ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សម្រាប់​មេដឹកនាំ​កំពូល​ចិន​ក្រៅ​ពី​លោក Xi អាយុ​មិន​គ្រាន់​តែ​ជា​តួលេខ​


រូប​ឯកសារ៖ សមាជិក​ថ្មី​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស (Politburo) ដែល​មាន​ពី​ឆ្វេង​ទៅ​ស្តាំ លោក Han Zheng លោក Wang Huning លោក Li Zhanshu លោក Xi Jinping លោក Li Keqiang លោក Wang Yang លោក​ Zhao Leji ថត​រូប​រួម​គ្នា​កាល​ពី​ឆ្នាំ​២០១៧។

សមាជ​ជាតិ​លើក​ទី ២០ នៃ​បក្ស​កុម្មុយនីស្ត​ចិន​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ​នឹង​កំណត់​ទិសដៅ​នយោបាយ​របស់​ប្រទេស​ចិន​ សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ។

របៀប​វារៈ​សំខាន់​មួយ​ក្នុង​សមាជ​ជាតិ​នេះ ផ្តោត​លើ​ចម្លើយ​ទៅ​នឹង​សំណួរ​មួយ​ដែល​សួរ​ទៅ​សមាជិកគណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស (Politburo) ហៅ​កាត់​ថា PSC ដែល​ជា​ក្រុម​បង្កើត​គោល​នយោបាយ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ប្រទេស​ចិន។

សំណួរ​នោះ​គឺ៖ តើ​អ្នក​មាន​អាយុ​ប៉ុន្មាន?

ជាក់ស្តែង លោក Xi Jinping ដែល​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន អាយុ ៦៩ឆ្នាំ និង​ជា​ប្រធានាធិបតី​ចិន មិន​ចាំ​បាច់​ឆ្លើយ​សំណួរ​នេះ​ទេ។

ប៉ុន្តែ​សម្រាប់​សមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​ផ្សេងទៀត
អាយុ​មិនគ្រាន់​តែ​ជា​តួលេខ​នោះ​ទេ ពី​ព្រោះ​អាយុ ៦៨ឆ្នាំ គឺ​ជា​អាយុ​ចូលនិវត្តន៍៖

  • លោក Li Keqiang នាយក​រដ្ឋមន្ត្រី​នៃ​ក្រុមប្រឹក្សា​រដ្ឋ កើត​នៅ​ខែ​កក្កដា ឆ្នាំ១៩៥៥ គឺ​មាន​អាយុ ៦៧ ឆ្នាំ។
  • លោក Li Zhanshu ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជនជាតិ កើត​នៅ​ខែសីហា ឆ្នាំ១៩៥០ គឺមាន​អាយុ ៧២ឆ្នាំ។
  • លោក Wang Yang ប្រធាន​គណៈកម្មាធិការ​ជាតិ​នៃ​សន្និសីទ​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន កើត​នៅ​ខែ​មីនា ឆ្នាំ១៩៥៥ គឺ​មាន​អាយុ ៦៧ ឆ្នាំ។
  • លោក Wang Huning លេខា​ទី​មួយ​នៃ​លេខាធិការដ្ឋាន​កណ្តាល កើត​នៅ​ខែតុលា ឆ្នាំ១៩៥៥ គឺ​មាន​អាយុ ៦៧ ឆ្នាំ។
  • លោក Zhao Leji លេខាធិការ​នៃ​គណៈកម្មការ​កណ្តាល​សម្រា​ប់អធិការកិច្ចវិន័យ កើត​នៅ​ខែ​មីនា ឆ្នាំ១៩៥៧ គឺ​មាន​អាយុ ៦៥ឆ្នាំ។
  • លោក Han Zheng ឧបនាយក​រដ្ឋមន្ត្រី​នៃ​ក្រុម​ប្រឹក្សារដ្ឋ កើត​នៅ​ខែមេសា ឆ្នាំ១៩៥៤ គឺ​មាន​អាយុ ៦៨ ឆ្នាំ។

