាភិបាលជាមុនសិនប៉ុន្តែពួកគេភាគច្រើនមិនចេះអក្សរឬមិនអាចប្រើប្រាស់អ៊ីនធឺណិតបាន»។
ជនចំណាកស្រុកប្រមាណ១២០លាននាក់បានចាកចេញពីតំបន់ដាច់ស្រយាលមកទីក្រុងដើម្បីស្វែងរកប្រាក់កម្រៃបន្ថែមលើចំណូលដ៏តិចតួចពីកសិដ្ឋានរបស់ពួកគេ។ ចាប់តាំងពីមានការផ្អាកសកម្មភាពទីក្រុងកាលពីថ្ងៃទី២៥ ខែមីនា មក អាជ្ញាធរបានឲ្យពួកគេស្ថិតកន្លែងដដែលដោយបារម្ភថាពួកគេអាចនាំជំងឺឆ្លងដ៏សាហាវនេះទៅកាន់ជនបទទីដែលការថែទាំសុខភាពមានសភាពអន់ខ្សោយនៅឡើយ។
ប៉ុន្តែខណៈដែលការដ្ឋានសំណង់និងរោងចក្រហាក់ដូចជាមានសភាពស្ងប់ស្ងាត់ អ្នកដែលនៅជាប់នៅក្នុងទីក្រុងមិនបានទទួលប្រាក់ឈ្នួល ហើយនិយោជករបស់ពួកគេមិនដែលលើកទូរស័ព្ទឡើយ។ នៅពេលដែលសេវាដឹកជញ្ជូនសាធារណៈទាំងអស់ត្រូវបានផ្អាក មនុស្ស១ម៉ឺននាក់ដើររាប់រយគីឡូម៉ែត្រត្រឡប់ទៅកាន់ភូមិរបស់ពួកគេ ដែលជាការចាកចេញទ្រង់ទ្រាយធំបំផុតក្នុងប្រទេសឥណ្ឌាតាំងពីការបំបែកប្រទេសជាពីរក្នុងឆ្នាំ១៩៤៧។
ជាថ្មីម្តងទៀតឥឡូវនេះមានមនុស្សមួយចំនួនបានចាប់ផ្តើមធ្វើដំណើរដោយថ្មើរជើងទៅកាន់ភូមិរបស់ពួកគេ។
លោក Ram Krapal បានចាប់ផ្តើមដើរយឺតៗកាលពីថ្ងៃអង្គារសប្តាហ៍មុនជាមួយនឹងមនុស្សបួននាក់ផ្សេងទៀតពីទីក្រុងញូវដែលីទៅកាន់ផ្ទះរបស់លោកដែលស្ថិតនៅទីក្រុង Fatehpur ដែលមានចម្ងាយ៥៥០គីឡូម៉ែត្រពីរដ្ឋ Uttar Pradesh ក្រោយមានការស្រងាកចិត្តខ្លាំងនៅពេលដែលមិនអាចឡើងជិះរថយន្តក្រុង ឬរថភ្លើងបាន។
លោកបានថ្លែងថា លោកបានដើរពេញមួយយប់ ហើយគ្មានជម្រើសអ្វីក្រៅពីដើរនោះទេ។ លោកថា លោកត្រូវតែទទួលយកស្ថានភាពនេះ។
រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានលើកឡើងថា ខ្លួនបានចាត់វិធានការដើម្បីជួយសម្រួលដល់ជនចំណាកស្រុកដែលជាប់ក្នុងទីក្រុង ដោយរៀបចំជំរំជួយសង្គ្រោះនិងចែកចាយស្បៀងអាហារនិងលុយកាក់ឲ្យប្រជាជនក្រីក្រ៕
ប្រែសម្រួលដោយ ទុំ ម្លិះ