ទម្លាប់​ទូទៅ​គេ​ហៅ​ ថា qishang baxia ឬ «ប្រាំពីរ​ឡើង​ប្រាំបី​ចុះ» ដែល​ទម្លាប់​នេះ​បញ្ជាក់​ថា ​ប្រសិន​បើ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ ដែល​ទាំងអស់​គ្នា​សុទ្ធ​តែ​ជា​បុរស មាន​អាយុ ៦៨ ឆ្នាំ​ឬ​ចាស់​ជាង​នេះ​នៅ​ពេល​សមាជ​បក្ស ការ​ចូល​និវត្តន៍​នឹង​ចូល​មក​ដល់។ ប្រសិន​បើមាន​អាយុ ៦៧ឆ្នាំ ឬ​ក្មេង​ជាង​នេះ ពួកគេ​អាច​ រក្សា​កៅអី​សមាជិក​ហើយ​បន្ត​បម្រើ​ការងារ​ប្រាំ​ឆ្នាំ​ទៀត។

យោង​តាម​ទម្លាប់​នេះ សមាជិក​បីរូប​ក្នុង​ចំណោម​សមាជិក​បច្ចុប្បន្ន​គឺ លោក Xi Jinping (អាយុ ៦៩) លោក Li Zhanshu (អាយុ ៧២) និង លោក Han Zheng (អាយុ ៦៨) គួរ​តែ​ចុះ​ចេញ​ពី​តំណែង​នៅ​សមាជ​បក្ស​លើក​ទី ២០ នៅ​រដូវស្លឹក​ឈើ​ជ្រុះ។

លទ្ធភាព​នៃ​ការ​ចុះចេញ​ពី​តំណែង​របស់​លោក Xi Jinping គឺ​ស្ទើរ​តែគ្មាន។ ក្នុង​អំឡុង​ពេល​សមាជ​ ដែល​ជា​ព្រឹត្តិការណ៍​មួយ​ធ្វើឡើង​រៀងរាល់​ប្រាំ​ឆ្នាំ​ម្តង លោក Xi Jinping ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ត្រូវ បាន​តែងតាំង​ជា​មេដឹកនាំ​នៃ​បក្ស​កុម្មុយនីស្ត​ចិន​សម្រាប់​អាណត្តិ​ទី​បី ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

ច្បាប់​គ្មាន​លាយ​លក្ខណ៍​អក្សរ

អាយុ​ចូលនិវត្តន៍​ជា​កាតព្វកិច្ច​មិន​មាន​នៅ​ក្នុង​បទប្បញ្ញត្តិ​ឬ​ឯកសារ​ផ្លូវ​ការ​ណា​មួយ​របស់​បក្សកុម្មុយនីស្តចិន​ទេ។

លោក Christopher Johnson មន្ត្រី​ជាន់ខ្ពស់​ផ្នែក​នយោបាយ​ចិន​នៅ​វិទ្យាស្ថាន​គោល​នយោបាយ​សង្គម​អាស៊ី បាន​ចង្អុល​បង្ហាញ​ថា ជា​ធម្មតាទេ​ដែល​ទម្លាប់​នេះ​ជា​ច្បាប់​គ្មាន​លាយលក្ខណ៍​អក្សរ ព្រោះ​សូម្បី​តែ​រដ្ឋធម្មនុញ្ញ​របស់​បក្ស​កុម្មុយនីស្ត​ចិន ក៏​មាន​ច្បាប់​តិច​តួច​ណាស់។​ លោក Johnson បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​របស់​វិទ្យាស្ថាន​គោលនយោបាយ​សង្គម​អាស៊ី បោះពុម្ព​កាល​ពី​ខែ​សីហា ថា៖ «មិន​ដូច​គណបក្ស​នយោបាយ​នៅ​ក្នុង​ប្រព័ន្ធសភា ឬប្រព័ន្ធ​រដ្ឋធម្មនុញ្ញ​លោក​ខាង​លិចនោះទេ បក្ស​កុម្មុយនីស្ត​ចិន​មិនចាត់ទុក​ខ្លួន​ឯង​ថា​ជា​កម្មវត្ថុ​នៃ​ក្របខ័ណ្ឌ​ណាមួយ​ដូចជា​រដ្ឋធម្មនុញ្ញ ឬ​សូម្បី​តែ​ច្បាប់នោះ​ទេ»។

យោង​តាម លោក Johnson ការ​កំណត់​អាយុ​ក្រៅ​ផ្លូវការ​ត្រូវ​បាន​ណែនាំ​ឡើង​ជា​លើក​ដំបូង​នៅ​ក្នុង​សមាជ​បក្ស​លើកទី ១៥ ក្នុងឆ្នាំ ១៩៩៧ ដែល​កំណត់​អាយុ ៧០ឆ្នាំ ជា​ចំណុចកាត់ផ្តាច់។ នៅ​ឆ្នាំ ២០០២ នៅ​ឯ​សមាជបក្ស​លើក​ទី ១៦ ដែន​កំណត់​អាយុ​ត្រូវ​បាន​បន្ទាប​មក​ត្រឹម​តែ ៦៨ឆ្នាំ។ ដែន​កំណត់​ដូចគ្នា​នេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​នៅ​ក្នុង​សមាជ​បក្ស​លើក​ទី ១៧ និង​ទី១៨ ដែល​ធ្វើ​ឱ្យ​ពាក្យ​ថា «ប្រាំពីរឡើងប្រាំបីចុះ» ក្លាយ​ជា​បទដ្ឋាន​ដែល​មិន​មាន​លាយ​លក្ខណ៍​អក្សរ។

អ្នកស្រី Li Ling សាស្ត្រាចារ្យ​ផ្នែក​នយោបាយចិន​នៅ​សកលវិទ្យាល័យ Vienna បាន​និយាយ​នៅ​ក្នុង​វេទិកា​អនឡាញ​មួយ​ដែល​រៀប​ចំ​ដោយវិទ្យាស្ថាន​គោល​នយោបាយ​សង្គម​អាស៊ី កាល​ពី​ថ្ងៃទី ១០ ខែសីហា ថា អ្នកស្រី​រំពឹង​ថា​ លោកXi Jinping នឹង​ក្លាយ​ជា​ករណី​លើកលែង​ចំពោះ​ការ​កំណត់​អាយុ ហើយ​អ្នក​ស្រី​រំពឹង​ទុក​ថា​ លោក​នឹង​អនុវត្ត​ការ​កំណត់​អាយុ​នេះ​លើ​អ្នកដទៃ។

អ្នកស្រី Li Ling បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ការ​កំណត់​អាយុ​គឺ​ជា​យន្តការ​ច្រកចេញ​តែ​មួយ​គត់​ដើម្បី​បញ្ចប់​អាណត្តិ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយមជ្ឈិមបក្ស។ វា​កំណត់​ច្បាស់​លាស់ និង​មាន​ការ​ងាយស្រួល​ក្នុងការ​អនុវត្ត​ដោយ​យុត្តិធម៌»។

លោក Bonnie Glaser នាយក​កម្មវិធី​អាស៊ី​នៅ​មូលនិធិ German Marshall បាន​ប្រាប់​សារព័ត៌មាន​ AXIOS ថា គោលដៅ​របស់​លោក Xi Jinpoing នៅ​រដូវស្លឹក​ឈើជ្រុះ​នេះ​គឺ «ដាក់​គ្នា​របស់​លោក​នៅ​ក្នុង​គណៈកម្មាធិការអចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ និង​នៅក្នុង​ការិយាល័យ​នយោបាយ»។

មេដឹកនាំ​ Xi ដ៏​អស្ចារ្យ

ដំណោះស្រាយ​របស់​គណបក្ស​ដែល​លុប​បំបាត់​ការ​កំណត់​អាណត្តិ​បាន​ធ្វើ​ឲ្យលោក Xi Jinping ស្ថិត​ក្នុង​ករណី​កាន់​តំណែង​គ្មាន​ដែន​កំណត់​របស់​អតីត​ប្រធានបក្សកុម្មុយនិស្តចិនលោក Mao Zedong។លោក​ Mao Zedong បាន​បម្រើ​ការ​ជា​មេ​បក្ស​ពី​ឆ្នាំ ១៩៣៥ រហូត​ដល់​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី ៩ ខែ​កញ្ញា ឆ្នាំ១៩៧៦។

នៅឆ្នាំ ២០១៧ លោក Xi បាន​បំបែក​ឯកត្តកម្ម​ដោយ​មិន​បាន​តែង​តាំង​អ្នកស្នង​តំណែង​នៅ​ក្នុងសមាជ​បក្ស​លើក​ទី ១៩។ នៅ​ឆ្នាំ​បន្ទាប់ លោក Xi បាន​អនុវត្ត​ការ​លុប​ចោល​ការ​កំណត់​រយៈពេល​ពីរ​អាណត្តិ​សម្រាប់​ប្រធាន​គណបក្ស។

អ្នកស្រី Susan Shirk អ្នក​ជំនាញ​ខាង​នយោបាយ​ចិន និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ California ទីក្រុង San Diego បាន​និយាយ​ថា៖ «លោក Xi Jinping កំពុង​នាំ​ប្រទេស​ចិន​ត្រឡប់​ទៅ​រក របប​ផ្តាច់​ការ​បែប​ផ្ទាល់​ខ្លួន​វិញ បន្ទាប់​ពី​ចិន​បាន​អនុវត្ត​ការ​ដឹកនាំ​សមូហភាព​ជាច្រើន​ទសវត្សរ៍»។ អ្នកស្រី​បាន​បន្ថែម​នៅ​ក្នុង​ការវិភាគ​ឆ្នាំ២០១៨ ដែល​បោះពុម្ភ​ផ្សាយ​នៅ​ក្នុង ទិនានុប្បវត្តិ​ប្រជាធិបតេយ្យ​ថា៖ «លោក Xi Jinping បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ចេតនា​របស់​លោក​ក្នុង​ការ​បន្ត​កាន់​តំណែង​បន្ទាប់​ពី​អាណត្តិពីរ​ធម្មតា​របស់​លោក​បញ្ចប់​នៅ​ឆ្នាំ ២០២២»។

នៅក្នុង​ប្រទេសចិន លោក Xi បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ទូលំ​ទូលាយ​លើ​យុទ្ធនាការ​របស់​លោក​ស្តីពីអំពើ​ពុក​រលួយ ទ្រឹស្តី​នៃ​ភាពរុងរឿង​រួម និង​ការ​ព្យាករណ៍​ពី​ភាព​រឹងមាំ​របស់​ចិន​ទៅ​កាន់​ពិភពលោក។

ប៉ុន្តែ​គោល​នយោបាយ​ទប់ស្កាត់​ការ​រីករាល​ដាល​ជំងឺ​កូវីដ១៩ «Zero COVID» របស់​លោក Xi បាន​នាំ​ឱ្យ​មាន​អត្រា​គ្មាន​ការងារ​ធ្វើ​ខ្ពស់ និង​ការ​មិន​សប្បាយ​ចិត្ត​ក្នុង​សង្គម។ ប្រជាជន​វណ្ណៈ​កណ្តាល​កំពុង​ធ្វើ​ពហិការ​លើ​ការ​បង់​រំលោះ​បំណុល​ផ្ទះ។ ហើយ​នៅ​លើ​ឆាក​ពិភពលោក មាន​ភាព​តាន​តឹង​នៅ​ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ក្នុង​វិស័យ​ជាច្រើន រួមទាំង​បច្ចេកវិទ្យា ពាណិជ្ជកម្ម និង​តៃវ៉ាន់។

លោក Xia Ming សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ City University of New York បាន​ប្រាប់​វីអូអេ​ភាសាចិន​ក្នុង​បទសម្ភាសន៍​តាម​វីដេអូ​ថា លោក​មិន​គិត​ថា លោក Xi មាន​ឱកាស ១០០ភាគរយ ក្នុង​ការ​ទទួល​បាន​អាណត្តិ​ទី​បី​នោះ​ទេ។

លោក Xia Ming បាននិយាយក្នុង​សម្តី​ដើម​ថា៖ «ជាមួយ​នឹង​ស្ថានភាព​ក្នុង​ស្រុក និង​អន្តរជាតិ​បច្ចុប្បន្ន ​លទ្ធ​ភាព​នៃ​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​នៅ​ក្នុង​នយោបាយចិន​កើន​ឡើង ដូច្នេះ​ខ្ញុំ​គិត​ថា លោក Xi មាន​ឱកាស​ត្រឹមតែ ៥០-៥០ ប៉ុណ្ណោះ​ក្នុង​ការ​ទទួល​បាន​អាណត្តិ​ទី​បី»។

លោកVictor Shih សាស្ត្រាចារ្យ​រង​នៅសាកលវិទ្យាល័យ California ទីក្រុង San Diego និង​ជា​អ្នកជំនាញ​ខាង​នយោបាយ​នៃ​ឥស្សរជន​របស់​ប្រទេស​ចិន បាន​ប្រាប់​វីអូអេភាសាចិន​តាមទូរស័ព្ទ​ថា «ខ្ញុំ​គិត​ថា​គ្មាន​ការសង្ស័យ​ទេ (ថាលោក Xi នឹង​បម្រើ​អាណត្តិ​ទីបី) មិន​មាន​កម្លាំង​ប្រឆាំង​ពិតប្រាកដ​នៅ​ក្នុងបក្ស​ដើម្បី​ប្រជែង​អំណាច​របស់​លោក Xiទេ»៕

ប្រែសម្រួល​ដោយ អ៊ុន សុដាវី

XS
SM
MD
LG